ADB​ ជួយ​កសាង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​នៅក្នុង​ប្រទេស​កម្ពុជា​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​អនុម័ត​ឥណទាន​សម្បទាន​ ចំនួន​ 7.64លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​អភិវឌ្ឍ​ធនធាន​ថាមពល​កកើត​ឡើងវិញ​ ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​ និង​បង្កើន​ការប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​។

បន្ថែម​លើ​ឥណទាន​សម្បទានADB​ កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ ក៏​មាន​ឥណទាន​សម្បទាន​ចំនួន​ 11លាន​ដុល្លារ​ និង​ជំនួយឥតសំណង​ 3លាន​ដុល្លារ​ ជា​ហិរញ្ញប្បទាន​ឥត​សំណង​ផង​ដែរ​។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ទទួល​បាន​ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ​ ជាពិសេស​តាមរយៈ​កម្មវិធី​ពង្រីក​ថាមពល​កកើត​ឡើងវិញ​។

បន្ថែម​លើ​នេះ​ ក៏​មាន​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ជំនួយ​បច្ចេកទេស​ចំនួន​ 500,000ដុល្លារ​ដែល​ផ្តល់​ដោយ​មូលនិធិ​ e-Asia​ និង​ភាពជា​ដៃគូ​ចំណេះដឹង​នៃ​សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​អគ្គិសនី​កម្ពុជា​(EDC​) និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ដែល​ជា​និយតករ​អគ្គិសនី​ជាតិ​ អំពី​ បច្ចេកវិទ្យា​បំប្លែង​ពន្លឺ​ព្រះអាទិត្យ​ទៅជា​ថាមពល​អគ្គិសនី​ និង​ការរៀបចំ​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​។ ADB​ បាន​រៀបចំ​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ប្រទេស​កាណាដា​ និង​សិង្ហបុរី​។

លោក​ Pradeep​ Tharakan​ ប្រធាន​ក្រុម​អ្នកឯកទេស​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​របស់​ ADB​បាន​មានប្រសាសន៍​ថា​ ការ​ទទួល​បាន​ប្រភព​ថាមពល​ដែល​អាច​ទុកចិត្ត​បាន​ មាន​និរន្តរភាព​ និង​មាន​តម្លៃ​សមរម្យ​ គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដូចជា​ប្រទេស​កម្ពុជា​។

លោក​ Tharakan​ បន្ត​ថា​៖“ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មិន​ត្រឹមតែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​របស់​កម្ពុជា​ តាមរយៈ​ការ​អភិវឌ្ឍ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ប៉ុណ្ណោះទេ​ តែ​វា​ក៏​នឹង​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ តាម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ទៀតផង​”។

រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដែល​នឹង​ក្លាយ​ជាផ្នែក​មួយ​នៃ​ឧទ្យានជាតិ​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​ នឹង​ត្រូវ​ដាក់​ឱ្យ​ដេញថ្លៃ​ទៅ​អ្នក​ផលិត​ថាមពល​ឯករាជ្យ​ជា​ 2ដំណាក់កាល​។ ដំណាក់​កាល​ទី1​ មានបំណង​ផលិត​ថាមពល​ក្នុង​កម្លាំង​ 60​មេ​ហ្គា​វ៉ាត់​។ ការិយាល័យ​ភាពជា​ដៃគូ​សាធារណៈ​រវាង​វិស័យ​ឯកជន​ និង​ឯកជន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ កំពុង​ដើរតួ​នាទី​ជាទី​ប្រឹក្សា​ផ្នែក​ប្រតិបត្តិ​ការ​ដើម្បី​ជួយ​ដល់​ EDC​ ក្នុង​ការរៀបចំ​ និង​រៀបចំ​ដំណើរការ​ដេញថ្លៃ​បើកចំហ​ និង​ប្រកួតប្រជែង​។ បើ​ទោះបីជា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​បណ្តាញ​ថាមពល​នៅ​កម្ពុជា​ក៏ដោយ​ ក៏​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​ 5លាន​នាក់​នៅតែ​ខ្វះ​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅឡើយ​។

នៅ​ឆ្នាំ2018​ កម្ពុជា​អាច​ផ្គត់ផ្គង់​អគ្គិសនី​តាមរយៈ​បណ្តាញ​ដែល​បាន​ដំឡើង​រួចរាល់​ចំនួន​ជិត​ 2.175​ មេ​ហ្គា​វ៉ាត់​ ដោយ​ក្នុង​នោះ​ថាមពល​បាន​មក​ពី​វារីអគ្គិសនី​មាន​ចំនួន​ 1,330មេ​ហ្គា​វ៉ាត់​ ឬប្រហែល​ 62​ ភាគរយ​ ហើយ​ការផលិត​ថាមពល​អគ្គិសនី​បាន​មក​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​លមាន​ចំនួន​ 780មេ​ហ្គា​វ៉ាត់​ប្រហែល​ 36ភាគរយ​។

ទោះបីជា​មាន​ពន្លឺ​ព្រះអាទិត្យ​ច្រើន​មែន​ ប៉ុន្តែ​សមត្ថភាព​បង្កើត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មានកម្រិត​តែត្រឹម​ 10មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​។ ការសិក្សា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បង្ហាញថា​ ប្រទេស​កម្ពុជា​ អាច​បន្ថែម​ថាមពល​ពន្លឺ​ព្រះអាទិត្យ​បាន​ប្រហែល​ 200មេ​ហ្គា​វ៉ាត់​ទៅ​បណ្តាញ​ចែកចាយ​នៅ​ត្រឹម​ឆ្នាំ2021​ ដោយ​ប្រើ​បច្ចេកវិទ្យា​ និង​មិន​រំខាន​ដល់​បណ្តាញ​ចែកចាយ​។

គម្រោង​ថាមពល​ព្រះអាទិត្យ​ជាតិ​នឹង​ជួយ​ឱ្យ​ EDC​ ដែល​ជា​សេវា​ផ្តត់​ផ្គង់​អគ្គិសនី​ជាតិ​នៃ​កម្ពុជា​ អាច​សាងសង់​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ផ្សេងទៀត​ រួមមាន​ជាអាទិ៍​ផ្លូវ​ចេញ​ចូល​ របង​ និង​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង​។ គម្រោង​នេះ​ក៏​នឹង​កសាង​ប្រព័ន្ធ​បញ្ជូន​អគ្កិ​សនី​ ដែល​តភ្ជាប់​បណ្តាញ​ចែកចាយ​ចម្បង​នៅ​ជិត​រាជធានី​ភ្នំពេញ​ដែល​នឹង​អនុញ្ញាត​ឱ្យ​គម្រោង​នេះ​ផ្គត់ផ្គង់​ថាមពល​ទៅ​បណ្តាញ​ចែកចាយ​ជាតិ​បាន​ផង​ដែរ​៕

Advertisement