ធនាគារកណ្តាល​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​ដើម្បី​បង្ការ​ហានិភ័យ

ធនាគារជាតិនៃកម្ពុជា​(NBC​)បាន​ចេញផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​ ស្តី​ពី​ការ​ត្រួតពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​ (Financial​ Stability​ Review​ ឬ FSR​) របស់​ខ្លួន​ជា​សាធារណៈ​លើកដំបូង​ ដែល​មាន​គោលបំណង​ដើម្បី​ផ្តល់​ទិន្នន័យ​ហិរញ្ញវត្ថុ​ដែល​អាច​ជឿជាក់​បាន​ដល់​សាធារណជន​ និង​បង្ហាញ​ពី​វិធានការ​របស់​ NBC​ ក្នុង​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​ការ​តាក់តែង​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​នានា​ដើម្បី​បង្ការ​ហានិភ័យ​។

ថ្លែង​នៅក្នុង​ពិធីសម្ពោធ​របាយការណ៍​ហិរញ្ញវត្ថុ​នេះ​ លោកជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​នៃ​ធនាគារជាតិនៃកម្ពុជា​បាន​ថ្លែង​ថា​៖“FSR​ គឺជា​ឯកសារ​ដ៏​មានតម្លៃ​ដែល​ជួយ​ឱ្យ​សាធារណជន​ និង​អ្នក​វិនិយោគ​យល់​ច្បាស់​ពី​វិស័យ​ហិរញ្ញវត្ថុ​។ វា​ប្រាប់​ពី​ការសម្រេច​ចិត្ត​ និង​ គោលនយោបាយ​នៅក្នុង​វិស័យ​សាធារណៈ​ និង​ឯកជន​។ វា​មានប្រយោជន៍​ជាពិសេស​សម្រាប់​វិនិយោគិន​ ស្ថាប័ន​ហិរញ្ញវត្ថុ​ និង​អ្នក​ពាក់ព័ន្ធ​ដែល​នឹង​នាំ​ឆ្ពោះទៅ​រក​ការសម្រេច​ចិត្ត​លើ​ការ​វិនិយោគ​ ការពង្រីក​អាជីវកម្ម​ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​ដែល​អាច​កើតមាន​ទៀតផង​”។

របាយការណ៍​នេះ​វាយតម្លៃ​ពី​សក្តា​នុ​ពល​ និង​លទ្ធភាព​នៃ​ហានិភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​រួម​ទាំង​ហានិភ័យ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ប្រព័ន្ធ​។ វា​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ម៉ាក្រូ​ហិរញ្ញវត្ថុ​ និង​ការពិភាក្សា​អំពី​គោល​នយោបាយ​សក្តា​នុ​ពល​ដើម្បី​ជួយ​កាត់បន្ថយ​ហានិភ័យ​ជា​ប្រព័ន្ធ​។

ការ​ត្រួតពិនិត្យ​ពី​ស្ថិរភាព​ហិរញ្ញវត្ថុ​នេះ​ ត្រូវ​បាន​ធ្វើឡើង​ដោយ​ NBC​ ចាប់តាំងពី​ឆ្នាំ2011​ មក​ម៉្លេះ​ ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មក​ វា​ត្រូវ​បាន​គេ​ធ្វើឡើង​សម្រាប់​តែ​ការប្រើ​ប្រាស់​ផ្ទៃក្នុង​ប៉ុណ្ណោះ​។ របាយការណ៍​ត្រួតពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​ត្រូវ​បាន​ធ្វើឡើង​ដោយមាន​ជំនួយ​បច្ចេកទេស​ស្ដីពី​បញ្ហា​ស្ថិរភាព​ហិរញ្ញវត្ថុ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ឬIMF​។

លោកស្រី​ Yong​ Sarah​ Zhou​ តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF​ ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​៖ “យើង​ដឹង​ថា​ វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​កំពុង​រីកចម្រើន​យ៉ាង​រហ័ស​ កា្លយ​ជា​ប្រព័ន្ធ​កាន់តែ​ស្មុគស្មាញ​ និង​ពិបាក​ខ្លាំង​។ ការ​ចេញផ្សាយ​របាយការណ៍​នេះ​នឹង​ផ្ដល់​ជា​វេទិកា​ដើម្បី​ចែករំលែក​ឆន្ទៈ​របស់​ NBC​ អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​កំណត់​ហានិភ័យ​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ពិភាក្សា​គោលនយោបាយ​ដែល​អាច​ធ្វើឡើង​ និង​កាត់បន្ថយ​ហានិភ័យ​ដែល​អាច​កើតឡើង​”។

លោកស្រី​ក៏បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​របស់​លោកស្រី​លើ​ការ​ចេញផ្សាយ​ការ​ត្រួត​ពិ​និ​ត្យសិ្ថរ​ភាព​ហិរញ្ញវត្ថុ​នេះ​ ដោយ​លើកឡើង​ថា​ វា​ជារ​បាយ​ការណ៍​ទូលំទូលាយ​បំផុត​ និង​ផ្ដល់​ការវិភាគ​ប្រកបដោយ​គុណភាព​ខ្ពស់​ដើម្បី​កំណត់​ហានិភ័យ​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ ការ​ចាប់ផ្តើម​ឯកសារ​នេះ​ គឺជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​។ FSR​ បាន​ចុះបញ្ជី​បញ្ហា​សំ​ខាន់​ៗហើយ​ជួយ​យើង​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​បញ្ហា​ទាំងនោះ​។

លោកស្រី​ Zhou​ បាន​គូសបញ្ជាក់​ថា​៖“ ការ​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​គឺជា​សមិទ្ធផល​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ និង​គួរ​ឱ្យ​កត់សម្គាល់​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​អរគុណ​ដល់​ភាពជា​អ្នកដឹកនាំ​ដ៏​រឹងមាំ​របស់​ធនាគារជាតិនៃកម្ពុជា​ និង​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លើកកម្ពស់​ស្ថិរភាព​ហិរញ្ញវត្ថុ​។ យើង​មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​រឿង​នេះ​”។

សូម​បញ្ជាក់​ថា​ របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​ជាមួយនឹង​ការ​ផ្ដោត​ជាក់លាក់​លើក​ត្តា​សំខាន់3​ រួមមាន​លក្ខខណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​ ស្ថិរភាព​ និង​ចក្ខុវិស័យ​ ដែល​ផ្ដោត​លើ​លក្ខខណ្ឌ​ និង​ការវាយតម្លៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ការ​ភ្ជាប់​ម៉ាក្រូ​ហិរញ្ញវត្ថុ​ និង​ហានិភ័យ​ដែល​អាច​កើតឡើង​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​។

លោក​ ឃូ​ វុ​ឍ្ឍី​ អគ្គនាយករង​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បានឱ្យ​ដឹង​ថា​ ដោយសារតែ​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ និង​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ ការ​ផ្តល់​ឥណទាន​បុគ្គល​បាន​កើនឡើង​ ដែល​ជួយ​លើកកម្ពស់​ការ​វិនិយោគ​ និង​ការប្រើ​ប្រាស់​ឥណទាន​។

លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ឃ្លាំមើល​យ៉ាង​ដិតដល់​នៅក្នុង​សមាសភាព​ឥណទាន​ដែល​បាន​បង្ហាញ​សមាមាត្រ​ដ៏​ធំ​នៃ​ឥណទាន​ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម​ ដែល​បង្កើត​ប្រាក់ចំណូល​។

លោក​បាន​ថ្លែង​ថា​៖ “ទោះបីជា​មាន​កំណើន​ដ៏​រហ័ស​ក៏ដោយ​ ក៏​គុណភាព​ឥណទាន​មិនទាន់​ជា​ក្តី​បារម្ភ​នោះ​ទេ​”។ លោក​បន្ត​ថា​៖ “NBC​ បន្ត​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​លើ​ឥណទាន​បុគ្គល​បន្ត​ទៅមុខ​ទៀត​”។

ធនាគារជាតិ​ទទួល​ជំនួយ​បច្ចេកទេស​ស្តី​ពី​ស្ថិរភាព​ហិរញ្ញវត្ថុ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅក្នុង​ឆ្នាំ2018​ ហើយ​ IMFក៏បាន​តែងតាំង​ទីប្រឹក្សា​ប្រចាំ​តំបន់​ដើម្បី​ជួយ​កសាង​សមត្ថភាព​របស់​ធនាគារជាតិនៃកម្ពុជា​នៅក្នុង​ការវាយតម្លៃ​ហានិភ័យ​ជា​ប្រព័ន្ធ​ និង​ការបង្កើត​គោលនយោបាយ​ ដែល​បាន​នាំ​ឱ្យ​មានការ​អភិវឌ្ឍ​ស្តង់​ដា​ និង​កា​របោះ​ពុម្ភ​ផ្សាយ​ FSR​ ជាលើកដំបូង​នេះ​ឡើង​ ហើយ​ធនាគារជាតិនៃកម្ពុជា​គ្រោង​ក៏​នឹង​បោះផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​៕

Advertisement