ការ​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កម្ពុជា​កើន​ជា​រៀងរាល់​ឆ្នាំ​

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ថ្លែង​បញ្ជាក់​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​នៅតែ​រឹងមាំ​ល្អ​សម្រាប់​ 5ឆ្នាំទៅ​មុខ​ទៀត​ ហើយ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​តែ​បន្ត​កើន​ឡើង​ ដែល​គិតជា​មធ្យម​ កើន​ពី10​% ទៅ15​% ជា​រៀងរាល់​ឆ្នាំ​ដោយស្ថាន​ភាព​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​នៅតែ​មាន​ភាពរឹងមាំ​ខ្លាំងក្លា​ ហើយ​វិស័យ​នេះ​វា​អាច​ជា​ក្ដី​រំពឹង​សម្រាប់​អ្នក​ដែល​ត្រូវការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ថា​៖ ​“មូលហេតុ​ដែល​អចលនទ្រព្យ​បន្ត​ឡើងថ្លៃ​ពី​10​% ទៅ15​% បន្ថែម​នោះ​ គឺ​មានក​ត្តា​ចំនួន3​។ ទី1​- វិស័យ​លំនៅឋាន​ ទី2​- វិស័យ​ដីធ្លី​ និង​ទី3​ វិស័យ​ទិញ​-ជួល​ផ្សេង​ៗ ដែល​កត្តា​ទាំងនេះ​ហើយ​ ដែល​នាំ​ឱ្យ​កម្ពុជា​បន្ត​ការ​ឡើងថ្លៃ​អចលនទ្រព្យ​នៅ​រៀងរាល់​ឆ្នាំ​តទៅមុខ​ទៀត​។ បើ​ធៀប​នឹង​ប្រទេសជិតខាង​ ដូចជា​ប្រទេស​ថៃ​ វៀតណាម​ និង​បណ្ដា​ប្រទេស​ផ្សេង​ៗនៅក្នុង​តំបន់​អាស៊ាន​នេះ​ សម្រាប់​កម្ពុជា​តម្លៃ​អចលនទ្រព្យ​នៅ​មិនទាន់​ខ្ពស់​នៅឡើយ​ទេ​ បើ​ទោះបី​មានការ​កើនឡើង​ឥត​ឈប់ឈរ​ក្តី​”។

លោក​បាន​បន្ត​ថា​ សម្រាប់​វិស័យ​លំនៅឋាន​នៅ​កម្ពុជា​ គឺ​ត្រូវការ​បន្ថែម​ទៀត​ ព្រោះថា​ បើ​ធៀប​ចំនួន​ប្រជាជន​ និង​ចំនួន​ខ្នង​ផ្ទះ​ គឺ​មិនទាន់​សមាមាត្រ​គ្នា​នៅឡើយ​ទេ​។ ចំពោះ​ចំនួន​ខ្នង​ផ្ទះនៅ​រាជធានី​ភ្នំពេញ​ មាន​ប្រហែលជា​ 1លាន​ខ្នង​ផ្ទះ​ និង​ចំនួន​ប្រជាជន​ដែល​មាន​ប្រហាក់​ប្រហែលជា​ជាង​ 2លាន​នាក់​ ដូចនេះ​សម្រាប់​កម្រិត​នៃ​ការ​កើនឡើង​ គឺ​នៅតែ​កើនឡើង​បន្ត​ទៀត​ដដែល​។

លោក​បាន​បន្ថែម​ថា​ មួយវិញទៀត​ចំនួន​ខ្នង​ផ្ទះ​នេះ​ គឺ​ត្រូវការ​បន្ថែម​ទៀត​ ដោយសារតែ​ចំនួន​ប្រជាជន​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​ និង​ត្រូវ​រៀបការ​ ហើយ​ត្រូវការ​ផ្ទះ​ថ្មី​សម្រាប់​គ្រួសារ​ថ្មី​ផង​ដែរ​ ទើបត្រូវ​ទាមទារ​ឱ្យ​មានផ្ទះ​បន្ថែម​ទៀត​ ដូចនេះ​លំនៅឋាន​នៅតែ​ជា​កត្តា​សំខាន់​សម្រាប់​ ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ជាពិសេស​លំនៅឋាន​សាង​សង់​ថ្មី​ៗដូចជា​ បុរី​ផ្ទះល្វែង​ និង​វីឡា​ជាដើម​។

លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នឹង​នៅតែ​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល​ 5ឆ្នាំទៅ​មុខ​ទៀត​ ដោយ​ផ្អែក​ទៅលើ​មូលដ្ឋាន​តម្លៃ​សេដ្ឋកិច្ច​ក្នុង​កំណើន​រង្វង់7​% ជាមួយនឹង​មូលដ្ឋាន​នៃ​ការ​គាំពារ​ពី​រាជ​រដ្ឋា​ភិបាល​ ដោយមាន​ស្ថិរភាព​នយោបាយ​ល្អ​ និង​មូលដ្ឋាន​តម្លៃ​នៃ​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​ផង​ដែរ​។

ទន្ទឹម​នេះ​ផង​ដែរ​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ IMF​ (International​ Monetary​ Fund​) បាន​កោតសរសើរ​ដល់​ការ​បោះជំហាន​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើន​បរិ​យា​ប័ន្នហិរញ្ញវត្ថុ​ដែល​មាន​កំណើន​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ជា​បណ្តាញ​គន្លឹះ​ទាក់ទង​នឹង​ឥណទាន​ និង​កំណើន​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ធនាគារ​។ នេះ​បើ​យោង​តាម​ លោកស្រី​ Christine​ Lagarde​ នាយិកា​គ្រប់គ្រង​របស់​ IMF​។

ទាក់ទង​ទៅ​នឹង​លំនឹង​នៃ​លំហូរ​ទុន​អចលនទ្រព្យ​វិញ​ របាយការណ៍​របស់​ IMF​ ដែល​បាន​ចេញផ្សាយ​ថ្មី​ៗនេះ​បាន​រក​ឃើញថា​ ដើមទុន​បាន​បន្ត​ហូរ​ចូល​ក្នុង​វិស័យ​សំណង់​យ៉ាង​គំហុក​។ ការ​វិនិយោគ​លើ​ផ្នែក​សំណង់​នៅក្នុង​វិស័យ​អចលនទ្រព្យ​ គិតជា​ទឹក​ប្រាក់​ជាង​ 1.36ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី1​ដើមឆ្នាំ​នេះ​។ ការ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​ពី7​% ទៅ8​% ត្រឡប់​មក​វិញ​សម្រាប់​ការ​វិនិយោគ​។ របាយការណ៍​ដដែល​ក៏​បានឱ្យ​ដឹង​ដែរ​ថា​ កំណើន​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ជា​បណ្តាញ​គន្លឹះ​ទាក់ទង​នឹង​ឥណទាន​ និង​កំណើន​សេដ្ឋកិច្ច​មានកម្រិត​ជាមធ្យម​ប្រហែល35​% ចាប់តាំងពី​ឆ្នាំ2016​ ដែល​ជំរុញ​ដោយ​ធនាគារ​មួយចំនួន​។

របាយការណ៍​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ អ្នក​អភិវឌ្ឍន៍​ត្រូវ​ផ្តល់​លក្ខខណ្ឌ​កម្ចី​ងាយស្រួល​សម្រាប់​អ្នកទិញ​ក្នុង​ស្រុក​ ដើម្បី​ឈានជើង​ចូល​ទីផ្សារ​ ហើយ​វិធានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​ចាំបាច់​ត្រូវ​ធ្វើ​នៅពេលអនាគត​។ វិស័យ​ធនាគារ​ ក៏បាន​កើនឡើង​ខ្លាំង​ដោយសារ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​ ហើយ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ និង​គម្រោង​អភិវឌ្ឍន៍​ គឺជា​កត្តា​ជំរុញ​ ដ៏​សំខាន់​សម្រាប់​កំណើន​របស់​ធនាគារ​។

ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​ ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​មានប្រសាសន៍​ថា​៖“កំណើន​នគរូបនីយកម្ម​ និង​សំណង់​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ជាក់ស្តែង​ចំនួន​ប្រជាជន​នៅក្នុង​រាជធានី​-ក្រុង​ និង​ទីប្រជុំជន​មាន​ចំនួន​ប្រមាណ​ 4.5លាន​នាក់​ និង​នៅ​ឆ្នាំ2030​ នឹង​បន្ត​កើន​ដល់​ 7.92លាន​នាក់​ស្មើនឹង​54​%។ ទិន្នន័យ​នេះ​បង្ហាញថា​ ក្នុងរយៈពេល​ 15ឆ្នាំ​ តម្រូវការ​លំនៅឋាន​ សំណង់​អគារ​ និង​ទីប្រជុំជន​នឹង​មាន​ចំនួន​ប្រមាណ​ 80ម៉ឺន​លំនៅឋាន​ដែល​គិតជា​មធ្យម​ គឺ​ 5ម៉ឺន​លំនៅឋាន​សម្រាប់​ 1ឆ្នាំ​”។

ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​បន្ថែម​ថា​ ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​នគរូបនីយកម្ម​នេះ​ រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត​ ដោយ​បាន​កំណត់​ច្បាស់លាស់​ពី​តំបន់​ដែល​មាន​សក្តា​នុ​ពល​សម្រាប់​ការ​អភិវឌ្ឍ​ និង​តំបន់​អភិវឌ្ឍន៍​អចលនទ្រព្យ​ឱ្យ​ឆ្លើយតប​ទៅ​នឹង​កំណើនប្រជាជន​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដែល​មាន​ជាអាទិ៍​ ប៉ូល​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ ប៉ូល​អភិវឌ្ឍន៍​សៀមរាប​ ប៉ូល​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ប៉ូល​អភិវឌ្ឍន៍​ក្រុង​ និង​ទីប្រជុំជន​តាម​បណ្តោយ​ព្រំដែន​ តាម​បណ្តោយ​អ័ក្ស​នៃ​ការ​អភិវឌ្ឍ​ ដោយ​បានសម្រេច​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជាបន្តបន្ទាប់​នូវ​គោលការណ៍​ប្រើប្រាស់​ដី​តាមលំដាប់​អាទិភាព​។

ឯកឧត្តម​ ប៉ែន​ សុផល​ បាន​បន្ត​ថា​ ឆ្លើយតប​នឹង​តម្រូវការ​ខាងលើ​ យើង​ទទួល​បាន​កំណើន​ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដោយ​យើង​ទទួល​បាន​នូវ​ច្បាប់​នគរូបនីយកម្ម​ ច្បាប់​សំណង់​ថ្មី​ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ភូមិបាល​ អនុក្រឹត្យ​ស្តី​ពី​ការ​ជួសជុល​ និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ និង​ក្របខ័ណ្ឌ​គតិ​យុត្ត​ និង​បទប្បញ្ញត្តិ​ បទដ្ឋាន​ជាច្រើន​ទៀត​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​សង្គម​ វប្បធម៌​ និង​កិច្ចការពារ​បរិស្ថាន​ ក្នុង​បរិបទ​សមាហរណកម្ម​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ឯកឧត្តម​ក៏បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​៖“ជា​ផ្លែផ្កា​នៃ​នគរូបនីយកម្ម​ ការ​អភិវឌ្ឍ​អចលនទ្រព្យ​ និង​សំណង់​បាន​ក្លាយជា​សសរ​ស្តម្ភ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ជាក់ស្តែង​ទុន​វិនិយោគ​សំណង់​ក្នុង​រយៈពេល​ 10ឆ្នាំ​ គិត​ពីឆ្នាំ2000​ ដល់​ឆ្នាំ2019​ មាន​កំណើន​ 4.3ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ2018​ មាន​5,755លាន​ដុល្លារ​ និង​ក្នុងរយៈពេល​ 4ខែ​ដើមឆ្នាំ​2019​ នេះ​មាន​ 2,742លាន​ដុល្លារ​ គឺ​មាន​កំណើន​67​% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​”។

ជាមួយគ្នា​នេះ​ក្រសួង​បាន​ធ្វើ​ទំនើបកម្ម​ក្នុង​ការ​-ផ្តល់​ព័ត៌មាន​ ដោយ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ព័ត៌មាន​វិទ្យា​“សំណង់​នៅ​កម្ពុជា​ (Cambodia​ Construction​ App​)” ដើម្បី​លើកកម្ពស់​ព័ត៌មាន​ សាធារណៈ​ ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​សំណង់​អចលន​-ទ្រព្យ​គ្រប់ជ្រុងជ្រោយ​នៅក្នុង APP​ របស់ក្រ​សួង​។

ឯកឧត្តម​ ប៉ែន​ សុផល​ បាន​បញ្ជាក់​ទៀត​ថា​៖“ការ​រីកចម្រើន​ និង​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​ឱ្យ​ឃើញថា​ កម្ពុជា​បន្ត​ស្ថិតនៅ​លើ​វិថី​ដ៏​ត្រឹមត្រូវ​ មាន​វិបុលភាព​លើ​គ្រប់​វិស័យ​ និង​លើកកម្ពស់​តួនាទី​វិស័យ​ឯកជន​ និង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​ប្រដំប្រសង​នឹង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​ដែរ​”៕

Advertisement