របរ​លក់​ដើមផ្កា​ និង​កូនឈើ​លម្អ​តាម​គេហ​ដ្ឋាន​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​

ស្រប​ពេល​ដែល​សំណង់ផ្ទះ​ល្វែង​កំពុង​រីក​ដុះ​ដាល់​កាន់តែ​ច្រើន​ឡើង​ៗនៅក្នុង​ទីក្រុង​ភ្នំពេញ​ ក៏ដូចជា​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ គេ​សង្កេត​ឃើញថា​ របរ​លក់​កូនឈើ​ និង​លក់​ដើមផ្កា​សម្រាប់​ដាំ​តាំង​លម្អ​តាម​គេហដ្ឋាន​ ក៏ដូចជា​លម្អ​តាម​សួនច្បារ​សាធារណៈ​នានា​ កំពុង​មាន​តម្រូវការ​កាន់តែ​ច្រើន​ឡើង​ៗ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

អ្នកស្រី​ ឈួន​ សុផល​ ម្ចាស់ហាង​លក់​ដើមផ្កា​ និង​កូនឈើ​ឈ្មោះ​ “ចំរើនផល​” ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ1​ ក្នុង​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ថា​ កាលពី​ប្រមាណ​ជា10ឆ្នាំមុន​ អ្នកស្រី​គឺជា​អាជីវករ​ម្នាក់​នៅ​ក្នុង​ផ្សារ​បឹងកេងកង​ដែល​រកចំណូល​បាន​សមរម្យ​ម្នាក់​ដែរ​ ប៉ុន្តែ​ដោយសារ​មាន​ឈាមជ័រ​ឪពុក​ម្តាយ​ជា​អ្នកលក់​ដើមផ្កា​ និង​លក់​កូនឈើ​នៅផ្ទះ​ដែល​អាច​រកចំណូល​បាន​ខ្ពស់​ជាង​ជាង​របរ​លក់ដូរ​ក្នុង​ផ្សារ​ អ្នកស្រី​ និង​គ្រួសារ​បាន​ពិភាក្សា​គ្នា​ជួល​ដី​ទីតាំង​ខាងលើ​សម្រាប់​លក់​កូនឈើ​ និង​កូន​ផ្កា​នៅ​ក្បែរ​ផ្ទះ​ឪពុក​ម្តាយ​វិញ​កាលពី​ជិត​ 10ឆ្នាំមុន​។

អ្នកស្រី​អះអាង​ថា​ របរ​លក់​ដើមផ្កា​ និង​លក់​កូន​ឈើ​នេះ​ហាក់​មានការ​នឿយហត់​បន្តិច​ ព្រោះ​ពេល​ខ្លះ​ត្រូវ​ដឹកនាំ​កម្មករ​រៀបចំ​សួន​ដាំ​ផ្កា​ ដាំ​ដើមឈើ​ឱ្យ​ម៉ូយ​ទាំង​កណ្តាល​ថ្ងៃ​ ឬកណ្តាល​ភ្លៀង​ក្តៅ​-ត្រជាក់​ ប៉ុន្តែ​នៅតែ​សប្បាយចិត្ត​ ដ្បិត​រកចំណូល​បាន​ខ្ពស់​គួរសម​ មិនចាញ់​របរ​លក់ដូរ​នៅក្នុង​ផ្សារ​ឡើយ​។ អ្នកស្រី​ សុផល​ បាន​បន្ត​ថា​ ទោះជា​ពេលខ្លះ​ក្តៅ​រងា​រស្បែ​កមិន​សភ្លឺ​ថ្លា​ដូច​របរ​លក់ដូរ​ក្នុង​ផ្សារ​ក៏​ពិតមែន​ ក៏​ប៉ុន្តអ្នកស្រី​ និង​គ្រួសារ​មានការ​សប្បាយចិត្ត​ជាង​មុន​ ដោយសារតែ​អាច​រកចំណូល​បាន​ខ្ពស់​គួរសម​ មានលទ្ធភាព​បញ្ជូន​កូន​ទៅរៀន​នៅ​សា​លា​ល្អ​ៗ មានលទ្ធភាព​ទិញ​ផ្ទះ​ក្នុង​បុរី​ និង​សល់​លុយកាក់​ខ្លះ​ទិញ​ដី​ទុក​លក់​យកចំណេញ​បាន​ខ្លះ​ៗទៀតផង​។

របរ​ខាងលើ​ត្រូវ​បាន​គេ​ចែកចេញជា​ 3ប្រភេទ​ រួម​មាន1​ របរ​លក់​ដើមផ្កា​ ដូចជា​ផ្កាសារិកា​កែវ​ ផ្កាអ័រគីដេ​ ផ្កាចំប៉ី​ ចំប៉ា​ និង​ផ្កា​ច្រើន​ប្រភេទ​ទៀត​ ចំណែក​ប្រភេទ​ទី2​ គឺ​កូនឈើ​ហូប​ផ្លែ​ ដូចជា​ស្វាយ​ ដូង​តឿ​ ដូងក្រអូប​ ដើម​ជម្ពូ​ បំពេញរាជ្យ​ និង​ដើមឈើ​ហូប​ផ្លែ​ផ្សេង​ៗទៀត​ជាច្រើន​មុខ​ និង​ទី3​ ជា​ប្រភេទ​ដើម​ឈើ​ព្រៃភ្នំ​កម្រ​ ដូចជា​ដើម​គគីរ​ កកោះ​ ផ្ចឹក​ សុក្រំ​និង​ក្រញូង​ជាដើម​ ដែល​ប្រភេទ​ដើមឈើ​ទាំងនេះ​ អ្នកស្រី​បាន​ទិញ​ពី​កសិករ​បណ្តុះ​កូនឈើ​លក់​នៅ​តាម​បណ្តា​ខេត្ត​ និង​នៅ​ជាយក្រុង​ភ្នំពេញ​ ចំណែក​ដើមផ្កា​ និង​ដើមឈើ​ហូប​ផ្លែ​ភាគច្រើន​ត្រូវ​បាន​គេ​នាំចូល​ពី​ប្រទេសជិតខាង​ ដូចជា​ប្រទេស​ថៃ​ វៀតណាម​ ចិន​ និង​ម៉ាឡេស៊ី​ជាដើម​។ អ្នកស្រី​បានឱ្យ​ដឹង​ទៀត​ថា​ របរ​នេះ​ក៏អាច​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កសិករ​បាន​មួយ​ចំណែក​ផង​ដែរ​ តាមរយៈ​ការ​បណ្តុះ​កូនឈើ​លក់​រកចំណូល​បន្ថែម​ពី​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ ហើយ​អាច​ផ្តល់​ការងារ​ដល់​កូនខ្មែរ​យើង​ប្រមាណ​ 4-5នាក់​ផង​ដែរ​។ អ្នកស្រី​បញ្ជាក់​ថា​ បើសិន​មនុស្សម្នាក់​អាច​មានលទ្ធភាព​ផ្តល់​ការងារ​ឱ្យ​កូនខ្មែរ​បានតែ​ 5នាក់​ នោះ​ប្រទេស​យើង​នឹង​មិន​ខ្វះ​ការងារ​ធ្វើ​ទេ​។

ដោយសារ​មាន​តម្រូវការ​កូនឈើ​ និង​កូន​ផ្កា​សម្រាប់​ដាំ​លម្អ​តាម​គេហដ្ឋាន​ និង​តាម​សួនច្បារ​សាធារណៈ​កាន់តែ​ច្រើន​ឡើង​ៗនោះ​ ទើប​ម្ចាស់​ហាង​ដើមផ្កា​ខាងលើ​បាន​ចំណាយ​ប្រាក់​ចំនួន​ជិត​5ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​បង្កើត​សាខា​ទី2​ របស់​ខ្លួន​ឈ្មោះថា​ “ចំរើនផល2​” នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ1​ មាន​ចម្ងាយ​ប្រមាណ​ជាង​ 13គីឡូម៉ែត្រ​ពី​ស្ពាន​ច្បារអំពៅ​បន្ថែម​ទៀត​ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​កាន់តែ​សម្បូរ​បែប​ឡើង​។

ដូចគ្នា​នេះ​ដែរ​ ម្ចាស់ហាង​ផ្កា​ “ម៉ី​លីន​”ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួលសាលា​ ឃុំ​ព្រៃពួច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ស្ថិតនៅ​តាមផ្លូវ​ជាតិ​លេខ4​ ត្រង់​គីឡូ​លេខ29​-30​ ក៏បាន​មានប្រសាសន៍​ដែរ​ថា​ដោយសារតែ​ស្រឡាញ់​ធម្មជាតិ​ ស្រឡាញ់​បរិស្ថាន​ អ្នកស្រី​ និង​គ្រួសារ​បាន​ជួល​ដី​គេ​ទំហំ​ធំ​មួយ​កន្លែង​ជាប់​ផ្លូវជាតិ​លេខ4​ ត្រង់​គីឡូម៉ែត្រ​លេខ29​-30​ ដើម្បី​បើក​ទីតាំង​លក់​កូន​ផ្កា​ និង​កូនឈើ​ដាំ​លម្អ​អស់​រយៈពេល​ជាង​ 3ឆ្នាំ​មក​ហើយ​។ កាល​លក់​ដំ​បូងៗ​មិនសូវ​មាន​ដើមទុន​ដាក់​កូន​ផ្កា​ និង​កូនឈើ​ច្រើន​ប៉ុន្មាន​ទេ​ តែ​ដោយសារ​ខំ​សន្សំ​បន្តិច​ម្តង​ៗទើប​ទីតាំង​របស់​អ្នកស្រី​រីក​ធំ​មកទល់​សព្វថ្ងៃ​ ដែល​មា​នភ្ងៀ​វម​កទិញ​ជាហូរហែ​មិនដែល​ដាច់​ម៉ូយ​ទេពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​។

កាលពី​ឆ្នាំ​កន្លង​មុន​ៗ មិនសូវ​មាន​តម្រូវការ​ដាំ​ដើមផ្កា​ ឬកូនឈើ​តាំង​លម្អ​តាម​ផ្ទះ​ ច្រើន​ប៉ុន្មាន​ទេ​ប៉ុន្តែ​ទើបតែ​អាកាសធាតុ​ប្រែប្រួល​កាន់តែ​ក្តៅ​ឡើង​ៗពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ចុងក្រោយ​នេះ​ ទើប​ធ្វើ​ឱ្យ​តម្រូវការ​ដាំ​ដើមផ្កា​ និង​កូនឈើ​តាម​ផ្ទះ​កើន​ច្រើន​ឡើង​ៗ ដោយសារតែ​មនុស្ស​មានការ​យល់ដឹង​កាន់តែ​ច្រើនឡើង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ដាំ​ដើមឈើ​ដើម្បី​ទាក់ទាញ​ធាតុ​ត្រជាក់​នៅ​តាម​ផ្ទះ​របស់​ខ្លួន​។ តែ​យ៉ាង​ណាក៏ដោយ​ ក៏​ម្ចាស់​ទីតាំង​លក់​កូន​ផ្កា​ខាងលើ​បាន​អះអាង​ដែរ​ថា​ ការ​លក់​កូន​ផ្កា​មិនសូវ​បាន​ចំណេញ​ច្រើន​ទេ​ 1ដើម​ចំណេញ​ប្រហែល​តែ2​ ទៅ3ពាន់​រៀល​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​កូនឈើ​វិញ​ អាច​រកបាន​ប្រាក់​ចំណេញ​ច្រើន​គួរសម​ជាង​ បើ​ប៉ះចំ​គេ​យក​ទៅ​ដាំ​តាម​សួនច្បារ​ ឬដាំ​តាំង​លម្អ​តាម​បុរី​ ផ្ទះល្វែង​ ឬដី​ឡូ​ត៍​ផ្សេង​ៗនោះ​ គឺ​គេ​អាច​កុម្ម៉ង់​ទិញ​ម្ដង​ច្រើន​ៗ ទទួល​បាន​ប្រាក់កម្រៃ​ច្រើន​គួរសម​ និង​អាច​ផ្តល់​ការងារ​បាន​កាន់តែ​ច្រើន​ដល់​កម្មករ​ទៀតផង​។

ម្ចាស់​ទីតាំង​លក់​កូន​ផ្កា​ខាងលើ​បាន​អះអាង​ថា​ របរ​លក់​កូនឈើ​ និង​កូន​ផ្កា​នៅ​តាម​ជាយក្រុង​ មិន​សូវ​បាន​ថ្លៃ​ខ្ពស់​ដូច​នៅក្នុង​ទីក្រុង​ នៅ​តាម​ផ្សារ​ទំនើប​ឬបាន​ថ្លៃ​ដូច​នៅ​ក្រុង​កំពង់សោម​ទេ​ ដោយសារ​ទីនោះ​មាន​ចិន​សង់​ខុន​ដូ​ និង​ផ្ទះ​ច្រើន​ ធ្វើ​ឱ្យ​មាន​តម្រូវការ​ច្រើន​ ហើយ​លក់​បាន​ថ្លៃ​ខ្ពស់​ស្ទើរតែ​ 1គុណ​នឹង2​ ទៀតផង​ ហើយ​អ្នកស្រី​ប្រាប់​ថា​ ប្រជាពលរដ្ឋ​គួរ​ដាំ​ដើម​ឈើ​រនៅ​តាម​ផ្ទះ​ឱ្យ​បាន​ច្រើន​ ដើម្បី​ទាញ​អាកាសធាតុ​ត្រជាក់​នៅ​ជុំវិញ​ផ្ទះ​របស់​ខ្លួន​ដើម្បី​ឱ្យ​សុខភាព​របស់​កូនចៅ​ និង​សមាជិក​ក្នុង​គ្រួសារ​បាន​ល្អ​ប្រសើរ​ មាន​ខ្យល់​បរិសុទ្ធ​ និង​ត្រជាក់​ត្រជុំ​ក្នុង​ក្រុម​គ្រួសារ​ ទោះជា​មាន​ដី​នៅសល់​តិចតួច​ ឬធំ​ទូលាយ​ក្តី​។

គួរ​បញ្ជាក់​ថា​ របរ​លក់​កូន​ផ្កា​ និង​កូនឈើ​តាំង​លម្អ​តាម​ផ្ទះ​បាន​រីក​ដុះដាល​កាន់តែ​ច្រើន​ឡើង​ៗនៅ​តាម​គ្រប់​បណ្ដោយ​ផ្លូវជាតិ​ ដូចជា​ផ្លូវជាតិ​លេខ1​ ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​ និង​ស្រុក​កៀនស្វាយ​។ ផ្លូវជាតិ​លេខ2​ នៅ​ជិត​គល់​ស្ពាន​ព្រែកហូរ​។ ផ្លូវជាតិ​លេខ3​ នៅ​ជិត​ស្ពាន​ 7មករា​។ ផ្លូវជាតិ​លេខ4​ នៅ​ម្តុំ​វត្ត​ទួលសាលា​។ ផ្លូវជាតិ​លេខ5​ នៅ​ជិត​ផ្សារ​ព្រែក​-ព្នៅ​ និង​ផ្លូវជាតិ​លេខ6​ នៅ​ជិត​ផ្សារ​ព្រែកអញ្ចាញ​ ជាដើម​។ល៕

Advertisement