ផ្លែ​ល្ហុង​ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ តែ​កសិករ​ពុំ​ទាន់​ផលិត​បាន​គ្រប់​តាម​តម្រូវការ​

ល្ហុង​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ងាយស្រួល​ដាំ​ ដោយសារតែ​វា​លូតលាស់​លឿន​ និង​ឆាប់​ឱ្យ​ផល​ តែ​ក៏​មិន​ស្រួល​ក្នុង​ការថែទាំ​ប៉ុន្មាន​ដែរ​ ទាល់តែ​មាន​បទ​ពិសោធ​ល្មម​គួរសម​ ទើប​ដាំ​បានផល​ល្អ​ ដោយ​អាស្រ័យ​ទៅតាម​ប្រភេទ​ពូជ​ និង​បច្ចេកទេស​ដាំដុះ​។ ល្ហុង​ជាដំណាំ​ដែល​មាន​អាយុវែង​គួរសម​ ជាទូទៅ​ដំណាំ​នេះ​មាន​កម្ពស់​ពី​ 1.5​ ទៅ​ 2ម៉ែត្រ​។

ដំណាំ​ល្ហុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចូលចិត្ត​ដាំ​នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ ដោយសារតែ​វា​អាច​ដុះឡើង​ និង​រស់​បាន​នៅ​លើ​ដី​ក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​មធ្យម​ពី​ 22​ ទៅ​ 28អង្សា​សេ​។ ដោយឡែក​ដំណាំ​យុទ្ធ​សាស្រ្ត​មួយ​នេះ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​សំបូរ​មាន​ជ័យ​ដំា​ដុះ​ដើម្បី​យក​ផល​បំពេញ​តម្រូវការ​ទីផ្សារ​។

លោក​ ប៊ួយ​ ចេង​ អនុប្រធាន​សហគមន៍​ សំបូរ​មានជ័យ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“សហគមន៍​របស់ខ្ញុំ​មិនមែន​មាន​ដាំ​តែ​ដំណាំ​មួយ​មុខ​ទេ​ យើង​នៅ​មាន​ដាំ​បន្លែ​បន្ទាប់បន្សំ​ទៀត​ជាច្រើន​ ដូចជា​ប៉េងប៉ោះ​ខ្មែរ​ម្ទេស​ ម្ទេសប្លោក​ ត្រប់ស្រួយ​ ចេក​ ម្នាស់​ ផ្កា​ខាត់ណា​ខ្ទឹមបារាំង​ ក្រូចឆ្មារ​ និង​ស្លឹកគ្រៃ​ផង​ដែរ​។ ចំណែក​ដំណាំ​ល្ហុង​នេះ​សហគមន៍​យើង​បាន​ដាំ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 4ហិ​កតា​”។

លោក​ ចេង​ បាន​មានប្រសាសន៍​ថា​ ចំពោះ​ការ​ដាំដុះ​វិញ​ មុននឹង​យក​ទៅ​ដាក់ដាំ​ក្នុង​ចម្ការ​ គេ​ត្រូវ​យក​គ្រាប់ពូជ​វា​ទៅ​បណ្ដុះ​សិន​។ ត្រូវ​យក​ដី​ដែល​មានជីជាតិ​ល្អ​ច្រកចូល​ក្នុង​ថង់​ប្លាស្ទិក​ខ្មៅ​ដែល​ត្រៀម​រួចជាស្រេច​ បន្ទាប់មក​យក​គ្រាប់ពូជ​ល្ហុង​ទៅ​ត្រាំទឹក​រយៈពេល​ 2ថ្ងៃ​ និង​ផ្អាប់​ទុក​រយៈពេល​ 7ថ្ងៃ​ (ឱ្យ​ដុះ​ពន្លក​សៗ​ឡើង​) ទើប​យក​ទៅ​ដាក់ដាំ​បន្ត​នៅក្នុង​ថង់​ពី​ 3-4គ្រាប់​ ក្នុង1ថង់​។ ក្រោយពី​ដាក់គ្រាប់​បណ្ដុះ​ហើយ​ គេ​ត្រូវ​ស្រោចទឹក​វា​ឱ្យ​ជោក​រៀងរាល់ថ្ងៃ​ ដើម្បី​ឱ្យ​កូន​ល្ហុង​លូតលាស់​បាន​ល្អ​ឡើង​។ ចំពោះ​ថ្នាល​បណ្ដុះ​កូន​វិញ​ គេ​ត្រូវ​ធ្វើ​រោង​ប្រក់​សំណាញ់​ដើម្បី​ជា​ម្លប់​កុំឱ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺថ្ងៃ​ខ្លាំងពេក​។

ចំណែក​ឯការរៀបចំ​ដី​សម្រាប់​ដាក់ដាំ​វិញ​ គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​ចំនួន​ 3-4លើក​ ដោយចន្លោះ​ពី​ 1លើក​ទៅ​ 1លើក​មាន​រយៈពេល​ 10ថ្ងៃ​ ដោយ​ដាក់ជី​លាមក​សត្វ​ផង​ដែរ​។ ក្រោយពី​ភ្ជួរ​ និង​រាស់​ហាល​ដី​រួចហើយ​ គេ​ត្រូវលើ​កជា​រង​ដែល​មាន​ទទឹង​ 1.5ម៉ែត្រ​ បណ្ដោយ​ទៅតាម​ស្ថានភាព​ដី​។ នៅ​លើ​រង​ គេ​ត្រូវ​ជីករណ្ដៅ​ជាជួរ​ ដោយ​រណ្ដៅ​នី​មួយ​ៗទំហំ​ 3តឹក​ 4ជ្រុង​ និង​ជម្រៅ3តឹក​ ដោយ​ទុក​គម្លាត​ពី​រណ្ដៅ​មួយ​ ទៅ​មួយ​ចម្ងាយ​ 2.5ម៉ែត្រ​។ នៅក្នុង​រណ្ដៅ​នី​មួយ​ៗ គេ​ត្រូវ​ដាក់ជី​លាមក​សត្វ​ពុក​ផុយ​ច្របល់​ជាមួយ​ដី​ឱ្យ​សព្វ​។

នៅពេល​ដើមល្ហុង​នៅ​តូច​ គេ​ត្រូវ​ស្រោចទឹក​ 1ថ្ងៃ​ 1ដង​ ដោយ​ប្រើ​ទុយោ​បាញ់​ទៅលើ​ស្លឹក​ដើម្បី​ឱ្យ​វា​ហូរ​ធ្លាក់​មក​ក្រោម​ រហូតដល់​ដើមល្ហុង​ធំ​ពេញវ័យ​ ចេញផ្កា​ គេ​ត្រូវ​បញ្ចូល​ទឹក​នៅ​តាមចន្លោះ​រង​រៀងរាល់​ 3ថ្ងៃ​ម្តង​លៃ​យ៉ាងណា​កុំឱ្យ​ដី​ស្ងួត​ពេក​ ឬក៏​សើម​ជ្រុល​ពេក​។

ក្រោយពេល​ដាំ​បាន​រយៈពេល​ 5ខែ​ យើង​អាច​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​ៗលក់​បាន​ហើយ​។ ការ​បេះ​ត្រូវ​បាន​គេ​ធ្វើឡើង​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ 6ខែ​ ទៅ1ឆ្នាំ​។ ក្រោយពី​ប្រមូល​ផល​ឆ្នាំទី1​ និង​ឆ្នាំទី2​ រហូតដល់​ដើមល្ហុង​លែង​សូវ​ចេញ​ផ្លែ​ហើយ​ ទើប​គេ​អាច​កាប់​ដើម​ចាស់​ចោល​ និង​ដាំ​ថ្មី​ឡើងវិញ​។ ជាស​រុ​បនៅ​ពេល​ដើមល្ហុង​ផ្តល់​ផ្លែ​ពេញលេញ​ សហគមន៍​អាច​បេះ​យក​ទៅ​លក់​បាន​ប្រមាណ​ពី​ 2 ទៅ3តោន​ក្នុង1ថ្ងៃ​នៅពេល​ដែល​វា​ចាប់ផ្តើម​ផ្តល់​ផល​។

លោក​ ប៊ួយ​ ចេង​ បានឱ្យ​ដឹង​ថា​ សហគមន៍​លោក​មាន​ចម្ការ​ល្ហុង​នៅ​លើ​ផ្ទៃដី​ដាំដុះ​ចំនួន​ 4ហិ​កតា​ ស្មើដើម​ល្ហុង​ចំនួន​ជាង​ 2,000ដើម​ស្ថិត​ក្នុង​ភូមិ​សំបូរ​ ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​។ បច្ចុប្បន្ន​ចំពោះ​ផ្ទៃដី​ 4ហិ​កតា​ដែល​ដាំ​ដើមល្ហុង​នេះ​ លោក​អាច​រក​ប្រាក់ចំណូល​បាន​ប្រមាណ​ជិត​ 2ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ 1ឆ្នាំ​។

ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ លោក​ ប៊ួយ​ ចេង​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “ល្ហុង​ គឺជា​បន្លែ​ដែល​មានតម្លៃ​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ដោយ​លក់​ចេញ​ក្នុង​ 1គីឡូ​បាន​តម្លៃ​ចន្លោះ​ពី1,000​ ទៅ​ 1,200រៀល​សម្រាប់​ផ្លែ​ល្ហុង​ខ្ចី​(យក​ទៅ​ធ្វើជា​បន្លែ​ស្លស្លុក​) និង​ 1,200រៀល​ ទៅ​ 1,500រៀល​ សម្រាប់​ផ្លែ​ល្ហុង​ទុំ​(យក​ទៅ​ធ្វើជា​បង្អែម​)។ លោក​បាន​បញ្ជាក់​ថា​ នេះ​ជា​តម្លៃ​នា​ពេល​បច្ចុប្បន្ន​ដែល​ឡើងថ្លៃ​បាន​បន្តិចមក​វិញ​ បើ​ពីមុន​វិញ​ យើង​អាច​លក់​បាន​ត្រឹមតែ​ 400រៀល​ប៉ុណ្ណោះ​ ក្នុង​ 1គីឡូក្រាម​ តែ​នៅ​ឆ្នាំនេះ​យើង​អាច​លក់​បាន​រាង​ថ្លៃ​បន្តិច​វិញ​ហើយ​”។

លោក​ ប៊ួយ​ ចេង​ បានឱ្យ​ដឹង​ដែរ​ថា​៖“ក្នុង​ពេល​ថ្មី​ៗនេះ​មានការ​ផ្ទុះឡើង​នូវ​បន្លែ​មាន​ជាតិគីមី​ ដែល​នាំចូល​មក​ពី​ប្រទេសជិតខាង​ ទើប​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ងាក​មករ​កបន្លែ​ក្នុង​ស្រុក​ ហើយ​តម្លៃ​ក៏​ចាប់ផ្ដើម​បាន​ឡើង​រាង​ខ្ពស់​បន្តិច​វិញ​ ដោយសារ​បន្លែ​ក្នុង​ស្រុក​ជា​បន្លែ​សរីរាង្គ​ ជា​របស់​សហគមន៍​ក្នុង​ស្រុក​ ដែល​យើង​នាំគ្នា​ដាំ​”។

បច្ចុប្បន្ន​ផ្លែ​ល្ហុង​របស់​សហគមន៍​សំបូរ​មានជ័យ​ត្រូវ​បាន​យក​ទៅ​ផ្គត់ផ្គង់​នៅក្នុង​ផ្សារ​ក្នុង​ខេត្ត​កំពង់ចាម​ នៅ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស​នៅ​ភ្នំពេញ​។លោក​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ សហគមន៍​ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្លែ​ផ្សេង​ៗទៀត​ ពិសេស​បន្លែ​ល្ហុង​នេះ​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​គ្រប់​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ ព្រោះ​បើ​ទោះជា​មាន​ដំណាំ​ល្ហុង​ 10ហិ​កតា​ទៀត​ ក៏​នៅតែ​មិនទាន់​គ្រប់​តម្រូវការ​ទីផ្សារ​ដែរ​(ទាំង​ទុំ​ ទាំង​ខ្ចី​)។ តែ​ពេលនេះ​ល្ហុង​កំពុង​មាន​ជំងឺរាតត្បាត​ ដែល​មិនទាន់​អាច​ឱ្យ​សហគមន៍​កសិករ​យើង​ចាប់ផ្តើម​ធ្វើការ​ពង្រីក​ការ​ដាំដុះ​ដំណាំ​នេះ​បាន​នៅឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ជាចុងក្រោយ​របស់​លោក​ ប៊ួយ​ ចេង​៕

Advertisement