CSX​ ​បាន​ដាក់​ឱ្យ​ដំណើរការ​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​

​ប្រព័ន្ធ​ជួញដូរ​ចល័ត​(​Mobile​ ​Trading​ ​System​ ​–​MTS​)​ ​ត្រូវ​បាន​ផ្សារ​មូលបត្រ​កម្ពុជា​ ​CSX​ ​រៀបចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី5​ ​ខែឧសភា​ ​ឆ្នាំ2019​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្ដម​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ឯកអគ្គ​រដ្ឋទូត​ស្តីទី​នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចំា​កម្ពុជា​។​

​គោលបំណង​នៃ​ការ​បើក​ដំណើរការ​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​(​MTS​ ​web​-​based​ ​system​)​ ​នេះ​ ​ដើម្បី​បង្កើន​ភាព​ងាយស្រួល​សម្រាប់​វិនិយោគិន​ ​និង​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ធ្វើការ​ជួញដូរ​បន្ថែម​ទៀត​នៅ​លើ​ទីផ្សារ​។​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​ ​នេះ​នឹង​អនុញ្ញាត​ឱ្យ​វិនិយោគិន​ដាក់​ការ​បញ្ជាទិញ​ ​ពិនិត្យមើល​ព័ត៌មាន​ភាគហ៊ុន​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ឬ​លុបចោល​ការ​បញ្ជាទិញ​បាន​ពី​គ្រប់​ទីកន្លែង​ ​និង​គ្រប់ពេលវេលា​។​ ​

ឯកឧត្តម​បណ្ឌិត​ ​ហ៊ាន​ ​សា​ហ៊ីប​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​៖​«​ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន​ ​គឺជា​ម៉ាស៊ីន​ស្នូល​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ពិភពលោក​។​ ​ទីផ្សារ​មូលបត្រ​មាន​សារៈសំខាន់​ ​ជាពិសេស​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ពីព្រោះ​ការ​បង្កើន​មូលនិធិ​ ​តាមរយៈ​ទីផ្សារ​មូលបត្រ​មាន​សារៈសំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​»​។​

​ ​ទោះបីជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ផ្នែក​ផ្សេង​ៗ​ទៀត​ដូចជា​ធនាគារ​ ​និង​មីក្រូហិរញ្ញវត្ថុ​ក្តី​ ​ក៏​នៅ​មាន​បញ្ហា​មួយចំនួន​ត្រូវ​ដោះស្រាយ​នៅពេល​នេះ​ ​ដើម្បី​ទទួល​បាន​សក្តា​នុ​ពល​ពេញលេញ​នៃ​ទីផ្សារ​មូលធន​នៅ​កម្ពុជា​រួម​ទាំង​ការ​កើនឡើង​នៃ​ទីផ្សារ​មូលបត្រ​ដែរ​។​

​ ​ការ​ទាក់ទាញ​ ​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​សាធារណៈ​(​IPOs​)​ ​ពី​អង្គភាព​នានា​ទាំង​ផ្នែក​សាធារណៈ​ ​និង​ឯកជន​ ​មាន​សារៈសំខាន់​ ​ជាពិសេស​សម្រាប់​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋលេខាធិការ​។​

​ ​ឯកឧត្តម​ ​ហ៊ាន​ ​សា​ហ៊ីប​ ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​ ​My​ ​First​ ​Stock​ ​ឆ្នាំ2019នេះ​ ​ជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​លើកកម្ពស់​ការ​ ​យល់ដឹង​ ​និង​ជំរុញ​ការសិក្សា​ស្វែងយល់​អំពី​កាលានុវត្ត​ភាព​នៃ​ការ​វិនិយោគ​ក្នុង​ផ្សារភាគហ៊ុន​កម្ពុជា​ ​ពីសំណាក់​សាធារណជន​។​ ​ទន្ទឹម​នេះ​ការ​ពង្រឹង​តម្លាភាព​ ​ទំនុកចិត្ត​ ​និង​ភាព​ឤ​ចប៉ាន់​ប្រមាណ​បាន​ ​ជា​កត្តាចាំបាច់​ ​ដើម្បី​អនុញ្ញាត​ឱ្យ​ទីផ្សារ​មូលបត្រ​កម្ពុជា​ធ្វើដំណើរ​ទៅមុខ​ ​និង​អភិវឌ្ឍ​ប្រកបដោយ​ ​និរន្តរភាព​។​

​ ​សូម​បញ្ជាក់​ថា​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​ ​នេះ​ ​គឺជា​កម្មវិធី​មួយ​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ ​ពី​ខាង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ​តាមរយៈKOICA​ ​ដែល​ជា​កម្មវិធី​ជំនួយ​ដំណាក់កាល​ទី2​។​ ​កូរ៉េ​ ​និង​ ​កម្ពុជា​បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​ក្នុង​ការបង្កើត​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​ ​2ដំណាក់កាល​រួចមក​ហើយ​។​ ​ដំណាក់កាល​ទី1​ ​ចាប់ពី​ផ្តើម​ពីឆ្នាំ2007​ ​ដល់​ឆ្នាំ2009​ ​ដោយមាន​ហិរញ្ញប្បទាន​ជា​ជំនួយឥតសំណង​ ​1លាន​ ​80ម៉ឺន​ដុល្លារ​អាមេរិក​ ​និង​ដំណាក់កាល​ទី2​ ​ចាប់ពី​ឆ្នាំ2014​ ​ដល់​ឆ្នាំ2018​ ​ដោយមាន​ហិរញ្ញប្បទាន​ជា​ជំនួយឥតសំណង​ចំនួន​ ​2លាន​ ​50ម៉ឺន​ដុល្លារ​អាមេរិក​។​

​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​កូរ៉េ​ ​(​ក​យកា​-​KOICA​)​ ​បាន​ ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើត​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​ផ.ម.ក​-​CSX​)​ ​ដែល​បាន​ ​បើក​ឱ្យ​ដំណើរការ​ចាប់តាំងពី​ឆ្នាំ2012​ ​ហើយ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​បាន​និង​កំពុង​ចុះបញ្ជី​ចំនួន​ ​5​ ​រួមមាន​ ​1​-​ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(​PWSA​)​ ​2​-​ ​ហ្គ្រែន​ធ្វីន​ ​អ៊ី​ន​ធើ​ណេ​សិន​ណល​(​ខេម​បូ​ឌា​)​ ​ភី​អិ​ល​ស៊ី​ ​(​GTI​)​ ​3​-​ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​(​PPAP​)​ ​4​-​ ​ក្រុមហ៊ុន​ភ្នំ​ពេញ​អេស​អ៊ី​ហ្សិ​ត​ ​(​PPSP​)​ ​និង​ ​5​-​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​(​PAS​)​។​

តាំងពី​ឆ្នាំ2007មក​ ​KOICA​ ​បាន​ជួយ​ដល់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​ទាក់ទាញ​ ​ដល់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​សាធារណៈ​ ​(​IPOs​)​ ​ហើយ​ ​KOICA​ ​បាន​ឈានមុខ​គេ​ ​ក្នុង​ ​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​គេ​រំពឹង​ថា​ ​វេទិកា​ពាណិជ្ជកម្ម​ថ្មីនេះ​នឹង​ជួយ​បង្កើន​សាច់ប្រាក់​ងាយស្រួល​ក្នុង​ទីផ្សារ​មូលបត្រ​របស់​កម្ពុជា​៕​


Advertisement