អគារកាស៊ីណូណាហ្កាទី2នឹងបើកដំណើរការចុងឆ្នាំនេះ

អគារកាស៊ីណូ NAGA2 ដែល​ជា​សណ្ឋាគារ និង​កាស៊ីណូ​ដែល​តភ្ជាប់​ទៅ​កាស៊ីណូ​ និង​រមណីយដ្ឋាន Naga World តាម​ផ្លូវ​ក្រោម​ដីនឹងបើកដំណើរការនៅចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

​យោង​តាម​របាយ​ការណ៍​មួយ​កាលពី​ម្សិលមិញ​ដែលទទួលបាន​ពី​ក្រុមហ៊ុន GGR Asia​ បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា សណ្ឋាគារ និងកាស៊ីណូណាហ្កា2 ដែលមាន​បន្ទប់​សណ្ឋាគារ​ថ្មី​ 1,000បន្ទប់ តុ​លេង​ហ្គេម​300 ​និង​ម៉ាស៊ីន​ហ្គេម​អេឡិច​ត្រូនិក500​នឹង​បើក​ដំណើរ​ការនៅ​ចុង​ឆ្នាំ​នេះ។

អគារនេះនៅមានសាលដ៏ធំមួយដែលអាចដាក់មនុស្ស​បាន 3,000នាក់ផងដែរសម្រាប់រៀបចំកម្មវិធីផ្សេងៗ ដូចជាការប្រកួតកីឡាក្នុងសាលលំដាប់​អន្តរជាតិ និងមហោស្រពផ្សេងៗទៀតផង។

ក្រុមហ៊ុនវិនិយោគគម្រោងនេះបានព្យាករពីការទទួលបាន​ប្រាក់​ចំណេញ​បន្ទាប់​ពី113​ លាន​ដុល្លារមុន​ពេល​បង់​ការ​ប្រាក់ បង់ពន្ធ ការ​បញ្ចុះ​តម្លៃ និង​ការ​សង​បំណុល ​(EBITDA) នៅ​ពេល​ដាក់​ឲ្យ​ដំណើរការ​ពេញ​លេញ​នៅ​ឆ្នាំ​ដំបូង​។

លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា ការវិនិយោគលើសណ្ឋាគារ និងកាស៊ីណូរបស់ក្រុមហ៊ុន Naga Corp ជាផ្នែកមួយនៃផលិតផលទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវមកទស្សនាកម្ពុជាព្រោះ​ទេសចរមានប្រមាណពី៣០ទៅ៥០ប្រភេទហើយទេសចរមកលេងល្បែង​ជា​ទេសចរមួយប្រភេទដែលចំណាយប្រាក់ច្រើន។

លោកបន្តថា “យើងមិនមែនស្វាគមន៍ការលេងល្បែងនោះទេប៉ុន្តែយើងស្វាគ​មន៍ការវិនិយោគ និងការទាក់ទាញទេសចរបន្ថែម”។

ប្រធានសមាគមសណ្ឋាគារកម្ពុជាលោកឌិន សុមេធារិទ្ឋបានថ្លែងថា វិស័យ​សណ្ឋាគារកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងដោយសារការផ្គត់ផ្គង់​សណ្ឋាគារថ្មីៗកើនឡើងកាន់តែច្រើនប៉ុន្តែការមកដល់របស់ភ្ញៀវទេសចរមិនបានកើនឡើងខ្ពស់នោះទេ។ លោកបន្តថា ក្នុងពេលមានការប្រកួតប្រជែងតានតឹងបែបនេះបានធ្វើឲ្យសណ្ឋាគារតូចៗមួយចំនួនប្រឈមមុខនឹងការបិទទ្វារហើយសណ្ឋាគារធំៗនឹងលក់បញ្ចុះតម្លៃកាន់តែច្រើនដើម្បីទទួលបានភ្ញៀវស្នាក់នៅជាជាងទុកបន្ទប់ឲ្យនៅទំនេរ៕

Advertisement