កន្ធាយ​ចិញ្ចឹម​ក្នុង​ស្រុក​ មាន​ទីផ្សារ​ល្អ​ តែ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​កន្ធាយ​នាំចូល​

ការ​ចិញ្ចឹមសត្វ​កន្ធាយ​ គឺជា​មុខរបរ​ថ្មី​មួយ​របស់​កសិករ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ បើ​ប្រៀបធៀប​ទៅ​នឹង​មុខរបរ​ចិញ្ចឹម​ត្រី​ ចិញ្ចឹម​កង្កែប​ ឬមុខរបរ​កសិកម្ម​ផ្សេងទៀត​។ របរ​ចិញ្ចឹម​កន្ធាយ​នេះ​ ត្រូវ​បាន​គេ​អះអាង​ថា​ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ដែរ​ ដោយសារ​តែ​វា​ជា​ម្ហូប​ពេញនិយម​នៅ​តាម​ភោជនីយដ្ឋាន​ ឬអាហារដ្ឋាន​មួយចំនួន​ តែ​ស្រប​ពេល​ជាមួយគ្នា​ក៏​មាន​កា​រប្រ​កូត​ប្រជែង​ខ្លាំង​នៅ​លើ​ទីផ្សារ​ដែរ​ ដោយសារ​មានការ​នាំចូល​សត្វ​កន្ធាយ​ពី​ប្រទេសជិតខាង​មក​លក់​ដូចគ្នា​។

លោក​ ហេង​ ម៉ា​ទីនេ​ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​វិហារសួគ៌​ បានឱ្យ​ដឹង​ថា​ បន្ទាប់ពី​បាន​រៀន​ជំនាញ​ខាង​ចិញ្ចឹមសត្វ​កន្ធាយ​ពី​ប្រទេស​ថៃ​មក​ លោក​ចាប់ផ្តើម​ធ្វើការ​សាកល្បង​ចិញ្ចឹមសត្វ​នេះ​តាំងពី​ឆ្នាំ2005​ មក​ដោយ​ដាក់​កូន​កន្ធាយ​ចិញ្ចឹម​សាកល្បង​ចំនួន​ 5,000ក្បាល​ ជា​ប្រភេទ​ពូជ​កន្ធាយ​តៃវ៉ាន់​។ ប៉ុន្តែ​ការ​ចិញ្ចឹម​ដំ​បូងៗ​ ពុំ​ទទួល​បាន​ជោគជ័យ​ទេ​ ដោយ​តែ​កន្ធាយ​កើតជំងឺ​រលាក​ស្បែក​ និង​ខ្វះ​ថ្នាំ​ព្យាបាល​បន្ទាន់​។ លោក​ថា​ នៅពេល​ដែល​សត្វ​កន្ធាយ​កើតជំងឺ​រលាក​ស្បែក​ គឺ​យើង​ត្រូវការ​ថ្នាំ​ព្យា​បា​លភ្លាមៗ​ ប៉ុន្តែ​កាលណោះ​លោក​ពុំ​អាច​រក​ទិញថ្នាំ​នៅ​តាម​ឱសថស្ថាន​ក្នុង​ប្រទេស​កម្ពុជា​បានទេ​ លុះត្រាតែ​ធ្វើដំណើរ​ទៅ​ទិញ​ដល់​ប្រទេស​ថៃ​ ដែល​ត្រូវ​ចំណាយពេល2​ ទៅ​ 3ថ្ងៃ​ ទើប​ទិញថ្នាំ​ត្រឡប់​មក​ព្យាបាល​កន្ធាយ​វិញ​បាន​ ធ្វើ​ឱ្យ​ហួសពេល​ក្នុង​ការ​ព្យាបាល​។

ទោះជា​ជួប​ការ​បរាជ័យ​លើ​របរ​ចិញ្ចឹម​កន្ធាយ​លើកដំបូង​ក៏ដោយ​ ក៏​លោក​មិន​អស់សង្ឃឹម​និង​មិន​បោះបង់​របរ​នេះ​ចោល​ឡើយ​ ដោយ​លោក​អះអាង​ថា​ ការ​បរាជ័យ​ ហើយ​បោះបង់​ គឺ​នឹង​បរាជ័យ​ជា​រៀង​រហូត​ ប៉ុន្តែ​សម្រាប់​រូបលោក​ លោក​ចាត់ទុក​ការ​បរាជ័យ​ជា​បទ​ពិសោធ​ល្អ​មួយ​ដែល​ធ្វើ​ឱ្យ​យើង​បាន​ត្រៀមខ្លួន​ចំពោះ​ហានិភ័យ​ដែល​អាច​នឹង​កើតមាន​នៅពេល​ចិញ្ចឹម​លើ​កក្រោយ​ៗទៀត​។ ដូច្នេះ​លោក​បាន​ទិញ​កូន​កន្ធាយ​ចំនួន​ 5,000ក្បាល​មក​ដាក់​ចិញ្ចឹម​បន្ត​ទៀត​ ហើយក៏​បាន​ទិញថ្នាំ​ត្រៀម​ទុក​សម្រាប់​ព្យាបាល​ឱ្យ​ទាន់ពេល​វេលា​រួចជាស្រេច​ផង​ដែរ​។

ដូច​អ្វី​ដែល​លោក​បាន​ទុក​គិត​មែន​ បន្ទាប់ពី​ចិញ្ចឹម​បាន​មួយ​រយៈ​ កន្ធាយ​ក៏​ចាប់ផ្ដើម​កើតមាន​ជំងឺ​សើស្បែក​ជាបន្តបន្ទាប់​ទៀត​ ប៉ុន្តែ​ដោយសារ​មាន​ថ្នាំសង្កូវ​បម្រុងទុក​ជាស្រេច​ហើយ​នោះ​ លោក​ក៏បាន​ព្យាបាល​សត្វ​កន្ធាយ​ទាំងនោះ​បាន​ដោយ​ជោគជ័យ​ដោយ​មិន​លំបាក​ឡើយ​ និង​គ្រាន់តែ​ព្យាយាម​ចិញ្ចឹម​មើលថែ​ឱ្យ​បាន​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះ​ កន្ធាយ​ក៏​ចាប់ផ្តើម​ធំធាត់​ឡើង​បន្តិច​ម្តង​ៗ រហូតដល់​អាយុ​បាន​ 1ឆ្នាំ​ ទៅ​ 1ឆ្នាំ​កន្លះ​ កន្ធាយ​ទាំងនោះ​ក៏អាច​ចាប់​លក់​បាន​ ដែ​លមួយៗ​មាន​ទម្ងន់​ចន្លោះ​ពី​ 1គីឡូក្រាម​ ដល់​2គីឡូក្រាម​ ដែល​មានតម្លៃ​ចាប់ពី​ 10​-20ដុល្លារ​ក្នុង​ 1គីឡូក្រាម​ និង​តម្លៃ​នេះ​អាស្រ័យ​ទៅលើ​កន្ធាយ​តូច​ឬធំ​ទៀតផង​ បើ​កន្ធាយ​កាន់តែ​ធំ​ កាន់តែ​បាន​ថ្លៃ​ ដែល​កាលនោះ​មិន​ខ្វះ​ហាង​ចាំ​ទទួលយក​ទេ​ ពោល​គឺ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​នៅ​លើ​ទីផ្សារ​អ្នក​បរិភោគ​ផង​។

ក្រោយពី​ចិញ្ចឹម​បាន​ជោគជ័យ​លើក​ទី1​ លោក​បាន​បង្កើត​ស្រះ​មួយ​បន្ថែម​ទៀត​ បង្កើន​ការ​ចិញ្ចឹម​រហូតដល់10,000ក្បាល​ លុះ​ការ​ចិញ្ចឹម​លើក​ទី2​ ទទួល​បាន​ជោគជ័យ​បន្ត​ លោក​ក៏បាន​ពង្រីក​ស្រះ​កាន់តែ​ច្រើន​ថែមទៀត​ និង​ចិញ្ចឹម​បាន​រហូតដល់​ 50,000ក្បាល​ និង​បាន​សហការ​ជាមួយ​កសិករ​នៅ​តំបន់​នោះ​ឱ្យ​ចិញ្ចឹម​បាន​ច្រើនគ្រួ​សារ​ថែមទៀត​ ដោយ​លោក​ជា​អ្នក​ផ្តល់​បច្ចេកទេស​ និង​ធានា​ទទួល​ទិញ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ​ទៀតផង​ ធ្វើ​ឱ្យ​កសិករ​នៅ​តំបន់​នោះ​មានការ​ត្រេកអរ​ជា​ខ្លាំង​ ដោយសារតែ​ពួកគាត់​មានមុខ​របរ​ថ្មី​មួយទៀត​ដែល​អាច​រកចំណូល​ចូល​គ្រួសារ​ច្រើន​គួរសម​ដែរ​។ មិន​តែប៉ុណ្ណោះ​របរ​ចិញ្ចឹម​កន្ធាយ​បាន​ផ្តល់​ចំណូល​ដល់​អ្នករក​ខ្យង​ថៃ​(ជា​ចំណី​របស់​កូន​កន្ធាយ​)លក់​ទៀតផង​ ដោយ​កាលនោះ​លោក​បាន​ទទួល​ទិញ​ក្នុង​តម្លៃ300រៀល​ក្នុង​ 1គីឡូក្រាម​ ហើយ​ក្នុង1ថ្ងៃ​លោក​ទិញ​បាន​ចន្លោះ​ពី​ 7-10តោន​ ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​។

ទើបតែ​ចិញ្ចឹម​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ ឈ្មួញ​ក៏​បាន​នាំចូល​កន្ធាយ​ពី​ប្រទេស​វៀតណាម​មក​ដែរ​ ជា​ប្រភេទ​កន្ធាយ​ចិញ្ចឹម​ដូចគ្នា​ តែ​គេ​ផ្តល់​ចំណី​អ័រម៉ូន​ ដែល​ធ្វើ​ឱ្យ​សត្វ​កន្ធាយ​នោះ​ឆាប់​ធំ​ តែ​ប៉ះពាល់​សុខភាព​អ្នកទទួល​ទាន​ ដែល​នាំចូល​មក​ដើម្បី​លក់​ក្នុង​តម្លៃ​ទាប​នៅ​លើ​ទីផ្សារ​កម្ពុជា​។ លោក​បានឱ្យ​ដឹង​ថា​ កន្ធាយ​ក្នុង​ស្រុក​របស់​យើង​ផ្តល់​ចំណី​ធម្មជាតិ​ ជា​ប្រភេទ​កូន​ត្រី​កិន​លាយ​ជាមួយ​ខ្យង​ក្រហម​(ខ្យង​ថៃ​) មិន​ប្រើ​ថ្នាំ​អ័រម៉ូន​ដូច​សត្វ​កន្ធាយ​នាំចូល​ទេ​ហើយ​លក់​ក្នុង​តម្លៃ​ 10ដុល្លារ​ ចំណែក​គេ​លក់​តែ​9ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ 1គីឡូក្រាម​ដូចគ្នា​។ ដល់​កសិករ​ខ្មែរយើង​លក់​ក្នុង​តម្លៃ​ 9ដុល្លារ​ក្នុង​ 1គីឡូក្រាម​ ស្រាប់តែ​គេ​លក់​ 8ដុល្លារ​ ដែល​ធ្វើ​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ភាគច្រើន​ងាក​ទៅ​រក​ការ​ផ្គត់ផ្គង់​ពី​ប្រទេសជិតខាង​វិញ​ ជាហេតុ​ធ្វើ​ឱ្យ​កសិករ​យើង​ខាតបង់​ និង​លែង​មាន​ប្រាក់ចំណេញ​ និង​ផ្អាក​ការ​ចិញ្ចឹម​អស់​មួយចំនួន​ទៅវិញ​យ៉ាង​គួរ​ឱ្យ​សោក​ស្តាយ​បំផុត​។ ករណីនេះ​ លោក​ធ្លាប់​បាន​អំពាវនាវ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងឡាយ​ សូមកុំ​ទិញ​កន្ធាយ​អ័រម៉ូន​ធ្វើម្ហូប​ឱ្យ​ភ្ញៀវ​ពិសា​អី​ ដោយសារតែ​វា​ប៉ះពាល់​សុខភាព​អ្នកទទួល​-ទាន​ ម្យ៉ាង​ទិញ​ផលិតផល​គេ​ ដូច​យក​លុយ​ទៅ​ឱ្យ​គេ​អុីចឹង​ សូម​ងាក​មក​ទិញ​កន្ធាយ​កសិករ​ខ្មែរយើង​វិញ​ មិន​ប៉ះពាល់​សុខភាព​អ្នកទទួល​ទាន​ ហើយ​ថែមទាំង​ជួយ​ឱ្យ​កសិករ​យើង​មាន​ជីវភាព​ធូរធារ​ទៀតផង​។

ងាក​ខាង​បច្ចេកទេស​ចិញ្ចឹម​កន្ធាយ​វិញ​ម្ដង​…លោក​បាន​ប្រាប់​ពី​បទ​ពិសោធ​ក្នុង​ការ​ចិញ្ចឹមសត្វ​កន្ធាយ​នេះ​ថា​ មុននឹង​ទិញ​កូន​កន្ធាយ​មក​ចិញ្ចឹម​ កសិករ​គួរ​ជីក​ស្រះ​ទុកជាមុន​ដែល​ជា​ស្រះ​មាន​ទឹក​ទាំង​រដូវប្រាំង​ និង​រដូវវស្សា​ ក្នុង​ទំហំ​ទទឹង​ 30ម៉ែត្រ​និង​បណ្តោយ​ 40ម៉ែត្រ​ និង​ជម្រៅ​ 1.5ម៉ែត្រ​ ដែល​អាច​ដាក់​កន្ធាយ​បាន​រហូតដល់​ចំនួន​ 10,000ក្បាល​។

បន្ទាប់ពី​ដាក់​កូន​កន្ធាយ​ទៅ​ក្នុង​ស្រះ​ហើយ​ កសិករ​គ្រាន់តែ​រក​ទិញ​កូន​ត្រី​ ឬខ្យង​មក​កិន​ធ្វើជា​ចំណី​សម្រាប់​ឱ្យ​ពួកវា​ស៊ី​ជាការស្រេច​ ដែល​វា​មាន​ភាព​ងាយស្រួល​ជាង​ការ​ចិញ្ចឹម​ត្រី​ ជាពិសេស​កន្ធាយ​វា​ស៊ី​ចំណី​តិច​ជាង​ត្រីឆ្តោ​ ឬត្រីប្រា​ ហើយ​ធន់​នឹង​ជំងឺ​ជាង​ត្រី​ទៀតផង​។ សម្រាប់​ចំណី​វិញ​ ពេល​នៅ​តូច​វា​ស៊ី​ត្រឹមតែ​ 2គីឡូ​ប៉ុណ្ណោះ​ក្នុង​ 1ថ្ងៃ​ លុះ​ធំ​ពេញវ័យ​វា​ស៊ី​អស់​ 60គីឡូ​ក្នុង​ 1ថ្ងៃ​ សម្រាប់​កន្ធាយ10,000​ក្បាល​នេះ​។

សម្រាប់​កសិករ​ដែល​មានបំណង​ចង់​បង្កាត់ពូជ​ដោយខ្លួនឯង​ និង​មិន​ចង់​ទិញ​កូន​ពី​គេ​ សូមកុំ​យក​ពូជ​កន្ធាយ​ជាន់​ឈាម​(មានន័យថា​ កូន​កន្ធាយ​ដែល​កើត​ចេញពី​មេ​ និង​បា​ដែល​នៅក្នុង​ស្រះ​តែមួយ​) ត្រូវ​យក​ពូជ​កន្ធាយ​ឈ្មោល​ធំ​ល្អ​ដែល​នៅក្នុង​ស្រះ​ផ្សេង​គ្នា​ និង​មេ​កន្ធាយ​ណា​ដែល​មាន​សុខភាព​ល្អ​នៅក្នុង​ស្រះ​ផ្សេងគ្នា​ដែរ​ មក​ដាក់​ឱ្យ​បង្កាត់ពូជ​ជាមួយគ្នា​ ទើប​យើង​បានកូន​កន្ធាយ​ល្អ​ មិនសូវ​ឈឺ​ មិនសូវ​កាច​។តែបើ​ពូ​ជឈាន់​ឈាម​ កូន​កន្ធាយ​នឹង​មិនសូវ​ធំធាត់​ល្អ​ ហើយ​កាច​ ចូលចិត្ត​ខាំ​គ្នា​ បង្ក​ឱ្យ​កើតជំងឺ​ដំបៅ​ផ្សេង​ៗទៀតផង​។ ជាទូទៅ​ មុននឹង​យក​ទៅ​ដាក់​ក្នុង​ស្រះ​ធំ​គេ​ត្រូវ​ផ្សុំាំ​កូ​នក​ន្ឋាយ​នៅ​ស្រះ​តូច​ដែល​មាន​ទឹករាក់​ជាមុន​សិន​ ដើម្បី​ឱ្យ​វា​ធំ​បន្តិច​មាន​អាយុ​ប្រមាណ​ 1ខែ​ ទើប​គេ​យក​ទៅ​ដាក់​ក្នុង​ស្រះ​ធំ​។បច្ចុប្បន្ន​នៅក្នុង​ឃុំ​វិហារសួគ៌​ នៅសល់​តែ​កសិដ្ឋាន​របស់​លោក​ ហេង​ ម៉ា​ទីនេ​ និង​កសិករ​ប្រមាណ​ជា​ 20គ្រួសារ​ប៉ុណ្ណោះ​ដែល​នៅ​ចិញ្ចឹម​កន្ធាយ​លក់​ ក្រៅពីនោះ​បាន​បោះបង់​អស់​មួយចំនួន​ធំ​ទៅ​ហើយ​ មូលហេតុ​គឺ​ដោយ​ការប្រកួត​ប្រជែង​តម្លៃ​ពី​ការនាំចូល​។ ចំណែក​កសិករ​ដែល​ចិញ្ចឹម​កន្ធាយ​ដែល​ជា​សាខា​របស់​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​វិហារសួគ៌​នេះ​មាន​ដូចជា​ កសិករ​នៅ​ខេត្តព្រៃវែង​ កំពង់ធំ​ ពោធិ៍សាត់​ និង​បាត់ដំបង​ ជាដើម​។ល។

លោក​ ហេង​ ម៉ា​ទីនេ​ សូម​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ សូម​មេត្តា​ជួយ​ទប់ស្កាត់​ការនាំចូល​កន្ធាយ​ពីក្រៅ​ប្រទេស​ផង​ ដើម្បី​ជួយ​លើកកម្ពស់​ផលិតផល​ក្នុង​ស្រុក​ ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​គ្រួសារ​របស់​កសិករ​ ក៏ដូចជា​ជួយ​ដល់​សុខភាព​អ្នកទទួល​ទាន​ផង​ដែរ​៕

Advertisement