តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​សហគ្រាស​ធុន​តូច​ និង​មធ្យម​អាច​ទទួល​បានការ​វិនិយោគមូលធន​ពី​មូលនិធិ​ឯកជន​?

ការពង្រីក​ដើមទុន​ជា​រឿង​សំខាន់​មួយ​សម្រាប់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​សហគ្រាស​ខ្នាត​ធំ​ និង​ស្តង់​ដា​ តែ​កន្លងមក​ការ​ទទួល​បាន​ទុន​វិនិយោគ​បន្ថែម​ ឬកម្ចី​ពង្រីក​ខ្លួន​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​សម្រាប់​ម្ចាស់​សហគ្រាស​។

លោក​ សាន្ត​ ចន្ទ​កុម្ភៈ​ ជា​គណនេយ្យករ​ជំនាញ​ និង​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ​សម្រាប់​ជំនួយ​របស់​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន​ បាន​លើកឡើង​ថា​ ការរៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ទុន​វិនិយោគ​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជា​រឿង​លំបាក​បន្តិច​ តែ​មិនមែន​មានន័យថា​ យើង​ធ្វើ​មិនបានសោះ​នោះ​ទេ​។ វា​ទាមទារ​ឱ្យ​មានការ​រៀបចំ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ និង​រៀបចំខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​បង្កើន​ជំនឿ​ជាក់​ដល់​អ្នក​វិនិយោគ​។ លោក​បញ្ជាក់​ថា​ ដើម្បី​ឱ្យ​គេ​ទុកចិត្ត​ លុះត្រាតែ​សហគ្រាស​របស់​យើង​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​ជា​ទៀងទាត់​ ព្រោះ​ការ​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​ធ្វើស​វន​កម្ម​ជា​រៀងរាល់​ឆ្នាំ​យ៉ាង​ទៀងទាត់​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​តម្លាភាព​ចំណូល​ចំណាយ​ និង​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​។ អ្នក​វិនិយោគ​នឹង​មានទំនុក​ចិត្ត​ជាង​មុន​ប្រសិនបើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​យើង​មាន​ភាព​ប្រក្រតី​ និង​ធានា​សម​ហេតុផល​ដោយ​ស្នងការ​គណនេយ្យ​អាជីព​។ បើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​របស់​យើង​មិន​មាន​តម្លាភាព​ទេ​នោះ​ យើង​នឹង​មិន​អាច​ទទួល​ទុន​បាន​ច្រើន​នោះ​ទេ​បើ​ទោះបីជា​គំរូ​អាជីវកម្ម​ល្អ​ក៏ដោយ​។

លោក​ សាន្ត​ ចន្ទ​កុម្ភៈ​ បាន​និយាយ​ថា​៖ “ការ​ពង្រឹង​ជំនាញ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ទាំង​ជំនាញ​ទន់​ និង​ជំនាញ​រឹង​ ក៏​ជាផ្នែក​ដ៏​សំខាន់​ផង​ដែរ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ ព្រោះ​ដូច​អ្នក​ទាំងអស់​គ្នា​ដឹង​ស្រាប់ហើយ​ថា​ ក្រុមហ៊ុន​ដែល​មាន​ធនធាន​មនុស្ស​ពូ​កែៗ​ច្រើនតែ​រីកចម្រើន​បាន​លឿន​ និង​មាន​និរន្តរភាព​។ អ្នក​វិនិយោគ​ដែល​ចាប់អារម្មណ៍​លើ​ក្រុមហ៊ុន​របស់​យើង​ និង​វិភាគ​ពី​ចំណេះដឹង​ និង​ជំនាញ​របស់​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​របស់​យើង​ជាពិសេស​អ្នកគ្រប់គ្រង​ផ្នែក​។ គេ​អាច​នឹង​ដាក់​ពិន្ទុ​តាម​លក្ខខណ្ឌ​ជាក់ស្តែង​មុននឹង​ធ្វើការ​បណ្តាក់​ទុន​”។

អ្នកជំនាញ​គណនេយ្យ​ និង​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ក្រៅពី​កត្តា​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ដែល​ចង់​ទទួល​បានការ​វិនិយោគ​ក៏​គូរ​តែ​ព្យាយាម​ពង្រីក​មូលដ្ឋាន​អតិថិជន​ឱ្យ​បាន​ល្អ​ ព្រោះ​អាជីវកម្ម​មួយ​ដែល​ពឹង​តែ​ប្រាក់ចំណូល​ពីអ​តិថិ​ជន2​-3នាក់​មិន​មែន​ជា​អាជីវកម្ម​ដែល​អាច​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​នោះ​ទេ​។ ការពង្រីក​មូលដ្ឋាន​អតិថិជន​ គឺ​ជា​ចំណុច​ទាក់ទាញ​យ៉ាង​សំខាន់​ក្នុង​ក្រសែភ្នែក​របស់​អ្នក​វិនិយោគ​។ វា​ជា​ភស្តុតាង​បញ្ចាក់​ថា​អាជីវកម្ម​របស់​យើង​មាន​សុខភាព​ល្អ​ហើយ​មិន​ពឹងផ្អែក​លើ​អតិថិជន​។ ទន្ទឹម​នឹង​នេះ​ដើម្បី​បង្កើន​ទំនុកចិត្ត​ល្អ​ដល់​អ្នក​វិនិយោគ​ យើង​ក៏​គួរ​បង្កើន​គម្រោង​ចាកចេញ​ពី​អាជីវកម្ម​ផង​ដែរ​។ អ្នក​វិនិយោគ​មិនដែល​ចង់​ធ្វើជា​ភាគហ៊ុន​និក​ជាមួយ​ក្រុម​របស់​យើង​មួយ​ជីវិត​នោះ​ទេ​ ភាគច្រើន​គេ​ចង់​មាន​ពេល​ និង​ច្រកចេញ​ពី​ការ​វិនិយោគ​ក្នុង​អាជីវកម្ម​ដោយ​ការ​លក់​ភាគហ៊ុន​របស់​ពួកគេ​ក្នុងទឹក​ប្រាក់ចំណេញ​សមរម្យ​ណាមួយ​នឹង​ផ្តល់​អាទិភាព​ច្រើន​ចំពោះ​ការពិចារណា​របស់​ពួកគេ​។

លោក​បាន​បន្ថែម​ទៀត​ថា​ដើម្បី​ឱ្យ​កាន់តែ​ប្រសើរ​ម្ចាស់​អាជីវកម្ម​គួរ​សម្រួលកិច្ច​សន្យា​លក់​ធ្វើ​យ៉ាងណា​ឱ្យ​មាន​កិច្ចសន្យាលក់​ជាប្រចាំ​ជាមួយ​អតិថិជន​ដែល​មានស្រាប់​ឱ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ព្រោះ​អាជីវកម្ម​មួយ​ដែល​មាន​កិច្ចសន្យា​ទិញ​លក់​ជាប្រចាំ​ទាំង​ទំនិញ​ ឬសេវាកម្ម​នឹង​មាន​ភាពរឹងមាំ​ផ្នែក​ចំណូល​ និង​សាច់ប្រាក់​។ ដូច្នេះហើយ​យើង​គួរតែ​ព្យាយាម​ចុះ​កិច្ចសន្យា​ទិញ​លក់​ជាប្រចាំ​ដើម្បី​យក​ទៅ​បង្ហាញ​អ្នក​វិនិយោគ​។ ទន្ទឹម​នឹង​នេះ​យើង​គួរ​បង្កើត​ផលិតផល​ ឬសេវា​កម្ម​ថ្មី​ៗជានិច្ច​ផង​ដែរ​ដើម្បី​ទ្រទ្រង់​ដល់​និរន្តរភាព​អាជីវកម្ម​ ព្រោះ​ភាព​ច្រំដែល​ជាស​ត្រូវ​នៃ​អាជីវកម្ម​។ ម្ចាស់​អាជីវកម្ម​ត្រូវ​បង្កើត​ផលិតផល​ ឬសេវា​កម្ម​ថ្មី​ៗដែល​បម្រើ​ដល់​តម្រូវការ​ជាក់ស្តែង​ ឬជួយ​កាត់បន្ថយ​ការ​ចំណាយ​ជូន​អតិថិជន​។ យើង​អាច​វាយតម្លៃ​ផលិតផល​របស់​ក្រុមហ៊ុន​ និង​សក្តា​នុ​ពល​សាច់ប្រាក់​នៅពេលអនាគត​ដែល​បាន​មក​ពី​ផលិតផល​របស់​យើង​។ ការ​មាន​ផលិតផល​ល្អ​ក៏​ជា​ចំណុច​ដ៏​មាន​សក្តា​នុ​ពល​ផង​ដែរ​សម្រាប់​ទាក់ទាញ​អ្នក​វិនិយោគ​។

បន្ថែម​ពីលើ​នេះ​បើ​ចង់​លក់​ភាគហ៊ុន​ឱ្យ​ឆាប់​បាន​ លុះត្រាតែ​ភាគហ៊ុន​នេះ​មានតម្លៃ​សមរម្យ​។ ត្រង់​ចំណុច​នេះ​យើង​ចង់​សំដៅ​ថា​ប្រសិនបើ​យើង​ចង់​លក់​ភាគហ៊ុន​យើង​ដើម្បី​បាន​ទុន​ពង្រីក​អាជីវកម្ម​ យើង​មិន​គួរ​លក់​វា​ក្នុង​តម្លៃ​ដែល​មិន​អាច​ទទួលយក​បាន​នោះ​ទេ​។ ការ​ចូលហ៊ុន​គ្នា​ប្រៀបបានទៅ​នឹង​ការ​រៀបការ​ដូច្នោះ​ដែរ​ ការ​វិនិយោគ​ចំណេញ​តែងតែ​កើតឡើង​នៅពេល​មានការ​ទិញ​ហ៊ុន​អាជីវកម្ម​នោះ​។ ទន្ទឹម​នឹង​នេះ​ម្ចាស់​អាជីវកម្ម​ក៏​គួរ​រៀន​ពី​របៀប​ទិញ​លក់​ក្រុមហ៊ុន​ដោយ​អនុវត្ត​ជាក់ស្តែង​ផង​ដែរ​ ព្រោះ​ប្រសិនបើ​យើង​មាន​អាជីវកម្ម​ច្រើន​ យើង​នឹង​ត្រូវ​រៀន​ពី​របៀប​លក់​ភាគហ៊ុន​បន្ថែម​ទុន​វិនិយោគ​។ ការ​លក់​ភាគហ៊ុន​ជូន​អ្នក​វិនិយោគ​អាជីព​មាន​ភាព​ស្មុគស្មាញ​ដែល​តម្រូវ​ឱ្យ​យើង​មាន​បទ​ពិសោធ​ជាក់ស្តែង​។ យើង​អាច​រក​មិត្តភក្តិ​ដែល​មាន​បទ​ពិសោធ​ផ្នែក​នោះ​ ឬរក​អ្នក​ប្រឹក្សា​យោបល់​បន្ថែម​ដើម្បី​រៀបចំ​ដំណើរការ​ឱ្យ​រលូន​។

លោក​ កុម្ភៈ​ បាន​បន្ថែម​ទៀត​ថា​ ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ល្អ​អាច​ជា​វិធី​ដែល​មិន​អាច​ភ្លេច​បាន​សម្រាប់​អ្នក​ចង់​លក់​ភាគហ៊ុន​សម្រាប់​ពង្រីក​ខ្លួន​។ ប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​ល្អ​គួរតែ​ធានា​នូវ​ប្រសិទ្ធភាព​ការងារ​ ចំណាយ​តិច​ជាង​មុន​ កាត់បន្ថយ​ហានិភ័យ​អាជីវកម្ម​និង​ធានា​នូវ​តម្លាភាព​ហិរញ្ញវត្ថុ​។ វា​ថែមទាំង​ជួយ​កាត់បន្ថយ​ពេល​ និង​ប្រាក់កាស​ដើម្បី​ធ្វើការវិភាគ​ក្រុមហ៊ុន​របស់​យើង​ដោយ​ជំនាញ​ថែមទៀត​ផង​។ នៅពេល​អ្នក​វិនិយោគ​បានឃើញ​ពី​ប្រព័ន្ធ​ដ៏​រឹងមាំ​នេះ​ គេ​នឹង​មិន​ខ្លាច​ក្នុង​ការ​វិនិយោគ​នោះ​ទេ​។ តែ​ទោះ​ជា​យ៉ាងនេះ​ក្តី​នៅ​មាន​ចំណុច​សំខាន់​មួយទៀត​ផង​ដែរ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ នោះ​គឺ​ចុះបញ្ជី​កម្មសិទ្ធិ​បញ្ញា​ចំពោះ​ទ្រព្យ​អរូបិយ​ទាំងអស់​របស់​ក្រុមហ៊ុន​។ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​ផលិតផល​ ឬសេវាកម្ម​ទាំងអស់​អាច​ការពារ​បាន​ដោយ​ច្បាប់​កម្ម​សិទ្ធ​បញ្ញា​សកល​តាម​អនុសញ្ញា​ទីក្រុង​ នី​សទៀ​តផង​។ វា​អាច​បូក​តម្លៃបន្ថែម​ដល់​អាជីវកម្ម​ និង​ធានា​ថា​គ្មាន​អ្នកណា​អាច​បន្លំ​ស្លាក​សញ្ញា​អាជីវកម្ម​ ផលិតផល​ ឬសេវាកម្ម​របស់​យើង​បាន​ពេញ​ពិភពលោក​៕

Advertisement