បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ2018​ ​និង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំនេះ​

កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ កំពុង​អភិវឌ្ឍ​ការសាងសង់​កំពង់ផែ​តាម​ជំ​ហាន​ៗ ដោយ​បាន​ចូលរួម​នៅក្នុង​ការកែទម្រង់​តាមរយៈ​ការ​បញ្ចុះតម្លៃ​ការ​លើកដាក់​ ព្រមទាំង​ថ្លៃBonus​ និង​ការ​មិន​យក​ថ្លៃ​ឈ្នួល​បំផ្លាស់​ទី​ចំណតនាវា​ ជាដើម​ ដែល​ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ថ្លៃ​ឡូ​ជី​ស្ទិ​កមានកម្រិត​ទាប​ជាង​មុន​ និង​ពង្រីក​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំងមូល​ សំដៅ​ទៅ​រក​ការ​កើនឡើង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ទទួល​បាន​កំណើន​ខ្ពស់​ក្នុង​ឆ្នាំ2018​។

ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា​៖ “វា​ជា​មោទនភាព​យ៉ាង​ខ្លាំង​របស់​ប្រទេស​កម្ពុជា​ ដោយ​បរិមាណ​ទំនិញ​ឆ្លងកាត់​ បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ2018​ ពោល​គឺ​មាន​កំណើន22.08​% ក្នុង​នោះ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​មាន​កំណើន17.70​% ធៀប​នឹង​ឆ្នាំ2017​។ រី​ឯចំណូល​អាជីវកម្ម​សរុប​ សម្រេច​បាន​ប្រមាណ​ 72លាន​ដុល្លារ​អាមេរិក​”។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖“ផ្អែកលើ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ និង​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នឹង​រំពឹង​ថា​ បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់ផែ​នឹង​កើន​លើស​ 700,000​ TEUs​ នៅ​ឆ្នាំ2020​ និង​លើស​ 1,000,000​ TEUs​ នៅ​ឆ្នាំ2023​ ដែល​នាំ​ឱ្យ​តម្រូវការ​អភិវឌ្ឍន៍​ និង​សាងសង់​កំពង់ផែ​ ត្រូវ​សម្រេច​ឱ្យ​បាន​ទាន់ពេល​វេលា​ និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ ដោយ​បញ្ចុះតម្លៃ​លើកដាក់​ទំនិញ​បញ្ចុះតម្លៃ​សេវា​ឡូ​ជី​ស្ទិ​ក ពង្រឹង​នូវ​ប្រសិទ្ធភាព​គ្រប់គ្រង​ និង​ប្រតិបត្តិ​ការ​កំពង់ផែ​ និង​កតា្ត​ផ្សេង​ៗដើម្បី​ពង្រឹង​ការប្រកួត​ប្រជែង​ក្នុង​តំបន់​ និង​សកលលោក​”។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​បន្ត​ថា​៖“ថ្មី​ៗនេះ​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ក៏បាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ធុរកិច្ច​នៅ​កម្ពុជា​សំដៅ​ជំរុញ​ភាព​ប្រកួតប្រជែង​ និង​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាតិ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ចីរភាព​កំណើន​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​ខាងមុខ​ តាមរយៈ​វិធានការ​បញ្ចុះ​ថ្លៃ​ការ​លើកដាក់​ Lo​-Lo​ ចំនួន10​% បញ្ចុះ​ថ្លៃ​ Bonus​ ពី​ 7,50​ ដុល្លារ​ មក​ 5ដុល្លារ​អាមេរិក​ ក្នុង​មួយ​ Box​ និង​កែសម្រួល​មិន​គិតថ្លៃ​ឈ្នួល​បំផ្លាស់​ទី​នាវា​ (Shifting​)”។ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏បាន​ចាត់ទុក​កំពង់ផែ​ក្រុង​ព្រះសីហនុ​ថា​ជា​អង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​ និង​មិន​អាច​ខ្វះ​បាន​ផង​ដែរ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ជាមួយនឹង​ពិភពលោក​ទាំងមូល​ ក៏ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។

កំពង់ផែ​ក្រុង​ព្រះសីហនុ​ក៏​ជា​តួអង្គ​ដែល​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ដោយ​ផ្ទាល់​ពី​ការកែទម្រង់​ខាងលើ​ តាមរយៈ​វិធានការ​នៃ​ការ​រំកិល​កាំកុងត្រូល​ចេញពី​ច្រក​ទ្វារ​ព្រំដែន​ និង​ការរំសាយ​អង្គភាព​កាំសាប​ដែល​នេះ​ជា​ការចូលរួម​ចំណែក​ធ្វើ​ឱ្យ​ប្រតិបត្តិ​ការ​របស់​ផែ​មាន​ភាព​រលូន​ជាង​មុន​ និង​ស្របតាម​និយាម​ប្រតិបត្តិ​ការ​នៃ​កំពុង​ផែ​អន្តរជាតិ​ទូទៅ​។

ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​គូសបញ្ជាក់​ថា​ ជា​ការពិត​ហើយ​ថា​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ពង្រឹង​ និង​កសាង​សមត្ថ​ភាព​ផ្សេង​ៗទៀត​ របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ គឺជា​អាទិភាព​នៅក្នុង​ទិសដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​លើកកម្ពស់​គុណភាព​សេវាកម្ម​ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់​ និង​សកលលោក​។

ឯកឧត្តម​បន្ដ​ថា​ ការ​ធ្វើ​ឱ្យ​សេវា​មានតម្លៃ​សមរម្យ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទទួល​បាន​នូវ​ជំនឿ​ទុកចិត្ត​ពីសំណាក់​អតិថិជន​ដែល​ជា​ក្រុមហ៊ុន​នាវា​ដឹកជញ្ជូន​ ក៏ដូចជា​អ្នកប្រើ​ប្រាស់​សេវា​កំពង់ផែ​ទាំងអស់​ នឹង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​បង្កើន​ចំណូល​ថវិកាជាតិ​ និង​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ ព្រមទាំង​ផ្តល់​ឱកាស​ការងារ​ជាច្រើន​ ជូន​ប្រជាពលរដ្ឋ​ សំដៅលើ​កកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

ឯកឧត្តម​ទេស​រដ្ឋ​មន្ដ្រី​បាន​បន្ថែម​ថា​ តាមរយៈ​ចំណត​ផែ​កុងតឺន័រ​ថ្មី​ជម្រៅ​ទឹក​ 14,5ម៉ែត្រ​បាន​ អនុញ្ញាត​ឱ្យ​នាវា​ដឹកជញ្ជូន​កុងតឺន័រ​ធុន​ធំ​ក្នុង​តំបន់​អាច​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​ ហើយ​ចំពោះ​ជម្រៅ​ទឹក​សម្រាប់​កំពង់ផែ​ត្រូវ​បាន​ដោះស្រាយ​ព្រមទាំង​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ (Ocean​ Freight​Cost​) ក៏​មានតម្លៃ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ផ្សេង​ៗក្នុង​តំបន់​ដែរ​។ ជាមួយគ្នា​នេះ​ គម្រោង​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ2020​ និង​បញ្ចប់​នៅ​ឆ្នាំ2023​ឬឆ្នាំ2024​ ដែល​មាន​ទឹកប្រាក់​សរុប​ 203លាន​ដុល្លារ​។

ឯកឧត្តម​ស៊ុន​ ចាន់​ថុល​ បាន​បន្ដ​ទៀត​ថា​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​ JICA​ ចាប់ពី​ឆ្នាំ1999​ ដល់​ឆ្នាំ2019​ ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ឥណទាន​សម្បទាន​សម្រាប់​ស្តារ​ និង​អភិវឌ្ឍន៍​កំពង់ផែ​ព្រះសីហនុ​ប្រមាណ​ 382​ លាន​ដុល្លារ​អាមេរិក​ បន្ថែម​លើ​ថវិកា​វិនិយោគ​ផ្ទាល់​របស់​កំពង់ផែ​ប្រមាណ​ 22លាន​ដុល្លារ​អាមេរិក​ ៕

Advertisement