ធនាគារពិភពលោក​៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​នៅ​ត្រឹម​ 7%

ធនាគារពិភពលោក​ World​ Bank​ បានឱ្យ​ដឹង​នៅក្នុង​របាយការណ៍​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ របស់​ខ្លួន​ថា​ នៅ​ឆ្នាំ2019​ នេះ​ សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ 7% ធ្លាក់ចុះ​ពី​ 7.5​%កាលពី​ឆ្នាំ2018​។ ក្រុមការងារ​ធនាគារពិភពលោក​ (World​ Bank​ Group​) បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​នេះ​ថា​ ការ​ធ្លាក់ចុះ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​តម្លៃ​ថាមពល​ខ្ពស់​ និង​ការ​ចំណាយ​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​ រួម​ជាមួយ​ការ​ព្រួយបារម្ភ​ជុំវិញ​កម្លាំង​ពលកម្ម​គ្មាន​ជំនាញ​។

ទស្សនវិស័យ​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​ពឹងផ្អែក​លើ​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​យក​លំហូរ​ចូល​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​) ខណៈ​កំពុង​ជំរុញ​ការ​វិនិយោគ​ក្នុង​ស្រុក​។តម្លៃ​ថាមពល​ និង​ការ​ដឹកជញ្ជូន​ដែល​មានតម្លៃ​ថោក​ កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ និង​ការ​ផ្សារភ្ជាប់​គ្នា​រវាង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នឹង​មាន​សារៈសំខាន់​ដើម្បី​រក្សា​ការប្រកួត​ប្រជែង​។

ការ​ថមថយ​អានុភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2019​ ដល់​ឆ្នាំ2021​ ត្រូវ​បាន​ធនាគារពិភពលោក​ភ្ជាប់​ទៅ​នឹង​ទីផ្សារ​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​ដែល​បាន​ប្រកា​សព្យូរ​ជា​បណ្តោះ​ អាសន្ន​នូវ​ភាព​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​លើ​គ្រប់មុខ​ទំនិញ​ ឬ Everything​-but​-arms​ EBA​។ របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​៖ “ការបាត់បង់​ចំណូល​ពី​ EBA​ ដែល​បច្ចុប្បន្ន​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​នូវ​ការ​មិន​បង់ពន្ធ​នឹង​មិន​មាន​កូតា​ពី​សហភាព​អឺរ៉ុប​អាច​នាំ​ឱ្យ​មាន​កំណើន​នាំចេញ​យឺត​”។ បើ​តាម​ធនាគារពិភពលោក​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​រួមចំណែក​ជាង​ 1ភាគ3​ នៃ​មុខទំនិញ​នាំចេញ​សំ​ខាន់​ៗរបស់​កម្ពុជា​ដែល​មាន​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទោចក្រយាន​យន្ត​។ អាស្រ័យហេតុ​នេះ​ការបាត់បង់​ភាព​អនុគ្រោះ​ EBA​ ទំនងជា​អាច​ធ្វើ​ឱ្យ​កំណើន​នៃ​ការនាំចេញ​ថយ​ល្បឿន​មកវិញ​។

ម្យ៉ាងទៀត​ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ធនាគារពិភពលោក​អះអាង​ថា​ ដោយសារតែ​កម្ពុជា​ពឹងពាក់​ខ្លាំង​លើ​ការ​ហូរ​ចូល​មូលធន​ពី​ប្រទេស​ចិន​ ហើយ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​របស់​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​ណាមួយ​នឹង​ជះ​ផល​មិនល្អ​មក​លើ​ទស្សនវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។

លោក​ លី​ សុ​ដេ​ត (Ly​ Sodeth​) សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា​៖“ជា​រួម​យើង​រំពឹង​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ​នឹង​យឺត​ជាង​ចុងឆ្នាំ​មុន​”។ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​កាលពី​ឆ្នាំមុន​ដល់​ 7.5​% ខ្ពស់​ជាង​ការ​ព្យាករ​ដំបូង​របស់​ធនាគារ7​%”។

លោក​ លី​ សុ​ដេ​ត បាន​បន្ថែម​ថា​៖“ការនាំចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​ដែល​មាន​ចំនួន​ជាង2ភាគ3នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​បាន​កើនឡើង​ខ្ពស់​ក្នុងរយៈពេល​ 4ឆ្នាំ​ គឺ​កើនឡើង​ 17.6​%នៅក្នុង​ឆ្នាំ2018​ កើនឡើង​ពី​កំណើន8.3​% ដែល​បាន​បង្ហាញ​នៅក្នុង​ឆ្នាំ2017​”។ កម្មវិធី​បញ្ជាទិញ​សំខាន់​ដែល​ជា​ការពិត​ ការនាំចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​ទៅ​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ជាមួយនឹង​ទីផ្សារ​សហរដ្ឋអាមេរិក​ កើនឡើង​លឿន​ជាង​ទីផ្សារ​អឺរ៉ុប​។ នោះ​ជា​កត្តា​សំខាន់​នៅ​ពីក្រោយ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ដែល​រំពឹង​ទុក​កាលពី​ឆ្នាំមុន​”។

លោក​ Andrew​ D.Mason​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​របស់​ធនាគារពិភពលោក​បាន​មានប្រសាសន៍​ថា​ កម្ពុជា​ត្រូវតែ​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​នេះ​ដើម្បី​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។

លោក​ Mason​ បាន​មានប្រសាសន៍​ថា​៖“ការ​សម្លឹង​មើលទៅ​មុខ​វា​នឹង​មាន​សារៈសំខាន់​ សម្រាប់​កម្ពុជា​ក្នុង​ការ​បន្ត​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ពិភពលោក​ ដើម្បី​រក្សា​អត្រាកំណើន​ខ្ពស់​ក្នុង​ពេល​អនាគត​។ នេះ​មានន័យថា​ វា​ត្រូវ​ខិតខំ​កាត់បន្ថយ​ចំណាយ​លើ​ការ​ធ្វើជំនួញ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ ហើយ​សំខាន់​បំផុត​គឺ​ពង្រឹង​ធនធានមនុស្ស​ និង​ជំនាញ​កម្លាំង​ពលកម្ម​របស់​ខ្លួន​។ ក្នុងរយៈពេល​ខ្លី​ ខ្ញុំ​សូម​និយាយ​ថា​ វា​មិនមែន​ជា​ការ​ព្រួយបារម្ភ​ទេ​ ដែល​យើង​មើលឃើញ​ពី​ការ​ធ្លាក់ចុះ​បន្តិចបន្តួច​នៃ​កំណើន​នោះ​ទេ​”។

នៅចំពោះមុខ​ ការ​ខ្វះ​ភាព​ប្រាកដប្រជា​បែបនេះ​វិធានការ​ចាំបាច់​រួមមាន​ ការ​រក្សា​បញ្ជី​ប្រាក់បៀវត្សរ៍​សាធារណៈ​កុំឱ្យ​រីក​មាឌ​តទៅទៀត​ ពង្រឹង​សមត្ថភាព​ឃ្លាំមើល​ និង​ត្រៀម​ឆ្លើយតប​វិបត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ចាត់វិធានការ​ប្រុងប្រយ័ត្ន​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​ថែមទៀត​ ក៏ដូចជា​ការ​ដាក់កំហិត​ដល់​ធនាគារ​ក្នុង​ការ​ផ្តល់​កម្ចី​ឲ្យ​ផ្នែក​សំណង់​ និង​អចលនទ្រព្យ​ជាដើម​។ នេះ​ជា​ការ​លើកឡើង​របស់​ធនាគារពិភពលោក​។

បើ​តាម​ធនាគារពិភពលោក​ ថ្លៃ​ចំណាយ​នៅក្នុង​ការ​ធ្វើ​ធុរកិច្ច​ក៏​ជា​ឧបសគ្គ​មួយ​ដល់​ការពង្រីក​ការ​វិនិយោគ​ និង​សហគ្រិនភាព​នៅក្នុង​ស្រុក​ផង​ដែរ​ខណៈ​កម្ពុជា​ជាប់លេខ​រៀង​ទី183​ ក្នុងចំណោម190ប្រទេស​នៃ​ការ​វាស់​ស្ទង់​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់ផ្តើម​ធុរកិច្ច​។

លោកស្រី​ វិច​តូ​រី​យ៉ា​ ក្វា​ក្វា​ អនុប្រធាន​ធនាគារពិភពលោក​ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ មានប្រសាសន៍​ថា​៖ “កំណើន​សេដ្ឋកិច្ច​មាន​ភាព​ធន់​របស់​តំបន់​នេះ​ គួរតែ​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដែល​បាន​ធ្លាក់​នៅ​កម្រិតទាប​រួច​ទៅ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ ឱ្យមក​នៅ​កាន់តែ​ទាប​ថែមទៀត​ ។ តាមពិត​ទៅ​ យើង​រំពឹង​ទុក​ថា​ នៅ​ត្រឹម​ឆ្នាំ2021​ ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​នឹង​ធ្លាក់ចុះ​ច្រើន​មក​នៅ​ក្រោម3​%”។

លោកស្រី​មានប្រសាសន៍​បន្ត​ទៀត​ថា​៖ “យ៉ាងណាក៏ដោយ​ ស្រប​ពេល​គ្នា​នេះ​ពលរដ្ឋ​ប្រហែល​ 500លាន​នាក់​ក្នុង​តំបន់​នេះ​ នៅតែ​បន្ត​ខ្វះ​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​ ហើយ​ប្រឈម​នឹង​ហា​និ​ ភ័យ​ដែល​ងាយ​ធ្លាក់ចុះ​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ​ ត្រង់នេះ​ជា​ការ​ក្រើន​រំឭក​សំខាន់​មួយ​អំពី​ទំហំ​នៃ​បញ្ហា​ប្រឈម​ដែល​មាន​ចំពោះ​អ្នកធ្វើ​គោលនយោបាយ​នៅ​តាម​ប្រទេស​នី​មួយ​ៗ”។

របាយការណ៍​ធ្វើ​ទឡ្ហីករណ៍​ថា​ ប្រពលភាព​របស់​ហានិភ័យ​មួយចំនួន​ក៏​រំលេច​ឱ្យ​ឃើញ​ផង​ ដែរ​នូវ​ភាព​ចាំបាច់ក្នុង​ការ​បន្ត​ធ្វើការ​វិនិយោគ​ទៅលើ​ជំនួយ​ឧបត្ថម្ភ​ផ្នែក​សង្គមកិច្ច​ និង​កម្មវិធី​ធានា​ រ៉ាប់រង​ដើម្បី​ការពារ​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​។ បច្ចុប្បន្ន​នេះ​ តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ដែល​កំពុង​អភិវឌ្ឍន៍​មាន​អត្រា​គ្រប​ដណ្តប់​របស់​ជំនួយ​ផ្នែក​សង្គមកិច្ច​ទាប​ជាងគេ​ក្នុងចំណោម​ពលរដ្ឋ20​%ដែល​ក្រីក្រ​បំផុត​ បើ​ប្រៀប​ទៅ​នឹង​តំបន់​កំពុង​អភិវឌ្ឍន៍​ដទៃទៀត​៕

Advertisement