ពី​ពេលនេះ​ទៅ​ ក្រុមហ៊ុន​ឯកជន​នឹង​ងាយ​ខ្ចី​លុយ​ធនាគារ​ ក្រោយ​ CBC​ បង្កើត​សេវា​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន​

May 7, 2019​ ម៉ោង 1:14 pm

ទុន​សម្រាប់​ធ្វើអាជីវកម្ម​ជាផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ម្ចាស់​អាជីវកម្ម​ទាំងអស់គ្នា​ ព្រោះ​ប្រសិនបើ​គ្មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រឹងមាំ​ទេ​ ក្រុមហ៊ុន​ក៏​មានការ​លំបាក​ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ខ្លួន​ដែរ​។ ហេតុនេះ​ហើយ​ទើប​ម្ចាស់​អាជីវកម្ម​ជាច្រើន​តែងតែ​ចង់​ទទួល​បានការ​ទុកចិត្ត​ និង​កម្ចី​ពី​ធនាគារ​បន្ថែម​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ តែ​កន្លងមក​ម្ចាស់​ក្រុមហ៊ុន​ភាគច្រើន​តែងតែ​យកឈ្មោះ​ជា​លក្ខណៈ​បុគ្គល​ដើម្បី​ស្នើសុំ​កម្ចី​ ព្រោះ​ការ​ស្នើសុំ​កម្ចី​ជា​លក្ខណៈ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឯកសារ​ និង​ចំណាយពេល​វេលា​ច្រើន​។

លោក​ អឿ​ សុធា​រ័ត្ន​ នាយក​ប្រតិបត្តិ​នៃ​កា​រិយា​ល័យ​ឥណទាន​កម្ពុជា​ (CBC​) បាន​លើកឡើង​ថា​ បន្តិចទៀត​នេះ​យើង​នឹងអាច​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម​មួយ​គឺ​ ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​ ឬប្រព័ន្ធ​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន​ ដែល​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ក្នុង​ការ​ទាញ​យក​ព័ត៌មាន​ពី​ក្រុមហ៊ុន​នានា​ដែល​គាត់​ដាក់ពាក្យ​ស្នើសុំ​ឥណទាន​។ ការ​ធ្វើបែប​នេះ​ក៏​ជា​ផលប្រយោជន៍​ជាច្រើន​ផង​ដែរ​ ព្រោះ​ក្នុង​ទិន្នន័យ​នេះ​មាន​បញ្ជាក់​ច្បាស់​ពី​ប្រវត្តិ​សំ​ខាន់​ៗទាំង​ស្ថានភាព​ក្រុមហ៊ុន​ ប្រតិបត្តិ​ការ​អាជីវកម្ម​ ប្រវត្តិ​របស់​ភា​គហ៊ុនិ​ក និង​ជាពិសេស​គឺ​ប្រវត្តិ​ឥណទាន​របស់​ក្រុមហ៊ុន​នោះ​តែម្តង​ថា​ តើ​គាត់​មាន​ប្រវត្តិ​ល្អ​ ឬមិន​ល្អ​ចំពោះ​ផ្នែក​ហិរញ្ញវត្ថុ​។

លោក​ អឿ​ សុធា​រ័ត្ន​ បាន​និយាយ​ថា​៖ “ឥឡូវនេះ​យើង​ទទួល​បាន​ភ្លើង​ខៀវ​ពី​ធនាគារជាតិនៃកម្ពុជា​ហើយ​ ហេតុនេះ​យ៉ាង​យូរ​ត្រឹម​ចុងខែ​នេះ​យើង​អាច​ដាក់​ឱ្យ​ដំណើរការ​ពេញលេញ​បាន​ហើយ​។ ក្រោយ​ពេល​ដាក់​ឱ្យ​ដំណើរការ​ហើយ​ យើង​សង្ឃឹមថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នឹង​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​ ហើយ​ពិន្ទុ​ពាក់ព័ន្ធ​នឹង​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ដែល​វាយតម្លៃ​ដោយ​ធនាគារពិភពលោក​ ក៏អាច​នឹង​កើនឡើង​ជា​វិជ្ជមាន​ផង​ដែរ​”។

លោក​ អឿ​ សុធា​រ័ត្ន​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ផ្តល់​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នេះ​ ក៏អាច​ស្ថិត​ក្នុង​ចរន្ត​មួយ​ដែល​អាច​ជំរុញ​អាជីវកម្ម​ខ្នាត​តូច​មួយចំនួន​ឱ្យ​អភិ​-វឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ក្រុមហ៊ុន​ស្តង់ដារ​បាន​ផង​ដែរ​ ដើម្បី​ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្នើសុំ​ឥណទាន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា​។ ការ​ស្នើសុំ​ឥណទាន​ ឬខ្ចី​ជា​លក្ខណៈ​ក្រុមហ៊ុន​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​កម្ចី​បុគ្គល​ត្រង់ថា​ ការខ្ចី​ក្នុងនាម​ជា​ក្រុមហ៊ុន​មិនមែន​បុគ្គល​ណា​ម្នាក់​ ឬអ្នកគ្រប់គ្រង​ណា​ម្នាក់​ជា​អ្នក​ជំពាក់​ធនាគារ​នោះ​ទេ​ តែ​ក្រុមហ៊ុន​ដែល​មាន​ភាគី​ពាក់ព័ន្ធ​ ឬម្ចាស់​ភាគហ៊ុន​ទាំងអស់​ជា​អ្នកខ្ចី​ ហេតុនេះ​វា​អាច​ធ្វើ​ឱ្យ​ការ​រកស៊ី​កាន់តែ​ល្អ​ឡើង​ ហើយ​ម្យ៉ាងទៀត​កម្ចី​ក្រុមហ៊ុន​ក៏​អាច​ទទួល​បាន​ឥណទាន​ច្រើន​ផង​ដែរ​ ព្រោះ​ភាគ​ច្រើន​កម្ចី​ក្រុមហ៊ុន​ជា​កម្ចី​ធំៗ​សម្រាប់​ធ្វើអាជីវកម្ម​។

លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ និង​ជា​ប្រធាន​ការិយាល័យ​ឥណទាន​កម្ពុជា​ បាន​លើកឡើង​ថា​ ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ឥណទាន​នីតិបុគ្គល​នេះ​ នឹង​ជួយ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ភាគី​ពាក់ព័ន្ធ​នានា​ទទួល​បាន​នូវ​ព័ត៌មាន​ឥណទាន​ពេញលេញ​របស់​នីតិបុគ្គល​ទាំងឡាយ​ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​ពាណិជ្ជកម្ម​ក្នុង​ទីផ្សារ​។ ព័ត៌មាន​ក្រុមហ៊ុន​ទាំងអស់​នេះ​ក៏​មាន​សារៈសំខាន់​ផង​ដែរ​សម្រាប់​ធនាគារ​កណ្តាល​ក្នុង​ការ​តាមដានមើល​ទីផ្សារ​ទាំងមូល​ ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​។

លោកជំទាវ​ ជា​ សិរី​ បាន​មានប្រសាសន៍​ថា​៖ “សេវាកម្ម​ដែល​ផ្តល់​ដោយ​ការិយាល័យ​ឥណទាន​កម្ពុជា​ មិនមែន​បញ្ចប់​ត្រឹមតែ​ព័ត៌មាន​ប៉ុណ្ណោះទេ​ តែ​គណៈ​គ្រប់គ្រង​ក៏បាន​រៀបចំ​ជា​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​មួយ​ ដែល​បាន​ទទួលការ​គាំទ្រ​រួច​ហើយពី​ក្រុមប្រឹក្សា​ភិបាល​។ យើង​ប្តេជ្ញា​ផ្តល់​ការ​គាំទ្រ​ជា​បន្ត​ជូន​ដល់​សមាជិក​របស់​យើង​ ដោយ​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​ផ្សេង​ៗជាច្រើន​ស្របតាម​តម្រូវការ​របស់​ពួកគេ​”។

លោក​បណ្ឌិត​ អុិន​ ចាន់​នី​ ប្រធាន​សមាគម​ធនាគារ​កម្ពុជា​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនា​គារ​អេ​ស៊ី​លីដា​ ភី​អឹ​លស៊ី​ បាន​លើកឡើង​ថា​ ការរៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ព័ត៌មាន​នីតិបុគ្គល​នេះ​ គឺ​ផ្តល់​ភាព​ងាយ​ស្រួល​ទាំងសងខាង​ ទាំង​សហគ្រាស​ដែល​មាន​ម្ចាស់​ភាគហ៊ុន​ចម្រុះ​ផង​ និង​សម្រាប់​យើងខ្ញុំ​ជា​ធនាគារ​ពាណិជ្ជ​ផង​ ព្រោះ​គុណភាព​នៃ​ការ​ផ្តល់​ព័ត៌មាន​របស់​ការិយាល័យ​ឥណទាន​កន្លងមក​គឺ​មាន​ភាព​ច្បាស់លាស់​។ ហេតុនេះ​ប្រសិនបើ​យើង​ចង់​ដឹងពី​ព័ត៌មាន​របស់​សហគ្រាស​មុន​ពេល​ផ្តល់​កម្ចី​ យើង​អាច​ឆែកមើល​ពី​ប្រវត្តិ​របស់​សហគ្រិន​ និង​សហគ្រាស​នោះ​បាន​ ដោយ​ចំណាយពេល​វេលា​តិច​ តែ​ទទួល​បាន​ទិន្នន័យ​ច្រើន​ និង​ច្បាស់លាស់​ ដែល​ធ្វើ​ឱ្យ​យើង​អាច​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​។

លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​និយាយ​ថា​៖ “ការ​ផ្តល់​ព័ត៌មាន​នេះ​ក៏អាច​ជា​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ផង​ដែរ​ចំពោះ​ក្រុមហ៊ុន​ដែល​ដើរតួ​ជា​អ្នកធានា​ឱ្យ​ក្រុមហ៊ុន​ដែល​ដាក់ពាក្យ​កម្ចី​ថា​ តើ​គាត់​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដែរ​ឬទេ​? ប្រវត្តិ​សង​របស់​គាត់​យឺតយ៉ាវ​ ឬល្អ​យ៉ាងណា​ដែរ​? និង​ព័ត៌មាន​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​មាន​ភាព​រឹងមាំ​ខ្លាំង​ជាង​មុន​”។

លោក​បណ្ឌិត​ បាន​លើកឡើង​ថា​ កន្លងមក​ធនា​គារ​អេ​ស៊ី​លីដា​មាន​ផ្តល់​ឥណទាន​សម្រាប់​បុគ្គល​ និង​ក្រុមហ៊ុន​ គ្រាន់តែ​សម្រាប់​ឥណទាន​ក្រុមហ៊ុន​ យើង​មាន​មិនសូវ​ច្រើន​នោះ​ទេ​ ព្រោះ​មានការ​លំបាក​ក្នុង​ការស្វែងរក​ព័ត៌មាន​ តែ​បច្ចុប្បន្ន​នេះ​យើង​មាន​ព័ត៌មាន​ច្រើន​ហើយ​ ហេតុនេះ​យើង​នឹង​ពង្រីក​ក្នុង​ការ​ឱ្យ​ខ្ចី​លើ​ផ្នែក​នេះ​កាន់តែ​ច្រើន​។ បន្ថែម​ពីលើ​នេះ​លោក​បណ្ឌិត​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ យើង​រំពឹង​ទុក​ថា​ក្រុមហ៊ុន​ឯកជន​នឹង​ចាប់ផ្តើម​ស្វែងយល់​កាន់តែ​ច្រើន​ពី​នីតិវិធី​ផ្លូវច្បាប់​ ដែល​ជំរុញ​ឱ្យ​ពួកគាត់​ចុះបញ្ជី​កាន់តែ​ច្រើន​ ហើយនឹង​ស្នើសុំ​ឥណទាន​ក្នុង​នាម​ជា​ក្រុមហ៊ុន​កើនឡើង​ផង​ដែរ​៕