នំបញ្ចុកខ្មែរបង្ហាញខ្លួននៅទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​សម្ដែង​នូវ​ការរីករាយ ដែលនំបញ្ចុកខ្មែរបានបង្ហាញខ្លួននៅទី​ស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោ(World Trade Organization-WTO) នៅក្នុងកម្មវិធី​សង្គម​ និងវប្បធម៌ នារាត្រីថ្ងៃទី 03 ខែកក្កដា ឆ្នាំ2019 នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះ។​នេះ​បើ​តាម​សរសេរនៅលើ បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់សម្ដេច​តេ​ជោ ហ៊ុន សែន នាថ្ងៃ​ទី 04 ខែកក្កដា ឆ្នាំ2019 ។

​សម្ដេច​តេ​ជោបានបញ្ជាក់ថា៖» ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់​ទីស្នាក់​ការ​អង្គ​ការពាណិជ្ជ​កម្ម​ពិភពលោក (WTOកាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និ​ង​វប្បធម៌។ ដូច​យើង​ដឹង​ហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិ​យើង ដែលបង្ហាញ​ពី​សា​មគ្គីភាពស្អិត​រមួត​វេញ​ត្របាញ់​ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែល​មាន​គ្រឿងផ្សំជា​ច្រើន​នាំ​មក​នូវក្លិនដ៏ឈ្ងុយ និងរសជាតិ​ដ៏ឆ្ងាញ់ពិសាដែលនាំមកនូវសុខភាពពិតៗ»។

សម្ដេចតេជោបានបន្ថែមថា៖» យើងចូល​រួម​ឱ្យ​ត​ម្លៃ​ លើក​តម្កើងម្ហូបអាហារ និងនំចំណី​ខ្មែរ​ឱ្យបានកាន់តែទូលំទូលាយនៅក្នុងពិធីសំខាន់ៗតូច ​ធំ ​ទាំងក្នុង និងក្រៅប្រទេស។ សម្ដេច​តេជោ​ក៏សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និង​សំណាងល្អគ្រប់​ទីកន្លែង»។

គួរបញ្ជាក់ដែរថា ក្នុងខណៈដឹកនាំគណៈ​ប្រតិភូទៅចូលរួម​កិ​ច្ច​​ប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​​ក​ល​ លើជំ​នួ​​យសម្រា​ប់​ពា​​ណិជ្ជកម្ម ឆ្នាំ2019 » នារាត្រីថ្ងៃទី 03  ខែកក្កដា ឆ្នាំ2019 សម្តេចអគ្គ​    ម​ហា​​សេនា​ប​តី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិប​តី​ដ៏​ខ្ពង់ខ្ពស់ ក្នុ​ង​ពិធីបើកកម្មវិធីព្រឹត្តិការណ៍សង្គម និងវប្បធម៌ ដែល ប្រារព្វធ្វើឡើងនៅទី​ស្នាក់​ការ​កណ្តាល អ​ង្គ​​ការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។

ក្នុងពីធីនោះ  ក៏មានការអញ្ជើញ​ចូ​​លរួមពី ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេ​វ៉េឌូ អគ្គនាយ​កអង្គការ​ពាណិ​ជ្ជក​ម្មពិភ​ព​លោ​ក ព្រម​ទាំង​វត្ត​មា​ន​ ឯកឧត្តម លោកជំទាវ អនុប្រធា​នាធិបតី និងតំណាង​ប្រទេស​នៃ​សមា​ជិក​អង្គ​ការពា​ណិ​ជ្ជ​កម្ម​ពិភពលោកជាច្រើនរូប។

ក្នុង​ព្រឹត្តិការណ៍ដ៏មាន​អត្ថន័យជា​ប្រវត្តិសាស្រ្ត និង​ក្នុងនាម​ជា​ប្រ​ទេ​សម្ចាស់ផ្ទះ ដែលរៀបចំ ព្រឹត្តិ​ការណ៍សង្គម និងវប្បធម៌ សម្តេចអគ្គមហា​សេនា​ប​តី​តេជោ ហ៊ុន សែ​​ន និងថ្នាក់ដឹកនាំ​ទាំងអស់​នៃ​ប្រទេស​ជា​ស​មា​ជិ​ក​ អង្គការពាណិជ្ជកម្ម​ពិភ​ព​​លោក អញ្ជើញពិសារនំបញ្ចុក និង​បង្អែម​ប្រពៃណី​ជាតិខ្មែរ ដែល​រៀ​ប​​ចំ​ដោយអ្នកចុង​ភៅ​មក​ពីប្រទេសកម្ពុជា និងប្រជាពលរដ្ឋ​នៅសហភាពអឺរ៉ុប។

ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ថ្នាក់ដឹកនាំ នៃអង្គការពាណិជ្ជ​កម្មពិ​ភព​លោ​ក និង​ថ្នាក់​ដឹកនាំនៃប្រ​ទេ​ស​ជា​សមា​ជិក អង្គការពាណិជ្ជកម្មពិភពលោកដែលមានវត្ត​មា​ន​​ក្នុង​ព្រឹត្តិ​ការ​ណ៍​​​ស​ង្គ​​ម និងវប្បធម៌ គឺសុទ្ធតែសម្ដែងនូវការកោតសរសើរចំពោះ​រស់​ជាតិ​ នៃម្ហូបប្រពៃណីជាតិខ្មែរគឺ​«នំបញ្ចុក​»​ដែលមានរស់ជាត់ឈ្ងុយឆ្ងាញ់​ពិសានេះផងដែរ៕

Advertisement