មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ 3ថ្ងៃ​បាន​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​

យោង​តាម​ស្ថិតិ​របស់ក្រ​សួង​ទេសចរណ៍​បាន​បង្ហាញថា​ ក្នុងរយៈពេល​ 3ថ្ងៃ​ នៃ​ព្រឹត្តិ​ការណ៍​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ពី​ថ្ងៃទី14​ -16​ ខែមេសា​ ឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង​ 4.72លាន​នាក់​ កើនឡើង​ 67.02​% បើ​ធៀប​នឹង​ឆ្នាំមុន​។

របាយការណ៍​បឋម​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-ខេត្ត​ និង​តាម​ការវាយតម្លៃ​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ដើរកម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ និង​តាម​ទីកន្លែង​ប្រារព្ធ​ព្រឹត្តិ​ការណ៍​មហាសង្ក្រាន្ត​នៅ​រាជធានី​ និង​ខេត្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ រយៈពេល​ 3ថ្ងៃ​កន្លងមក​នេះ​មាន​ចំនួន​សរុប​ប្រមាណ​ 4,726,602នាក់​ កើនឡើង67.02​% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ 4,639,341នាក់​ កើនឡើង​ 66.40​% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ 83,123នាក់​ កើនឡើង​ 98.27​%។

អ្វី​ដែល​ជា​ការណ៍​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​ តួលេខ​ខាងលើ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​សម្រាប់​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ និង​តាម​ទីកន្លែង​ប្រារព្ធ​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត​សំ​ខាន់​ៗតែប៉ុណ្ណោះ​ នៅ​មិនទាន់​គិត​ពី​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​គោលដៅ​បន្ទាប់បន្សំ​នានា​ដូចជា​នៅ​តាម​វត្តអារាម​ សាលារៀន​ ភូមិ​ ឃុំ​ ស្រុក​ និង​ទីប្រជុំជន​នានា​ដែល​មាន​ចំនួន​មិន​តិច​ជាង​ 3លាន​នាក់​បន្ថែម​ទៀត​នោះ​នៅឡើយ​។

ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ដើរកម្សាន្ត​ច្រើន​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ 3ថ្ងៃ​កន្លងមក​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​អះអាង​ថា​ ប្រជាជន​កម្ពុជា​អាច​ចំណាយ​ប្រាក់​សរុប​ប្រមាណ​ជិត​ 500លាន​ដុល្លារ​អាមេរិក​។

ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ក្នុងរយៈពេល​ 3ថ្ងៃនេះ​ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ធ្វើដំណើរ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា​ ពិសេស​បណ្តា​ខេត្ត​រៀបចំ​ពិធី​មហា​សង្ក្រាន​ឆ្នាំ​ថ្មី​ចំនួន​ប្រមាណ​ជា​ 4.7លាន​នាក់​ ប៉ុន្តែ​ចំនួន​នេះ​មិនទាន់​រាប់​នៅ​តាម​វត្តអារាម​ និង​ការកម្សាន្ត​នៅ​តាម​ផ្ទះ​ ឬតាម​រមណីយដ្ឋាន​ ឬក្រោម​ដើមឈើ​នៅ​តាម​តំបន់ជនបទ​នានា​នៅឡើយ​ទេ​។ បើ​គិត​ទាំង​ប្រជាជន​ដែល​ទៅ​កម្សាន្ត​នៅ​តាម​វត្តវ៉ា​-អារាម​ និង​តាម​ផ្ទះ​បងប្អូន​ទូទាំង​ប្រទេស​ផង​នោះ​ គឺ​អាច​មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ដល់ទៅ​ 7លាន​នាក់​ឯណោះ​ដែល​បាន​ចូលរួម​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​នេះ​។

ឯកឧត្តម​បន្ត​ថា​៖“បើ​គិតជា​មធ្យម​ ប្រជាជន​ម្នាក់​ចំណាយ​ 100ដុល្លារ​ ដូច្នេះ​ការ​ចំណាយ​សម្រាប់​បុណ្យ​នេះ​គឺ​មាន​ប្រមាណ​ 470លាន​ដុល្លារ​ ហើយ​ចំនួន​នេះ​មិនទាន់​គិត​ពី​ការ​ចំណាយ​របស់​អ្នក​កម្សាន្ត​នៅ​តាម​វត្តអារាម​ និង​តាម​លំនៅ​ដ្ឋាន​នានា​នៅឡើយ​ហើយ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ​មាន​លក្ខណ​ពិសេស​បំផុត​ គឺ​នៅ​តាម​បណ្ដា​ខេត្ត​នី​មួយ​ៗមាន​រៀបចំ​តំបន់​ត្រជាក់​ដែល​អាជ្ញាធរ​ខេត្ត​ទាំងនោះ​បាន​រៀបចំ​ជូន​ភ្ញៀវ​ទេសចរ​ និង​ប្រជាពលរដ្ឋ​ ព្រមទាំង​មានការ​បាញ់​ទឹក​ និង​រាំ​កម្សាន្ត​ទៀតផង​”។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​៖“ការរៀបចំ​ទីកន្លែង​សម្រាប់​កម្សាន្ត​នេះ​មាន​ភាព​ទាក់ទាញ​ និង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​យើង​បាន​ ហើយ​អ្វី​ដែល​ពិសេស​គឺ​ យុវជន​បាន​ភ្ជាប់​សកម្មភាព​នេះ​ជាមួយ​វប្បធម៌​ “យុវជន​ជាស​សរ​ទ្រូង​” ផង​ដែរ​”។

ឯកឧត្តម​បាន​បន្ត​ថា​ ប្រជាជន​មាន​ភាព​សប្បាយរីករាយ​ខ្លាំង​ណាស់​ ពួកគេ​ពេញចិត្ត​នឹង​សន្តិភាព​ និង​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ការរៀបចំ​ឆ្នាំនេះ​ អាចយ​កម​កធ្វើជា​មូលដ្ឋាន​សម្រាប់​ឆ្នាំក្រោយ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។

ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​ អ្វី​ៗវា​បញ្ជាក់​ច្បាស់​នៅពេល​នេះ​ ទោះបី​កន្លងមក​គេ​ធ្លាប់​និយាយ​ថា​ នៅ​ស្រុកខ្មែរ​ហាក់ដូច​មានបុណ្យ​ចូលឆ្នាំ​ច្រើន​ តែ​ពេល​នេះ​គេ​បានឃើញ​ និង​បញ្ជាក់​ច្បាស់​ថា​ ខ្មែរ​ គឺជា​ខ្មែរ​ គឺជា​ប្រជាជាតិ​មួយ​ដែល​ធ្លាប់​មានអម្បូរ​ពូជពង្ស​ និង​វប្បធម៌​ប្រពៃណី​ដ៏​ថ្លៃថ្នូរ​រុងរឿង​។ ក្រោមម្លប់​នៃ​សន្តិភាព​ និង​ការ​រីកចម្រើន​ ជីវភាពរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​អភិវឌ្ឍ​ ដែល​បាន​ធ្វើ​ឱ្យ​ពួកគាត់​សប្បាយរីករាយ​ ព្រមទាំង​បាន​ធ្វើ​ឱ្យ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​បាន​យ៉ាង​ល្អ​ និង​ឆ្លុះបញ្ចាំង​ពីអ​ត្ត​សញ្ញាណ​ខ្មែរ​ពិត​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ 3ថ្ងៃ​កន្លងមក​នេះ​ នៅក្នុង​ខេត្តបាត់ដំបង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើនជាង​គេ​ ដែល​មាន​រហូត​ចំនួន​ 995,219នាក់​ កើនឡើង​ 42.21​%បើ​ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 699,213​ នាក់​(តាម​ស្ថិតិ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​) ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ 852នាក់​ កើនឡើង​ 2.77​% ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 829នាក់​។

បន្ទាប់ពី​ខេត្តបាត់ដំបង​ គឺ​ខេត្តស្វាយរៀង​ ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ជាង​ 46.75ម៉ឺន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ជាង​ 46.74ម៉ឺន​នាក់​ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​ 32នាក់​។ ដោយឡែក​ខេត្តសៀមរាប​ គឺ​ស្ថិតនៅ​លេខ3​ ដែល​ទទួល​បាន​ភ្ញៀវ​ជាង​ 38.66ម៉ឺន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ 36ម៉ឺន​នាក់​ និង​អន្តរជាតិ​ជាង​ 2.6ម៉ឺន​នាក់​។

ក្រៅពី​នេះ​ រាជធានី​-ខេត្ត​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ក្នុង​អំឡុង​ពិធី​ចូលឆ្នាំ​ខ្មែរ​ 3ថ្ងៃនេះ​រួមមាន​៖
1-កំពង់ចាម​៖ ជាង​ 33.26ម៉ឺន​នាក់​។ 2-ព្រៃវែង​៖ ជាង​ 31.92ម៉ឺន​នាក់​។ 3-កណ្តាល​៖ ជាង​ 31.62ម៉ឺន​នាក់​។ 4-កំពង់ធំ​៖ ជាង​ 21.75ម៉ឺន​នាក់​។ 5-ភ្នំពេញ​៖ ជាង​ 20.81ម៉ឺន​នាក់​។ 6-ព្រះសីហនុ​៖ ជាង19.14ម៉ឺន​នាក់​។ 7-បន្ទាយមានជ័យ​៖ ជាង​ 16.54ម៉ឺន​នាក់​។ 8-កំពង់ឆ្នាំង​៖ ជាង​ 16.08ម៉ឺន​នាក់​។ 9-កែប​៖ ជាង14.59ម៉ឺន​នាក់​។ 10​-កំពត​៖ ជាង​ 13.71ម៉ឺន​នាក់​។ 11​-ព្រះវិហារ​៖ ជាង​ 13.59ម៉ឺន​នាក់​។ 12​-ក្រចេះ​៖ ជាង​ 12.34ម៉ឺន​នាក់​។ 13​-កំពង់ស្ពឺ​៖ ជាង11.73ម៉ឺន​នាក់​។ 14​-ប៉ៃលិន​៖ ជាង​ 8.2ម៉ឺន​នាក់​។ 15​-រតនគិរី​៖ ជាង​ 7.8ម៉ឺន​នាក់​ និង​ខេត្ត​ក្រៅពីនោះ​មាន​ក្រោម​ 6 ទៅ​ 5ម៉ឺន​នាក់​។

មួយវិញទៀត​ ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ទៅ​ទស្សនា​នៅ​ឯក្រៅ​ប្រទេស​ក៏​មាន​កំណើន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ បើ​ទោះបីជា​ក្រសួងទេសចរណ៍​មិនទាន់​ចេញ​របាយការណ៍​បញ្ជាក់​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ទៅ​ទស្សនា​នៅ​ឯបរទេស​យ៉ាងណាក្ដី​ តែ​ក៏​ភ្នាក់ងារ​ទេសចរណ៍​ក្នុង​ស្រុក​ និង​ក្រុមហ៊ុនទេសចរណ៍​ក្នុង​ស្រុក​មួយចំនួន​បាន​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ចេញទៅ​កម្សាន្ត​នៅ​បរទេស​ក្នុងអំឡុងពេល3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅក្នុង​ឆ្នាំនេះ​ដែរ​។

លោក​ ធួន​ ស៊ី​ណាន​ ប្រធាន​ក្រុមហ៊ុនទេសចរណ៍​ B2B​ និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ក្នុងអំឡុងពេល3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ​ សំបុត្រ​យន្តហោះ​ចេញពី​កម្ពុជា​ឆ្ពោះទៅ​កាន់​គោលដៅ​ទេសចរណ៍​មួយចំនួន​នៅ​ជប៉ុន​ កូរ៉េ​ និង​ប្រទេសជិតខាង​ត្រូវ​បាន​កក់​ពេញដោយ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​។ លោក​បន្ត​ថា​ សូម្បីតែ​គោលដៅ​ទេសចរណ៍​ទៅ​ប្រទេស​សិង្ហបុរី​ និង​ថៃ​ក៏​ពិបាក​កក់​សំបុត្រ​យន្តហោះ​ដែរ​ក្នុងរយៈពេល​ 3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​ថ្មី​ៗនេះ​។

លោក​ស៊ី​ណាន​ថ្លែង​ថា​៖“កំណើនប្រជាជន​កម្ពុជា​ដើរហើរ​នា​ពេល​បច្ចុប្បន្ន​ មិនថា​ក្នុង​ស្រុក​ទេ​ ក្រៅ​ស្រុក​ក៏​ច្រើន​សន្ធឹក​សន្ធាប់​ណាស់​ដែរ​ កំណើន​នេះ​កើនឡើង​លើស​ពី​ការ​រំពឹង​ទុក​។ ដោយឡែក​តាម​ក្រុមហ៊ុនទេសចរណ៍​នី​មួយ​ៗមិនសូវ​ប្រមូល​ភ្ញៀវ​បាន​ច្រើន​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​ប្រជាជន​កម្ពុជា​ធ្វើដំណើរ​កម្សាន្ត​ទៅ​ជុំវិញ​ពិភពលោក​ដោយខ្លួនឯង​ តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ច្រើនជាង​”។

លោក​បន្ត​ថា​ ប្រព័ន្ធ​ឌីជីថល​ បណ្តាញ​សង្គម​ បាន​ជំរុញ​ឱ្យ​មាន​កំណើន​នៃ​ការ​ដើរលេង​របស់​ប្រជាជន​កម្ពុជា​ទៅបរទេស​ នៅពេល​ដែល​ពួកគេ​ឃើញ​មាន​តំបន់​ទេស​ចរ​ណ៍​ថ្មី​ៗនៅ​ក្រៅប្រទេស​ ការ​អភិ​វឌ្ឍ​ថ្មី​ៗ ដូច្នេះ​អ្នក​ដែល​មាន​ធនធាន​គេ​នឹង​ធ្វើដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ទាំងអស់​នោះ​។ លោក​បាន​បន្ត​ទៀត​ថា​ ប្រព័ន្ធ​សង្គម​ឌីជីថល​នេះ​ហើយដែល​បាន​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​ចេញដំណើរ​ទៅ​កម្សាន្ត​នៅ​ក្រៅប្រទេស​។

លោក​ ស៊ី​ណាន​ បញ្ជាក់​ថា​៖“ក្រុមហ៊ុន​របស់ខ្ញុំ​ផ្ទាល់​បាន​បញ្ជូន​ទេសចរ​ក្នុង​ស្រុក​ទៅក្រៅ​ប្រទេស​ចំនួន​ 4ក្រុម​ ដែល​មាន​ភ្ញៀវ​សរុប​ 180នាក់​ ក្នុង​នោះ​ប្រទេស​វៀតណាម​ 85នាក់​ ថៃ​ 40នាក់​ កោះ​បា​លី​ឥណ្ឌូ​នេ​ស៊ី​ 35នាក់​ តូក្យូ​ជប៉ុន​ 20នាក់​”។

ដោយឡែក​លោកស្រី​ សុខ​ គន្ធា​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុនទេសចរណ៍​ ស្កា​យឃីង​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោកស្រី​បាន​បញ្ជូន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ទៅកាន់​បរទេស​ចំនួន​ 10ក្រុមក្នុង​អំឡុង​ពេល​ 3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​ថ្មី​ៗនេះ​ ដែល​ក្នុង​នោះ​មាន​ 3ក្រុម​បាន​ទៅ​អឺរ៉ុប​ ក្រៅពី​នេះ​នៅ​តំបន់​អាស៊ី​ និង​ប្រទេសជិតខាង​របស់​កម្ពុជា​។

លោកស្រី​ គន្ធា​ បាន​បន្ថែម​ថា​៖“យើង​បាន​បញ្ជូន​ទេសចរ​កម្ពុជា​ទៅក្រៅ​ប្រទេស​ជាង​ 10ក្រុម​ ឆ្នាំនេះ​ល្អ​ជាង​ឆ្នាំមុន​ ចំនួន​មនុស្ស​អត់​កើន​ទេ​ ប៉ុន្តែ​ភ្ញៀវ​ចេញទៅ​ទស្សនា​គោលដៅ​ទេស​ចរ​ណ៍​ឆ្ងាយ​ៗ ដូចជា​នៅ​អឺរ៉ុប​មាន​ច្រើនជាង​មុន​ ហើយ​គាត់​ចាយ​លុយ​ច្រើនជាង​មុន​”៕

Advertisement