ក្រសួង​កសិកម្ម​ណែនាំ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ ក្នុង​ការស្រាវជ្រាវ​ ផលិត​ និង​ផ្សព្វផ្សាយ​ ប្រភេទ​ពូជស្រូវ​កន្តុល​សុទ្ធ​ Japonica​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បាន​ណែនាំ​ដល់​អគ្គនាយក​ដ្ឋាន​កសិកម្ម​ និង​មន្ទីរ​កសិកម្ម​ ខេត្តកំពង់ធំ​ ឱ្យ​បន្ត​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ជាពិសេស​លើ​ការងារ​ស្រាវជ្រាវ​ ផលិត​ និង​ផ្សព្វផ្សាយ​ ប្រភេទ​ពូជស្រូវ​កន្តុល​ Japonica​ ជូន​ប្រជាកសិករ​ ក្រោយ​ពី​បាន​សាកល្បង​ដាំដុះ​ស្រូវពូជ​នេះ​ប្រកបដោយ​ជោគជ័យ​នៅ​ខេត្តកំពង់ធំ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីតាំង​សាកល្បង​ការ​ដាំដុះ​ពូជស្រូវ​កន្តុល​នៅ​ខេត្ត​កំ​ពង​ធំៗ​នា​ពេល​កន្លងទៅ​ ឯកឧត្ដម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ បាន​សារ​ទរ​ចំពោះ​កិច្ចសហការ​ និង​វឌ្ឍនភាព​ របស់​ក្រុមហ៊ុន​ Jiangsu​ Long​ An​ Agricultural​ Co​., Ltd​ សហគមន៍​ និង​សមាគម​នៅ​ខេត្តកំពង់ធំ​ដែល​ សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ដាំដុះ​ប្រភេទ​ពូជស្រូវ​កន្តុល​ Japonica​។

ឯកឧត្ដម​ក៏បាន​ណែនាំ​ដល់​អគ្គនាយក​ដ្ឋាន​កសិកម្ម​ និង​មន្ទីរ​កសិកម្ម​ខេត្ត​ឱ្យ​បន្ត​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ជាពិសេស​លើ​ការងារ​ស្រាវជ្រាវ​ ផលិត​ និង​ផ្សព្វផ្សាយ​ពូជស្រូវ​សុទ្ធ​ប្រភេទ​នេះ​ជូន​ប្រជាកសិករ​ ដើម្បី​ធានា​ដល់​គុណភាព​ ផលិតភាព​ និង​ទីផ្សារ​ និង​ធ្វើ​យ៉ាងណា​ជួយ​ក្រុមហ៊ុន​ សហគមន៍​ និង​សមាគម​សម្រេច​ឱ្យ​បាន​នូវ​ផែនការ​ពង្រីក​ការ​ដាំដុះ​រហូតដល់​ 300ហិ​កតា​។ ឯកឧត្ដម​រដ្ឋមន្ត្រី​ ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ពូជ​ japonica​ នេះ​នឹង​ត្រូវ​នាំចេញ​ទៅ​ប្រទេស​ចិន​ ដែល​បច្ចុប្បន្ន​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​។

គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Jiangsu​ Long​ An​ Agricultural​ Co​., Ltd​ បាន​ធ្វើការ​សាកល្បង​ដាំដុះ​ពូជស្រូវ​កន្តុល​ Japonica​ នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ​។បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍​កំពង់គរ​ ក្នុង​ការសាកល្បង​ផលិត​ពូជស្រូវ​ប្រភេទ​នេះ​លើ​ផ្ទៃដី​ចំនួន​ 8ហិ​កតា​ ដោយ​ក្នុង​ 1ហិ​កតា​ ទទួល​បានផល​ 6.5តោន​ ហើយ​ចំពោះ​តម្លៃ​វិញ​ គឺ​ទទួល​បាន​ 1,000រៀល​ ក្នុង​ 1គីឡូក្រាម​។ ពូជស្រូវ​ដែល​ក្រុមហ៊ុន​ប្រគល់​ជូន​សហគមន៍​កំពង់គរ​ គឺ​មាន​ភាព​លូតលាស់​ល្អ​ប្រសើរ​ ទិន្នផល​ខ្ពស់​ ធន់​នឹង​អាកាសធាតុ​ និង​ជំងឺ​។

លោក​ Huang​ Ming​ An​ អ្នកស្រាវជ្រាវ​ពូជស្រូវ​ នៅ​មន្ទីរពិសោធន៍​ លើ​ពូជស្រូវ​ Japonica​ នៃ​ក្រុមហ៊ុន​ Jiangsu​ Long​ An​ បានឱ្យ​ដឹង​ថា​ មន្ទីរ​ពិសោធន៍​របស់​លោក​ឥឡូវ​កំពុងធ្វើការ​ដាំស្រូវ​នៅ​លើ​ផ្ទៃដី​ 8ហិ​កតា​ក្នុង​ខេត្តកំពង់ធំ​ជាផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង​។

ក្រុមហ៊ុន​ Jiangsu​ Long​ An​ ឥឡូវ​បាន​ធ្វើការ​ចរចា​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍​ក្នុង​តំបន់​ និង​មាន​ផែនការ​ពង្រីក​ផ្ទៃដី​ដាំដុះ​ឱ្យ​បាន​ 300ហិ​កតា​នៅក្នុង​ខេត្តកំពង់ធំ​។ លោក​ឱ្យ​ដឹង​ថា​ ការសាកល្បង​លើ​ពូជស្រូវ​កន្តុល​នេះ​ អំពី​ភា​ពសុាំ​នឹង​អាកាសធាតុ​ ដី​ត្រូវ​បាន​ធ្វើតេស្ត​នៅក្នុង​ខេត្ត​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ 2017​ បន្ទាប់ពី​ក្រសួង​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​កាលពី​ខែមករា​ជាមួយ​មន្ទីរពិសោធន៍​ចិន2​ គឺ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពូជស្រូវ​ហ៊ូ​ណាន​ និង​ក្រុមហ៊ុនJiangsu​ Long​ An​ ដើម្បី​សិក្សា​ពី​ប្រភេទ​ស្រូវ​រួមគ្នា​។

លោក​ ចាន់​ ពេជ្រ​ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Signatures​ of​ Asia​ បាន​ថ្លែង​ថា​ ក្រុមហ៊ុន​លោក​បាន​សាកល្បង​ពូជស្រូវ​កន្តុល​នេះ​ 2ទៅ​ 3ឆ្នាំ​ដែរ​។ លោក​ថា​ ការផលិត​ពូជស្រូវ​នេះ​ មិន​មាន​ជួប​បញ្ហា​អ្វី​ទេ​ ដោយ​ទទួល​បាន​ទិន្នផល​ 4តោន​ ប៉ុន្តែ​នៅពេល​ លោក​យក​ពូជស្រូវ​កន្តុល​នេះ​ ទៅ​ឱ្យ​កសិករ​ដាំដុះ​ វា​បែរជា​សូវ​មាន​ទិន្នផល​ខ្ពស់ទៅ​វិញ​។ លោក​ពេជ្រ​បាន​បន្ត​ថា​៖“ការ​ដាំស្រូវ​កន្តុល​នេះ​ យក​ទៅ​ធ្វើជា​ពូជ​មិន​មាន​បញ្ហា​ចោទ​ទេ​ ដោយឡែក​នៅពេល​ផ្តល់​ឱ្យ​កសិករ​ដាំ​ គឺ​បរាជ័យ​។ ស្រូវ​កន្តុល​នេះ​ តម្លៃ​ក៏​មិន​ថ្លៃ​ដែរ​ តម្លៃ​វា​លើស​អង្ក​រស​យើង​ប្រមាណ​ 150​ ទៅ​ 250ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ 1តោន​ ប៉ុន្តែ​តម្លៃ​វា​នៅ​ទាប​ជាង​អង្ករ​ក្រអូប​កម្ពុជា​ទេ​”។ លោក​ពេជ្រ​បន្ត​ទៀត​ថា​ បើ​ទោះបីជា​លោក​ទិញ​ពូជស្រូវ​កន្តុល​នេះ​ពីជ​ប៉ុន​ និង​វៀតណាម​មក​ដាំ​ ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ​ ប្រហែល​ដោយសារតែ​មាន​បញ្ហា​ជាមួយនឹង​បច្ចេកទេស​ដាំដុះ​។

លោក​ពេជ្រ​បានឱ្យ​ដឹង​ទៀត​ថា​ អ្វី​ដែរ​ត្រូវ​ធ្វើ​ គឺ​អ្នកស្រាវជ្រាវ​ពូជ​ ត្រូវ​ស្រាវជ្រាវ​ពូជ​ប្រភេទ​នេះ​ និង​ផលិត​ពូជ​នេះ​ដោយខ្លួនឯង​ដែល​ធ្វើ​ឱ្យ​មាន​ទិន្នផល​ខ្ពស់​។ ការ​ដាំស្រូវ​ កន្តុល​នៅ​ស្រុកខ្មែរ​ គឺ​ពិបាកធ្វើ​ ពីព្រោះ​មាន​ក្រុមហ៊ុន​ជាច្រើន​សាកល្បង​ តែ​មិនទាន់​ទទួល​បាន​ជោគជ័យ​នៅឡើយ​ ដោយ​បាន​ទិន្នផល​មិនសូវ​ខ្ពស់​។

លោក​ សុង​ សា​រ៉ន​ អគ្គនាយក​ក្រុមហ៊ុន​ Amru​ Rice​ បាន​មានប្រសាសន៍​ថា​ ពូជស្រូវ​ Japonica​ មាន​សក្តា​នុ​ពល​ខ្លាំង​ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​បាន​ត្រៀមខ្លួន​ដើម្បី​ដាំ​វា​សម្រាប់​គោលបំណង​ពាណិជ្ជ​កម្ម​នោះ​ទេ​។

លោក​បាន​ថ្លែង​ថា​៖“បន្ទាប់ពី​ការ​ធ្វើតេស្ត​ជាច្រើនលើក​ យើង​បាន​សន្និដ្ឋាន​ថា​ ពូជស្រូវ​ Japonica​ អាច​រីកចម្រើន​យ៉ាង​ល្អ​នៅ​កម្ពុជា​ដោយមាន​ទិន្នផល​ខ្ពស់​”។

លោក​បន្ត​ថា​ ក្រុមហ៊ុន​របស់​លោក​ក៏​ធ្លាប់​បាន​ធ្វើតេស្ត​លើ​ពូជ​មួយ​នេះ​ដែរ​ ប៉ុន្តែ​លោក​ថា​៖“ ទោះជាយ៉ាងណា​ក៏ដោយ​ ពូជស្រូវ​ប្រភេទ​នេះ​ត្រូវការ​ទឹក​ច្រើន​ ដូច្នេះ​យើង​ត្រូវ​សិក្សា​អំពី​វិធី​កាត់បន្ថយ​បរិមាណ​ទឹកដែល​វា​ត្រូវការ​”។ យោង​តាម​លោក​ សា​រ៉ន​ ពូជ​ស្រូវ​ Japonica​ អាច​លក់​បាន​យ៉ាង​ល្អ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ តួ​កគី​ និង​ប្រទេស​មួយចំនួន​ទៀត​នៅក្នុង​សហគមន៍​អឺរ៉ុប​។

លោក​សា​រ៉ន​ថា​ បច្ចុប្បន្ន​នេះ​ការ​ដាំដុះ​ស្រូវពូជ​Japonica​ នៅតែ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​សាក​ល្បង​នៅឡើយ​ យើង​ត្រូវការ​យ៉ាងហោចណាស់​ពី​ 3ទៅ​ 4ឆ្នាំ​ទៀត​ដើម្បី​យល់ដឹង​អំពី​ដំណាំស្រូវ​ពូជ​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទើប​ចូលក្នុង​ដំណាក់កាល​ពាណិជ្ជកម្ម​។

គួរ​បញ្ជាក់​ថា​ កាលពី​ឆ្នាំមុន​ ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ 626,225តោន​ ធ្លាក់ចុះ​ 1.5ភាគរយ​ ធៀប​នឹង​ឆ្នាំ​ 2017​។ ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​នាំចេញ​អង្ករ​ 3ប្រភេទ​ គឺ​អង្ករ​ក្រអូប​ (493,597តោន​ ឬ 78.8​% នៃ​ការនាំចេញ​អង្ករ​) អង្ក​រស​គ្រាប់​វែង​ (105,990តោន​ ឬ 16.9​%) និង​អង្ករ​ចំហុយ​គ្រាប់​វែង​ 26,638តោន​ ឬ 4.2​%)។

ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​នៅតែ​បន្ត​ជាមួយ​សហភាព​អឺរ៉ុប​ដែល​បាន​នាំចូល​ជិត​ 270,000​តោន​ ដែល​ស្មើនឹង​ 42.9​% នៃ​ការនាំចេញ​សរុប​។ បើ​គិត​តាម​ប្រទេស​នី​មួយ​ៗ អ្នកទិញ​ធំ​បំផុត​ គឺ​ចិន​ (170,000តោន​) បន្ទាប់មក​បារាំង​ (90,000តោន​) ម៉ាឡេស៊ី​ (40,000តោន​) ហ្គាបុង​ (30,000តោន​) និង​ហូ​ឡង់​ (26,000តោន​)៕

Advertisement