សហគមន៍​គាំទ្រ​កសិកម្ម​ CSA​ ជា​កម្ម​វិធី​ថ្មី​ ជួយ​ជំរុញ​ទីផ្សារ​កសិផល​សរីរាង្គ​

កម្មវិធី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​CSA​(Community​ Supported​ Agriculture​) ឬជា​ភាសាខ្មែរ​ហៅថា​“សហគមន៍​គាំទ្រ​កសិកម្ម​”ត្រូវ​បាន​បង្ហាញខ្លួន​នៅក្នុង​សិក្ខាសាលា​មួយ​ របស់​អង្គការ​សេដា​ក CEDAC​ ដែល​កសិករ​ភាគច្រើន​បាន​ស្គាល់​ថា​ ជា​អង្គការ​មួយ​ដែល​អនុវត្ត​ផលិតផល​សរីរាង្គ​នៅក្នុង​ប្រព័ន្ធ​កសិកម្ម​។

លោកស្រី​ តុង​ ចាន់​ធាង​ នាយិកា​អង្គការ​សេដា​កបានឱ្យ​ដឹង​ថា​ CSA​ នៅ​ក្នុង​ប្រទេស​កម្ពុជា​គេ​មិនសូវ​បានឮ​ និង​ស្គាល់​ច្រើន​ទេ​ គឺ​វា​ជា​ប្រព័ន្ធ​មួយ​ដែល​កសិករ​ ឬអ្នក​ផលិត​ លក់​ផលិតផល​ទៅ​ដល់​អតិថិជន​ ឬអ្នក​បរិភោគ​ដោយ​ផ្ទាល់​ហើយ​អ្នក​បរិភោគ​ជួយ​គាំទ្រ​ទៅ​កសិករ​វិញ​ តាមរយៈ​ការទិញ​ផលិតផល​ដោយ​បង់លុយ​មុន​។ ហើយ​កសិករ​យក​លុយ​នោះ​ទៅ​ធ្វើការ​ដាំដុះ​ ឬក៏​ផលិត​អាហារ​សម្រាប់​លក់​មក​ឱ្យ​អតិថិជន​វិញ​។

លោកស្រី​នាយិកា​អង្គការ​សេដា​ក បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “គោលបំណង​នៃ​សិក្ខា​សាលា​នេះ​ គឺ​ចង់​បង្កើន​ការយល់​ដឹង​ដល់​អ្នក​ពាក់ព័ន្ធ​ ឬប្រជា​សហគមន៍​ ដែល​មិនមែន​តែ​សហគមន៍​ដែល​ធ្វើការ​ជាមួយ​សេដា​ក តែ​យើង​ចង់​បង្កើត​បណ្តាញ​មួយ​ដើម្បី​ឱ្យ​គាត់​គាំទ្រ​ទៅ​កសិករ​តាមរយៈ​ការសម្រប​សម្រួល​ទីផ្សារ​។ ដោយសារ​គេដាក់​ការងារ​ច្រើន​ទាក់ទង​នឹង​សហគមន៍​ យើង​ចង់ឱ្យ​ដៃគូ​ផ្សេង​ទៀត​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​ការងារ​នេះ​ យើង​ស្វាគមន៍​រីករាយ​សហការ​”។

លោកស្រី​នាយិកា​អង្គការ​សេដា​កបានឱ្យ​ដឹង​ថា​៖“តាមពិត​យើង​ចង់​រៀបចំ​កម្មវិធី​ហ្នឹង​ យើង​រៀប​យ៉ាងម៉េច​ឱ្យ​ដំណើរការ​ល្អ​ ឱ្យ​កសិករ​មាន​ទីផ្សារ​ មាន​ដើមទុន​ ពីព្រោះ​បេសកកម្ម​របស់​ CSAគឺ​ការ​គាំ​-ទ្រ​សហគមន៍​កសិករ​ ហើយ​បើ​យើង​គាំទ្រ​កសិករ​ យើង​ត្រូវ​ជួយ​គាត់​ដោយ​បណ្តុះបណ្តាល​លើ​ការ​-ផលិត​ បាន​ផលិតផល​ត្រូវ​ជួយ​រក​ទីផ្សារ​ល្អ​ ដើម្បី​ឱ្យ​គាត់​មាន​ចំណូល​ល្អ​ប្រសើរ​ កុំឱ្យ​ធ្វើ​កសិកម្ម​យូរ​ទៅ​ជំពាក់គេ​ រួច​ធ្វើ​ចំណាកស្រុក​ជាដើម​”។

លោកស្រី​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“ប្រព័ន្ធ​(CSA​)ហ្នឹង​ គឺ​ខាង​តំណាង​សាកល​វិទ្យាល័យ​ គាត់​មក​ធ្វើការ​សិក្សា​ គាត់​មក​បង្ហាញ​បទ​ពិសោធ​ដល់​យើង​ពី​កម្មវិធី​នេះ​ ព្រោះCSA​ គឺជា​ប្រព័ន្ធ​ទីផ្សារ​មួយ​ ដែល​ជួយ​គាំទ្រ​ទៅដល់​កសិករ​ ជាពិសេស​កសិករ​ខ្នាត​តូច​ដូច​នៅក្នុង​ប្រទេស​កម្ពុ​ជា​អុីចឹង​។ ព្រោះ​សហគមន៍​កសិករ​ខ្នាត​តូច​ គឺ​គាត់​មានការ​លំបាក​ក្នុង​ការ​រក​ទីផ្សារ​លក់​ផលិតផល​របស់​គាត់​ ហើយ​អ្នក​បរិភោគ​ក៏​មានការ​លំបាក​ក្នុង​ការ​រក​ផលិតផល​ដែល​មាន​គុណភាព​ល្អ​សម្រាប់​គាត់​យក​ទៅ​បរិភោគ​ដែរ​ ដូច្នេះ​កសិករ​ ហើយនិង​អ្នក​បរិភោគ​ធ្វើការ​សហការ​គ្នា​ក្នុង​ការផលិត​ និង​ទិញ​ផលិតផល​របស់​កសិករ​”។

លោកស្រី​បញ្ជាក់​ទៀត​ថា​ កន្លងមក​អង្គការ​សេដា​ក បាន​អនុវត្ត​កម្មវិធី​នេះ​យូរ​មក​ហើយ​ដែរ​ ប៉ុន្តែ​មិនមែន​ជា​ទម្រង់​ CSAហ្នឹង​សុទ្ធសាធ​ទេ​។ ព្រោះ​សេ​-ដា​កកន្លងមក​បាន​សម្របសម្រួល​ទីផ្សារ​ឱ្យ​កសិករ​លក់​កសិផល​មក​ទីផ្សារ​ជាមួយ​អតិថិជន​ដែល​ជា​ប្រភេទ​អតិថិជន​គាំទ្រ​ផលិតផល​សរីរាង្គ​ ដែល​គាត់​ស្រឡាញ់​សុខភាព​ ស្រឡាញ់​បរិស្ថាន​។ ប៉ុន្តែ​ពុំ​មាន​ការ​បង់លុយ​មុន​ទេ​ អុីចឹង​ការ​ធ្វើកន្លង​មក​ សេដា​កមិនបាន​ធ្វើ​លក្ខណៈ​ប្រព័ន្ធ​ CSA​ ពេញលេញ​ទេ​ ដោយ​បាន​អនុវត្ត​កម្មវិធី​នេះ​ជាង10ឆ្នាំ​មក​ហើយ​ ដោយ​តាំងពី​ឆ្នាំ2004​ មក​ម៉្លេះ​។

លោក​ Jack​ លោក​ Ravael​ Julio​ Loho​ និង​កញ្ញា​ Sarah​ ជា​តំណាង​សាកល​វិទ្យាល័យ​ Virginia​ សហរដ្ឋអាមេរិក​ ផ្នែក​វិទ្យាសាស្ត្រ​កសិកម្ម​ បាន​ថ្លែង​ឱ្យ​ដឹង​ដែរ​ថា​ គោលបំណង​របស់​ CSA​ គឺ​ចង់ឱ្យ​មាន​ទំនាក់ទំនង​រវាង​ក្រុម​អ្នក​ផលិត​ទៅ​ក្រុម​អ្នកទិញ​ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ជឿជាក់​ពី​អ្នកទិញ​ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​កសិករ​នោះ​គាត់​មាន​ថវិកា​ក្នុង​ការផលិត​។

នៅ​សហរដ្ឋអាមេរិក​ ការអនុវត្ត​ប្រព័ន្ធ​ CSA​ នេះ​ គឺ​មាន​ភាព​ជោគជ័យ​ណាស់​ ដោយសារ​មាន​មនុស្សជា​ច្រើន​យល់ដឹង​ពី​ប្រព័ន្ធ​នេះ​។ ពួកគាត់​យល់ថា​ នេះ​ជា​គំនិត​មួយ​ថ្មី​ ប៉ុន្តែ​មនុស្សជា​ច្រើន​យល់ដឹង​ពី​គំនិត​ទាំងអស់​ហ្នឹង​ ហើយ​គាត់​ចាប់អារម្មណ៍​គំនិត​ទាំងអស់​ហ្នឹង​។ ដូច្នេះ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​ធ្វើ​ឱ្យ​អ្នក​ទាំងអស់​នោះ​គាត់​យល់​អំពី​ CSA​ ថា​តើ​ CSA​ មានដំណើរ​ការ​របៀប​យ៉ាងម៉េច​?។

“សារៈសំខាន់​ចម្បង​មួយ​ ដែល​អ្នក​បរិភោគ​ទទួល​បាន​ពី​ CSA​ នោះ​ គឺ​គាត់​ទទួល​បាន​ផលិតផល​ដែល​មានគុណ​ភាព​ ហើយ​ផ្តល់​នូវ​សុខភាព​ល្អ​ មិន​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​ ហើយ​ CSA​ ផង​ដែរ​ក៏​ផ្តល់​ឱ្យ​អ្នក​បរិភោគ​ជឿជាក់​អំពី​ប្រភព​នៃ​ផលិតផល​ដែល​គាត់​បរិភោគ​ហ្នឹង​។ ជាគោល​ការណ៍​ CSA​គាំទ្រ​ ឬក៏​ធ្វើការ​ផ្តោត​សំខាន់​ទៅលើ​ផលិតផល​សរីរាង្គ​ ដោយសារ​ផលិតផល​សរីរាង្គ​ វា​ផ្តល់​នូវ​គុណប្រយោជន៍​ដែល​ធ្វើ​ឱ្យ​សុខភាព​ល្អ​ ហើយ​មួយ​វិញ​ទៀត​ CSA​ គឺ​ផ្តោត​សំខាន់​ និង​ឱ្យ​តម្លៃ​យ៉ាង​ខ្លាំង​លើ​ការងារ​ធ្វើការ​នៅក្នុង​តំបន់​សម្រាប់​ក្រុម​កសិករ​។ ដូច្នេះ​សម្រាប់​កម្ពុជា​ អង្គការ​សេដា​ក មាន​បណ្តាញ​ មាន​សហគមន៍​ដែល​ចងក្រង​គ្នា​រួចជាស្រេច​ និង​អនុវត្ត​ផលិត​តែ​ដំណាំ​កសិកម្ម​សរីរាង្គ​ ជា​ការ​ងាយស្រួល​សម្រាប់​ការអនុវត្តCSA​”។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​តំណាង​ សាកល​វិទ្យាល័យ​ Virginia​។

លោក​ ស៊ន​ សឿត​ ជា​តំណាង​សហគមន៍​របស់​អង្គការ​សេដា​ក នៅ​ខេត្ត​កំពង់ស្ពឺ​ បាន​ប្រាប់​ឡា​រ៉ែ​នពាណិជ្ជ​ ពី​ការយល់​ដឹង​អំពីSCA​ ដែល​ជា​កម្មវិធី​មួយ​គាំទ្រ​ដល់​ការផលិត​ស្បៀងអាហារ​តាម​បែប​លក្ខណៈ​សរីរាង្គ​ ពិតជា​មាន​ចំណុច​ល្អ​ច្រើន​ ដោយសារតែ​សហគមន៍​យើង​ជា​អ្នក​ផលិត​ ដំណាំ​កសិកម្ម​សរី​សង្គ​ តែង​មានផល​លំបាក​ពី​ការ​រក​ទីផ្សារ​ និង​ដើមទុន​។

លោក​បាន​បញ្ជាក់​ថា​៖“ប្រសិនបើ​កម្មវិធី​នេះ​ទទួលយក​មក​អនុវត្ត​នៅ​កម្ពុជា​ ជាការល្អ​ប្រសើរណាស់​ ពីព្រោះ​ថា​ បច្ចុប្បន្ន​យើង​មាន​ដើមទុន​តិច​ ត្រូវ​បណ្តាក់​ដើមទុន​ធ្វើ​កសិកម្ម​ ហើយ​បើ​កម្មវិធី​នេះ​បាន​ផ្តល់​ទុន​មុន​ វា​ជា​ធាតុផ្សំ​មួយ​ជូយ​ជំរុញ​កម្លាំងចិត្ត​ ដែល​រឹតតែ​ធ្វើ​ឱ្យ​កសិករ​មានការ​តាំងចិត្ត​ ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការ​នេះ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​”៕

Advertisement