ខេត្ត​កែប​នឹង​ក្លាយជា​ទីក្រុង​ទេសចរណ៍​កម្រិតខ្ពស់​ដោយ​គ្មាន​វត្តមាន​កាស៊ីណូ​

​ខេត្ត​កែប​ដែល​ជា​ខេត្ត​មាន​សក្តា​នុ​ពល​ផ្នែក​ទេសចរណ៍​ស្រាប់​នោះ​ ​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​ ​បន្ទាប់ពី​រដ្ឋាភិបាល​រៀបចំ​តាម​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ឱ្យ​ក្លាយទៅជា​ខេត្ត​ទេសចរណ៍​ដ៏​ទាក់ទាញ​។​ ​

​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​លើកឡើង​ថា​ ​ខេត្ត​កែប​នឹង​ត្រូវ​អភិវឌ្ឍ​ទៅជា​តំបន់​ទេសចរណ៍​សម្រាប់​លម្ហែ​កម្រិតខ្ពស់​ ​ដោយ​ក្នុង​នោះ​មាន​រាប់បញ្ចូល​ទាំង​ទីក្រុង​ ​ឆ្នេរខ្សាច់​ ​កោះ​ ​ផ្សារ​ ​កំពង់ផែ​ទេសចរណ៍​ ​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ ​មូលដ្ឋាន​អាជីវកម្ម​ ​សេវាកម្ម​ទេសចរណ៍​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួន​ផង​ដែរ​។​ ​ក្រៅពី​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ​ក្នុង​គម្រោង​បង្កើត​កន្លែង​កម្សាន្ត​ដ៏​ប្រណីត​នេះ​ ​មិន​មាន​បង្កើត​កាស៊ីណូ​ ​និង​រោងចក្រ​សហគ្រាស​ឡើយ​។​ ​

​ឯកឧត្តម​ ​ថោង​ ​ខុន​ ​បាន​មានប្រសាសន៍​ថា​ ​ ​ក្រសួងទេសចរណ៍​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​លំនៅឋាន​ទី2​ ​សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់​ ​ឬ​និវត្តន៍​ជន​នៅក្នុង​ខេត្ត​កែប​នេះ​ផង​ដែរ​ ​ដើម្បី​ឱ្យ​ពួកគេ​ពន្យារពេល​ក្នុង​ការ​ទស្សនា​ ​និង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​យូរ​ ​ដែល​ជំរុញ​ឱ្យ​មានការ​ចំណាយ​កាន់តែ​ច្រើន​។​ ​

​គួរ​បញ្ជាក់​ថា​ ​ខេត្ត​កែប​ជា​តំបន់​ដែល​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍​មិនចាញ់​ខេត្ត​ទេស​ចរ​ណ៍​ធំៗ​នោះ​ទេ​ ​ព្រោះ​ខេត្ត​នេះ​មានគុណ​ភាព​ខ្យល់​សមុទ្រ​ ​កោះទន្សាយ​ ​ផ្សារ​ក្តាម​ ​ហើយ​នា​ពេល​ខាងមុខនេះ​ ​ក៏អាច​នឹង​មាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​តូច​មួយទៀត​ផង​៕​


Advertisement