FAO​-កម្ពុជា​ ចាត់វិធានការ​តឹងរ៉ឹង​ អង្កេត​តាមដាន​ ទប់ស្កាត់​ និង​ការពារ​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​

បន្ទាប់ពី​មាន​របាយការណ៍​ថ្មី​ស្ដីពី​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (ASF​) រាតត្បាត​ខ្លាំង​នៅ​ប្រទេស​វៀតណាម​ជាប់​ខាង​ប្រទេស​កម្ពុជា​ ប្រទេស​កម្ពុជា​នៅ​តែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ ដោយ​ក្រសួង​កសិកម្ម​បាន​បន្ត​អំពាវនាវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ការនាំចូល​កាន់តែ​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការនាំចូល​ខុសច្បាប់​នូវ​សត្វ​ជ្រូក​ដែល​អាច​ចម្លងជំងឺ​។

តាម​សេចក្តី​ថ្លែងការណ៍​ ក្រសួង​កសិកម្ម​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ដ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត​នូវ​ការ​ហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ការនាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ បន្ទាប់ពី​មាន​របាយការណ៍​ថ្មី​បង្ហាញថា​ វីរុស​បាន​រីក​រាលដាល​ពី​ភាគ​ខាងជើង​ ទៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ដែល​មាន​ព្រំដែន​ជាមួយ​ខេ​ត្ដ​តាកែវ​ ព្រៃវែង​ និង​ខេ​ត្ដ​ស្វាយរៀង​របស់​កម្ពុជា​។

ឯកឧត្ដម​ តាន់​ ផា​ណា​រ៉ា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ផលិតកម្ម​ និង​សុខភាព​សត្វ​ បាន​មាន​ប្រសាសន៍​ថា​៖“ព័ត៌មាន​នៃ​ការ​ផ្ទុះ​ឡើង​ថ្មី​ៗនៅក្នុង​ប្រទេស​វៀតណាម​ បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រីក​រាលដាល​មក​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ប្រសិនបើ​ការ​ហាមឃាត់​ការនាំចូល​ជ្រូក​ មិនបាន​អនុវត្ត​ត្រឹមត្រូវ​។ ទោះបីជា​មានការ​ហាមឃាត់​ក៏ដោយ​ ក៏​ការនាំចេញ​ខុសច្បាប់​នៃ​ជ្រូក​វៀតណាម​មក​កម្ពុជា​នៅតែ​កំពុង​ស្វែងរក​ផ្លូវចូល​ដដែល​។ទី1​ យើង​កំពុង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ រឹតត្បិត​ចំពោះ​ការ​ហាមឃាត់​នេះ​។ ទី2​ យើង​ចង់ឱ្យ​ប្រជាជន​ ដែល​រស់នៅ​ជិត​ព្រំដែន​ចៀសវាង​ការទិញ​សាច់​ជ្រូក​ ពី​ប្រភព​ដែល​មិន​ស្គាល់​“។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ ឬ FAO​ និង​អង្គការសុខភាព​សត្វ​ពិភពលោក​ ឬ OIE​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ឯកឧត្ដម​ វេង​ សា​ខុន​ បាន​ស្នើសុំ​ជំនួយ​ និង​ដំបូន្មាន​ដើម្បី​ការពារ​ការ​រាតត្បាត​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (ASF​) នៅ​កម្ពុជា​ ដោយ​អ្នកជំនាញ​ការ​របស់​អង្គការ​ FAO​ និង​ OIE​ ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ជូ​យក្នុង​ការពិនិត្យ​ជ្រូក​ក្នុង​ស្រុក​ រកមើល​រោគសញ្ញា​នៃ​វីរុស​ និង​ផ្តល់​យោបល់​ជូន​រដ្ឋាភិបាល​។

លោក​វេជ្ជបណ្ឌិត​ Alexandre​ Huynh​ តំណាង​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ​(FAO​) បាន​បញ្ជាក់​ថា​ តាម​រយ:ការ​អញ្ជើញ​ជា​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ នៃ​ក្រសួង​កសិកម្ម​ ក្រុមការងារ​ជំនាញ​ផ្នែក​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រុិ​ក ដឹកនាំ​ដោយ​ Dr​. Fillip​ Claes​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដោយក្រុម​ការងារ​ជំនាញ​អង្គការ​ FAO​ នេះ​នឹង​ធ្វើការ​បង្ហាញ​ដោយសង្ខេប​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជា​រួម​របស់​ជំងឺ​ប៉េស្ត​ ជ្រូក​អា​ហ្វ្រុិ​ក និង​វិធានការ​ការពារ​ និង​ការទប់ស្កាត់​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​នា​ពេល​អនាគត​ផង​ដែរ​។

ឯកឧត្ដម​រដ្ឋ​មន្ដ្រី​បាន​បន្ថែម​ថា​៖“ជាង​នេះ​ទៀត​ ដោយ​មើលឃើញ​ពី​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៃ​ជំងឺ​នេះ​ដល់​ឧស្សាហកម្ម​ជ្រូក​ ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​ប្រធានមន្ទីរ​ និង​មន្ត្រី​ពេទ្យសត្វ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ទាំង7​ ត្រូវ​បង្កើន​ស្មារតី​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ ដោយ​ត្រូវ​អនុវត្ត​ខ្លឹមសារ​នៃ​សារាចរណែនាំ​លេខ119​ ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ បើ​ថ្លោះធ្លោយ​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​វិធានការ​រដ្ឋបាល​ និង​វិធានការ​ច្បាប់​។ ដោយឡែក​អ្នក​ចិញ្ចឹម​ជ្រូក​ ម្ចាស់​សត្តឃាតដ្ឋាន​ អាជីវករ​លក់​សាច់​ អ្នកនាំ​ចូល​ជ្រូក​ត្រូវ​ចូលរួម​សហការ​ អនុវត្ត​សារាចរណែនាំ​នេះ​ឱ្យ​មានប្រសិទ្ធភាព​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ កាលពី​ខែមេសា​ ករណី​ជំងឺ​ ASF​ មួយ​ត្រូវ​បាន​រាយការណ៍​នៅក្នុង​ខេត្តរតនគិរី​ដែល​ជាប់​ព្រំដែន​វៀតណាម​។ ក្រសួង​កសិកម្ម​បាន​បង្គាប់​ថា​ សត្វ​ដែល​រង​ផល​ប៉ះពាល់​ ត្រូវ​បាន​លុបបំបាត់​ចោល​ និង​ហាមឃាត់​ការ​ចរាចរ​ជ្រូក​ចេញពី​ខេ​ត្ដមួ​យនោះ​។

តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន​ ស៊ីន​ហួរ​ បានឱ្យ​ដឹង​ថា​ កាលពី​ចុងខែ​ឧសភា​ ឆ្នាំ​2019​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (ASF​) បាន​វាយលុក​បន្ថែម​ទៀត​ទៅកាន់​ខេត្ត​ស្ថិតនៅ​ភាគ​ខាងត្បូង​វៀតណាម​ ខណៈ​ខេត្ត​នៅ​ភាគ​ខាងជើង​មួយចំនួន​បាន​ផ្ទុះ​ករណីនេះ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ ដែល​នាំ​ឱ្យ​សត្វ​ជ្រូក​ជាច្រើន​ក្បាល​ត្រូវ​បាន​សម្លាប់​ និង​កម្ទេច​ចោល​ ខណៈ​ដែល​ប្រទេស​មួយចំនួន​ បាន​ផ្អាក​ការទិញ​ជ្រូក​ពី​ប្រទេស​វៀតណាម​។

បើ​តាម​អាជ្ញាធរ​វៀតណាម​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន​នេះ​ ជ្រូក​ចំនួន​ 55ក្បាល​នៅក្នុង​ស្រុក​ ម៉ា​យសូយែន​ (May​ Xuyen​) នៃ​ខេត្ត​សុក​ត្រាង​ (Soc​ Trang​) ត្រូវ​បាន​ពេទ្យ​ជំនាញ​រក​ឃើញថា​ មាន​ផ្ទុក​ទៅ​ដោយ​ វីរុស​ ASF​ ដូច្នេះហើយ​ខេត្ត​ភាគ​ខាងត្បូង​មួយ​នេះ​បាន​ក្លាយជា​តំបន់​ចុង​ក្រោយគេ​នៅ​វៀតណាម​ ដែល​មាន​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។

គួរ​បញ្ជាក់​ថា​ ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ទើប​ផ្ទុះ​ករ​ណី​ថ្មី​ៗខាងលើ​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ណែនាំ​ឱ្យ​សម្លាប់សត្វ​ជ្រូក​ដែល​កើតមាន​ជំងឺ​ចោល​ទាំងអស់​ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ទៅកាន់​តំបន់​ផ្សេងទៀត​។ ដោយឡែក​កាលពី​ចុងខែ​ឧសភា​ដដែល​ ជ្រូក​រាប់​សិប​ក្បាល​នៅក្នុង​ស្រុក​ក្វាង​ប៊ិញ ​(Quang​ Binh​) នៃ​ខេត្ត​ហា​គាំង​ (Ha​ Giang​) ភាគ​ខាង​ជើង​វៀតណាម​ក៏​ត្រូវ​បាន​យក​ទៅ​សម្លាប់​ និង​កម្ទេច​ចោល​ដែរ​ ក្រោយពី​ក្រុម​ជំនាញ​បាន​រក​ឃើញ​ជ្រូក​ទាំងនោះ​មាន​ផ្ទុក​វីរុស​ ASF​ ឬប៉េស្ត​ជ្រូក​អាហ្វ្រិក​។

អង្គការ​ FAO​ ប្រចាំ​នៅ​កម្ពុជា​ បាន​អះអាង​ថា​ នឹង​ជួយ​ដល់​កម្ពុជា​ លើ​វិធានការ​អង្កេត​តាមដាន​ ត្រួតពិនិត្យ​ ការពារ​ និង​ទប់ស្កាត់​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រ៊ិ​ក ដែល​បាន​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក៏បាន​ណែនាំ​ឱ្យ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ត្រូវ​ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ពេញលេញ​ល្អ​ ប្រយោជន៍​ដើម្បី​សុវត្ថិភាព​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រ៊ិ​កក្នុង​វិស័យ​ឧស្សាហកម្ម​ ជ្រូក​នៅ​កម្ពុជា​ ទាំង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត​។

លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​ បាន​ទទួលស្គាល់​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ​។ លោក​មានប្រសាសន៍​ថា​ ដោយសារ​ភាព​ជោគជ័យ​របស់ក្រ​សួង​ជា​អ្នក​ដោះស្រាយ​បញ្ហា​ យើង​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ និង​អ្នកប្រើ​ប្រាស់​ចង់​សុំ​ឱ្យ​មានការ​គ្រប់គ្រង​កាន់តែ​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​ថែមទៀត​ ដើម្បី​ទប់ស្កាត់​ការនាំចូល​សត្វ​រស់​ខុសច្បាប់​ ដើម្បី​បង្ការ​ពី​ការ​ឆ្លង​នូវ​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​ ដែល​នាំ​ឱ្យ​យើង​ខាតបង់​ច្រើន​៕

Advertisement