JICA​ បាន​លក់​ភាគហ៊ុន​ទាំងអស់​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ទៅ​ ឱ្យ​ក្រុមហ៊ុន​ Kamigumi​

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​) បាន​លក់​ភាគហ៊ុន​ទាំងអស់​របស់​ខ្លួន​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS​) ទៅ​ឱ្យ​ក្រុមហ៊ុន​ភ័ស្តុភារ​ជប៉ុន​ Kamigumi​។

JICA​ បាន​ទិញ​ភាគហ៊ុន​របស់​ PAS​ ក្នុងអំឡុងពេល​ដាក់​លក់​ជា​សាធារណៈ​លើកដំបូង​ (IPO​) នៅ​ឆ្នាំ2017​ ហើយ​កាលពី​ឆ្នាំមុន​ JICA​ បាន​លក់​ភាគហ៊ុន​ចំនួន​ 2.5ភាគរយ​របស់​ខ្លួន​ដែល​មាននៅ​ក្នុង​កំពង់ផែ​កម្ពុជា​ទៅ​ឱ្យ​សាជីវកម្ម​កំពង់ផែ​អន្តរជាតិ​ កូ​បេ​អូ​សា​កា​ ដែល​បាន​នាំ​យក​ភាគហ៊ុន​របស់​ខ្លួន​នៅក្នុង​ PAS​ ទៅ​ 11​%។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី24​ ខែឧសភា​ JICA​ បាន​និយាយ​ថា​ “កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ គឺជា​មជ្ឈមណ្ឌល​ភ័ស្តុភារ​ចម្បង​មួយ​ដែល​គាំទ្រ​ដល់​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​”។

ចាប់តាំងពី​ឆ្នាំ1999មក​ ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​ ODA​ ដល់​កម្ពុជា​ដែល​រួមមាន​ជំនួយឥតសំណង​ និង​ហិរញ្ញប្បទាន​ និង​កិច្ច​សហប្រតិបត្តិ​ការ​បច្ចេកទេស​ ហើយ​បន្ត​គាំទ្រ​ឥត​ឈប់ឈរ​សម្រាប់​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​គ្រប់គ្រង​កំពង់ផែ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា​៖ “JICA​រួម​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការគ្រប់គ្រង​កំពង់ផែ​នឹង​បន្ត​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​ជាច្រើន​ទៀត​ ដូចជា​ប្រាក់កម្ចី​ ODA​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ថ្មី​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​សម្រាប់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៃ​កំពង់ផែ​មួយ​នេះ​”។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ ចំនួន​កុងតឺន័រ​ដែល​ត្រូវ​បាន​ដឹកជញ្ជូន​នៅ​កំពង់ផែ​នេះ​បាន​កើនឡើង​ដល់​ 540,000TEUsក្នុង​ឆ្នាំ2018​ ដែល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​ចំនួន​ 290,000TEU​ កាលពី​ឆ្នាំ2013​។

លោក​ លូ​ គឹម​ ឈុន​ អគ្គនាយក​ក្រុមហ៊ុន​ អេ​ភី​អេស​ ថ្លែង​ថា​ JICA​ បានសម្រេច​ចិត្ត​លក់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​មួយ​នៅ​ថ្ងៃទី23​ ខែឧសភា​។ លោក​ លូ​ គឹ​មឈុន​ មានប្រសាសន៍​ថា​៖“នេះ​ជា​ការណ៍​ល្អ​មួយ​សម្រាប់​យើង​ ដោយសារតែ​ក្រុមហ៊ុន​ Kamigumi​ គឺជា​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​កំពង់ផែ​នាំមុខ​គេ​នៅ​ប្រទេស​ជប៉ុន​”។

លោក​បន្ត​ថា​ ទោះបីជា​ JICA​ បាន​ផ្ទេរ​ភាគហ៊ុន​ទាំងអស់​របស់​ខ្លួន​ដែល​មាន​ជាមួយ​យើង​ក៏ដោយ​ ក៏​ពួកគេ​នៅតែ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ដើម្បី​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បង្កើន​សមត្ថភាព​គ្រប់គ្រង​កំពង់ផែ​ដដែល​។

ដោយ​ចាប់ផ្តើម​ពី​គម្រោង​ស្តារ​ឡើងវិញ​បន្ទាន់​នៃ​កំពង់ផែ​ក្រុង​ព្រះសីហនុ​នៅ​ឆ្នាំ1999​ តាមរយៈ​កម្ចី​ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវការ​លើកដំបូង​សម្រាប់​ប្រទេស​កម្ពុជា​បន្ទាប់ពី​ការ​បញ្ចប់​ជម្លោះ​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ JICAបាន​ផ្តល់​ការ​គាំទ្រ​ជាបន្តបន្ទាប់​ដល់​ការ​កសាង​សមត្ថភាព​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កំពង់ផែ​ស្វយ័ត​មួយ​នេះ​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​កាលពី​ចុងខែ​ឧសភា​កន្លងទៅ​ លោក​ Masami​ KUBO​ ជា​ប្រធាន​ និង​នាយក​តំណាង​ក្រុមហ៊ុន​ KAMIGUMI​ Co​., Ltd​ និង​លោក​ Kenji​ HOKAZONO​ ជា​ប្រធាន​ និង​នាយក​ប្រតិបត្តិ​នៃ​សាជីវកម្ម​កំពង់ផែ​អន្តរជាតិ​ Kobe​-Osaka​ International​ Port​ លោក​ KUBO​ បាន​បង្ហាញ​នូវ​បំណង​ចង់​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ជាមួយនឹង​ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​ពាណិជ្ជករ​ផ្នែក​ដឹកជញ្ជូន​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​។

សូមជម្រាប​ជូន​ថា​ ក្រុមហ៊ុន​ទាំង2​ នេះ​ គឺជា​ម្ចាស់​ចំណែក​ភាគហ៊ុន​នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS​)។ ក្រុមហ៊ុន​ KAMIGUMI​ Co​., Ltd​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ1867​ នៅ​ទីក្រុងKobe​ ប្រទេស​ជប៉ុន​ និង​ជា​ក្រុមហ៊ុន​នាំមុខ​គេ​មួយ​ផ្នែក​ដឹកជញ្ជូន​តាម​កំពង់ផែ​របស់​ជប៉ុន​។ រី​ឯសាជីវកម្ម​កំពង់ផែ​អន្តរជាតិ​ Kobe​-Osaka​ International​ Port​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​អន្តរជាតិ​នៃ​កំពង់ផែ​ Hanshin​ (កំពង់ផែ​ Kobe​ និង​កំពង់ផែ​ Osaka​) តាមរយៈ​ការជំរុញ​ការគ្រប់គ្រង​កំពង់ផែ​ ប្រកបដោយ​ប្រសិទ្ធភាព​។

ដោយឡែក​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​វិញ​ ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យ​ដឹង​ថា​ គិត​ពីឆ្នាំ1994​ រហូត​ដល់​ត្រីមាស​ទី1​ ឆ្នាំ2019​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​បាន​ចំនួន​ 137គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ 2.5ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​ផ្គុំ​អគ្គិសនី​ និង​អេឡិចត្រូនិក​ គ្រឿង​ផ្គុំ​រថយន្ត​ និង​សម្ភារ​បរិក្ខារ​បច្ចេកទេស​ កសិ​-ឧស្សាហកម្ម​ ការកែច្នៃ​ម្ហូបអាហារ​ សណ្ឋាគារ​ ទេសចរណ៍​ មន្ទីរពេទ្យ​ និង​ផ្សារ​ទំនើប​។

ក្រៅពី​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ​ហើយ​ ក៏​នៅ​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ​ ទាំង​តូច​ចំនួន​ប្រមាណ​ 1,700ក្រុមហ៊ុន​ ដែល​មាន​សកម្មភាព​ក្នុង​វិស័យ​ជាច្រើន​ ដូចជា​វិស័យ​ធនាគារ​ អាកាសចរណ៍​ និង​ភោជនីយដ្ឋាន​ ជាដើម​៕

Advertisement