កសិ​កជំរុញ​ការផលិត​បន្លែ​សុវត្ថិភាព​ តែ​មិនទាន់​អាច​ពង្រីក​ខ្លួន​បំពេញ​តម្រូវការ​ទីផ្សារ​បាន​នៅឡើយ​

រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​កសិកម្ម​តែង​បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ទាំងអស់​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​ដាំ​បន្លែ​ដែល​មាន​សុវត្ថិភាព​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ ខណៈ​បច្ចុប្បន្ន​តម្រូវការ​បន្លែ​ប្រភេទ​នេះ​មាន​តម្រូវការ​កើនឡើង​ខ្ពស់​ ដោយហេតុថា​ការ​ផ្គត់ផ្គង់​បន្លែ​នៅ​កម្ពុជា​បើ​ប្រៀប​ទៅ​នឹង​តម្រូវការ​ក្នុង​ស្រុក​នៅ​មានការ​ខ្វះខាត​ច្រើន​ ទើប​មានការ​នាំចូល​បន្លែ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពី​ប្រទេសជិតខាង​។បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​រួមមាន​៖ផ្ទៃដី​ផលិត​

មាន​ទំហំ​តូច​ ទិន្នផល​មធ្យម​ទាប​ ការបាត់បង់​ផលដំណាំ​បន្ទាប់ពី​ការ​ប្រមូល​ផល​ ផលិតផល​មិន​ស្រប​តាម​គុណភាព​ និង​ការ​បំពេញ​តម្រូវការ​ទីផ្សារ​មិន​គ្រប់គ្រាន់​។ ការ​លើកកម្ពស់​ផលិតកម្ម​បន្លែ​នឹង​ផ្តល់​នូវ​ជម្រើស​ដល់​កសិករ​ខ្នាត​តូច​ដើម្បី​ធ្វើ​ឱ្យ​ផលិតកម្ម​ និង​ឱកាស​ទីផ្សារ​របស់​ពួកគាត់​មាន​ភាព​សម្បូរ​បែប​ និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​កសិករ​។

ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ​ គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​តូច​បាន​បង្កើត​ជា​សហគមន៍​កសិករ​ ក្រុម​ផលិត​បន្លែ​សុវត្ថិភាព​ តាម​ខេត្ត​គោលដៅ​របស់​គម្រោង​ដើម្បី​ជំរុញ​ទីផ្សារ​បន្លែ​សុវត្ថិភាព​ និង​សម្របសម្រួល​ភាពជា​ដៃគូ​វិស័យ​សាធារណៈ​-ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​លើកកម្ពស់​ផលិតភាព​ និង​ផល​ចំណេញ​លើ​វិស័យ​បន្លែ​។

កសិករ​ ឌីន​ ឈិត​ និង​អ្នកស្រី​ សុខ​ ហៀង​ ជា​ប្រពន្ធ​ ជា​អ្នក​ផលិត​បន្លែ​សុវត្ថិភាព​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ការ​ចង​ជា​សហគមន៍​ កសិករ​នឹង​មិន​ជួប​បញ្ហា​លំបាក​ក្នុង​ការ​រក​ទីផ្សារ​ និង​ប្រឈម​តម្លៃ​ឡើងចុះ​ខ្លាំងពេក​ទេ​”។

អ្នកស្រី​ហៀង​បាន​ពន្យល់​ថា​៖“កសិករ​ដាំ​ដំ​ណាំ​ដូច​ៗគ្នា​ និង​ចង់​លក់​បាន​ថ្លៃ​ពេល​ទីផ្សារ​បន្លែ​ធ្លាក់ចុះ​ ក្នុង​ខណៈ​ដែល​ការផលិត​ ឬដាំដំណាំ​បាន​ធ្វើ​ឡើង​ក្នុង​រដូវ​ដែល​ត្រូវ​នឹង​ពេល​បន្លែ​ទទួលផល​បាន​ល្អ​ ធ្វើ​ឱ្យ​ការ​ប្រមូល​ទិញ​ក៏​ពុំ​មានការ​ប្រកួតប្រជែង​រវាង​អ្នក​ប្រមូល​ទិញ​ដូចគ្នា​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ន​ មាន​ការ​បញ្ជាទិញ​ពី​ឈ្មួញ​ ឬក្រុមហ៊ុន​ផ្សារ​ទំនើប​ចំនួន​ច្រើន​នូវ​បន្លែ​សុវត្ថិភាព​ដែល​សហគមន៍​មិន​ភ័យ​ព្រួយ​ពី​បញ្ហា​លក់​ទៀត​នោះ​ឡើយ​ តែ​បារម្ភ​ពី​បញ្ហា​ផលិត​មិនបាន​គ្រប់​ចំនួន​ដែលគេ​បញ្ជាទិញ​ទៅវិញ​”។

យោង​តាម​អ្នកស្រី​ សុខ​ ហៀង​ អាយុប្រមាណ​ 60​ឆ្នាំ​ មុខរបរ​ជា​កសិករ​ដាំ​បន្លែ​ដែល​រស់នៅ​ភូមិ​សំបូរ​ ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ដែល​បាន​ដាំដំណាំ​បន្លែ​សរីរាង្គ​(គ្មាន​សារធាតុគីមី​) ដោយខ្លួនឯង​សម្រាប់​លក់​នៅ​តាម​ផ្សារ​ក្នុង​ស្រុក​បាន​អះអាង​ថា​ ការ​ដាំ​បន្លែ​រួមផ្សំ​ ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​ ដូចជា​កាត់បន្ថយ​ ការទិញ​បន្លែ​ពី​ផ្សារ​ដែល​ផ្ទុក​សារជាតិ​គីមី​។

អ្នកស្រី​ហៀង​បានឱ្យ​ដឹង​ទៀត​ថា​៖“ការ​ដាំ​បន្លែ​រួមផ្សំ​ទាំងនោះ​តាម​លំនៅឋាន​ ក៏ដូចជា​នៅ​តាម​ចម្ការ​ ក៏អាច​មាន​ជីវភាព​ល្អ​ប្រសើរ​ដូច​កសិករ​ដទៃទៀត​ដែល​នៅទំនេរ​ចាំតែ​ធ្វើស្រែ​មួយ​មុខ​ហើយ​ការ​ដាំ​បន្លែ​នេះ​ មួយ​ផ្នែក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ហូបចុក​ប្រចាំថ្ងៃ​ និង​សម្រាប់​លក់​ឱ្យ​ឈ្មួញ​ចុះ​ទិញ​ដល់​លំនៅឋាន​ មិន​ចាំបាច់​មាន​ដីចម្ការ​ច្រើន​ហិ​កតា​នោះ​ទេ​ គឺ​កសិករ​អាច​ដាំ​ក្នុង​ទីធ្លា​បរិវេណ​ជុំវិញ​លំនៅឋាន​កំពុង​រស់នៅ​ផ្ទាល់​តែម្តង​ក៏បាន​ដែរ​”។

សម្រាប់​អ្នកស្រី​ សុខ​ ហៀង​ ដែល​មាន​ដី​ទំហំ​ត្រឹម​ជាង​ 20អា​ តែ​ក៏អាច​ដាំ​បន្លែ​សុវត្ថិភាព​បាន​ជាច្រើន​មុខ​ ហើយ​បន្លែ​ដែល​អ្នកស្រី​ដាំ​ រួមមាន​ស្ពៃក្រញាញ់​ ស្ពៃចង្កឹះ​ និង​ស្ពៃខៀវ​ និង​បន្លែ​រួមផ្សំ​មាន​ស្លឹក​ស្អំ​ ប្រពាយ​ ដំឡូងដៃខ្លា​ ដំឡូង​កៅ​ពឹង​ ននោង​ និង​ម្ទេស​ជាដើម​។

អ្នកស្រី​បាន​បន្ត​ថា​ សម្រាប់​រូប​គាត់​មានផ្ទៃ​ដី​តិច​ពេក​មិន​អាច​ដាំ​បាន​ច្រើន​ដូច​គេអ្នក​ភូមិ​ដទៃ​នោះ​ទេ​ គឺ​មាន​ដី​ត្រឹមតែ​ជាង​ 20អា​ ដែល​អាច​ដាំ​ចម្រុះ​ជា​បន្លែ​ជាច្រើន​មុខ​ សម្រាប់​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ ដោយ​ដាំ​តាម​បច្ចេកទេស​ដែល​ខាង​កសិកម្ម​បាន​ចុះ​មក​បង្ហាត់បង្ហាញ​ណែនាំ​ និង​ការប្រើ​ជីធម្មជាតិ​ សុទ្ធសាធ​មិន​មាន​ ប្រើ​ជីគីមី​នោះ​ទេ​ ។

អ្នកស្រី​ សុខ​ ហៀង​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“ចំពោះ​បន្លែ​ស្ពៃ​ទាំង​ 3មុខ​ ដែល​ខ្ញុំ​បាន​ដាំ​ គឺ​បាន​ហុច​ផល​ជាបន្តបន្ទាប់​ ព្រោះ​ខ្ញុំ​បាន​ដាំ​ជាបន្តបន្ទាប់​ដើម្បី​ឱ្យ​បាន​លក់​ជាបន្តបន្ទាប់​ដែរ​។ រី​ឯតម្លៃ​ស្ពៃ​ទាំង​ 3ប្រភេទ​នេះ​ ខ្ញុំ​អាច​លក់​ចេញ​បាន​ក្នុង​តម្លៃ​ 4,000​ ទៅ5,000រៀល​ក្នុង​ 1គីឡូក្រាម​ដោយ​ទទួល​បាន​កម្រៃ​ក្នុង​ 1ថ្ងៃ​ប្រមាណ​ 3ម៉ឺន​ទៅ​ 4ម៉ឺន​រៀល​ បើ​គិតជា​ទឹកប្រាក់​ក្នុង1ខែ​ ក៏បាន​ប្រហែល​ 1លាន2សែន​រៀល​ដែរ​(ប្រមាណ300ដុល្លារ​អាមេរិក​)”។ បើ​យើង​គិតជា​ប្រាក់​សរុប​ក្នុង​ 1ឆ្នាំ​គ្រួសារ​អ្នកស្រី​ទទួល​បាន​ 3600ដុល្លារ​អាមេរិក​ដែរ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ នេះ​យើង​មិនបាន​គិត​ពី​កម្រៃ​ដែល​បាន​ពី​បន្លែ​រួមផ្សំ​នៅឡើយ​ទេ​។អ្នកស្រី​ក៏បាន​បញ្ជាក់​ថា​ ក្នុង​ 1ឆ្នាំ​អ្នកស្រី​អាច​ដាំ​បាន​ពី​ 4ទៅ​ 6លើក​ ក្នុង​ 1លើ​កៗ​មាន​រយៈពេល​ 1ខែ​ទៅ1ខែ​កន្លះ​ ហើយ​ប្រាក់​ទាំងនោះ​ក៏​ខ្ញុំ​យក​ទៅ​ចំណាយ​សម្រាប់​ការ​ដាំ​ជាបន្តបន្ទាប់​ដែរ​ តែ​វា​បាន​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​បាន​ធូរធារ​ ទោះបីជា​យើង​មាន​ដី​ទំហំ​តូច​ក៏ដោយ​ក៏​យើង​អាច​ទទួលផល​ចំណេញ​ពី​វា​ និង​ចូលរួម​ក្នុង​សហគមន៍​ជំរុញ​ការ​ដាំដុះ​បន្លែ​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​របស់​យើង​ឱ្យ​បាន​គ្រប់គ្រាន់​។

អ្នកស្រី​ សុខ​ ហៀង​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​ដាំ​បន្លែ​ដែល​មាន​សុវត្ថិភាព​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ ព្រោះ​បច្ចុប្បន្ន​តម្រូវការ​បន្លែ​ប្រភេទ​នេះ​មានការ​កើនឡើង​ខ្ពស់​ណាស់​។ ជាមួយគ្នា​នេះ​សហគមន៍​បាន​ និង​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ ស្របគ្នា​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ដែល​បាន​កំណត់​ថា​ ទៅ​ថ្ងៃ​អនាគត​ ផលិតកម្ម​កសិកម្ម​ គឺ​ផលិត​ឡើង​ប្រកប​ទៅ​ដោយ​បរិមាណ​ និង​គុណភាព​ សុវត្ថិភាព​អាច​ផ្គត់ផ្គង់​បាន​គ្រប់​តាម​តម្រូវការ​ទីផ្សារ​៕

Advertisement