អភិបាលខេត្ត​ព្រះសីហនុ​សុំ​ចុះចេញ​ពី​តំណែង​ ​រដ្ឋាភិបាល​ដាក់​ឯកឧត្តម​ ​គួច​ ​ចំរើន​ ​ជំនួស​វិញ​

​ឯកឧត្តម​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះចេញ​ពី​តំណែង​ ​ខណៈ​រាជរដ្ឋាភិបាល​នឹង​ផ្ទេរ​ឯកឧត្តម​ ​គួច​ ​ចំរើន​ ​ពី​ខេត្ត​កំពង់ចាម​ទៅ​គ្រប់គ្រង​វិញ​ម្តង​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​នៅមុន​នេះ​បន្តិច​ដោយ​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុ​ក​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​សរសេរ​ថា​ ​«​ក្នុង​ពេល​បំពេញការងារ​នៅ​ខេត្ត​ព្រះសីហនុ​ ​ឯកឧត្តម​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ទទួលស្គាល់​កំហុស​លើ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែល​បណ្តាល​ឱ្យ​មានរឿង​ឈឺចាប់​កើតឡើង​។​ ​គាត់​បាន​ស្នើ​មក​ដើម្បី​លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​។​ ​ខ្ញុំ​បាន​យល់ព្រម​ឱ្យ​គាត់​លាលែង​ ​និង​បាន​ពិភាក្សា​ជាមួយ​ ​សម្តេច​ ​ស​ ​ខេង​ ​យក​ឯកឧត្តម​ ​គួច​ ​ចំរើន​ ​ពីអ​ភិបាល​ខេត្ត​កំពង់ចាម​ ​មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ​។​ ​ទោះជា​មានការ​រៀបចំ​បែបនេះ​ក៏ដោយ​ ​ក៏​ ​ឯកឧត្តម​ ​យន្ត​ ​មីន​ ​នៅ​បន្ត​ដឹកនាំ​យុទ្ធនាការ​រុករក​និង​សង្រ្គោះ​តទៅទៀត​ ​រហូត​ចប់​កិច្ចការ​ ​និង​អភិបាលខេត្ត​ថ្មី​ចូលកាន់​តំណែង​។​

​នៅក្នុង​សេចក្តី​ប្រកាស​នោះ​ ​សម្តេច​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​សម្តេច​នឹង​ដក​តំណែង​ឯកឧត្តម​ ​ញឹម​ ​វណ្ណ​ដា​ ​ដោយសារ​កំហុស​មួយចំនួន​ចំពោះ​ការងារ​។​ ​ដោយ​សម្តេច​បាន​សរសេរជា​សារ​ទាំងស្រុង​ថា​៖​ ​«​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា​ ​ថ្ងៃនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដក​ ​ឯកឧត្តម​ ​ញឹម​ ​វណ្ណ​ដា​ ​ចេញពី​តំណែង​ជាទេ​សរ​ដ្ឋ​មន្ត្រី​ ​និង​ជា​អនុប្រធាន​ទី១​ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​ ​និង​ភូតភរ​»​៕​

Advertisement