ចុងឆ្នាំ​នេះ​ប្រជាជន​ខ្មែរ​អាច​ប្រើ​ប្រាក់​រៀល​នៅក្នុង​ប្រទេស​ថៃ​បាន​យ៉ាង​ងាយ​តាមរយៈ​ QR​ Code​

ក្នុង​សម័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ នេះ​ ពិភពលោក​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ច្រើនឡើង​ ដោយ​ក្នុង​នោះ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (Fintech​)ក៏​កំពុង​ចាប់ផ្តើម​រីក​លូតលាស់​យ៉ាង​លឿន​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​ផង​ដែរ​។ នៅ​កម្ពុជា​ បណ្តា​ធនា​គារ​ធំៗ​ជាច្រើន​បាន​ចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​ជាមួយនឹង​ក្រុមហ៊ុន​ ឬដៃគូ​ពាណិជ្ជកម្ម​នៅក្នុង​ស្រុក​។ រហូតមកដល់​ពេល​ថ្មី​ៗនេះ​ក្រោម​ការ​ផ្ចុងផ្តើម​និង​សម្របសម្រួល​ពី​ធនាគារជាតិនៃកម្ពុជា​ និង​ធនាគារ​កណ្តាល​ថៃ​ បាន​ជំរុញ​ឱ្យ​បណ្តាញ​ធនាគារ​ធំៗ​មួយចំនួន​នៅ​កម្ពុជា​ បង្កើត​កិច្ចសហការ​ទូទាត់​សាច់ប្រាក់​ឆ្លង​ប្រទេស​តាមរយៈ​ប្រព័ន្ធ​ QR​ Code​ ដើម្បី​សម្រួល​ដល់​តម្រូវការ​នៃ​ប្រទេស​ទាំង2​។

លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​បញ្ជាក់​ថា​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​រៀល​ និង​ប្រាក់​បាត​តាម​ប្រព័ន្ធ​ QR​ Code​ នេះ​បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រទេស​កម្ពុជា​ ដោយ​ក្នុង​នោះ​វា​នឹង​ជំរុញ​ការប្រើ​ប្រាស់​រៀល​កាន់តែ​ប្រសើរ​ឡើង​ ព្រោះ​បច្ចុប្បន្ន​នេះ​ប្រសិនបើ​មិន​ជំរុញ​បែបនេះ​ទេ​ ប្រជាជន​នឹង​នៅតែ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ ឬប្តូរ​ជា​ប្រាក់​បាត​ដើម្បី​ប្រើប្រាស់​នៅ​ប្រទេស​ថៃ​ដដែល​។ ក្រៅពី​នេះ​ QR​ Code​ អាច​ប្រើប្រាស់​បាន​លុះត្រាតែ​ប្រជាជន​មាន​គណនេយ្យ​ជា​ប្រាក់​រៀល​ជាមុន​សិន​ ទើប​អាច​ទូទាត់​នៅ​ប្រទេស​ថៃ​បាន​។ ក្រៅពី​នេះ​ វា​ក៏​ជួយ​សម្រួល​ផង​ដែរ​ដល់​អតិថិជន​ក្នុង​ការ​ទូទាត់ប្រាក់​ ព្រោះ​អតិថិជន​អាច​ទូ​ទា​តត់​ដោយ​ងាយ​ស្រួល​ មិន​ចាំបាច់​កាន់​សាច់ប្រាក់​សុទ្ធ​តាម​ខ្លួន​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការបាត់បង់​នោះ​ទេ​។ លើស​ពីនេះ​ទៅទៀត​ ការ​ធ្វើបែប​នេះ​ក៏​នឹងអាច​កាត់​បន្ថយ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​បាន​ផង​ដែរ​ ព្រោះ​កាល​ណា​ប្តូរ​ប្រាក់​ គឺ​ធ្វើ​ឱ្យ​ខាតបង់​ការ​កាត់ទឹក​នៅពេល​ប្តូរ​ ហើយ​ចាយ​មិន​អស់​ ក៏​ត្រូវ​ខាត​ម្តង​ទៀត​នៅពេល​ប្តូរ​ត្រឡប់មកវិញ​។ ម្យ៉ាងវិញទៀត​ ការប្រើ​ប្រាស់​ QR​ Code​ វិញ​យើង​មិនបាច់​ប្តូរ​ចុះ​ប្តូរ​ឡើង​ទេ​ គឺ​អាច​ចាយ​បាន​ដោយសេរី​។

លោកជំទាវ​ ជា​ សិរី​ បាន​មានប្រសាសន៍​ថា​៖ “ការ​ទូទាត់​តាមរយៈ​ QR​ Code​ រវាង​កម្ពុជា​ និង​ថៃ​នេះ​នឹង​អាច​ចាប់ផ្តើម​នៅ​ចុងឆ្នាំ2019​ នេះ​ ព្រោះ​ការ​ងារ​ធំៗ​យើង​បានសម្រេច​រួច​អស់ទៅហើយ​”។

លោកជំទាវ​ បាន​លើកឡើង​ផង​ដែរ​ថា​ ការ​ទូទាត់​សាច់ប្រាក់​ដោយ​ប្រើប្រាស់​ QR​ Code​ នេះ​មិន​តម្រូវ​ឱ្យ​ប្រជាជន​បង់ថ្លៃ​សេវា​ទូទាត់​នោះ​ទេ​ ព្រោះ​យើង​ធ្វើ​តាមរយៈ​ធនាគារ​ នឹង​ធនាគារ​។ ចំណែក​ឯអត្រា​ប្តូរ​ប្រាក់​នៃ​ការ​ទូទាត់​វិញ​ គឺ​ធនាគារ​ នឹង​ធនាគារ​ គេ​នឹង​ប្តូរ​ឱ្យ​នៅពេល​ទូទាត់​នោះ​តែម្តង​ តាម​ប្រព័ន្ធ​ច្បាស់លាស់​ ហេតុនេះ​ប្រជាជន​នៃ​ប្រទេស​ទាំង2​ នឹង​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​ជាមួយគ្នា​។ ការ​ធ្វើ​បែបនេះ​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ឱ្យ​មានការ​រីក​លូតលាស់​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ព្រោះ​ប្រជាជន​ និង​ប្រជាជន​ អាច​ចរាចរ​សាច់ប្រាក់​របស់​ខ្លួន​ដោយ​ងាយ​ ដែល​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​ ឬចាយវាយ​កើនឡើង​។ក្រៅពី​នេះ​ វា​ក៏អាច​ងាយស្រួល​ផង​ដែរ​ចំពោះ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង2​។

ធនាគារ​ចំនួន​ 3 នៅ​កម្ពុជា​ដែល​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​ទូទាត់ប្រាក់​រវាង​កម្ពុជា​ និង​ថៃ​តាមរយៈ​ QR​Code​ នេះ​ មាន​ដូចជា​ ធនាគារ​អេ​ស៊ី​លីដា​ ធនាគារពាណិជ្ជ​កម្ម​ក្រៅប្រទេស​ និង​ធនាគារ​កម្ពុជា​ពាណិជ្ជ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ការប្រកួត​ប្រជែង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (Fintech​) បាន​ជំរុញ​ឱ្យ​ធនាគារ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ជាច្រើន​ចាប់ផ្តើម​បង្កើត​សេវាកម្ម​បន្ថែម​ដោយ​ឥតគិតថ្លៃ​តាមរយៈ​ទូរស័ព្ទ​ដៃ​ (Mobile​ Apps​) ឬតាមរយៈ​បណ្តាញ​អុិន​ធើ​ណិ​ត ដើម្បី​ទាក់ទាញ​អតិថិជន​ និង​សម្រួល​ដល់​ការ​ទូទាត់​សម្រាប់​អតិថិជន​ដោយ​មិន​ចាំបាច់​កាន់​សាច់ប្រាក់​ផ្ទាល់​នោះ​ទេ​។ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ទូទាត់​កាន់​តែ​មាន​ភាព​ងាយស្រួល​ ទូលំទូលាយ​ តែ​ក៏​ជា​កត្តា​ប្រឈម​ផង​ដែរ​សម្រាប់​ប្រជាជន​ ព្រោះថា​ ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ការចាយវាយ​បាន​ល្អ​ទេ​នោះ​ ចរន្តទឹក​ប្រាក់​របស់​យើង​ក្នុង​ 1ខែៗ​នឹង​ហូរចេញ​យ៉ាង​លឿន​ជាមួយ​ភាព​ងាយស្រួល​ និង​ឆាប់រហ័ស​នៃ​ការ​ទូទាត់​នេះ​ផង​ដែរ​៕

Advertisement