ឥណ្ឌូ​នេ​ស៊ី​-កម្ពុជា​ នឹង​បើក​ជើងហោះហើរ​ត្រង់​នៅ​ខែ​នេះ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ក៏​ត្រូវ​បាន​ជំរុញ​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូ​តឥណ្ឌូ​នេ​ស៊ី​ ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ការហោះហើរ​ទៅមក​ដោយ​ត្រង់​ ដែល​បាន​រង់ចាំ​ជាយូរមកហើយ​ រវាង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​នឹង​ត្រូវ​គ្រោង​ធ្វើ​នៅ​ឆ្នាំនេះ​ ដោយក្រុម​ហ៊ុន​ Citilink​ Indonesia​ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Garuda​ Indonesia​ ត្រូវ​បាន​គេ​ រំពឹង​ថា​នឹង​បើក​ជើងហោះហើរ​ត្រង់​ជាលើកដំបូង​របស់​ខ្លួន​ ពីរ​ដ្ឋ​ធានី​ហ្សាការតា​មក​ភ្នំពេញ​ នៅ​ខែមិថុនា​នេះ​។

ឯកអគ្គ​រដ្ឋ​ទូ​តឥណ្ឌូ​នេ​ស៊ី​ ឯកឧត្តម​ Sudirman​ Haseng​ ជឿជាក់​ថា​ ឆ្នាំ2019​ គឺជា​ខួប​លើក​ទី60​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង2​ ដូច្នេះ​ការ​ហោះហើរ​ត្រង់នេះ​ នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​រវាង​ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​។ លើស​ពីនេះ​ទៀត​ការហោះហើរ​លើកដំបូង​របស់​ Citilink​ មក​ទីក្រុង​ភ្នំពេញ​ក្នុង​ខែមិថុនា​នេះ​ នឹង​មិន​ត្រឹមតែ​ជាស​មិទ្ធ​ផល​ដ៏​ធំធេង​ប៉ុណ្ណោះទេ​ ថែមទាំង​ជាវ​ត្ត​មាន​ដ៏​មានតម្លៃ​សម្រាប់​ខួប2ឆ្នាំ​ផង​ដែរ​។

យោង​តាម​ការពិភាក្សា​គ្នា​ ប្រទេស​ទាំង2​ បាន​ស្វែងរក​អំពី​លទ្ធភាព​នៃ​ការហោះហើរ​ដោយ​ផ្ទាល់​ ហើយ​មាន​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ឥណ្ឌូ​នេ​ស៊ី​ជាច្រើន​កំពុង​សិក្សា​ទីផ្សារ​កម្ពុជា​។ ពីមុន​ការហោះហើរ​ចំណាយពេល​ជាង8​ ម៉ោង​ ដើម្បី​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មក​កម្ពុជា​។ ប៉ុន្តែ​ពេលនេះ​ការហោះហើរ​របស់​ Citilink​ នឹង​ចំណាយពេល​ត្រឹមតែ​ 3.5ម៉ោង​ប៉ុណ្ណោះ​។

សេចក្តី​ប្រកាស​នេះ​បង្ហាញថា​ កត្តា​ទីផ្សារ​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​ ដើម្បី​ធ្វើ​ឱ្យ​ការហោះហើរ​ដោយ​ត្រង់​អាច​ធ្វើ​ទៅ​បាន​។ ទោះជាយ៉ាងណា​ រដ្ឋាភិបាល​ទាំង2​ បាន​យល់ស្រប​គ្នា​ថា​ ការបង្កើត​ជើងហោះហើរ​ត្រង់​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ល្អ​ នៅក្នុង​វិ​ស័យ​ផ្សេង​ៗ និង​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​។ការហោះហើរ​ត្រង់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជំរុញ​កំណើន​មិន​ត្រឹមតែ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង2​ ទៀតផង​។

យោង​តាម​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​មានការ​កើនឡើង​បន្តិច​កាលពី​ឆ្នាំមុន​ ដោយ​ឈាន​ដល់​តម្លៃ​ 556លាន​ដុល្លារ​ ដែល​ចំនួន​នេះ​កើនឡើង​ 4%។ តែ​ទោះបីជា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាស៊ាន​មួយ​នេះ​នៅតែ​មានកម្រិត​ក៏ដោយ​ ក៏​មន្ត្រី​ពាណិជ្ជកម្ម​មើល​ឃើញ​សក្តា​នុ​ពល​ដ៏​អស្ចារ្យ​ នៅក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង2ដែរ​។

ឯកឧត្តម​ ឈួន​ ដារ៉ា​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​ លោក​រំពឹង​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ឥណ្ឌូ​នេ​ស៊ី​នឹង​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ឆ្នាំខាងមុខ​។ លោក​ថ្លែង​ថា​ “ក្រុម​ហ៊ុន​ឥណ្ឌូ​នេ​ស៊ី​ជាច្រើន​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ វា​ជា​ពេលវេលា​ ដែល​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ ពង្រីក​អាជីវកម្ម​ និង​ការ​វិនិយោគ​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​”។

ឯកឧត្តម​បាន​ថ្លែង​ថា​៖“ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​សម្បូរ​កោះ​មួយ​នេះ​ បាន​កើនឡើង​33លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ 29​%។ ការនាំចេញ​របស់​ឥណ្ឌូ​នេ​ស៊ី​ មកកាន់​កម្ពុជា​មានតម្លៃ​ ប្រមាណ​ 525លាន​ដុល្លារ​ គឺ​បាន​កើនឡើង​តែ​ 2%ប៉ុណ្ណោះ​”។

ឯកឧត្តម​ ឈួន​ ដារ៉ា​ បាន​មានប្រសាសន៍​ថា​ ផលិត​ផល​ឥណ្ឌូ​នេ​ស៊ី​ ដែល​បាន​ជ្រៀតចូល​ក្នុង​ទីផ្សារ​កម្ពុជា​ រួមមាន​អាហារ​ និង​ភេសជ្ជៈ​ ផលិតផល​ថែរក្សា​ផ្ទះ​ ផលិតផល​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ផលិតផល​ឱសថ​ ផលិតផល​គ្រឿងបន្លាស់​ម៉ូតូ​ និង​ផ្លែឈើ​ស្រស់​ៗជាដើម​ ដោយ​ប្រទេស​កម្ពុជា​នាំចេញ​ទៅ​វិញ​ភាគច្រើន​គឺ​ សម្លៀកបំពាក់​ កៅស៊ូ​ និង​ស្បែកជើង​ ទៅកាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“រាជរដ្ឋាភិបាល​កំពុងធ្វើការ​ងារ​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​តូច​នៅឡើយ​ ប៉ុន្តែ​យើង​កំពុងធ្វើការ​យ៉ាងច្រើន​ដើម្បី​បង្កើន​វា​។ ការ​ជួញដូរ​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ គឺ​ពិបាក​ជាង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ ដូចជា​ប្រទេស​ថៃ​ ឬវៀតណាម​ និង​ឡាវ​ ព្រោះ​យើង​មិន​មាន​ព្រំដែន​ជាប់គ្នា​”។

ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“ការហោះហើរ​ដោយ​ផ្ទាល់​រវាង​ប្រទេស​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅពេល​នេះ​ ដែល​នឹង​ជួយ​សម្រួល​សកម្មភាព​ប្រជាជន​ និង​ទំនិញ​ និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ យើង​សង្ឃឹមថា​ ជើងហោះហើរ​ដោយ​ត្រង់នេះ​ នឹង​បង្កើន​ចំនួន​អ្នកទេសចរ​ និង​វិនិយោគិន​ មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​”។

ឯកឧត្តម​ ក៏បាន​បញ្ជាក់​ដែរ​ថា​ អ្វី​ដែល​យើង​មើល​ឃើញថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​តូច​ គឺ​ដោយសារ​បញ្ហា​មួយចំនួន​៖ “ទី1​-កត្តា​ភូមិសាស្ត្រ​ ដោយ​យើង​មាន​ទីតាំងនៅ​ឆ្ងាយ​ពីគ្នា​ បើ​ប្រៀបធៀប​ជាមួយ​ ប្រទេស​ឡាវ​ ថៃ​ និង​វៀតណាម​គាត់​នៅ​ក្បែរ​ ដូច្នេះ​ការ​ចេញចូល​ទំនិញ​វា​ងាយស្រួល​ជាង​។ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នៅ​ឆ្ងាយ​ ហើយ​មុខទំនិញ​ដែល​បាន​ផលិត​ ភាគច្រើន​ប្រហាក់​ប្រហែលគ្នា​ផង​ដែរ​ ដែល​ពិបាក​ក្នុង​ការដោះដូរ​គ្នា​”។

ឯកឧត្តម​ បាន​បន្ត​ទៀត​ថា​៖“ទី2​-យើង​ធ្លាប់​មាន​ទំនាក់ទំនង​ក្នុង​គោលដៅ​នាំ​អង្ករ​ទៅកាន់​ប្រទេស​នេះ​ដែរ​ បើ​នាំទៅ​បាន​ តួលេខ​នឹង​មានការ​កើនឡើង​(ប្រមាណ​ជា​ 40ម៉ឺន​តោន​) ប៉ុន្តែ​ដោយសារ​មាន​ការ​លំបាក​ក្នុង​ការ​លក់​ ពីព្រោះ​អង្ករ​យើង​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ គុណភាព​ល្អ​ តែ​តម្លៃ​ខ្ពស់​ជាងគេ​បន្តិច​ ទោះជា​យើង​ធ្លាប់​មាន​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ និង​ MOUជាមួយគ្នា​កន្លងមក​ក៏ដោយ​ ព្រោះ​ការ​នាំ​អង្ករ​ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​ ទាល់តែ​ឆ្លងកាត់​ក្រុមហ៊ុន​រដ្ឋ​សិន​ មិន​អាច​នាំចូល​ទៅកាន់​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​ដោយ​ត្រង់​តែម្តង​បានទេ​ គឺ​ចំណុច​នេះ​ហើយដែល​យើង​កំពុងតែ​ឱ្យ​ខាង​គាត់​ជួយ​សម្រួល​”។

សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំមុន​ មាន​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី​ជាង​ 55,700នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ប្រជាជន​កម្ពុជា​ជាង​ 8,800​ នាក់​ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​សម្បូរ​កោះ​មួយ​នេះ​។

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋ​មន្ដ្រី​ក្រសួងទេសចរណ៍​កម្ពុជា​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​ ត្រៀម​នឹង​បើក​ជើងហោះហើរ​ត្រង់​រួមគ្នា​ឡើង​វិញ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ របស់​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំង2​ ក្នុង​ន័យ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ឱ្យ​កើនឡើង​ទ្វេដង​ ខណៈ​កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ឥណ្ឌូ​នេ​ស៊ី​កើនឡើង​ប្រមាណ​ 11​%។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ការ​បើក​ជើងហោះហើរ​ដោយ​ត្រង់នេះ​ កម្ពុជា​រំពឹង​ថា​ នឹងអាច​ស្រូប​បាន​ភ្ញៀវ​ទេសចរ​ពី​ឥណ្ឌូ​នេ​ស៊ី​កើនឡើង​ច្រើន​ ខណៈ​បច្ចុប្បន្ន​ភ្ញៀវ​ទេស​ចរ​ឥណ្ឌូ​នេ​ស៊ី​ មានត្រឹមតែ​ជាង​ 50,000នាក់​តែប៉ុណ្ណោះ​ក្នុង​ 1ឆ្នាំ​នៃ​ភ្ញៀវ​ទេសចរ​សរុប​ ដែល​កម្ពុជា​ទទួល​បាន​ជាង​ 6.2លាន​នាក់​នោះ​៕

Advertisement