រាជរដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ហើយ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល​ជា​ជន្ទល់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ​ និង​ប្រកប​ទៅ​ដោយ​និរន្តរភាព​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​(ចុះ​ថ្ងៃទី19​-04​-19​)បានឱ្យ​ដឹង​ថា​ ដោយហេតុថា​ផលិតផល​ទេសចរណ៍​កម្ពុជា​នៅ​មានកម្រិត​ បើ​ធៀប​នឹង​ប្រទេសជិតខាង​ កម្ពុជា​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជាចាំបាច់​សំដៅលើ​កកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ជាពិសេស​ទេសចរណ៍​បែប​វប្បធម៌​ និង​ធម្មជាតិ​ដែល​ជា​ផលិតផល​ឈានមុខ​គេ​របស់​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​ គឺជា​បទដ្ឋាន​នៃ​សេវា​ទេសចរណ៍​ឱ្យ​ស្រប​ទៅតាម​ស្តង់ដារ​អាស៊ាន​ ស្រប​ពេល​ដែល​ទស្សនវិស័យ​នៃ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ ជា​ការ​គិត​គូ​ថ្មី​ សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​តាមរយៈ​ការ​បង្កើន​ចំនួន​ និង​គុណភាព​នៃ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​។

ក្រសួងទេសចរណ៍​បាន​រៀបចំ​វិធានការ​ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​ បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ និង​ទេសចរណ៍​វៃឆ្លាត​(Smart​ Tourism​)។

ជាមួយគ្នា​នេះ​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វៃឆ្លាត​សំដៅ​ដល់​ការ​ធ្វើ​ឌីជីថល​រូប​នី​យក​ម្ម​(Digitalization​)ក្នុង​ដំណើរការ​នៃ​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ការ​ធ្វើដំណើរ​ បដិសណ្ឋារ​កិច្ច​ និង​ឧស្សាហកម្ម​ម្ហូបអាហារ​ជាដើម​។

វិធានការ​ខាងលើ​ត្រូវ​បាន​គាំទ្រ​ដោយ​អភិក្រម4​ ដែល​ជាគោល​ការណ៍​គ្រឹះ​នៃ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ រួមមាន​ការ​ពង្រឹង​យន្តការ​ស្ថាប័ន​ ការ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ និង​ការសម្រប​សម្រួលការ​ធ្វើដំណើរ​ និង​ការ​ដឹកជញ្ជូន​ទេសចរណ៍​។

សូម​បញ្ជាក់​ថា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​បើក​កិច្ចប្រជុំ​ស្តី​ពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជាក្រោម​អធិបតីភាព​ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​មានការ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​របស់ក្រ​សួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ បាន​គាំទ្រ​ចំពោះ​វិធានការ​របស់ក្រ​សួង​ទេសចរណ៍​កម្ពុជា​ដែល​បាន​ដាក់ចេញ​នូវ​របៀបវារៈ​ចំនួន3​ ជា​សំខាន់​គឺ​៖ 1-វិធានការ​ចាំបាច់​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​។ 2-ការ​លើកទឹកចិត្ត​ដល់​គោលនយោបាយ​ទេសចរណ៍​ផ្ទះ​សម្រាប់​ទេសចរណ៍​វ័យ​ចំណាស់​ និង3​-ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្តរតនគិរី​ឱ្យទៅ​ជាស​មា​ហរ​ណកម្ម​ពិសេស​ និង​ការរៀបចំ​ផែនការមេ​ និង​ផែនការ​សកម្មភាព​ជម្រុ​ញអភិវឌ្ឍន៍​ខេត្ត​កែប​ឱ្យ​ក្លាយជា​“តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​” ​;និង​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​។

ចំពោះ​វិធានការ​ទី1​ និង​ទី2​ ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងទេសចរណ៍​បាន​ និង​កំពុង​អនុវត្ត​ជា​បណ្តើរ​ៗហើយ​ តែ​ដោយឡែក​ចំពោះ​វិធានការ​ទី3​ ការរៀបចំ​ប្លង់​មេ​ដើម្បី​ដាំ​បន្លែ​ និង​ផ្កា​ ពិសេស​រៀបចំ​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ និង​ការ​ដឹកជញ្ជូន​នោះ​នឹង​មានការ​ពិភាក្សា​បន្ថែម​ទៀត​។

ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ថា​ ក្នុង​ការដឹកនាំ​មន្ត្រី​ក្រសួង​ជួប​ប្រជុំ​ជាមួយ​ឯកឧត្តម​បណ្ឌិ​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដើម្បី​ពិភាក្សា​ និង​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​នៅ​ខេត្តមណ្ឌលគិរី​ និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​នោះ​ គឺ​សម្រាប់​ខេត្តមណ្ឌលគិរី​ ជា​ខេត្ត​មាន​លក្ខខណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ​ ដែល​អាច​ដាំ​បន្លែ​ និង​ផ្កា​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ព្រោះ​បច្ចុប្បន្ន​យើង​បាន​នាំចូល​បន្លែ​ និង​ផ្កា​ជាច្រើន​ពី​ប្រទេសជិតខាង​។

ឯកឧត្តម​បណ្ឌិត​បន្ត​ថា​៖“នៅក្នុង​ផែនការ​នេះ​ គឺ​រដ្ឋាភិបាល​នឹង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​តូច​មួយ​ដើម្បី​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នៅ​ខេត្ត​នេះ​ និង​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ បន្លែ​ ផ្កា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ទេសចរណ៍​ដទៃទៀត​។ លោក​បន្ត​ថា​ ការសម្រេច​ផែនការ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ច្រើន​ ដោយ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​លើ​វិស័យ​ទេសចរណ៍​បាន​ច្រើន​”។

ឯកឧត្តម​ ថោង​ ខុន​ បាន​បន្ត​ថា​ ផែនការ​នេះ​នឹង​បញ្ចប់​ការសិក្សា​ក្នុងរយៈពេល​ 6ខែ​ ហើយ​នៅពេល​សិក្សា​ចប់​ រដ្ឋាភិបាល​នឹង​អនុវត្ត​ផែនការ​ដោយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​ផ្តល់​ឱកាស​ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​នេះ​។

ដោយឡែក​ចំពោះ​វិធានការ​ទី3​ ដដែល​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​និង​កំពុង​រៀបចំ​ខេត្ត​កែប​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ដែល​ការ​អភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​នេះ​ គឺ​រាប់បញ្ចូល​ទាំង​ទីក្រុង​ឆ្នេរខ្សាច់​ កោះ​ ផ្សារ​ កំពង់ផែ​ទេសចរណ៍​ ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ ក៏ដូចជា​រមណីយដ្ឋាន​ទេសចរណ៍​នានា​ផង​ដែរ​ ប៉ុន្តែ​អាច​នឹង​មិន​មានការ​បង្កើត​ឱ្យ​មាន​ “កាស៊ីណូ​” និង​រោងចក្រ​សហគ្រាស​ឡើយ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ កន្លងមក​រាជរដ្ឋាភិបាល​បាន​គិត​បែបនេះ​ ហើយ​បាន​និង​កំពុង​ចាប់ផ្តើម​រៀបចំផែនការ​មេ​ដើម្បី​រៀបចំ​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ និង​ជា​តំបន់​ទេសចរណ៍​បៃតង​ ជាពិសេស​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ និង​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ឱ្យ​បាន​កាន់តែ​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

ឯកឧត្តម​ ថោង​ ខុន​ បាន​បញ្ជាក់​ថា​៖“ហេតុនេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ខេត្ត​កែប​ឱ្យទៅ​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ជា​តំបន់​ទេសចរណ៍​បៃតង​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​រោងចក្រ​សហគ្រាស​ និង​ការ​វិនិយោគ​កាស៊ីណូ​នៅក្នុង​ខេត្ត​នេះ​ទេ​”។

ក្រសួងទេសចរណ៍​ក៏បាន​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​លំនៅឋាន​ទី2​ សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់​ ឬចូលនិវត្តន៍​នៅ​ខេត្ត​កែប​នេះ​ផង​ដែរ​ ដើម្បី​ឱ្យ​ពួកគេ​ពន្យារពេល​ក្នុង​ការ​ទស្សនា​ និង​ស្នាក់នៅ​ក្នុងរយៈពេល​យូរ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជំរុញ​ឱ្យ​ពួកគេ​មានការ​ចំណាយ​ច្រើន​។

បើ​តាម​ឯកឧត្តម​ ថោង​ ខុន​ ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កែប​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លើ​ការសិក្សា​រៀបចំ​ “ខេត្តកំពត​ទៅជា​តំបន់​ទេសចរណ៍​វប្បធម៌​បេតិកភណ្ឌ​ និង​កសិ​-ទេសចរណ៍​”ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​ ក្នុង​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ដែល​អាច​នឹង​បញ្ចប់​នៅដើម​ឆ្នាំ2020​ ខាងមុខ​ផង​ដែរ​៕

Advertisement