សាល​ពិព័រណ៍​អំបិល​នៅ​ខេត្តកំពត​ ហាក់​មិនសូវ​ទាក់ទាញ​អ្នកទេសចរ​ ខណៈ​រដ្ឋមន្ត្រី​ទេសចរណ៍​ស្នើ​ឱ្យ​រៀបចំ​ស្រែអំបិល​ឱ្យ​បាន​ល្អ​

ក្រសួងទេសចរណ៍​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​វាលស្រែ​អំបិល​ឱ្យ​បាន​ល្អ​ សម្រាប់​អ្នកទេសចរ​ស្វែង​-យល់​ និង​ទស្សនា​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​។

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍​ បាន​លើកឡើង​ថា​ ខេត្តកំពត​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ដែល​រួមមាន​ទីក្រុង​បេតិកភណ្ឌ​ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​យ៉ាងច្រើន​សម្បូរ​បែប​ និង​មាន​តំបន់​កសិ​-ទេសចរណ៍​ទៀតផង​។

ឯកឧត្ដម​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា​៖“មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ ឱ្យ​បាន​ទូលំទូលាយ​ចាប់ពី​ពេលនេះ​ទៅ​ ដូចជា​រមណីយដ្ឋាន​ទេស​ចរ​ណ៍​ថ្មី​ៗ រមណីយ​ដ្ឋាន​កសិ​-ទេសចរណ៍​ចម្ការ​ម្រេច​ដ៏​ល្បីល្បាញ​ រមណីយដ្ឋាន​ភ្នំបូកគោ​ ពិសេស​ព័ត៌មាន​ដែល​ភ្ញៀវ​ទេសចរ​អាច​មើលឃើញ​កញ្ចុំ​ផ្កាយ​រាប់​លាន​ដួង​ ឬហៅ​ថា​ កាឡាក់ស៊ី​ មី​គី​ វេយ៍​ នៅ​លើ​ភ្នំបូកគោ​ និង​ត្រូវ​រៀបចំ​វាលស្រែ​អំបិល​ឱ្យ​បាន​ល្អ​ ទុក​សម្រាប់​អ្នកទេសចរ​ស្វែងយល់​ និង​ទស្សនា​”។

លោក​ សយ​ ស៊ី​ណុល​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ថ្លែង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ស្រែអំបិល​ និង​ការផលិត​អំបិល​មាន​ច្រើន​ ប៉ុន្តែ​ដោយសារ​វិសាលភាព​នៃ​ស្រែអំបិល​មាន​ទំហំ​ធំ​ ទើប​មន្ទីរ​ទេសចរណ៍​ខេត្ត​មិនបាន​គណនា​ចំនួន​ឱ្យ​បាន​ជាក់លាក់​។ លោក​បន្ត​ថា​ ស្រែអំបិល​មាន​ទំហំ​ជាង​ 4ពាន់​ហិ​កតា​ ដែល​គ្រប​ដណ្តប់​លើ​ខេត្ត​កែប​ និង​កំពត​ម្យ៉ាងទៀត​អ្នកទេសចរ​ភាគច្រើន​ធ្វើដំណើរ​ទៅ​ទស្សនា​ដោយខ្លួនឯង​តាមរយៈ​ការ​ជិះកង់​ និង​ម៉ូតូ​។

លោក​ ស៊ី​ណុល​ បានឱ្យ​ដឹង​ថា​៖“ជា​ផ្លូវការ​យើង​គណនា​តែ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​សាល​តាំង​បង្ហាញ​ផលិតផល​អំបិល​ និង​សម្ភារ​ផលិត​អំបិល​តែប៉ុណ្ណោះ​ អ៊ីចឹង​យើង​មានការ​កត់ត្រា​ច្បាស់លាស់​ តែបើ​ស្រែអំបិល​ទាំងមូល​យើង​ពិបាក​កត់ត្រា​ណាស់​ ដោយសារ​វិសាលភាព​វា​ធំ​”។

លោក​បន្ត​ថា​៖”យើង​មាន​សាល​តាំងពិព័រណ៍​ តាំង​សម្ភារ​ និង​ការ​តាំង​លក់​ផ្កាអំបិល​ ដូច្នេះ​យើង​អាច​ដឹង​បាន​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​មើល​សាល​តាំងពិព័រណ៍​ហ្នឹង​ ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​មាន​ប្រមាណ​តែ​ 60​ ទៅ70នាក់​ប៉ុណ្ណោះ​ជាមធ្យម​ក្នុង​1សប្តាហ៍​ ឬអាច​ឈាន​ទៅដល់​ 100នាក់​ក្នុង​ 1សប្តាហ៍​អាស្រ័យ​ទៅតាម​រដូវ​នៃ​ការផលិត​អំបិល​”។

លោក​ថា​ ភ្ញៀវ​ទេសចរ​ បាន​ទៅ​មើល​ទាំង​សកម្មភាព​នៃ​ខ្សែ​ចង្វាក់​ផលិតកម្ម​អំបិល​ នឹង​ទិញ​ផ្កាអំបិល​ទុកជា​អនុស្សាវរីយ៍​។ លោក​ស៊ី​ណុ​លប​ន្ត​ថា​ កំណើន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ជាទូទៅ​ គឺ​មិន​ចំពោះ​តែ​ការ​ទស្សនា​ស្រែអំបិល​នោះ​ទេ​។

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​រូប​នេះ​ថ្លែង​ថា​៖“មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ដាក់​ផ្សព្វផ្សាយ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ចំនួន​ 4ប្រភេទ​ សម្រាប់​ក្រុមហ៊ុនទេសចរណ៍​ក្នុង​ស្រុក​ ដើម្បី​លក់​ឱ្យ​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​នៅ​ខេត្តកំពត​។ លោក​បន្ត​ថា​ ក្នុងចំណោម​ផលិតផល​ដែល​ដាក់បញ្ចូល​ក្នុង​កញ្ចប់​ទេសចរណ៍​នោះ​ ក៏​មាន​ផលិតផល​ស្រែអំបិល​ផង​ដែរ​”។

លោក​បន្ត​ថា​ ខេត្ត​មាន​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ចំនួន​ 4ប្រភេទ​ គឺទី1​ គឺ​កញ្ចប់​ទស្សនកិច្ច​ នៅ​តាម​តំបន់ជនបទ​ (ស្រែអំបិល​ សហគមន៍​ត្រពាំងសង្កែ​ ប្រាសាទ​រូងភ្នំ​ កីឡា​ឡើងភ្នំ​ ចម្ការ​ម្រេច​ រូងភ្នំ​កំពង់ត្រាច​ និង​ជម្រក​សត្វ​ក្រៀល​) ទី2​ កញ្ចប់​ទស្សនា​ក្នុង​ក្រុង​ដែល​ផ្តោត​លើ​សំណង់​បេតិកភណ្ឌ​ ទី3​ កញ្ចប់​ទស្សនា​ជីវិត​អ្នកស្រុក​នៅ​តាម​ដងព្រែក​ និង​ទី4​ រមណីយដ្ឋាន​ឧទ្យានជាតិ​បូកគោ​ និង​តំបន់​ជុំវិញ​ភ្នំបូកគោ​។

លោក​ ស៊ី​ណុល​ បាន​បន្ត​ថា​ ក្នុងរយៈពេល​ 4ខែ​ដើមឆ្នាំ​នេះ​ ខេត្តកំពត​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ប្រមាណ​ជិត​ 80ម៉ឺន​នាក់​។ លោក​បន្ត​ថា​ ក្នុង​ឆ្នាំ2018​ អ្នកទេសចរ​ទៅកាន់​ខេត្តកំពត​មាន​ប្រមាណ​ 1.6លាន​នាក់​ កើនឡើង​ប្រមាណ​ 2ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ2017​៕

Advertisement