ក្រសួង​៖ ទិន្នន័យ​គំនូរ​ឧស្សាហកម្ម​ និង​កម្មសិទ្ធិ​បញ្ញា​កម្ពុជា​ ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ទិន្នន័យ​អាស៊ាន​-សហភាព​អឺរ៉ុប​ ជា​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ប្រកបដោយ​ចីរភាព​

គំនូរ​ឧស្សាហកម្ម​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ និង​ប្រើប្រាស់​យ៉ាងសកម្ម​នៅក្នុង​ទីផ្សារ​សម្រាប់​ការ​លក់​ផលិត​ផល​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់ទាញ​អតិថិជន​ឱ្យ​ចាប់អារម្មណ៍​លើ​ផលិតផល​របស់​ខ្លួន​ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការប្រកួត​ប្រជែង​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការ​អះ​ អាង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​។

ឯកឧត្តម​ ភោគ​ សុ​វណ្ណ​រិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​មានប្រសាសន៍​ថា​ ក្រសួង​បាន​និង​កំពុង​អនុវត្តយ៉ាង​សកម្ម​នូវ​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​រីកចម្រើន​ប្រកប​ដោយ​បរិ​យា​ប័ន្ន។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖“ជាក់ស្តែង​ផ្នែក​កម្មសិទ្ធិ​ឧស្សាហកម្ម​ ក្រសួង​បាន​បន្ត​ខិតខំ​ពង្រីក​កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា​ ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អង្គការ​អន្តរជាតិ​ និង​បណ្តា​អង្គភាព​កម្មសិទ្ធិ​បញ្ញា​លើ​ពិភពលោក​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​ប្រកាសនីយ​បត្រ​ តក្កកម្ម​ គំនូរ​ឧស្សាហកម្ម​ដំណើរការ​ស៊ីសង្វាក់​គ្នា​ជាមួយ​អន្តរជាតិ​ និង​ទទួល​បានការ​ទាក់ទាញ​ការចុះបញ្ជី​ការពារ​កម្មសិទ្ធិ​បញ្ញា​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​”។

ឯកឧត្តម​បាន​បន្ត​ថា​៖“នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​យើង​មានការ​សហការ​ជាមួយ​បណ្តា​អង្គភាព​កម្មសិទ្ធិ​បញ្ញា​នៅក្នុង​តំបន់​អាស៊ាន​ យើង​មាន​គម្រោង​របស់​សហគមន៍​អឺរ៉ុប​ជួយ​គាំពារ​ខាង​ផ្នែក​កម្មសិទ្ធិ​បញ្ញា​តំបន់​អាស៊ាន​”។

ថ្ងៃនេះ​គម្រោង​ជួយ​គាំទ្រ​ការ​ធ្វើស​មា​ហរ​ណកម្ម​អាស៊ាន​លើ​ផ្នែក​កម្មសិទ្ធិ​បញ្ញា​របស់​សហ​ ភាព​អឺរ៉ុប​ ARISE​+IPR​ (The​ Enhanced​ ASEAN​ Regional​ Intergration​ Suuport​ from​ TheEuropean​ Union​for​ Intellectual​ Property​) បាន​សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​ និង​ សិប្បកម្ម​ រៀបចំ​សិក្ខាសាលា​គំនូរ​ឧស្សាហកម្ម​ និង​ដាក់​ឱ្យ​ដំណើ​ការ​ទិន្នន័យ​គំនូរ​ឧស្សាហកម្ម​កម្ពុជា​ ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ទិន្នន័យ​អាស៊ាន​ និង​កម្មសិទ្ធិ​បញ្ញា​សហភាព​អឺរ៉ុប​ដើម្បី​ជា​ប្រយោជន៍​ដល់​កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា​”។

លោក​ ង៉ែត​ វិបុល​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​ថ្លែង​ឱ្យ​ដឹង​ថា​៖“គោលបំណង​សិក្ខាសាលា​នា​ថ្ងៃនេះ​ គឺ​ដើម្បី​បំប៉ន​ចំណេះដឹង​ និង​ស្វែងយល់​បន្ថែម​ទៀត​អំពី​គំនូរ​ឧស្សាហកម្ម​ ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​នៃ​កម្មសិទ្ធិ​បញ្ញា​ និង​ជាមួយគ្នា​នេះ​ដែរ​ ជា​ការ​ដាក់​ឱ្យ​ដំណើរការ​ទិន្នន័យ​គំនូរ​ឧស្សាហកម្ម​កម្ពុជា​ តភ្ជាប់​ជាមួយ​ទិន្នន័យ​គំនូរ​ឧស្សាហកម្ម​ក្នុង​តំបន់​អាស៊ាន​ទៅ​សហភាព​អឺរ៉ុប​ដែល​ជា​ប្រយោជន៍​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា​”។

ការ​សុំ​ការពារ​គំនូរ​ឧស្សាហកម្ម​ គឺ​មាន​សារៈសំខាន់​ និង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ អ្នក​ គូរ​ តក្ក​ករ​ រោងចក្រ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​(SMEs​)សិប្បករ​ ធុរជន​ពី​ការ​លួច​ចម្លង​គំនូរ​ឧស្សាហកម្ម​ ការរចនា​ម៉ូដ​របស់​ផលិតផល​ដោយ​គ្មាន​ការអនុញ្ញាត​។ នៅ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​ មានច្បាប់​ប្រកាស​នី​យបត្រ​តក្កកម្ម​ វិញ្ញាបនបត្រ​ម៉ូដែល​ដែល​មា​នប្រ​-យោជន៍​ និង​ប្រកាស​អំពី​ការចុះបញ្ជី​ប្រើប្រាស់​គំនូរ​ឧស្សាហកម្ម​នេះ​។

គំនូរ​ឧស្សាហកម្ម​មួយ​ដែល​បាន​ទទួល​កិច្ចការពារ​ យើង​ឱ្យ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការប្រើ​ប្រាស់​ធ្វើអាជីវកម្ម​ និង​មាន​សិទ្ធិ​ហាមឃាត់​អ្នកធ្វើ​តាម​ អ្នក​លួច​ចម្លង​គំនូរ​ឧស្សាហកម្ម​ដែល​ដាក់​លក់​លើ​ទីផ្សារ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​ដើម​ស្របច្បាប់​។ នេះ​បើ​តាម​លោក​វិបុល​បាន​បញ្ជាក់​។

លោក​អគ្គនាយករង​រូប​នេះ​បាន​បញ្ជាក់​ថា​៖“នាយកដ្ឋាន​កម្មសិទ្ធិ​ឧស្សាហកម្ម​បាន​ដំណើរការ​ ទទួលពាក្យ​សុំ​ការពារ​ និង​ផ្តល់​កិច្ចការពារ​ជូន​អ្នក​ដាក់​ពាក្យ​ស្នើសុំ​ចាប់ពី​ឆ្នាំ2008​ ដល់​ឆ្នាំ2018​ យើង​ទទួល​បាន​ចំនួន​ 243ពាក្យសុំ​ និង​បាន​ចុះបញ្ជី​ចំនួន​ 672គំនូរ​ឧស្សាហកម្ម​”។

លោក​បានឱ្យ​ដឹង​ទៀត​ថា​៖“ការចុះបញ្ជី​គំនូរ​ឧស្សាហកម្ម​ គឺ​ឈរ​លើ​មូលដ្ឋាន​លក្ខខណ្ឌ​ថ្មី​ ដែល​ផ្តល់​កិច្ចការពារ​សរុប​ចំនួន15ឆ្នាំ​ (ដោយ​ម្តង​អាច​ធ្វើអាជីវកម្ម​រយៈពេល​ 5ឆ្នាំ​) និង​បន្ត​បាន​ 3ដង​”។

លោក​ វិបុល​ បាន​បន្ត​ថា​៖“យើង​ទទួល​បានការ​សុំ​ចុះបញ្ជី​ភាគច្រើន​មក​ពី​បរទេស​ប្រមាណ80​% រីឯ​តក្ក​ករ​ អ្ន​កឌីហ្សាញ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​មានតែ​ 20​%ទេ​។ ដូច្នេះ​យើង​ចង់ឱ្យ​មាន​ការចាប់អារម្មណ៍​ពី​ SMEs​ ក្នុង​ស្រុក​ដើម្បី​ដាក់ពាក្យ​សុំ​ការពារ​គំនូរ​ឧស្សាហកម្ម​ ហេតុនេះ​ហើយ​ទើប​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បន្ត​ការ​បណ្តុះបណ្តាល​ ផ្សព្វផ្សាយ​ អំពី​សារប្រយោជន៍​នៃ​កម្មសិទ្ធិ​បញ្ញា​ និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​បានដឹង​ និង​ចូលរួម​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ខ្លួន​ជាបន្តបន្ទាប់​”។

លោក​ ង៉ែត​ វិបុល​ បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖“រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូល​ជាស​មា​ជិ​ករបស់​កិច្ច​ព្រមព្រៀង​ទីក្រុង​ឡា​អេ​ផង​ដែរ​អំពី​ការចុះបញ្ជី​គំនូរ​ឧស្សាហកម្ម​អន្តរជាតិ​តាំងពី​ឆ្នាំ2017​ មក​ ហើយ​ឆ្នាំ2018​ យើង​បាន​ទទួលការ​សុំ​ការពារ​ចំនួន​ 250គំនូរ​ឧស្សាហកម្ម​ពី​ប្រព័ន្ធ​អន្តរជាតិ​នេះ​ហើយ​ចំនួន​នៃ​ការ​សុំ​ចុះបញ្ជី​នេះ​ អាច​មានការ​កើន​ឡើង​បន្ត​ទៀត​នៅ​ឆ្នាំ2019​ នេះ​”។

លោក​ Tiago​ Guerreiro​ ជា​ប្រធាន​គម្រោង​ ARISE​+IPR​ បាន​ថ្លែង​ថា​៖“ការ​សុំ​ចុះបញ្ជី​ការពារ​គំនូរ​ឧស្សាហកម្ម​នៅក្នុង​ទីក្រុង​ឡា​អេ​ គឺជា​ការ​ផ្តល់​តម្លៃ​ការងារ​របស់​ SMEs​ ផ្ទាល់​ ដោយ​បាន​ប្រើជា​ប្រចាំ​ឱ្យ​ក្រុមហ៊ុន​របស់​ខ្លួន​ ហើយ​ឆ្លើយតបទៅនឹង​ផលិតផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស​) GDP​ របស់​ប្រទេស​ផ្ទាល់ខ្លួន​ផង​ដែរ​”។

លោក​ Tiago​ Guerreiro​ បាន​បញ្ជាក់​ថា​៖ “នៅ​បណ្តា​ប្រទេស​អឺរ៉ុប​ចាប់ពី​ឆ្នាំ2003​ មក​ ការទទួលខុសត្រូវ​លើ​កម្មសិទ្ធិ​បញ្ញា​ត្រូវ​បាន​ត្រួតពិនិត្យ​មើល​ថា​ តើ​សហគ្រាស​ SMEs​ 1 មាន​ភាព​ត្រឹមត្រូវ​ដែរ​ឬទេ​? ប្រសិនបើ​ SMEsនោះ​មាន​ភាព​ត្រឹមត្រូវ​ហើយ​ យើង​ត្រូវតែ​ចុះបញ្ជី​ការពារ​សិទ្ធិ​ឱ្យ​គេ​ ដែល​បច្ចុប្បន្ន​មាន​ចំនួន​ 2.5លាន​ដែល​បាន​ចុះបញ្ជី​ហើយ​ ហើយ​យើង​បានការ​ពារ​កម្មសិទ្ធិ​បញ្ញា​របស់​គេ​។ ក្នុង​ការ​ការពារ​គំនូរ​ឧស្សាហកម្ម​នេះ​ យើង​ក៏​មានការ​ការពារ​ចំនួន​រាប់​លាន​នៅ​សហគមន៍​អឺរ៉ុប​ ព្រោះថា​ការ​ការពារ​គំនូរ​ឧស្សាហកម្ម​ និង​កម្ម​សិទ្ធ​បញ្ញា​នាំ​ឱ្យ​មានការ​រីកចម្រើន​ខាងសេដ្ឋកិច្ច​ និង​ឱកាស​ការងារ​ ដែល​នាំ​ឱ្យ​មាន12​% នៃ​ឱកាស​ការងារ​នៅ​អឺរ៉ុប​ និង​ការប្រកួត​ប្រជែង​នា​ពេល​បច្ចុប្បន្ន​ រួម​ជាមួយនឹង​ការងារ​ការពារ​កម្មសិទ្ធិ​បញ្ញា​នេះ​ SMEs​ តូច​ៗក៏អាច​ធានា​បាន​នូវ​ប្រាក់ចំណូល​របស់​ខ្លួន​ឱ្យ​មាន​ស្ថិរភាព​បាន​ដែរ​”។

សូម​បញ្ជាក់​ថា​ នៅ​តំបន់​អាស៊ាន​មាន​ប្រទេស​ចំនួន3​ រួមមាន​កម្ពុជា​ ប្រ៊ុយណេ​ និង​ប្រទេស​សិង្ហបុរី​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ការចុះបញ្ជី​ជាខ្នាត​អន្តរជាតិ​នូវ​គំ​នូ​ឧស្សាហកម្ម​កម្មសិទ្ធិ​បញ្ញា​ក្រុង​ឡា​អេ​៕

Advertisement