“ពិព័រណ៍​លំនៅឋាន​កម្ពុជា​ ឆ្នាំ2019​” នឹង​ទាក់ទាញ​អ្នក​ស្វែងរក​លំនៅឋាន​ក្នុង​បរិបទ​ថ្មី​

ជម្រើស​លំនៅឋាន​ច្រើនជាង​មុន​ និង​ប្លែក​ជាង​មុន​ គឺជា​គោលបំណង​នៃ​ពិព័រណ៍​អចលនទ្រព្យ​នៅពេល​ខាងមុខនេះ​ដើម្បី​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទាំង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ និង​លើឆាកអន្តរជាតិ​នេះ​បើ​តាម​អគ្គនាយក​នៃ​គេហទំព័រ​ realestate.com.kh​ ដែល​បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​អំពី​ពិព័រណ៍​ដែលគេ​សង្ឃឹមថា​ ជា​ព្រឹត្តិ​ការណ៍​ដែល​អាច​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ ហើយ​ពួកគេ​ក៏​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗពី​ការទិញ​-លក់​អចលនទ្រព្យ​ពី​វាគ្មិន​ជំ​នាញៗ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​វិស័យ​នេះ​ផង​ដែរ​។

លោក​ Thomas​ O’Sullivan​ នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​អចលនទ្រព្យ​ realestate.com.kh​ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​មានប្រសាសន៍​ថា​៖“មាន​វិនិយោគិន​បរទេស​មួយចំនួន​មិនទាន់​បាន​ស្គាល់​ ឬយល់ដឹង​ពី​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​ទេ​។ ហេតុនេះ​កម្មវិធី​នេះ​នឹង​ជួយ​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទាំង​នៅក្នុង​ស្រុក​ និង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ តាមរយៈ​កម្មវិធី​នេះ​នឹង​ធ្វើ​ឱ្យ​ជនបរទេស​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ក្នុង​ការទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

លោក​បាន​បន្ថែម​ថា​ កម្មវិធី​នេះ​អាច​និយាយ​បាន​ថា​ ជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ស្វែងរក​ទិញ​អចលនទ្រព្យ​ក៏ដូចជា​ការ​វិនិយោគ​ផង​ដែរ​ ពិសេស​យើង​ផ្តោត​ការ​ផ្សព្វផ្សាយ​ទៅលើ​អ្នកមាន​ជីវភាព​មធ្យម​ដែល​នៅ​មាន​តម្រូវការ​លំនៅឋាន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​បញ្ជាក់​ថា​៖ “កម្មវិធី​នេះ​នឹង​ប្រមូល​ផ្តុំ​នូវ​គម្រោង​អចលន​ទ្រព្យ​ថ្មី​ៗ ព្រមទាំង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ឥទ្ធិពល​ និង​ដើរតួ​នាទី​សំខាន់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

លោក​ ម៉ឹក​ ចិន្តា​ ស្ថាបនិក​គេហទំព័រ​ Realestate.com.kh​ ពិព័រណ៍​នេះ​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​អត្ថ​ប្រយោជន៍​ចំនួន​ 4សំ​ខាន់​ៗគឺ​ ទី1​-វេទិកា​នេះ​ល្អ​បំផុត​សម្រាប់​អ្នកមាន​បំណង​ចង់​ទិញ​លំនៅឋាន​ មិនថា​ផ្ទះ​ ដី​ ខុន​ដូ​ ឬបុរី​នោះ​ទេ​ និង​មាន​ជម្រើ​សផ្សេង​ៗទៀត​ ដូចជា​ រថយន្ត​ម៉ា​កល្បី​ៗ គ្រឿងសង្ហារិម​ និង​ការ​រចនា​ដេ​គ័រ​។ ទី2​-ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ស្វែងយល់​អំពី​ភាព​រីកចម្រើន​នៃ​ទីផ្សារ​លំនៅឋាន​នៅ​កម្ពុជា​។ ទី3​-ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​គម្រោង​លំនៅឋាន​ជាច្រើន​ក្នុង​ពេល​តែមួយ​ និង​ទី4​-ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ចូលរួម​ស្វែងយល់​ជាមួយ​វគ្គ​សិក្ខាសាលា​អប់រំ​អំពី​វិស័យ​អចលនទ្រព្យ​ជាមួយ​ប្រធាន​បទ​ល្អ​ៗ ដែល​នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ល្បី​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ក្នុង​ពិព័រណ៍​នី​មួយ​ៗមានការ​ចូលរួម​យ៉ាងសកម្ម​ពីសំណាក់​អ្នក​វិនិយោគ​ ម្ចាស់​គម្រោង​ អ្នក​អភិវឌ្ឍន៍​ និង​អ្នកចូលរួម​រាប់ពាន់​នាក់​នឹង​បាន​ចូលរួម​នៅក្នុង​វេទិកា​ដ៏​ធំអស្ចារ្យ​មួយ​នេះ​។ ជា​ការពិត​ណាស់​ នៅក្នុង​ពិព័រណ៍​លើក​ទី1​ មានការ​ទិញ​លក់​នៅនឹង​កន្លែង​គិតជា​ទឹកប្រាក់​ជាង​ 3លាន​ដុល្លារ​។ លើក​ទី2​ បាន​ជាង20លាន​ដុល្លារ​ និង​លើក​ទី3​ លក់​បាន​ជាង​ 20លាន​ដុល្លារ​។

ដូច្នេះ​វា​ជា​វេទិកា​ទិញ​-លក់​អចលនទ្រព្យ​ដ៏​មានប្រសិទ្ធភាព​ និង​ជោគជ័យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។ ដោយ​សម្លឹងឃើញ​ពី​សក្តា​នុ​ពល​នៃ​ទីផ្សារ​ និង​តម្រូវការ​អចលនទ្រព្យ​ដ៏​ច្រើន​ពី​អ្នកទិញ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ Realestate.com.kh​ នឹង​នៅតែ​បន្ត​ជំរុញ​ការទិញ​-លក់​លំនៅឋាន​នៅ​កម្ពុជា​ តាមរយៈ​ពិព័រណ៍​ដ៏​ធំ​នេះ​។

លោក​ សួស​ ចិន្តា​ អគ្គលេខាធិការ​នៃ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ប្រាប់​ថា​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​ថា​ កម្មវិធី​នេះ​នឹងអាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងច្រើន​ពីសំណាក់​អ្នក​វិនិយោគ​បរទេស​។

លោក​បន្ត​ថ្លែង​ថា​៖ “ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ​ និង​ច្បាប់​មាន​ភាព​អនុគ្រោះ​ច្រើន​សម្រាប់​វិនិយោគិន​បរទេស​នោះ​ ដូច្នេះ​តាមរយៈ​ពិព័រណ៍​នេះ​នឹងអាច​ជួយ​ទាក់ទាញ​ជនបរទេស​ឱ្យ​ចូល​មក​ទិញ​ និង​បណ្តាក់​ទុន​នៅ​កម្ពុជា​បាន​ជាច្រើន​ទៀត​”។

លោក​បាន​បញ្ជាក់​ថា​៖“យោង​តាម​សមាគម​អភិវឌ្ឍន៍​លំនៅឋាន​ និង​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​៖“តម្រូវការ​លំនៅឋាន​នៅតែ​ខ្ពស់​ គឺ​ការសាងសង់​អត់​ទាន់​គ្រប់​តាម​តម្រូវការ​ទេ​ ដោយសារ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ និង​កំណើន​ការងារ​។ តម្រូវការ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នេះ​នឹង​បន្ត​រីកចម្រើន​លើស​ពី​ 5ឆ្នាំទៅ​មុខ​ទៀត​។ បើ​យើង​គិតទៅ​ 5ឆ្នាំ​ទៀត​ ប្រទេស​យើង​អាច​នៅ​មាន​គម្រោ​ងធំៗ​ជាច្រើន​ទៀត​ ពោល​គឺ​របាយ​នេះ​មិនទាន់​ឆ្អែត​ទេ​ រហូត​ទៅដល់​ឆ្នាំ2030​។ ដូចនេះ​អចលនទ្រព្យ​ គឺ​កំពុងតែ​ចាប់ផ្តើម​បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ប្រទេសជិតខាង​យើង​ និង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​”។

លោក​ សួស​ ចិន្តា​ បាន​បញ្ជាក់​ទៀត​ថា​៖“បញ្ហា​ប្រឈម​ យើង​នៅតែ​មាន​ ដោយ​យើង​ត្រូវតែ​សាងសង់​ប៉ុន្មាន​ដើម្បី​ជា​ការ​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​ទីផ្សារ​នៃ​វិស័យ​អចលនទ្រព្យ​ឱ្យ​គ្រប់គ្រាន់​ដល់​ប្រជាជន​ ហើយ1ឆ្នាំ​យើង​ត្រូវលក់​បាន​ប៉ុន្មាន​ និង​សាងសង់​បាន​ប៉ុន្មាន​? និង​ការ​លក់​ចេញទៅ​នោះ​ថ្លៃ​ប៉ុន្មាន​? ព្រោះ​យើង​ផ្តោត​ទៅលើ​លំនៅឋាន​សមរម្យ​ដែល​ប្រជាជន​យើង​អាច​មានលទ្ធភាព​ទិញ​បាន​។ នេះ​ជា​ការរៀបចំ​មួយ​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កំពុងតែ​រៀបចំ​ចងក្រង​ហើយ​ ដើម្បី​កុំឱ្យ​មាន​ហានិភ័យ​ទាក់ទង​ទៅ​នឹង​តម្លៃ​អចលនទ្រព្យ​នៅ​លើ​ទីផ្សារ​ និង​ការ​វិនិយោគ​ និង​ការប្រើ​ប្រាស់​កម្ចី​ជាដើម​៕

Advertisement