នៅ​ឆ្នាំ2020​ ក្រុងភ្នំពេញ​នឹង​លែង​ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ហើយ​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​ នៅ​ឆ្នាំ​2020​ ខាងមុខនេះ​ នៅក្នុង​រាជធានី​ភ្នំពេញ​ នឹង​លែង​ខ្វះខាត​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដូច​ឆ្នាំនេះ​ទៀត​ហើយ​ ដោយ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ជាទិញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មក​ពី​ប្រទេស2​ ចំនួន​ 400​មេ​ហ្គា​វ៉ាត់​។ រដ្ឋាភិបាល​បាន​អនុម័ត​រួចហើយ​នូវ​ការ​បញ្ជាទិញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ពី​ប្រទេស​ចំនួន2​ គឺ​ប្រទេស​ហ្វាំងឡង់​ចំនួន​ 200មេ​ហ្គា​វ៉ាត់​ និង​អាល្លឺម៉ង់​200មេ​ហ្គា​វ៉ាត់​ សរុប​មាន​ចំនួន​ 400មេ​ហ្គា​វ៉ាត់​ ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​រាជធានី​ភ្នំពេញ​។ សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា​ យើង​ត្រូវតែ​រៀប​ផែនការ​ថ្មី​ចំពោះ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រីកចម្រើន​របស់​កម្ពុជា​ និង​ការ​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​កង្វះខាត​អគ្គិសនី​ប្រើប្រាស់​។

សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​បន្ត​ថា​ ការ​ខ្វះ​ភ្លើង​ប្រើប្រាស់​ក្នុង​ឆ្នាំ2019​ នេះ​ គឺជា​មេរៀន​សម្រាប់​កម្ពុជា​ ខណៈ​ប្រទេស​នេះ​ពឹងផ្អែក​ខ្លាំង​លើ​ប្រភព​ថាមពល​វារីអគ្គិសនី​ ដែល​ជួប​បញ្ហា​ខ្វះខាត​ទឹក​ក្នុង​ការផលិត​អគ្គិសនី​កាលពី​រដូវប្រាំង​កន្លង​ទៅ​ថ្មី​ៗនេះ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ “យើង​នៅ​មាន​បញ្ហា​ទាក់ទិន​នឹង​ការ​ខ្វះ​ទឹក​ទៅលើ​ការប្រើ​ប្រាស់​វារីអគ្គិសនី​ ដែល​ធ្វើ​ឱ្យ​វារីអគ្គិសនី​របស់​យើង​ គ្មាន​ស្ថិរភាព​នៅក្នុង​ការ​ផ្គត់ផ្គង់​។ ឆ្នាំនេះ​ជា​បទ​ពិសោធ​ផ្តល់​មេរៀន​ឱ្យ​យើង​ច្រើន​ ដែល​យើង​ត្រូវ​ខិតខំ​រក​វិធី​ដោះស្រាយ​ ដើម្បី​កុំឱ្យ​ជួប​បញ្ហា​ច្រំដែល​នេះ​នៅ​ឆ្នាំខាងមុខ​”។

សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​បន្ត​ទៀត​ថា​៖ “វារី​អគ្គិសនី​របស់​យើង​មាន​កម្លាំង​ប្រមាណ​ជិត​ 1,400មេ​ហ្គា​វ៉ាត់​ ក៏ប៉ុន្តែ​ការផលិត​ ថ្ងៃ​ខ្លះ​បាន​ត្រឹមតែ100​ ឬ200មេ​ហ្គា​វ៉ាត់​ទេ​។ ថ្ងៃ​ខ្លះ​បាន​ទៅដល់​ 600មេ​ហ្គា​វ៉ាត់​ឃើញថា​ គ្រាន់បើ​បន្តិច​ ប៉ុន្តែ​មិនបាន​គ្រប់​ម៉ោង​នោះ​ទេ​”។

ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​ រាជធានី​ភ្នំពេញ​ត្រូវតែ​ត្រៀម​អគ្គិសនី​ 400មេ​ហ្គា​វ៉ាត់​ទុក​។ ក្នុង​នោះ​ភ្លើង​ (ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​) 200​មេ​ហ្គា​វ៉ាត់​ នឹង​ត្រូវ​ទិញ​ពី​ហ្វាំងឡង់​ និង​ 200មេ​ហ្គា​វ៉ាត់​ទៀត​ ទិញ​ពី​អាល្លឺម៉ង់​ ត្រឹម​ខែតុលា​ខាងមុខនេះ​។ការ​ត្រៀម​ទុក​នេះ​ គឺ​ទុក​ប្រើ​ក្នុង​ពេល​ដែល​វារីអគ្គិសនី​បញ្ចេញ​ថាមពល​មិន​គ្រប់​ ខណៈ​ដែល​តម្រូវការ​ភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ កើន​ដល់​ជាង​ 1ពាន់​មេ​ហ្គា​វ៉ាត់​។ “ឆ្នាំក្រោយ​ គឺ​ភ្នំពេញ​គ្មាន​ហេតុផល​និយាយ​ថា​ ខ្វះ​អគ្គិសនី​ ហើយ​ត្រូវ​កាត់​ទេ​”។

សម្តេច​តេជោ​ហ៊ុន​ សែន​ ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​ សម្រាប់​ឆ្នាំនេះ​ផង​ដែរ​យើង​ក៏​នឹង​បើក​ដំណើរការ​រោងចក្រអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​ 3ផ្សេងទៀត​ ក្នុង​នោះ​រោងចក្រ​ចំនួន1​ មាន​សមត្ថភាព​អាច​ផលិត​បាន​ 373គីឡូវ៉ាត់​ម៉ោង​ និង​មួយទៀត​ចំនួន​ 370គីឡូវ៉ាត់​ម៉ោង​ ហើយនឹង​ដាក់​ដំណើរការ​ថ្ងៃនេះ​ មាន​ចំនួន​ 130គីឡូវ៉ាត់​ម៉ោង​។

សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន​ សម្តេច​ក៏បាន​ជួប​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ិន​ហ្សូ​ អាបេ​ដើម្បី​ផ្តល់​ជំនួយ​ដល់​ការ​លើកកម្ពស់​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ផង​ដែរ​ តាមរយៈ​ការ​បញ្ជាទិញ​ និង​ការ​តបណ្តាញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​មក​ផ្គត់ផ្គង់​នៅ​កម្ពុជា​៕

Advertisement