រាជរដ្ឋាភិបាល​៖ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នឹង​មាន​គោលនយោបាយ​លើកកម្ពស់​គាំទ្រ​ដល់​ផលិតភាព​

រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ឃើញ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ដែល​កំពុង​ដំណើរការ​រៀបចំ​បង្កើត​នោះ​ មាន​គោលនយោបាយ​គាំទ្រ​ដល់​ការ​លើកកម្ពស់​ផលិតភាព​របស់​សហគ្រាស​ទាំងនោះ​ ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ នេះ​បើ​តាម​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ផ្តល់​ការណែនាំ​ដល់​ក្រុមការងារ​សម្រាប់​ការងារ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ឱ្យ​យកចិត្ត​ទុកដាក់​លើ​ការរៀបចំ​ផែនការ​អាជីវកម្ម​របស់​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​។

ពោល​គឺ​ ដើម្បី​ធានា​ឱ្យ​បាន​ថា​ ធនាគារ​នេះ​នឹងអាច​ដើរតួ​នាទី​ជា​ធនាគារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ដល់​ការ​លើកកម្ពស់​ផលិតភាព​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ជាពិសេស​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ2015​-2025​។

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ បាន​ស្នើ​ឱ្យ​ក្រុមការងារ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​សិក្សា​អំពី​លទ្ធភាព​ឱ្យ​ធនាគារ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ស្ថិត​ក្នុង​វិស័យ​អាទិភាព​ ដូច​ជា​កសិ​-ឧស្សាហកម្ម​ វិស័យ​ផលិតកម្ម​ វិស័យ​ទេសចរណ៍​ ជាដើម​ ក្នុង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​។

សូម​បញ្ជាក់​ថា​ ក្នុង​កិច្ចប្រជុំ​នោះ​បាន​ពិភាក្សា​លើ​របៀបវារៈ​សំ​ខាន់​ៗ រួមមាន​ ទី1​-ផែនការ​អា​ជី​កម្ម​ ទី2​-រចនាសម្ព័ន្ធ​គ្រប់គ្រង​ធនាគារ​ និង​ទី3​-កិច្ចការ​ផ្សេង​។ អង្គប្រជុំ​បាន​ឯកភាព​ជាគោល​ការណ៍​លើ​ផែនការអាជីវកម្ម​ ផែនការ​ហិរញ្ញវត្ថុ​រយៈពេល​ 3ឆ្នាំ​ និង​ការ​ជ្រើសរើស​បេក្ខភាព​ជា​ថ្នាក់​ដឹក​ នាំ​ជាន់ខ្ពស់​របស់​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​។

ការកំណត់​បេសកកម្ម​របស់​ធនាគារ​នេះ​ក្នុង​ការជំរុញ​ និង​គាំទ្រ​ការ​ផ្តល់​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជាពិសេស​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​បម្រើ​ដល់​ការនាំចេញ​ និង​បង្កើត​ខ្សែ​ចង្វាក់​តម្លៃ​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​ជាតិ​។ ទន្ទឹម​នេះ​ អង្គប្រជុំ​ក៏​លើកឡើង​ពី​ការងារ​ចាំបាច់​មួយចំនួន​ទៀត​ដែល​ជា​មូលដ្ឋាន​សម្រាប់​ការបង្កើត​ និង​ដំណើរការ​ធនាគារ​នេះ​ផង​ដែរ​។

ជា​រួម​ មកទល់​ពេលនេះ​ ការសិក្សា​អំពី​លទ្ធភាព​នៃ​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ព្រមទាំង​ការរៀបចំ​ផែនការអាជីវកម្ម​ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ​ដើម្បី​ឈាន​ដល់​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ត្រូវ​បាន​និង​កំពុង​រៀបចំ​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ហើយ​។ ជាមួយគ្នា​នេះ​ដែរ​ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ដំណើរការ​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

សូម​រំឭក​ថា​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ 100លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ សំដៅ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន៕

Advertisement