​អ្នក​ធុរកិច្ច​ចិន​ ​គ្រោង​វិនិយោគ​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ស្រូវ​-​អង្ករ​នៅ​កម្ពុជា​

ប្រតិភូ​អ្នក​ធុរកិច្ច​ចិន​នៃ​ខេត្ត​ហឺ​ណាន់​ ​បាន​បង្ហាញ​ចេតនា​គ្រោង​វិនិយោគ​លើ​ការសាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ស្រូវ​-​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ចូលរួម​ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ ​ជាពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ​ ​និង​កាត់បន្ថយ​ការ​ហូរចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​ ​ព្រមទាំង​ជំរុញ​ការ​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នៅក្នុង​ជំនួប​ជាមួយ​លោក​ ​ប៊ី​ ​គង់​មីន​ ​(​BI​ ​Guangmin​)​ ​ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន​ ​Henan​ ​Yuguang​ ​International​ ​Economic​ ​&​ ​Technical​ ​Cooperation​ ​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​សាវតារ​ ​និង​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ ​និង​ឡ​សម្ងួត​ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​សើម​ដល់ទៅ​ ​13ពាន់​តោន​ក្នុង​ ​1ថ្ងៃ​ ​ហើយ​អាច​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់ទៅ​ ​1លាន​តោន​ ​។​

ជា​ការ​ឆ្លើយតប​លោក​ ​ប៊ី​ ​គង់​មីន​ ​បាន​បន្ថែម​ទៀត​ថា​ ​ក្រុមហ៊ុន​លោក​ចង់​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ ​នៅក្នុង​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​ផលិត​ស្រូវ​-​អង្ករ​ ​ហើយ​នៅពេល​ការសាងសង់​បញ្ចប់​ ​នឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុង​ ​1ឆ្នាំ​ ​50ម៉ឺន​តោន​។​ ​លោក​ប្រធាន​ក្រុមប្រឹក្សា​រូប​នេះ​ក៏បាន​ស្នើសុំ​ការ​គាំទ្រ​ ​និង​អនុសាសន៍​បន្ថែម​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ដើម្បី​ជំរុញ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ ​និង​ឡ​សម្ងួត​នេះ​ឱ្យ​អាច​អនុវត្ត​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​

​ឯកឧត្តម​ ​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​ ​ចំពោះ​គម្រោង​ខាងលើ​ ​និង​បាន​ជម្រាប​ជូន​ភាគី​ចិន​ ​អំពី​គោលនយោបាយ​ស្រូវ​អង្ករ​ជាតិ​ ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ ​ពាណិជ្ជកម្ម​កម្ពុជា​ ​(​CTIS​)​ ​និង​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវ​-​អង្ករ​ ​ដើម្បី​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ឱ្យ​បាន​ជា​អតិបរមា​។​

គួរ​រំឭក​ដែរ​ថា​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ2017​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ ​និង​ការនាំចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន​ ​ដែល​ក្នុង​នោះ​ភាគី​កម្ពុជា​ ​តំណាងដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ ​ខណៈ​ភាគី​ចិន​តំណាងដោយ​ក្រុមហ៊ុន​ ​Henan​ ​Yuguang​ ​International​ ​Economic​ ​&​ ​Technical​ ​Cooperation​,​ ​ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន​ ​និង​ក្រុមហ៊ុន​ស៊ី​ទី​ក​ហ្គ្រុប​។​ ​នៅក្នុង​អនុស្សរណៈ​ ​ក្រុមហ៊ុន​ ​Henan​ ​Yuguang​ ​Interna​ ​tional​ ​Economic​ ​&​ ​Technical​ ​Cooperation​ ​នឹង​ទទួលការ​ងារ​សាងសង់​ឡ​សម្ងួត​ ​និង​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​

ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ក៏បាន​ស្នើ​លោក​ ​ប៊ី​ ​គង់​មីន​ ​ឱ្យ​សហការ​ជាមួយ​ក្រុ​មហ៊ុនហ្គ្រីន​ត្រេ​ដ​ ​ដើម្បី​រៀបចំ​កិច្ចសន្យា​ស្តី​ពី​វិស្វកម្ម​ ​និង​សាងសង់​ ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការបង្កើត​ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​-​ចិន​ ​ព្រមទាំង​កិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការគ្រប់គ្រង​ ​រវាង​រដ្ឋាភិបាល​កម្ពុជា​ ​និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ​ ​សម្រាប់​ធ្វើ​ប្រតិបត្តិ​ការ​ ​និង​ថែទាំ​គម្រោង​ ​ដើម្បី​ជំរុញ​កិច្ចការ​ទៅមុខ​ដោយ​រលូន​ ​និង​ទទួល​បាន​ជោគជ័យ​៕​



Advertisement