15ឆ្នាំខាមុខ កម្ពុជាត្រូវការលំនៅដ្ឋាន 80ម៉ឺនខ្នងបន្ថែមទៀត

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា គិតចាប់ពីឆ្នាំ 2015 ដល់ឆ្នាំ 2030 ខាងមុខ កម្ពុជា ត្រូវការលំនៅដ្ឋានប្រមាណ 80ម៉ឺនខ្នងបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនប្រជាសាស្រ្ត និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម។

លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងកំណើនសេដ្ឋកិច្ច នគរូបនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័សដែរ ព្រោះតាមការសិក្សារបស់ក្រសួងអំពីក្របខ័ណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី និងទីប្រជុំជននៅឆ្នាំ 2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ នឹងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ 2030 ស្មើនឹង 44ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប។

តាមទិន្នន័យនេះបានបង្ហាញឲ្យឃើញថា សម្រាប់រយៈពេល 15ឆ្នាំទៀត គិតចាប់ពីឆ្នាំ 2015 ដល់ 2030 តម្រូវការលំនៅដ្ឋានសម្រាប់រាជធានី និងទីប្រជុំជនមានប្រមាណ 80ម៉ឺនលំនៅដ្ឋានទៀត ដែលគិតជាមធ្យមមានតម្រូវការប្រមាណជា 5ម៉ឺនលំនៅដ្ឋានក្នុងមួយឆ្នាំ។

លោក ប៉ែន សុផលបានបន្តថា ឆ្លើយតបនឹងបញ្ហានេះក្រសួងបាន និងកំពុងសកម្មអនុវត្តគោលនយោបាយជាតិស្តីពីការរៀបចំដែនដីក្នុងការកសាងផែនការរៀបចំដែនដីប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត និងគោលនយោបាយជាតិស្តីពីលំនៅដ្ឋាន ពិសេសលំនៅដ្ឋានដែលមានតម្លៃសមរម្យជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌៕

Advertisement