​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​ផ្លូវ​អាទិភាព​មួយចំនួន​សម្រាប់​រថយន្តក្រុង​

ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​កា​រដឹក​ញ្ជូន​អ្នកដំណើរ​តាមរយៈ​រថយន្តក្រុង​សាធារណៈ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​ផ្លូវ​អាទិភាព​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ​សម្រាប់​ការ​ដឹកជញ្ជូន​ខ្សែរថ​យន្ត​ក្រុង​ស្វយ័ត​របស់​រដ្ឋ​ប្រកបដោយ​ភាព​រហ័ស​ទាន់ចិត្ត​ ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​បាន​អៈអាង​ថា​ ​ការកំណត់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​នេះ​ ​គឺ​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ដឹកជញ្ជូន​តាមរយៈ​មធ្យោបាយ​សាធារណៈ​រួម​មួយ​នេះ​ឱ្យ​កាន់តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​ ​ពោល​គឺ​ទាក់ទាញ​អ្នក​ជិះ​ឱ្យ​បាន​កាន់​ច្រើន​ ​ដែល​ជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​ ​សំដៅ​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​មានប្រសិទ្ធភាព​។​ ​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​ចាត់​ក្រុម​អ្នកជំនាញ​ចុះ​សិក្សា​ជាមួយ​ភាគី​ជប៉ុន​ដើម្បី​កំណត់​បណ្តាញ​ផ្លូវ​មួយចំនួន​ជា​ផ្លូវ​ឯកទិស​ ​និង​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​ ​បាន​បើកបរ​ដោយ​គ្មាន​ការ​រំខាន​ ​និង​ឧបសគ្គ​អ្វីមួយ​កើតឡើង​។

​ ​ឯកឧត្តម​អភិបាល​បាន​អៈអាង​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ពន្លឿន​ការ​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​ឆាប់​ជាទីបំផុត​ ​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​កំពុង​កើតឡើង​ជា​ញឹកញាប់​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​កាត់បន្ថយ​ការ​រំខាន​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​ងាយស្រួល​ ​និង​ធានា​សុវត្ថិភាព​។​

​ ​ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ ​និង​ទទួល​រថយន្តក្រុង​ពី​រដ្ឋាភិបាល​ជប៉ុន​នៅ​ព្រឹក​ថ្ងៃទី19​ ​ខែមិថុនា​នេះ​ ​ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​គម្រោង​កែ​លម្អ​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​នេះ​ ​គឺ​ដោយសារតែ​បណ្តា​ផ្លូវ​ខ្សែ​រត់​រថយន្តក្រុង​មួយចំនួន​ ​មានការ​ចត​យានយន្ត​គ្មាន​សណ្តាប់​ធ្នាប់​ ​ហើយ​មានការ​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ​ដែល​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើដំណើរ​របស់​រថយន្តក្រុង​ពុំ​បាន​លឿន​រហ័ស​ទាន់ចិត្ត​។

​ ​ឯកឧត្តម​ ​ហូរី​ណូ​អ៊ូ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​មធ្យោបាយ​ដឹកជញ្ជូន​តាមរយៈ​រថយន្តក្រុង​ ​គឺ​មានផល​ប្រយោជន៍​ច្រើន​សម្រាប់​ទីក្រុង​ ​និង​មាន​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ​ ​ដូច្នេះ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​នឹង​ជួយ​ជំរុញ​ឱ្យ​រាជធានី​ភ្នំពេញ​ដោះស្រាយ​បាន​បញ្ហា​កកស្ទះ​ចរាចរណ៍​។​

សូម​បញ្ជាក់​ថា​ ​មកដល់ពេលនេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ​បាន​ចំនួន​ ​13ខ្សែ​នៅ​តាម​បណ្តា​ផ្លូវ​សំ​ខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​ជាមធ្យម​ក្នុង​ ​1ថ្ងៃ​ៗ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមរយៈ​សេវាកម្ម​មួយ​នេះ​ចន្លោះ​ពី​ ​2ម៉ឺន6ពាន់​នាក់​ ​ទៅ3ម៉ឺន​នាក់​៕​



Advertisement