1ត្រីមាស​ដើមឆ្នាំ​ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ ទៅកាន់​ទីផ្សារ​បរទេស​ជាង​ 1.4លាន​តោន​ និង​បន្លែស្រស់​ជាង​ 50តោន​

បើ​ទោះបីជា​កម្ពុជា​រង​សម្ពាធ​ពី​បណ្ដា​ប្រទេស​ធំៗ​មួយចំនួន​លើ​ការនាំចេញ​ផលិត​ផល​ផ្សេង​ៗក៏ដោយ​ តែ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល​ ជាក់ស្ដែង​ក្នុងរយៈពេល​ 3ខែ​ដើមឆ្នាំ2019​ នេះ​ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជា​ផ្លូវការ​ប្រមាណ1.4លាន​តោន​។ ដោយឡែក​ការ​ផ្គត់ផ្គង់​បន្លែស្រស់​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មាន​ប្រមាណ​ជាង​ 50តោន​។ នេះ​បើ​យោង​តាម​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​កាលពី​ដំណាច់ខែ​មីនា​ ឆ្នាំ2019​។

ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​បាន​បញ្ជាក់​ថា​៖“បូករួម​ទាំង​ផលិតផល​កសិកម្ម​ដទៃទៀត​ មាន​អង្ករ​ និង​ដំឡូងមី​ជាដើម​នោះ​ កម្ពុជា​បាន​នាំចេញ​ទិន្នផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស​រហូតដល់​ទៅ​ប្រមាណ​ជា​ 2លាន​តោន​ក្នុង​ពេល​ជិត​ 3ខែ​កន្លងមក​នេះ​។ តាម​ទិន្នន័យ​ដែល​គិត​ត្រឹម​ថ្ងៃទី25​ ខែមីនា​កន្លងទៅ​ក៏​មានការ​បែងចែក​ជា​ 2ផង​ដែរ​ ពោល​គឺ​ការនាំចេញ​ផលិតផល​កសិកម្ម​ជា​ផ្លូវការ​មាន​ជាង​ 1.4លាន​តោន​ និង​ការនាំចេញ​ក្រៅផ្លូវការ​ជាង​ 1លាន​តោន​ទៀត​”។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ សម្រាប់​ផលិតផល​ចេកអំបូង​លឿង​ដែល​កម្ពុជា​ទើបតែ​ទទួល​បាន​កូតា​នាំចេញ​ទៅកាន់​បណ្ដា​ប្រទេស​មួយចំនួន​នោះ​ក៏​ឃើញថា​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​ ក្នុង​នោះ​នៅ​រយៈពេល​ដូចគ្នា​ដែរ​នេះ​ ការនាំចេញ​ចេកអំបូង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ សម្រេច​បាន​ប្រមាណ​ 1.6ម៉ឺន​តោន​ និង​ផ្លែស្វាយ​បាន​ជិត​ 1.5ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​លើ​ពិភពលោក​ ក្នុង​នោះ​ក៏​មាន​ប្រទេស​រុស្ស៊ី​ ប្រទេស​អាមេរិក​ និង​បណ្ដា​ប្រទេស​អឺរ៉ុប​ផង​ដែរ​។

ឯកឧត្តម​មន្ត្រី​បន្ត​ថា​ បច្ចុប្បន្ន​ទីផ្សារ​នាំចេញ​ផលិតផល​កសិកម្ម​សំ​ខាន់​ៗរបស់​កម្ពុជា​ រួមមាន​ប្រទេស​បារាំង​មាន​ប្រមាណ​ 40​% ចិន​មាន​ប្រមាណ​ 40​% រួម​ទាំង​ទីផ្សារ​អឺរ៉ុប​ និង​ទីផ្សារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​។ ដោយឡែក​ការនាំចេញ​ចេកអំបូង​លឿង​ពី​កម្ពុជា​ដោយ​ផ្ទាល់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​កាលពី​ខែមករា​ ឆ្នាំ2019​ ក្រោយ​កម្ពុជា​ និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ពិធីសារ​មួយ​ដែល​អាច​នាំចេញ​ទៅកាន់​ប្រទេស​ចិន​បាន​ ដោយ​ប្រទេស​ចិន​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​-ចេញ​ផ្លែ​ចេក​ 30ម៉ឺន​តោន​ក្នុង​ 1ឆ្នាំ​។

ឯកឧត្តម​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ទៀត​ថា​៖ “ជំហាន​ថ្មី​មួយទៀត​របស់​កម្ពុជា​នោះ​គឺ​ដោយសារតែ​មាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ ឆ្នាំ2019​ នេះ​កម្ពុជា​ក៏បាន​នាំចេញ​បន្លែស្រស់​ទៅកាន់​បណ្ដា​ប្រទេស​អឺរ៉ុប​ ដូចជា​ប្រទេស​បារាំង​ និង​អង់គ្លេស​ ដែល​រហូតមកដល់​ពេលនេះ​ កម្ពុជា​បាន​នាំចេញ​បន្លែស្រស់​ទៅកាន់​ប្រទេស​ទាំងនោះ​ជា​ការសាកល្បង​បាន​ប្រមាណ​ជាង​ 50តោន​ហើយ​ នេះ​មិនទាន់​បូក​បញ្ចូល​ការនាំចេញ​ក្រៅផ្លូវការ​ទៅកាន់​ប្រទេសជិតខាង​ ដូចជា​វៀតណាម​ និង​ថៃ​នៅឡើយ​ផង​”។

ឯកឧត្តម​រដ្ឋមន្ត្រី​ រំពឹង​ថា​ នៅពេល​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​អាកាសយាន​ដ្ឋាន​បាន​ល្អ​ និង​ធំជាង​មុន​នោះ​ វា​នឹង​អនុញ្ញាត​ឱ្យ​យន្ត​ហោះ​ធំៗ​អាច​ចុះចត​បាន​ ហើយក៏​អាច​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​កាន់តែ​ច្រើនឡើង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​បាន​បន្ត​ថា​៖ “ ការនាំចេញ​ក្រៅផ្លូវការ​នៃ​កសិផល​របស់​កម្ពុជា​ទៅ​វៀតណាម​ ជាពិសេស​ការនាំចេញ​ស្រូវ​ គិត​ត្រឹម​រយៈ​ជាង​ 2ខែ​ 25ថ្ងៃ​នៃ​ដើមឆ្នាំ2019​ នេះ​ មាន​ចំនួន​ 1លាន​សែន2ម៉ឺន​តោន​ ដែល​ជា​តួលេខ​មិនបាន​កត់ត្រា​ពី​ស្ថាប័ន​គយ​ ”។

ឯកឧត្តម​បន្ត​ទៀត​ថា​ សម្រាប់​ផលិតផល​កសិកម្ម​ដែល​កម្ពុជា​ផលិត​បាន​ក្នុង​ឆ្នាំ2018​-ដើមឆ្នាំ2019​ នេះ​ សរុប​ប្រមាណ​ 27លាន​តោន​ ហើយ​ជាក់ស្ដែង​នៅ​តាម​ដងផ្លូវ​ជាតិ​សំ​ខាន់​ៗ គេ​ឃើញ​មានការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​ចេញទៅ​ក្រៅប្រទេស​ និង​ពី​បណ្ដា​ខេត្ត​មករា​ជធានី​ភ្នំពេញ​ជាដើម​ ។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា​៖“សម្រាប់​ផលិតផល​ស្រូវ​អង្ករ​ដែល​ជា​ផលិតផល​កសិកម្ម​ដ៏​សំខាន់​ គេ​សង្កេតឃើញ​ថា​ ទីផ្សារ​អឺរ៉ុប​នៅតែ​ជាទី​ផ្សារ​សំខាន់​ដោយ​ក្នុង​នោះ​ 30​%នៃ​ការនាំចេញ​អង្ករ​សរុប​បាន​នាំចេញ​ទៅ​បណ្ដា​ប្រទេស​អឺរ៉ុប​ ហើយ​ក្នុងចំណោម​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​នោះ​ដែរ​ ប្រទេស​បារាំង​ជា​អ្នកបញ្ជា​ទិញ​ច្រើនជាង​គេ​ ដែល​មាន​រហូតដល់​ទៅ​ 40​%នៃ​ចំនួន​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ទាំងមូល​។ ក្រៅពីនោះ​នៅ​មាន​ទីផ្សារ​ចិន​ និង​បណ្ដា​ទីផ្សារ​នៅក្នុង​តំបន់​អាស៊ាន​មួយចំនួន​ផង​ដែរ​”។

ដោយឡែក​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​ស្នើ​ដល់​បណ្ដា​វិនិយោគិន​បរទេស​នានា​ឱ្យ​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ជាពិសេស​ការកែច្នៃ​កសិផល​ក្នុង​ស្រុក​ ដើម្បី​នាំចេញ​ជាជាង​នាំចេញ​ផលិតផល​មុន​សម្រេច​ទៅកាន់​ទីផ្សារ​អន្តរជាតិ​៕

Advertisement