ភ្នំពេញ​ អេស​ អុី​ ហ្សិ​ត ភី​អិ​លស៊ី​ (ភី​ភី​អេ​សភី​) រំពឹង​បាន​ប្រាក់ចំណេញ​ 6.4​ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំនេះ​

ប្រាក់ចំណេញ​សុទ្ធ​ក្រោយពី​បង់ពន្ធ​រួច​របស់​ក្រុមហ៊ុន​ ​ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​ (Phnom​ Penh​ SEZ​ ឬPPSEZ​) ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​) ​បាន​កើនឡើង​ប្រមាណ​ជាង​ 72ភាគរយ​ ឬប្រមាណ​ 2,9លាន​ដុល្លារ​អាមេរិក​នៅ​ចុងឆ្នាំ2018​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ2017​ មានតែ​ 1.68​ លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​។ ក្នុង​នោះ​ទ្រព្យសកម្ម​សរុប​របស់​ក្រុមហ៊ុន​ ​ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​ កើនឡើង​ ​54ភាគរយ​ ឬ87លាន​ដុល្លារ​អាមេរិក​។

លោក​ Hiroshi​ Uematsu​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​ភា​គហ៊ុនិ​កប្រចាំឆ្នាំ​កាលពី​ថ្ងៃសុក្រ​ទី26​ ខែមេសា​នេះ​ថា​ សម្ទុះ​ដ៏​រឹងមាំ​នៃ​កំណើន​នេះ​ទំនងជា​នឹង​មាន​បន្ត​នៅក្នុង​ការអនុវត្ត​នៅ​ត្រីមាស​ទី1​ ឆ្នាំ2019​។

លោក​ Hiroshi​ ថ្លែង​ថា​ សម្រាប់​ឆ្នាំ2019​ នេះ​ ក្រុមហ៊ុន​ព្យាករ​ថា​ ប្រាក់ចំណេញ​សរុប​នឹង​កើនឡើង​ ដល់​ 14.7លាន​ដុល្លារ​អាមេរិក​ ហើយ​ប្រាក់ចំណេញ​សុទ្ធ​ក្រោយពី​បង់ពន្ធ​រួច​ យើង​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 6.4លាន​ដុល្លារ​អាមេរិក​។

លោក​បាន​បន្ត​ថា​៖“ក្នុងរយៈពេល​ជាង​ 3ឆ្នាំ​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ប្រាក់ចំណេញ​ថ្មី​របស់​យើង​បាន​កើនឡើង​ជាលំដាប់​ ហើយ​យើង​រំពឹង​ថា​នឹង​រក្សា​និន្នាការ​កំណើន​នេះ​បាន​។ តាមរយៈ​កំណើន​នេះ​ យើង​នឹង​ពង្រីក​ដី​បន្ថែម​ទៀត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​យើង​ហើយ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​អាជីវកម្ម​របស់​យើង​ដើម្បី​ឈាន​ទៅ​រក​ប្រភព​ប្រាក់ចំណូល​ប្រកបដោយ​ចីរភាព​”។

លោក​ Hiroshi​ Uematsu​ បានឱ្យ​ដឹង​ទៀត​ថា​ ក្រុមហ៊ុន​ ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​បាន​កំណត់​គោលដៅ​មួយ​ថា​នៅ​ឆ្នាំ2023​ ក្រុមហ៊ុន​នឹង​បង្កើន​ប្រាក់ចំណូល​ដែល​មិនមែន​បាន​មក​ពី​ការ​លក់​ដី​ឱ្យ​បាន​រហូតដល់​ 50ភាគរយ​។

លោក​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​បាន​កំពុង​ប្រតិបត្តិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ​ក្រុង​ប៉ោយប៉ែត​ ដោយមាន​ឈ្មោះថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​ ឬប៉ោយប៉ែត​ អេស​អុីហ្សិ​ត ដែល​មាន​ទំហំ​ 70ហិ​កតា​ បែងចែក​ជា​មាន​ 2ដំណាក់កាល​ក្នុង​ការ​អភិវឌ្ឍ​ និង​សាងសង់​ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ 15លាន​ដុល្លារ​ក្នុង​ដំណាក់កាល​ទី1​ នេះ​។

លោក​ ​Hiroshi​ និយាយ​ថា​៖“យើង​មើលឃើញ​ពី​សក្តា​នុ​ពល​ពី​ការ​រីក​លូតលាស់​នៅ​ប៉ោយប៉ែត​ ដោយ​ឥឡូវ​យើង​មាន​ក្រុមហ៊ុន​ជប៉ុន​មួយ​ ឈ្មោះថា​ Sumitronics​ បាន​ចូលរួម​ជាមួយ​យើង​ហើយ​នៅ​ប៉ោយប៉ែត​ ហើយ​នៅ​ទីនោះ​យើង​នឹង​ទាក់ទាញ​ និង​ស្វាគមន៍​ឧស្សាហកម្ម​ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​”។

លោក​ Hiroshi​ បន្ត​ថា​៖“យើង​មិន​មាន​គោលបំណង​ដើម្បី​ធ្វើ​មូលដ្ឋាន​ផលិត​ដ៏​ធំ​នៅ​កម្ពុជា​ទេ​ យើង​ត្រូវតែ​បែងចែក​ ដោយសារតែ​ប៉ោយប៉ែត​ អេស​អុីហ្សិ​ត នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ​ ដូច្នេះ​វា​មានន័យថា​មុខងារ​ផលិតកម្ម​ធំ​នៅ​ថៃ​ ហើយ​សកម្មភាព​ផលិតកម្ម​ផ្សេងទៀត​អាច​នឹង​មាននៅ​ទីនេះ​(កម្ពុជា​) វា​ជាផ្នែក​មួយ​នៃ​បណ្តាញ​ផលិតកម្ម​ ដែល​ជា​ផលិតផល​កម្ពុជា​អាច​រួមបញ្ចូល​ជាមួយ​ថៃ​”។

លោក​ Hiroshi​ ថា​ ក្រុមហ៊ុន​ ​ភ្នំពេញ​ អេស​អុីហ្សិ​តភី​អិ​លស៊ី​ (ភី​ភី​អេ​សភី​) ​មាន​ផែនការ​ពង្រីក​ផ្ទៃដី​ចំនួន100ហិ​កតា​បន្ថែម​ទៀត​នៅ​ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​ ​ដោយ​ឥឡូវ​យើង​មាន​ 360ហិ​កតា​ ហើយ​ ភាគច្រើន​នៃ​ផ្ទៃដី​ គឺ​ជួល​ពេញ​រហូតដល់​ 95ភាគរយ​ដែល​មាន​ចំនួន​ 100រោងចក្រ​ ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​ និង​គ្រឿង​អេឡិចត្រូនិក​ជាដើម​។

លោក​បន្ត​ថា​ ក្រុមហ៊ុន​ភាគច្រើន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ គឺ​មក​ពីជ​ប៉ុន​ប្រមាណ​ជា​ 55ភាគរយ​ ហើយ​ក្រៅពីនោះ​មាន​មក​ពី​ប្រទេស​ចិន​ តៃវ៉ាន់​ ហុងកុង​ ថៃ​ វៀតណាម​ ម៉ាឡេស៊ី​ ហ្វីលី​ពិន​ និង​មក​ពី​ប្រទេស​ផ្សេង​ៗទៀត​៕

Advertisement