កម្ពុជា-ចិន​នឹង​ចុះ MOU នាំ​អង្ករ​ចេញ 40ម៉ឺន​តោន​ទៅកាន់​ទីផ្សារប្រទេស​ចិន

ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ក្រុមហ៊ុន​ ហ្គ្រីន​ត្រេ​ដដែល​ជា​សេនាធិការ​បាន​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ COFCO​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី12​ ខែមេសា​ ឆ្នាំ2019​ រួចហើយ​លើ​ការរៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា​ចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ចេញផ្សាយ​ថ្ងៃទី24​ ខែមេសា​ ឆ្នាំ2019​។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ចិន​នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) លើ​ពាណិជ្ជកម្ម​អង្ករ​ ប្រមាណ​ 40ម៉ឺន​តោន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅក្នុង​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី2​ នៅក្នុង​ប្រទេស​ចិន​។

សេចក្តី​ជូនដំណឹង​ដដែល​បាន​បន្ត​ថា​ ជា​លទ្ធផល​ភាគី​ទាំង2​ បាន​ឯកភាព​គ្នា​លើស​ចេ​ក្តី​ព្រាង​អនុស្សរណៈ​ដើម្បី​ចុះហត្ថលេខា​នៅក្នុង​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី​ 2 ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​ថ្ងៃទី27​ ខែមេសា​ ឆ្នាំ2019​។

ចំណុច​សំ​ខាន់​ៗនៅក្នុង​អនុស្សរណៈ​ដែល​ភាគី​ទាំង2​ បាន​ចុះហត្ថលេខា​មាន​ដូចតទៅ​៖
– ពាណិជ្ជកម្ម​អង្ករ​៖ ភាគី​ចិន​យល់ព្រម​ទិញ​អង្ករ​ ផ្កាម្លិះ​ អង្ករ​ក្រអូប​ អង្ក​រស​ និង​ចុងអង្ករ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិមាណ​ 40ម៉ឺន​តោន​ ចាប់ពី​ខែសីហា​ ឆ្នាំ​2019​ រហូតដល់​ចុងខែ​ធ្នូ​ ឆ្នាំ2020​។

– យន្តការ​អនុវត្តន៍​៖ អនុស្សរណៈ​នេះ​នឹង​ចូលជាធរមាន​ភ្លាម​ បន្ទាប់ពី​គូភាគី​ទាំង2​ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សរណៈ​ដំបូង​ដែល​បាន​ចុះហត្ថលេខា​ កាលពី​ថ្ងៃទី11​ ខែមករា​ ឆ្នាំ2018​ ស្តី​ពី​ការ​ចូល​អង្ករ​ចំនួន​ 30ម៉ឺន​តោន​។

– យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​៖ គូភាគី​ទាំង2​ នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម​ ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សរណៈ​រៀងរាល់​ត្រីមាស​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​អាច​កើតឡើង​ជាយថាហេតុ​ អំឡុង​ពេល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។

យោង​តាម​របាយការណ៍​ផ្លូវការ​បានឱ្យ​ដឹង​ថា​ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​បាន​កើនឡើង59​% នៅ​ត្រីមាស​ទី1​ ឆ្នាំនេះ​ ដោយ​បាន​នាំចេញ​អង្ករ​ចំនួន​ 75,214តោន​ទៅ​ប្រទេស​ចិន​នៅ​ត្រីមាស​ដំបូង​ឆ្នាំ2019​ ដែល​កើនឡើង59​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

របាយការណ៍​របស់​លេខាធិការ​ដ្ឋាន​សេវា​ច្រកចេញ​ចូល​តែមួយ​សម្រាប់​ការនាំចេញ​អង្ករ​បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​ជា​អ្នកទិញ​ស្រូវ​អង្ករ​ធំជាង​គេ​នៅក្នុង​អំឡុង​ពេល​ពី​ខែមករា​ ដល់​ខែមីនា​ ឆ្នាំនេះ​ដោយ​បាន​បន្ថែម​ថា​ ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​ 44​%នៃ​ការ​នាំ​អង្ករ​ចេញ​សរុប​របស់​ប្រទេស​។

យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​នាំចេញ​អង្ករ​សរុប​ចំនួន170,821តោន​ក្នុងរយៈពេល​ 3ខែ​ដំបូង​នៃ​ឆ្នាំនេះ​កើនឡើង6​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

តួលេខ​បាន​បង្ហាញថា​ តំបន់​នេះ​បាន​នាំចេញ​អង្ករ​ 51,552តោន​ទៅ​ទីផ្សារ​អឺរ៉ុប​ក្នុងអំឡុងពេល​នេះ​ពោល​គឺ​ ធ្លាក់ចុះ33​% ដោយសារតែ​សហភាព​អឺរ៉ុប​បាន​ដាក់​ពន្ធ​លើ​អង្ករ​ពី​ប្រទេស​កម្ពុជា​កាលពីដើម​ឆ្នាំនេះ​ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការនាំចូល​អង្ករ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​៕

Advertisement