ដាំ​ស្លឹកគ្រៃ​ ចំណាយ​តិច​ ចំណូល​ច្រើន​ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ តែ​មាន​ភាព​ប្រកួតប្រជែង​ច្រើន​

ស្លឹកគ្រៃ​ ជា​ប្រភេទ​ដំណាំ​បន្លែ​ដែល​ងាយស្រួល​ដាំ​ និង​ទទួល​បានផល​ប្រសើរ​ជាង​ដំ​ណាំ​ផ្សេង​ៗទៀត​ ហើយក៏​មាន​តម្រូវការ​ច្រើន​ក្នុង​ការ​ដាំ​ស្ល​ហូបចុក​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរយើង​ផង​ដែរ​។ ដោយសារតែ​ដំណាំ​ប្រភេទ​នេះ​មាន​ទីផ្សារ​ល្អ​ គួបផ្សំ​នឹង​ស្ថានភាព​ដី​ក្នុង​តំបន់​មាន​អំណោយផល​ល្អ​ផង​នោះ​ ទើប​កសិករ​ក្នុង​សហគមន៍​កសិកម្ម​ “សំបូរ​មានជ័យ​” ខេត្ត​កំពង់ចាម​ចាប់អារម្មណ៍​ងាក​មក​ជំរុញ​ការ​ដាំ​ស្លឹកគ្រៃ​វិញ​ម្ដង​ នា​ពេល​បច្ចុប្បន្ន​។

លោក​ អេង​ ថុង​ ប្រធាន​សហគមន៍​កសិកម្ម​ “សំបូរ​មានជ័យ​” ជា​អ្នក​ប្រកបរបរ​ដាំ​ស្លឹកគ្រៃ​ម្នាក់​ក្នុងចំណោម​កសិករ​ជាច្រើន​គ្រួសារ​ទៀត​ដែល​រស់នៅ​ក្នុង​ភូមិ​សំបូរ​ ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ឱ្យ​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ដឹង​ថា​ ស្លឹកគ្រៃ​ គឺជា​ប្រភេទ​ដំណាំ​ដែល​ងាយស្រួល​ដាំ​ និង​ផ្តល់​ផល​លឿន​ដោយ​វា​នឹង​ផ្តល់​ផល​ក្នុងអំឡុងពេល​ត្រឹមតែ​ 3ខែ​ប៉ុណ្ណោះ​។

លោក​បាន​ប្រាប់​ទៀត​ថា​ ស្លឹកគ្រៃ​ ភាគច្រើន​គេ​ចាប់ផ្តើម​ដាំ​នារ​ដូវ​ទឹកសម្រក​ គឺ​ក្នុង​អំឡុង​ខែធ្នូ​ ឬដើមខែ​មករា​។ ការ​ដាំ​ស្លឹកគ្រៃ​មិនសូវ​ជា​លំបាក​ក្នុង​ការថែទាំ​ ឬបាញ់ថ្នាំ​សម្លាប់សត្វ​ល្អិត​ដូច​ដំណាំ​ផ្សេងទៀត​ឡើយ​ ដោយ​គេ​គ្រាន់តែ​ដាក់ជី​ និង​ស្រោចទឹក​ក្នុង​ 1សប្តាហ៍​ម្តង​ ដើម​ស្លឹកគ្រៃ​នឹង​លូតលាស់​បាន​ល្អ​ ហើយ​អាច​កាត់​លក់​បាន​នៅ​ត្រឹមតែ​រយៈពេល​ 3ខែ​ប៉ុណ្ណោះ​។ នៅពេល​ស្លឹកគ្រៃ​ចាស់​កាត់​លក់​អស់​ គេ​ចាប់ផ្តើម​ភ្ជួរ​ដី​ និង​ដាំ​ស្លឹកគ្រៃ​ថ្មី​ទៀ​តភ្លាម​ៗតែម្ដង​ ដោយ​មិនបាច់​រង់ចាំ​រដូវវស្សា​ចូល​មកដល់​នោះ​ទេ​ ព្រោះ​ដំណាំ​មួយ​នេះ​ ទោះជា​រដូវ​ណា​ក៏អាច​ដាំដុះ​បាន​ដែរ​ សំខាន់​ឱ្យ​តែ​មាន​ទឹក​ស្រោច​គ្រប់គ្រាន់​។

លោក​ អេង​ ថុង​ បានឱ្យ​ដឹង​ថា​ មុននឹង​ដាំ​ស្លឹកគ្រៃ​ គេ​ត្រូវ​ជ្រើសរើស​យក​ពូ​ជល្អ​ៗ គល់​ធំៗ​យក​មក​កាត់​ឫស​ចាស់​ចោល​ ហើយ​យក​ទៅ​ផ្សាំ​បណ្តុះ​ឫស​ថ្មី​នៅ​លើ​ដី​ដែល​មាន​ទឹ​កសើម​ៗ ឬស្រោចទឹក​ពីលើ​ជាប្រចាំ​។ នៅពេល​ផ្សាំ​បាន​ចន្លោះ​ពី​ 4ថ្ងៃ​ទៅ​ 1សប្តាហ៍​ ស្លឹកគ្រៃ​ចាប់ផ្តើម​ដុះឫស​ថ្មី​ ហើយ​អាចយ​កទៅ​ដាក់ដាំ​បាន​ ដោយ​គេ​ដាំ​មួយ​គុម្ព​តែ​ 1ដើម​ ឬ 2ដើម​(1គល់​ ឬ 2គល់​) ហើយ​ត្រូវ​ដាំ​ជាជួរ​ឱ្យ​ត្រង់​ស្មើ​ក្នុង​ចន្លោះ​ឆ្ងាយ​ពីគ្នា​ 3 – 4សង់ទីម៉ែត្រ​ អាស្រ័យ​ទៅតាម​សណ្ឋានដី​។

ក្រោយពី​ដាំ​ គេ​គ្រាន់តែ​មើលថែ​ដាក់ជី​ និង​បាញ់​ទឹក​បង្ហូរ​តាមចន្លោះ​រង​នី​មួយ​ៗក្នុង​ 1សប្តាហ៍​ម្តង​ នោះ​ដើម​ស្លឹកគ្រៃ​នឹង​លូតលាស់​បាន​ល្អ​ និង​មិន​មាន​សត្វល្អិត​ណាម​កយាយី​រំខាន​ដំណាំ​ប្រភេទ​នេះ​ទេ​ ដោយសារ​វា​មាន​ក្លិនឈួល​ និង​រសជាតិ​ហឹរ​ប្រហើរ​ហ្នឹងឯង​។

លោក​បាន​បន្ត​ថា​ កសិករ​នៅក្នុង​ភូមិ​របស់​លោក​កន្លងមក​ មិន​មានទម្លាប់​ដាំ​ស្លឹកគ្រៃ​ទេ​ ប៉ុន្តែ​សព្វថ្ងៃ​បាន​នាំគ្នា​ជំរុញ​ការ​ដាំ​ស្លឹកគ្រៃ​បន្ថែម​លើ​ការ​ដាំ​ដំ​ណាំ​ផ្សេង​ៗទៀត​ដូចជា​ ល្ហុង​ ពោត​ សណ្តែក​ ចេក​ស្រូវ​ ម្នាស់​ និង​ឪឡឹក​ ជាដើម​ ដោយសារតែ​ស្លឹកគ្រៃ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ទាំង​ស្លឹក​ និង​គល់​ និង​មានការ​បញ្ជាទិញ​ច្រើន​ទៀតផង​។

លោក​ប្រធាន​សហគមន៍​រូប​នេះ​បាន​អះអាង​ថា​៖“ ដំណាំ​ស្លឹកគ្រៃ​នេះ​ ក្នុង​ 1ឆ្នាំ​យើង​អាច​ដាំ​វា​បាន​ពី3​ ទៅ​ 4ដង​។ ចំណែក​តម្លៃ​របស់​វា​សម្រាប់​ការ​បោះ​ដុំ​ទៅ​ឱ្យ​ម៉ូយ​ដែល​ទៅ​យក​ដល់​ចម្ការ​ គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី​ 1,000រៀល​ ទៅ1,200រៀល​ក្នុង​ 1គីឡូក្រាម​។ តែ​យ៉ាងណាក៏ដោយ​ ស្លឹកគ្រៃ​បាន​តម្លៃ​ខ្ពស់​តែ​នៅ​រដូវប្រាំង​ប៉ុណ្ណោះ​ តែ​នឹង​ធ្លាក់​ថ្លៃ​នៅ​រដូវវស្សា​ដោយសារ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ស្លឹកគ្រៃ​ដុះ​លូតលាស់​ល្អ​ មិន​ចាំបាច់​ចំណាយ​លុយ​ទិញ​ប្រេង​បូមទឹក​ស្រោច​ដូច​រដូវប្រាំង​នោះ​ទេ​(ចំណាយ​ទុន​តិច​)”។ លោក​បាន​បញ្ជាក់​ថា​ បើ​លក់​ក្នុង​តម្លៃ​ខាងលើ​លោក​ទទួល​បាន​កម្រៃ​ប្រមាណ​ 8,400,000រៀល​(8លាន4សែន​រៀល​)ក្នុង​ 1ថ្ងៃ​។

លោក​បានឱ្យ​ដឹង​ទៀត​ថា​៖“ចំពោះ​ការផលិត​ស្លឹកគ្រៃ​ សហគមន៍​របស់​យើង​ធ្វើឡើង​ដោយ​រៀប​ចំជា​ផែនការ​ ដោយ​ត្រូវ​ផលិត​បន្លែ​ស្លឹកគ្រៃ​ឱ្យ​បាន​ 1000តោន​ក្នុង​ឆ្នាំ2019​ នេះ​ ព្រោះ​កាលពី​ឆ្នាំ2018​កន្លងទៅ​ សហគមន៍​ផលិត​បានតែ​ 470តោន​ប៉ុណ្ណោះ​ដោយមាន​ផ្ទៃដី​ផលិត​ជាង​ 30ហិ​កតា​ ដូច្នេះ​យើង​បាន​ចាប់​ពង្រីក​ផ្ទៃដី​ និង​បង្កើន​បច្ចេកទេស​ការ​ដាំដុះ​ថែមទៀត​ ហើយ​វា​នឹង​ចាប់ផ្តើម​ឱ្យ​ផល​នៅ​សប្តាហ៍​ក្រោយនេះ​ដែរ​”។

លោក​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ទីផ្សារ​ត្រូវការ​ស្លឹកគ្រៃ​(ទាំង​គល់​ និង​ស្លឹក​)ប្រមាណ​ជា​ 70តោន​ក្នុង​ 1ថ្ងៃ​តែ​សហគមន៍​ផ្ទាល់​បាន​ផលិត​ស្លឹកគ្រៃ​ យក​ទៅ​លក់​ ក្នុង1ថ្ងៃ​ បាន​ត្រឹមតែ​ 3,50​ – 7តោន​ប៉ុណ្ណោះ​។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​៖“មាន​សហគមន៍​ជាច្រើន​នៅ​ខេត្តកណ្តាល​ ដូចជា​នៅ​អរិយក្សត្រ​ និង​សហគមន៍​នៅ​ពេជ្រនិល​-គីរី​រម្យ​ក៏​គេ​បាន​ដាំ​ស្លឹកគ្រៃ​ និង​នាំ​យក​មក​លក់​នៅ​ផ្សារដើមគរ​ និង​ផ្សារ​នាគ​មាស​នៅ​ភ្នំពេញ​ដូច​សហគមន៍​យើង​ដែរ​ នេះ​ជា​ការប្រកួត​ប្រជែង​មួយ​ដែរ​។ មិន​តែប៉ុណ្ណោះ​ ខាង​វៀតណាម​ក៏បាន​នាំចូល​ស្លឹកគ្រៃ​មក​លក់​នៅ​ផ្សារ​នាគ​មាស​ និង​ផ្សារដើមគរ​ផង​ដែរ​ ហើយ​តម្លៃ​លក់​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​ ហើយ​ផលិតផល​របស់​វៀតណាម​ធំៗ​ជាង​របស់​ក្នុង​ស្រុក​បន្តិច​ តែ​មិនសូវ​មាន​ក្លិន​ឈ្ងុយ​ដូច​របស់​ខ្មែរយើង​ដាំ​ទេ​”។

លោក​ អេង​ ថុង​ មានប្រសាសន៍​ថា​ ប្រជាជន​ក្នុង​សហគមន៍​របស់​លោក​មាន​សមាជិក​ចំនួន​ 60គ្រួសារ​ដែល​ប្រកបរបរ​ដាំ​ស្លឹកគ្រៃ​នេះ​។ លោក​បាន​បញ្ជាក់​ថា​ ប្រជាជន​ក្នុង​ភូមិ​បាន​នាំគ្នា​ងាក​មក​ដាំ​ស្លឹកគ្រៃ​មាន​រយៈពេល​ជាង​ 3ឆ្នាំ​មក​ហើយ​។ ការ​ដាំ​ស្លឹកគ្រៃ​ បាន​ធ្វើ​ឱ្យ​ពួកគាត់​មាន​ជីវភាព​ធូរធារ​ជាង​មុន​ច្រើន​ ខណៈ​ស្លឹកគ្រៃ​ងាយស្រួល​ថែទាំ​ មិនសូវ​ហត់​ និង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​។ ដោយឡែក​ចំពោះ​មាន​ការ​បញ្ជាទិញ​វិញ​ គឺ​មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ​បាន​បញ្ជាទិញ​ចំនួន​ 8តោន​ក្នុង​ 1ខែ​ និង​មាន​ផ្សារ​នៅ​ខេត្តសៀមរាប​ រួម​ទាំង​ឈ្មួញ​ជនជាតិ​កូរ៉េ​ក៏បាន​បញ្ជាទិញ​ដែរ​។

ហេតុ​ដូចនេះ​លោក​នឹង​រៀបចំ​ឱ្យ​ស្រប​ទៅតាម​គម្រោង​ដែល​លោក​មាន​ ដោយ​នឹង​ពង្រីក​ផ្ទៃដី​ផលិត​ឱ្យ​គ្រប់​ 60ហិ​កតា​(គឺ​ត្រូវការ​ផ្ទៃដី​ថែម​ប្រមាណ​ 30​ហិ​កតា​)ទើប​អាច​ទទួល​បរិមាណ​គ្រប់​ចំនួន1,000តោន​ដែល​សហគមន៍​បាន​គ្រោងទុក​។

ឯកសារ​កសិកម្ម​របស់​អង្គការ​អភិវឌ្ឍន៍​កសិកម្ម​ធម្មជាតិ​កម្ពុជា​ស្ដីពី​អត្ថ​ប្រយោជន៍​នៃ​ដំណាំ​ស្លឹកគ្រៃ​ បាន​បង្ហាញថា​ ស្លឹកគ្រៃ​ជា​រុក្ខជាតិ​ដែល​មាន​ស្លឹក​វែង​ៗ ក្លិនប្រហើរ​ឈ្ងុយ​ ដុះ​បែក​ជា​គុម្ព​ ស្លឹក​ និង​គល់​វា​ប្រើជា​គ្រឿងផ្សំ​ក្នុង​អាហារ​ ជួយ​បន្ថែម​ក្លិនក្រអូប​ឱ្យ​ម្ហូប​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ ហើយ​ដំណាំ​ស្លឹកគ្រៃ​នេះ​ក៏​ជា​ឱសថ​បុរាណ​ដែល​ជួយ​បន្ថយ​ជាតិពុល​ក្នុង​រាងកាយ​ ព្រមទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​ ប៉ូវ​ភ្នែក​ ប៉ូវ​ឆ្អឹង​ និង​ធ្មេញ​ផង​ដែរ​។ លើស​ពីនេះ​ ស្លឹកគ្រៃ​ក៏​មានគុណ​តម្លៃ​ជាច្រើន​ និង​សម្បូរទៅដោយ​សារធាតុ​ដែល​មានប្រយោជន៍​ជាច្រើន​មុខ​ ដូចជា​សារធាតុ​រ៉ែ​ វីតាមីន​ និង​អង់​ហ្ស៊ីម​ រួម​នឹង​ជីវជាតិ​សំ​ខាន់​ៗច្រើន​ទៀត​ដែល​រាងកាយ​មនុស្ស​ត្រូវការ​ជាចាំបាច់​ ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ​៕

Advertisement