លំនៅឋាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន​ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​

ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (Phnom​ Penh​ SEZ​) បានឱ្យ​ដឹង​ថា​ ខ្លួន​អាច​នឹង​ចាប់ផ្តើម​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​នៅ​ឆ្នាំក្រោយ​នេះ​សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ ជាពិសេស​សម្រាប់​កម្មករ​ដែល​ធ្វើការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​តែម្ដង​។

លោក​ Hiroshi​ Uematsu​ អគ្គនាយក​នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ Phnom​ Penh​ SEZ​ Public​ Limited​ Company​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​លោក​នឹង​ដាក់​សំណើ​ទៅកាន់​រដ្ឋាភិបាល​នៅពេល​ផែនការមេ​នៃ​គម្រោង​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​បាន​ចប់​សព្វគ្រប់​។ លោក​ថ្លែង​ថា​ ខណៈ​ពេលនេះ​ក្រុមហ៊ុន​កំពុង​ស្វែងរក​ដី​ប្រមាណ​ 7ហិ​កតា​សម្រាប់​សាងសង់​គម្រោង​នេះ​ ដែល​ទីតាំង​នៃ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​នេះ​ គឺ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​តែម្ដង​។

លោក​ Uematsu​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោក​បាន​បម្រុងទុក​ដី​ប្រមាណ​ 7ហិ​កតា​សម្រាប់​សាងសង់​ម្តង​ហើយ​ តែ​ដោយសារតែ​មាន​ក្រុមហ៊ុន​ចិន​មួយ​មក​វិនិយោគ​នៅក្នុង​តំបន់​នេះ​ដែរ​ ហើយ​ត្រូវការ​ដី​ប្រមាណ​ជាង​ 40ហិ​កតា​ ដែល​ជាប់នឹង​ដី​បម្រុងទុក​នោះ​ ទើប​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ស្វែងរក​ទីតាំង​ថ្មីទៀត​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដដែល​។ លោក​ថា​ ក្រុមហ៊ុន​នឹង​សាងសង់​ផ្ទះ​ចំនួន​ 3ពាន់​ខ្នង​ ដោយ​អភិវឌ្ឍ​ជា​ដំណាក់កាល​។

កំណើន​សម្រាប់​លំនៅឋាន​តម្លៃ​សមរម្យ​មាន​ការ​កើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ ដោយសារ​អត្រា​នៃ​កំណើនប្រជាជន​បាន​កើនឡើង​ ជាពិសេស​ការ​បំផ្លាស់​ទី​ពីទី​ជនបទ​មក​ទីក្រុង​ ដែល​មាន​កំណើន​ប្រមាណ​ 30ភាគរយ​នៅក្នុង​ឆ្នាំ2015​ បើ​ធៀប​នឹង​ឆ្នាំ​1990​ ដែល​មានតែ​ 15ភាគរយ​ប៉ុណ្ណោះ​។ មួយ​វិញ​ទៀត​ ការ​កើនឡើង​នៃ​ប្រាក់ឈ្នួល​អប្បបរមា​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​មាន​តម្រូវការ​ផ្ទះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ​(UNDP​)។

អង្គការ​យូ​អិន​ឌី​ភី​ (UNDP​) បាន​រាយការណ៍​ថា​ តម្រូវការ​លំនៅឋាន​នឹង​កើនឡើង​ជាង​ 1លាន​ខ្នង​ផ្ទះនៅ​ឆ្នាំ2030​ ដោយ​តំបន់​ប្រជុំជន​ និង​ទីក្រុង​ភ្នំពេញ​នឹង​មាន​តម្រូវការ​ប្រមាណ​ 80ម៉ឺន​ខ្នង​ ព្រម​ជាមួយនឹង​គោលនយោបាយ​ល្អ​ពី​រដ្ឋាភិបាល​ និង​សេដ្ឋកិច្ច​ដែល​លូតលាស់​ល្អ​ ទើប​ជំរុញ​កំណើន​តម្រូវការ​ផ្ទះសំបែង​នេះ​។

កាលពី​ឆ្នាំ2017​ រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​គោលនយោបាយ​នៃ​ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ នឹង​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​ជា​នីតិបុគ្គល​ ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​នេះ​ ដោយ​ការ​អភិវឌ្ឍ​ត្រូវ​ភ្ជាប់​ជាមួយនឹង​ទីធ្លា​ និង​បរិស្ថាន​ល្អ​ត្រឹមត្រូវ​ មាន​ទីផ្សារ​ ឬមជ្ឈមណ្ឌល​ផ្សេង​។

គោលនយោបាយ​នៃ​ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ គឺ​កំណត់​តម្លៃ​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​សមស្រប​មួយ​ សម្រាប់​គម្រោង​លំនៅឋាន​ ដែល​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម​ និង​ទាប​។ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ ត្រូវ​មាន​មាន​លំនៅឋាន​ចាប់ពី​ 100ឯកតា​ ត្រូវ​មាន​ទីតាំង​ចម្ងាយ​ 20គីឡូម៉ែត្រ​ពី​រាជធានី​ ក្រុង​ នឹង​ត្រូវលក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ 15,000ដុល្លារ​ ទៅដល់​ 30,000​ដុល្លារ​អាមេរិក​។

ផ្អែកលើ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​នេះ​ រាជរដ្ឋាភិបាល​ចង់ឱ្យ​ប្រជាពលរដ្ឋ​ ដែល​ពុំ​ទាន់​មានផ្ទះសំបែង​ឱ្យ​មាន​លំនៅឋាន​មួយ​រស់នៅ​សម​រម្យ​ គឺជា​ការជំរុញ​បត់បែន​ទៅតាម​ជំហាន​រីកចម្រើន​ ក៏ដូចជា​ការកាត់បន្ថយ​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ កាត់បន្ថយ​អសន្តិសុខ​ ពង្រីក​វប្បធម៌​ សាមគ្គីធម៌​ឱ្យ​កាន់តែ​ទូលាយ​ផង​ដែរ​។

នេះ​បើ​តាម​ លោក​អគ្គនាយក​នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ Phnom​ Penh​ SEZ​ Public​ Limited​ Company​៖ “តម្លៃ​របស់​យើង​នឹង​សមរម្យ​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ ជាពិសេស​សម្រាប់​បុគ្គលិក​ និង​កម្មករ​ធ្វើការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ លោក​បញ្ជាក់​ថា​ “តម្លៃ​គឺ​ប្រមាណ​ពី15,000​ ទៅ​ 30,000ដុល្លារ​ក្នុង​ 1ខ្នង​”។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ ការ​ចាប់ផ្តើម​សាងសង់​គម្រោង​លំនៅឋាន​សមរម្យ​ សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ នេះ​គឺជា​គោលគំនិត​របស់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ ខណៈ​អ្នក​អភិវឌ្ឍន៍​ផ្សេង​ទៀត​ចាប់អារម្មណ៍​លើ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ដែល​មានតម្លៃ​ខ្ពស់​។

លោក​បាន​បន្ត​ថា​ ការបង្កើត​គម្រោង​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​នេះ​ គឺ​ក្រុមហ៊ុន​ចង់​ចូលរួម​លើកកម្ពស់​នូវ​សុខុមាលភាព​កម្មករ​ និង​ផ្តល់​ជូន​នូវ​បរិយាកាស​រស់នៅ​ដែល​ល្អ​មួយ​ ហើយ​វា​ជា​ការ​ចង់បាន​ពីសំណាក់​ក្រុមហ៊ុន​ឧស្សាហកម្ម​ដែល​មាន​ខ្សែ​ចង្វាក់​តម្លៃបន្ថែម​ខ្ពស់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ផង​ដែរ​។

លោក​ Uematsu​ មានប្រសាសន៍​ថា​៖“យើង​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ទាំងអស់​នោះ​ ទាក់ទង​នឹង​កម្ចី​ ដោយសារ​កម្មករ​រោងចក្រ​មិន​មានលទ្ធភាព​ក្នុង​ការ​បង់ថ្លៃ​ផ្ទះ​ 1ដង​ក្នុង​ពេល​ដំបូង​នោះ​ទេ​ ដូច្នេះ​យើង​ត្រូវ​រៀបចំ​យន្តការ​នៃ​ការ​បង់ប្រាក់​ជាមួយ​អា​ត្រា​ការប្រាក់​ទាប​ បើ​ធៀប​នឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ គឺ​ពួកគេ​ខ្ពស់​ជាង​យើង​”។

ក្រុមហ៊ុន​នឹង​រៀបចំ​ ធ្វើការ​ជាមួយ​ក្រុម​ហ៊ុន​ធំៗ​នៅក្នុង​តំបន់​ ដូច្នេះ​ក្រុមហ៊ុន​អាច​ផ្តល់​កម្ចី​របស់​ក្រុមហ៊ុន​ ជាមួយ​អា​ត្រា​ការប្រាក់​ តែ​ឥឡូវ​យើង​ផ្លាស់​ប្តូរ​ទីតាំង​ ដូច្នេះ​យើង​នឹង​កែសម្រួល​ផែនការមេ​របស់​យើង​។ យើង​នឹង​ដាក់​គម្រោង​របស់​យើង​ជូន​ក្រសួង​សេដ្ឋកិច្ច​ និង​ហរិ​ញ្ញ​វត្ថុ​ ព្រម​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗទៀត​។

លោក​បាន​បន្ថែម​ថា​ កម្ចី​ទិញ​ផ្ទះ​គួរតែ​សមរម្យ​ សម្រាប់​ពួកគេ​(កម្មករ​និយោជិត​) គឺ​ប្រមាណ​ 30ភាគ​-រយ​នៃ​ប្រាក់ចំណូល​សរុប​របស់​គេ​ ដែល​សរុប​ចំនួន​ស្នាក់នៅ​ក្នុង​តំបន់​នេះ​មាន​ប្រមាណ​ 3,000នាក់​។

លោក​ សំ​ វង្សី​ ប្រធាន​អង្គភាព​ ភាពជា​ដៃគូ​រវាង​រដ្ឋ​ និង​ឯកជន​ថ្នាក់​កណ្តាល​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ មកទល់​ពេលនេះ​មាន​គម្រោង​តែ​ 2ប៉ុណ្ណោះ​ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​ គឺ​ក្រុមហ៊ុន​ វើ​លប្រ៊ី​ជហូម​ និង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ តែ​មានតែ​ក្រុ​មហ៊ុ​នវើ​លប្រ៊ី​ជហូម​ មួយ​ប៉ុណ្ណោះ​ដែល​គុណវុឌ្ឍិ​គ្រប់គ្រាន់​។

លោក​បន្ត​ថា​ រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ គោលនយោបាយ​នៃ​ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ នេះ​កាលពី​ឆ្នាំ2017​ តែ​គោលនយោបាយ​នេះ​មិនទាន់​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​នៅឡើយ​ ហើយ​ក្រសួង​ក៏​កំពុងតែ​រៀបចំ​ក្របខ័ណ្ឌ​ក្នុង​ការវាយតម្លៃ​លើ​គម្រោង​នី​មួយ​ៗដែរ​។

លោក​បន្ត​ទៀត​ថា​ ក្រោយពី​គម្រោង​ទី1​ បញ្ជប់​យើង​អាច​ដកស្រង់​បទ​ពិសោធ​ និង​មេរៀន​ខ្លះ​លើ​ការងារ​នេះ​ ដើម្បី​កែសម្រួល​សម្រាប់​គម្រោ​ងក្រោយ​ៗទៀត​។ ដោយសារតែ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ ដូច្នេះ​រាល់​គម្រោង​នានា​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​សាងសង់​ រដ្ឋាភិបាល​នឹង​ពិនិត្យ​ជាក់ស្តែង​នូវ​រាល់​គម្រោង​នី​មួយ​ៗដែល​បាន​ដាក់ស្នើ​មក​ក្រសួង​ ដោយ​ពិនិត្យ​ពី​តម្លៃ​គម្រោង​សរុប​ និង​តម្លៃ​លក់​ថា​ តើ​វា​ចំណេញ​ឬខាត​? ដូចនេះ​ក្រសួង​នឹង​ពិនិត្យ​លើ​ការ​លើកទឹកចិត្ត​តាម​ស្ថានភាព​ជាក់ស្តែង​៕

Advertisement