ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​៖​ ​ផ្សង​ប្រផ្នូល​ ​របស់​គោឧសភរាជ​ ​ឆ្នាំនេះ​ ​ដំណាំស្រូវ​ ​ពោត​ ​សណ្ដែក​ ​នឹង​ ​បានផល​ល្អ​ ​

​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ឆ្នាំនេះ​ ​ការ​ផ្សង​តាម​ការ​បរិភោគ​របស់​គោឧសភរាជ​ ​តាមរយៈ​ព្រាហ្មណ៍​ព្រះរាជគ្រូ​ដែល​បាន​ទស្សន៍ទាយ​តាម​ក្បួនច្បាប់​ប្រពៃណី​ពី​បុរាណ​ថា​ ​ដំណាំ​ ​ស្រូវ​ ​ពោត​ ​សណ្ដែក​នឹង​ទទួល​បានផល​ល្អ​ប្រសើរ​ ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ទ្វារ​ទស​មាស​ ​ច្រត់​ព្រះនង្គ័ល​ ​ដែល​បាន​ ​ប្រារព្ធ​ធ្វើ​នៅ​កីឡដ្ឋាន​គិរីវង្ស​សុខ​សែន​ជ័យ​ ​ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ​ ​សង្កាត់​រកាក្រៅ​ ​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​។​

​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ដែល​បាន​ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយ​អ្នក​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា​សព្វ​ព្រះរាជហឫទ័យ​រាជានុញ្ញាត​ឱ្យធ្វើ​ជា​ស្តេច​មាឃ​ ​កាន់​នង្គ័ល​ទី2​ ​តំណាង​របស់​ព្រះអង្គ​ ​គឺ​ឯកឧត្តម​ ​អ៊ូច​ ​ភា​ ​ខេត្តតាកែវ​ ​និង​ ​លោកជំទាវ​ ​ស្រី​ ​ប៉ុណ្ណា​ដា​វី​ ​ជា​ព្រះ​មេហួ​ ​។

​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល​ឆ្នាំនេះ​ ​ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល​ ​ជា​ព្រះរាជ​ប្ប​វេណី​ដ៏​សំខាន់​ ​ចាត់ទុកជា​វប្បមង្គល​មួយ​ ​ដ៏​ប្រសើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំ​ដែល​ខាន​ ​តាំងពី​បុរាណកាល​រៀងមក​ ​ដែល​ជា​ការប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុកស្រែ​ចម្ការ​ថា​ ​រដូវវស្សា​បាន​ចាប់ផ្ដើម​ហើយ​។​
​ព្រះរាជ​ពិធី​នេះ​ ​កាលពីដើម​ឡើយ​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​វាល​ព្រះមេ​រុ​ ​ជិត​ព្រះបរមរាជវាំង​ ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ព្រះរាជ​ពិធី​ត្រូវ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះ​រាជានុញ្ញាត​ ​ឱ្យធ្វើ​នៅ​តាម​ខេត្ត​វិញ​ម្តង​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ទិសទី​បាន​ចូលរួម​ក្នុង​ព្រះរាជ​ប្ប​វេណី​ដ៏​សំខាន់​មួយ​នេះ​។​

​កាលពី​ឆ្នាំ2018​ ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ ​នៅ​ក្រុង​ស្វាយរៀង​ ​ខេ​ត្ដ​ស្វាយរៀង​។​ ​ជាមួយគ្នា​នេះ​ ​កាលពីឆ្នាំទៅ​ ​តាម​ការ​ផ្សង​ ​គោឧសភរាជ​ទាំងពីរ​ទៅតាម​ក្បួនច្បាប់​ប្រពៃណី​ពី​បុរាណ​បាន​បង្ហាញថា​ ​ដំណាំ​ ​ស្រូវ​ ​ពោត​ ​សណ្ដែក​ ​ទទួល​បានផល​ល្អ​ប្រសើរ​ ​ក្នុង​នោះ​គោ​ ​ឧសភរាជ​ទាំងគូ​ ​បាន​បរិភោគ​ស្រូវ​បាន​ប្រមាណ95​%​ ​ពោត​បាន​ប្រមាណ95​%​ ​និង​សណ្ដែក​បាន​ប្រមាណ80​%​ ​ក្នុងចំណោម​អាហារ​ទាំង7​ ​ដែល​ដាក់​ឱ្យ​ផ្សង​ប្រផ្នូល​នោះ​។​

​សម្រាប់​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ឆ្នាំ2019​ ​នេះ​ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ ​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​។​ ​នៅ​ចុងបញ្ចប់​នៃ​ពិធី​ ​ការ​ផ្សង​ប្រផ្នូល​សម្រាប់​ធ្វើការ​ទស្សន៍ទាយ​លើ​វិស័យ​កសិកម្ម​ដោយ​គោឧសភរាជ​ទាំង2​ ​បាន​បង្ហាញថា​ ​គោឧសភរាជ​បាន​បរិភោគ​ស្រូវ​ ​បាន​ប្រមាណ85​%​ ​ពោត​បាន​ប្រមាណ90​%​ ​និង​សណ្ដែក​បាន​ប្រមាណ85​%​ ​ក្នុងចំណោម​អាហារ​ទាំង​ ​7មុខ​ ​រួមមាន​ ​ស្រូវ​ ​ពោត​ ​ល្ង​ ​សណ្តែក​ ​ទឹក​ ​ស្រា​ ​និង​ស្មៅ​ ​ដែល​ដាក់​ឱ្យ​ផ្សង​ប្រផ្នូល​នោះ​៕​

Advertisement