រដ្ឋាភិបាល​កម្ពុជា​ និង​ចិន​កំពុង​ពិភាក្សា​លើ​គម្រោង​ប្លង់​មេ​ សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​

សេចក្ដីព្រាង​ប្លង់​មេ​ សម្រាប់​អភិវឌ្ឍន៍​ខេត្ត​ព្រះ​-សីហនុ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ចូល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ អាច​នឹង​ត្រូវ​ដាក់​ឆ្លង​គណៈរដ្ឋ​មន្ត្រី​ដើម្បី​សម្រេច​នា​ពេល​ឆាប់​ៗខាងមុខនេះ​ ខណៈ​អ្នកជំនាញ​កម្ពុជា​-ចិន​បាន​និង​កំពុង​ពិភាក្សា​លើ​សេចក្ដីព្រាង​នេះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ នឹង​ប្រតិភូ​វិទ្យាស្ថាន​គំរូ​ប្លង់​ និង​នគរ​រូប​នី​យក​ម្ម​នៃ​ទីក្រុង​ Shenzhen​ ប្រទេស​ចិន​ ដឹកនាំ​ដោយ​លោក​ ស៊ាវ​ ស៊ី​ម៉ា​ (Xiao​ Sima​) នា​ពេល​ថ្មី​ៗនេះ​ លោក​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ និង​សិប្បកម្ម​មាន​ជំនឿ​ថា​ គំរូ​ប្លង់​មេ​ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​ផ្នែក​នគរូបនីយកម្ម​នៃ​ទីក្រុង​ Shenzhen​ នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឱ្យ​មាន​លក្ខណៈ​ស៊ីវិល័យ​ ការពារ​បាន​នូវ​កម្រិត​បរិស្ថាន​ខ្ពស់​ និង​ជា​ទីតាំង​ដ៏​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​ និង​តំបន់​ឧស្សាហកម្ម​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី21​ ខែ​ ឧសភា​ ឆ្នាំ​2019​ នេះ​ ឯកឧត្តម​ ចម​ ប្រសិទ្ធ​ មានប្រសាសន៍​ថា​៖ “នៅពេល​ដែល​សេចក្ដីព្រាង​ប្លង់​មេនេះ​លេចចេញ​ជារូបរាង​ហើយ​ យើង​នឹង​យក​មក​ដាក់​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ មុននឹង​ដាក់​ឆ្លង​ទៅ​គណៈរដ្ឋ​មន្ត្រី​សម្រេច​”។

លោក​ ស៊ាវ​ ស៊ី​ម៉ា​ (Xiao​ Sima​ )ប្រធាន​ប្រតិភូ​វិទ្យាស្ថាន​គំរូ​ប្លង់​ និង​នគរូបនីយកម្ម​នៃ​ទីក្រុង​ Shenzhen​ ប្រទេស​ចិន​បានដឹង​ថា​ ក្រុមការងារ​បច្ចេកទេស​នៃ​វិទ្យាស្ថាន​របស់​លោក​បាន​មក​សិក្សា​លើក​ទី1​ ម្តង​រួចមក​ហើយ​ កាលពី​ខែមីនា​កន្លងទៅ​ ដោយ​បាន​មើលឃើញ​នូវ​ភាព​រីកចម្រើន​ និង​សក្តា​នុ​ពល​របស់​កម្ពុជា​ គួរ​ជាទី​ចាប់អារម្មណ៍​សម្រាប់​ការ​វិនិយោគ​ និង​បង្កើត​សួន​ឧស្សាហកម្ម​។

លោក​ ស៊ី​ម៉ា​ បាន​បញ្ជាក់​ថា​៖ “វិទ្យាស្ថាន​របស់​លោក​នឹង​យក​បទ​ពិសោធ​ជោគជ័យ​ និង​ដំណោះ​ស្រាយ​ឈ្នះ​ៗ ដែល​ធ្លាប់​បាន​អភិវឌ្ឍ​នៅ​ទីក្រុង​ Shenzhen​ មក​អភិវឌ្ឍ​នៅ​កម្ពុជា​ ដោយ​នឹង​ធ្វើ​យ៉ាងណា​ឱ្យ​ស្រប​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ពីឆ្នាំ2015​ ដល់​ឆ្នាំ2025​”។

គួរ​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ “គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ2015​-2025​” ដើម្បី​ដឹកនាំ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​ផ្តល់​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ និង​ក្របខ័ណ្ឌ​រួម​ដើម្បី​ចាត់វិធានការ​សម្របសម្រួល​ដោយ​ឈរ​លើ​គោលដៅ​រួម​ និង​ការទទួលខុសត្រូវ​ច្បាស់លាស់​។

គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម2015​-2025​ មាន​គោលបំណង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជំរុញ​ការប្រកួត​ប្រជែង​ និង​លើកកម្ពស់​ផលិតភាព​ដោយ​ផ្ដោត​លើ​គោលដៅ3​ : ទី1​ បង្កើន​ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម​ និង​ផលិតកម្ម​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​។ ទី2​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​លើស​ពី​សម្លៀកបំពាក់​ និង​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​កែច្នៃ​ និង​ទី3​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​)។

ម្យ៉ាងវិញទៀត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម2015​-2025​ បាន​បង្ហាញ​ទិសដៅ​មួយ​ថា​ ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​មាន​កំពង់ផែ​ទឹកជ្រៅ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ផ្លូវ​ហាយ​វេយ៍​ទៅកាន់​ទីក្រុង​ភ្នំពេញ​ និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅជា​ទិសដៅ​សំខាន់​របស់​ប្រទេស​កម្ពុជា​សម្រាប់​ការ​វិនិយោគ​អន្តរជាតិ​។

រដ្ឋាភិបាល​បាន​រៀបចំផែនការ​មេ​សម្រាប់​ការ​-អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ដែល​នឹង​ប្រែក្លាយ​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ​ទៅជា​ “តំបន់​សេដ្ឋកិច្ច​ពិសេស​” ដើម្បី​ប្រមូល​ផ្តុំ​ធនធាន​នៃ​ពាណិជ្ជកម្ម​ និង​ការ​វិ​និ​-យោគ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ដើម្បី​ក្លាយជា​បង្គោល​សេដ្ឋកិច្ច​ដ៏​សំខាន់​”៕

Advertisement