3ខែ​ដើមឆ្នាំ2019​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ចំណូល​កើន​ប្រមាណ20​%

ក្នុងរយៈពេល​ 3ខែ​ដើមឆ្នាំ2019នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រមូល​ចំណូល​ពន្ធ​បាន​ប្រមាណ​ 712លាន​ដុល្លារ​ ដែល​ចំណូល​នេះ​បាន​កើនឡើង​ប្រមាណ​ជា20​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ កន្លងមក​។ នេះ​បើ​តាម​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ក្នុងរយៈពេល​ 3ខែ​ដើមឆ្នាំ2019នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រមូល​ចំណូល​ពន្ធ​បាន​ប្រមាណ​ 712លាន​ដុល្លារ​ បើ​ប្រៀបធៀប​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​ គឺ​តួលេខ​នេះ​មាន​កំណើន​ប្រមាណ20​% ដែល​ជា​កំណើន​មួយ​ល្អ​ប្រសើរ​”។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ គិត​ត្រឹម​រយៈពេល​ 5ឆ្នាំ​ចុងក្រោយ​ គិត​ចាប់ពី​ឆ្នាំ2013​ ដល់​ឆ្នាំ2018​ យើង​ឃើញថា​ ចំណូល​ឆ្នាំ2013​ ស្មើនឹង​ជិត​ 3ដង​(X 2.5​)ដែល​ជា​លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ2018​ គឺ​មានការ​កើនឡើង​ជិត​ 3ដង​ឯណោះ​ដែល​យក​ចំណូល​ពន្ធ​ទាំងនោះ​មក​ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​។

ឯកឧត្ដម​ គុណ​ ញឹម​ បាន​មានប្រសាសន៍​បន្ថែម​ថា​ ក្នុងរយៈពេល​ 5ឆ្នាំ​ចុងក្រោយ​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​អនុវត្ដ​នូវ​វិធានការ​កែទម្រង់​ និង​ទំនើបកម្ម​ច្រើន​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ដែល​ស្ដែង​ឡើង​តាមរយៈ​ការ​ប្រមូល​ចំណូល​ ការ​បង្ក​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​បាន​យ៉ាង​ល្អ​ប្រសើរ​។

ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​បណ្ឌិត​បាន​បន្ថែម​ថា​ សម្រាប់​កិច្ចប្រតិបត្តិ​ការ​របស់​គយ​ដែល​កំពុង​អនុវត្ដ​នា​ពេល​បច្ចុប្បន្ន​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ក៏បាន​រៀបចំផែនការ​ប្រតិបត្តិ​ការ​លម្អិត​ប្រចាំឆ្នាំ​បន្ថែម​ទៀត​ដែល​ត្រូវ​ដកស្រង់​ចេញពី​ផែនការ​យុទ្ធ​សា​ស្ដ្រ និង​កម្មវិធី​ការងារ​កំណែទម្រង់​ទំនើបកម្ម​គយ​ផង​ យុទ្ធ​សា​ស្ដ្រកៀរ​គរ​ចំណូល​របស់​រាជរដ្ឋាភិបាល​ផង​ ជាពិសេស​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ប្រចាំឆ្នាំ​ផង​។

ឯកឧត្តម​បណ្ឌិត​បាន​ពន្យល់​ថា​ សម្រាប់​ឆ្នាំ2018កន្លងមក​នេះ​ ការ​ប្រមូល​ពន្ធអាករ​ និង​ចំណូល​ចូល​ថវិកាជាតិ​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​គឺ​បាន​ល្អ​ប្រសើរ​ដែល​ចាត់ទុកថា​ ជា​ឆ្នាំ​ដែល​បាន​ប្រមូល​ពន្ធ​បាន​ខ្ពស់​បំផុត​ បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ឆ្នាំ​កន្លងមក​។ កត្ដា​គន្លឹះ​ដែល​ធ្វើ​ឱ្យ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ប្រមូល​ពន្ធ​បាន​ល្អ​ប្រសើរ​ និង​កើនឡើង​នេះ​ ដោយសារតែ​កត្ដា​ស្ថិរភាព​នយោបាយ​ដែល​បង្ក​លក្ខខណ្ឌ​ឱ្យ​កិច្ច​ដំណើរការ​ពាណិជ្ជកម្ម​ក៏ដូចជា​ការ​វិនិយោគ​មានដំណើរ​ការ​ល្អ​ប្រសើរ​។

ជា​លទ្ធផល​ក្នុង​ឆ្នាំ2018​ ការ​ប្រមូល​ថវិកា​ចូលជាតិ​ គឺ​មាន​ប្រមាណ​ជាង​ 2,500លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ2017​ មាន​កំណើន​ប្រមាណ32​% ដែល​ជា​កំណើន​មួយ​ខ្ពស់​។ ទន្ទឹម​នេះ​ ប្រភេទ​ពន្ធអាករ​សំ​ខាន់​ៗដែល​ប្រមូល​បាន​ដោយ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ គឺ​មាន​ពន្ធគយ​ ឬពន្ធ​នាំចូល​មាន​អាករ​ពិសេស​លើ​ទំនិញ​មួយចំនួន​ និង​អាករ​លើ​តម្លៃបន្ថែម​(VAT​)។ ឯកឧត្តម​បណ្ឌិត​បាន​បន្ដ​ទៀត​ថា​ ក្នុង​ប្រភេទ​ពន្ធ​សំ​ខាន់​ៗទាំង3​ រួមមាន​ពន្ធគយ​កើនឡើង​ប្រមាណ20​% អាករ​ពិសេស​កើនឡើង​រហូតដល់​ប្រមាណ35​% និង​អាករ​លើ​តម្លៃបន្ថែម​គឺ​កើនឡើង​ប្រមាណ​ជាង30​%។

សូម​បញ្ជាក់​ថា​ ដើម្បី​ងាយស្រួល​ក្នុង​ការ​តាមដាន​ការគ្រប់គ្រង​ប្រភព​ចំណូល​ដែល​ប្រមូល​បាន​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បាន​បែងចែក​ទំនិញ​ជា​ 3ក្រុម​មុខទំនិញ​ ទី1​-គឺ​យាន​យន្ដ​ និង​គ្រឿងចក្រ​។ ទី2​-មុខទំនិញ​ចម្រុះ​ រួម​ទាំង​គ្រឿងសំណង់​ផង​ដែរ​ និង​ក្រុម​ទំនិញ​ទី3​- គឺ​ផលិតផល​ប្រេងឥន្ធនៈ​ និង​ថាមពល​។

ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹម​ បាន​អះអាងបន្ថែម​ថា​ បើ​ពិនិត្យមើល​ពី​ប្រភព​ចំណូល​តាម​ក្រុម​ទំនិញ​ទាំង​ 3មុខ​នេះ​យើង​ឃើញថា​ យាន​យន្ដ​បាន​ដើរតួ​នាទី​ក្នុង​លំដាប់​ទី1​ ដែល​ស្រូប​យក​ចំណូល​បាន​ប្រមាណ​ជាង​ 46​%នៃ​ចំណូល​សរុប​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ2018​ កន្លងទៅ​។ ដោយឡែក​ទី2​ មុខទំនិញ​ចម្រុះ​ រួម​ទាំង​គ្រឿងសំណង់​ផង​ និង​កម្រៃ​ផ្សេង​ៗនោះ​ បាន​ដើរតួ​នាទី​ប្រមាណ35​% នៃ​ចំណូល​សរុប​ដែល​ប្រមូល​បាន​ ហើយ​ក្រុម​ទី3​ គឺ​ផលិតផល​ប្រេងឥន្ធនៈ​ និង​ថាមពល​ ដើរតួ​នាទី​ប្រមាណ19​%៕

Advertisement