ការ​ដកចេញ​ពន្ធ​អប្បបរមា​ 1% បាន​ចូលជាធរមាន​ហើយ​ មិន​ចាំបាច់​រង់ចាំ​រហូតដល់​ចុងឆ្នាំ2019​ ឡើយ​

June 4, 2019​ ម៉ោង 11:34 am

ចាប់ពី​ពេលនេះ​តទៅ​ រាជរដ្ឋាភិបាល​បានសម្រេច​ដកចេញ​នូវ​ការ​យកពន្ធ​អប្បបរមា​ 1% ចំពោះ​គ្រប់​សហគ្រាស​ដែល​ជា​អ្នកជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ ដែល​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ត្រឹមត្រូវ​ ក្នុង​គោលបំណង​ទាក់ទាញ​ និង​លើកទឹកចិត្ត​វិនិយោគិន​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​។

ការអនុវត្ត​គោលការណ៍​ប្រកបដោយ​ភាព​វិជ្ជមាន​នេះ​ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ពីទី​ក្រុង​តូក្យូ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ “ការ​វិនិយោគ​នៅ​កម្ពុជា​”កាលពី​ថ្ងៃ​ 29​ ខែឧសភា​ ឆ្នាំ2019​ នេះ​ ឱ្យ​សម្រេច​លុបចោល​ពន្ធ​អប្បបរមា​ 1% ដើម្បី​សម្រួល​និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​បន្ទាប់ពី​គោលការណ៍​សំខាន់​ជាច្រើន​ផ្សេងទៀត​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​លើកឡើង​ថា​ ការអនុវត្ត​ពន្ធ​កាត់​ទុក​ (ពន្ធ​អប្ប​រមា​) នេះ​មិន​គួរ​បន្ត​នោះ​ទេ​ ព្រោះ​វា​ហាក់ដូចជា​បំណុល​រដ្ឋ​ផង​ និង​មិន​យុត្តិធម៌​សម្រាប់​អ្នករក​ស៊ី​ ព្រោះ​ពន្ធ​នេះ​ត្រូវ​អនុវត្ត​ចំពោះ​គ្រប់​ក្រុមហ៊ុន​ បើ​ទោះបីជា​ក្រុមហ៊ុន​នោះ​ចំណេញ​ ឬខាត​ក៏ដោយ​។ សម្តេច​បញ្ជាក់​ផង​ដែរ​ថា​ ប្រសិនបើ​ក្រុមហ៊ុន​នោះ​ចំណេញ​ វា​នឹង​មិន​មាន​បញ្ហា​នោះ​ទេ​ តែ​ប្រសិនបើ​ក្រុមហ៊ុន​នោះ​ខាត​ គាត់​ត្រូវ​អស់​ 1% នឹង​គេ​ដែរ​។ ហេតុនេះ​ការ​មិន​យកពន្ធ​អប្បបរមា1​% នេះ​ក៏អាច​ជួយ​សម្រួល​ដល់​រោងចក្រ​កាត់ដេរ​ និង​ស្បែកជើង​ ផ្នែក​វាយនភណ្ឌ​ឱ្យ​មានលទ្ធភាព​កាន់តែ​ប្រសើរ​ដើម្បី​ដំឡើង​ប្រាក់ខែ​ និង​ប្រាក់​អត្ថ​ប្រយោជន៍​ដល់​កម្មករ​បាន​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​៖ “ក្រោយពី​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អំពី​ការសម្រេច​ដកចេញ​នូវ​ពន្ធ​កាត់​ទុក​ 1% (ពន្ធ​អប្បបរមា​) គឺ​បាន​ចូលជាធរមាន​នៅ​ថ្ងៃនេះ​(29​ឧសភា​) ដោយ​មិនបាច់​រង់ចាំ​រហូតដល់​ចុងឆ្នាំ2019​ ទេ​ ដើម្បី​ជា​កាដូ​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​ជាតិ​ និង​បរទេស​ទាំងអស់​ ឱ្យ​ទទួល​បានផល​ចំណេញ​កាន់តែ​ច្រើន​”។

ភ្លាម​ៗបន្ទាប់ពី​ការប្រកាស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ចេញពី​ទីក្រុង​តូក្យូ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សហគ្រាស​ដែល​ជា​អ្នកជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ឱ្យ​បានដឹង​ពី​ការលើកលែង​ពន្ធ​អប្បបរមា1​% នេះ​ ដោយ​គ្រប់​សហគ្រាស​ត្រូវ​អនុវត្ត​តាម​វិធាន​ និង​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ប្រកាស​លេខ​ 638​សហវ.ប្រក​ ចុះ​ថ្ងៃទី4​ ខែកក្កដា​ ឆ្នាំ2017​ របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ស្តី​ពី​ការ​ធ្វើ​លក្ខណ​វិនិច្ឆ័យ​នៃ​ការ​កាន់កាប់​បញ្ជិកា​គណនេយ្យ​មិន​ត្រឹមត្រូវ​ និង​នីតិវិធី​នៃ​ការ​បង់ពន្ធ​អប្បបរមា​។

ក្រៅពី​ការសម្រេច​លើកលែង​ពន្ធ​មួយ​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​ពី​នីតិវិធី​ចំនួន​ 5ចំណុច​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម​ និង​កាត់បន្ថយ​ចំណាយ​ធុរកិច្ច​ដែល​មាន​ដូចជា​៖
ទី1​. ប្រទេស​កម្ពុជា​នឹង​បញ្ចប់​តួនាទី​អចិន្ត្រៃយ៍​របស់​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ ដោយ​រក្សា​ទុ​កតែ​ភ្នា​កងារ​គយ​ប៉ុណ្ណោះ​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ច្រក​ទ្វា​អន្តរជាតិ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-នាំចូល​ផ្សេងទៀត​។

ទី2​. កម្ពុជា​នឹង​លុបចោល​ភ្នាក់ងារ​កម្ពុជា​នាវាចរណ៍​ ហៅ​កាត់​ថា​កាំសាប​។

ទី3​. ដូច​បាន​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ឧស្ស​ហក​ម្ម​កម្ពុជា​ ឆ្នាំ2015​-2025​ រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​បញ្ចុះតម្លៃ​អគ្គិសនី​ជំហាន​ដំបូង​ចំនួន​ 2សេន​ ក្នុង​ 1គីឡូវ៉ាត់​ម៉ោង​សម្រាប់​អ្នកប្រើ​ប្រាស់​ប្រភេទ​ឧស្សាហកម្ម​ ចាប់ពី​ឆ្នាំ2019​ នេះ​តទៅ​ និង​សិក្សា​លទ្ធភាព​បញ្ចុះ​ថ្លៃ​ជាបន្តបន្ទាប់​ទៀត​។កន្លងទៅ​នេះ​ កម្ពុជា​មានការ​សោកស្ដាយ​ចំពោះ​ការរអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​បរិមាណ​ និង​គុណភាព​មិន​គ្រប់គ្រាន់​ដោយសារ​កត្តា​អាកាសធាតុ​មិន​អំណោយផល​ធ្វើ​ឱ្យ​ថាមពល​ដែល​មាន​ប្រភព​វារីអគ្គិសនី​ផលិត​ក្រោម​កម្រិត​ធម្មតា​។ នៅ​ឆ្នាំ​ខាង​មុខ​នេះ​ កម្ពុជា​នឹង​បន្ថែម​ការ​ផ្គត់ផ្គង់​បរិមាណ​ 500​មេ​ហ្គា​វ៉ាត់​ ពី​ប្រភព​នានា​ រួម​ទាំង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ផង​។

ទី4​. កាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​បុណ្យ​ និង​ទិវា​ពី​ 28ថ្ងៃ​ មក​ត្រឹម​ 21ថ្ងៃ​ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីឆ្នាំ​ 2020តទៅ​។

ទី5​. បញ្ចុះ​ថ្លៃ​សេវា​លើកដាក់​កុងតឺន័រ​នៅ​ចំណត​ និង​ការ​មិន​តម្រូ​វឱ្យ​ស្គែ​នកុង​តឺន័​ររបស់​ក្រុមហ៊ុន​ដែល​មាន​អនុលោម​ភាពល្អ​ (best​ trader​)។

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​(កម្ពុជា​-ជប៉ុន​)បាន​កើនឡើង​ដល់​ជាង​ 2ពាន់​លាន​ដុល្លារ​ ហើយ​ក្នុង​នោះ​ប្រទេស​ជប៉ុន​នាំចូល​ទំនិញ​ពីទី​ផ្សារ​កម្ពុជា​ មានតម្លៃ​ជាង​ 1,600លាន​ដុល្លារ​ ហើយ​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​វិញ​មានតែ​900លាន​ដុល្លារ​ប៉ុណ្ណោះ​។ នៅក្នុង​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នៅ​ជប៉ុន​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ដល់​ភាគី​ជប៉ុន​បន្ថែម​ទៀត​ឱ្យ​នាំចូល​ផលិតផល​កសិផល​របស់​កម្ពុជា​ ជាពិសេស​វត្ថុធាតុដើម​កែច្នៃ​៕