ការ​វិនិយោគ​សាធារណៈ​នៅ​កម្ពុជា​មាន​ទំហំ​កើនឡើង​ដល់​ប្រមាណ​ 8% នៃផ.ស.ស​

ការ​វិនិយោគ​សាធារណៈ​បាន​បំពេញ​តួនាទី​ជា​មធ្យោបាយ​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​-សង្គម​ផ្សេងទៀត​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ចាំបាច់​សម្រាប់​ការ​ស្តារ​ កសាង​ និង​អភិវឌ្ឍ​ប្រទេស​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​“ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​”។

ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​ថ្លែង​ថា​ ការ​វិនិយោគ​សាធារណៈ​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់ផ្តើម​ពី​ដំណាក់កាល​ដំបូង​នៅដើម​ទសវត្សរ៍​ឆ្នាំ1990​ ក៏ប៉ុន្តែ​ពេល​នោះ​ គឺ​កម្ពុជា​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ហិរញ្ញប្បទាន​សហការ​ពី​ដៃគូ​អភិវឌ្ឍន៍​។ ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ពីលើ​ប្រភព​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​ ដែល​រហូត​មកទល់​នឹង​ពេលនេះ​ ការ​វិនិយោគ​សាធារណៈ​ គឺ​មាន​ទំហំ​ប្រមាណ​ 8%នៃផ.ស.ស​ ដែល​ក្នុង​នោះ​ 1/3 បាន​ពី​ថវិកាជាតិ​ និង​ 2/3ទៀត​បាន​មក​ពី​ដៃគូ​អភិវឌ្ឍន៍​ដែល​ជា​ឥណទាន​សម្បទាន​ និង​ហិរញ្ញប្បទាន​ឥត​សំណង​។

នៅ​ចុងឆ្នាំ2019​ នេះ​ រាជរដ្ឋាភិបាល​គ្រោង​នឹង​ដាក់ចេញ​នូវ​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ ការ​វិនិយោគ​សាធារណៈ​ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ2018​- 2025​ និង​ដើម្បី​បំពេញ​ភាព​គ្រប់​ជ្រុងជ្រោយ​ និង​ភាព​ពេញលេញ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​។

ឯកឧត្តម​បាន​ថ្លែង​ថា​ កន្លងមក​យើង​បាន​ដាក់​ចេញ​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​គោលការណ៍​មួយចំនួន​ជាបន្តបន្ទាប់​សម្រាប់​គ្រប់គ្រង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ប៉ុន្តែ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ដូចនេះ​យើង​មាន​ភាព​ចាំបាច់​ និង​បន្ទាន់​ក្នុង​ការរៀបចំ​ប្រព័ន្ធ​នេះ​ឡើងវិញ​ តាមរយៈ​ការរៀបចំ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​សម្រាប់​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ស្រប​តាម​ឧត្តមា​នុ​វត្ត​ជា​អន្តរជាតិ​ និង​តំបន់​សំដៅ​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព​ និង​ចីរភាព​នៃ​ការ​វិនិយោគ​ ទាំង​គម្រោង​អភិវឌ្ឍន៍​ និង​ទាំង​ថវិកា​។

ឯកឧត្ដម​បាន​ថ្លែង​បញ្ជាក់​ថា​៖ “ទោះបី​យើង​មិនទាន់​មាន​ក្របខ័ណ្ឌ​គ្រប់ជ្រុងជ្រោយ​ក្នុង​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ក្តី​ ក៏ប៉ុន្តែ​កន្លងមក​នេះ​ ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ លើ​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ ជាពិសេស​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ជា​សេនាធិការ​បាន​ធ្វើ​ឱ្យ​ការ​វិនិយោគ​សាធារណៈ​របស់​យើង​នៅតែ​មាន​ទំហំ​តូច​នៅឡើយ​ ក៏ប៉ុន្តែ​វា​បាន​ដើរតួ​សំខាន់​ក្នុង​ការ​-ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ក៏ដូចជា​ការ​អភិវឌ្ឍ​ប្រទេស​ទាំងមូល​”។

ជាក់ស្តែង​ យើង​បានឃើញ​ហើយ​ថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​រយៈពេល​ជាង​ 20ឆ្នាំ​មកនេះ​ មាន​កំណើន​ 7.7​% ក្នុង​ 1ឆ្នាំ​ជាមធ្យម​ ក្នុង​នោះ​ការ​វិនិយោគ​របស់​ជាតិ​ទាំងមូល​រួម​ទាំង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ផង​ មាន​មិនដល់​ប្រមាណ​ 30​% ទេ​ ដែល​នេះ​ជា​ការ​បញ្ជាក់​ឱ្យ​ឃើញថា​ ការប្រើ​ប្រាស់​ធនធាន​របស់​យើង​មានប្រសិទ្ធភាព​។ បើ​យើង​ក្រឡេក​មើល​ប្រទេស​ដទៃទៀត​ គេ​វិនិយោគ​ប្រមាណ​ពី​ 40​-50​% ជា​ធនធាន​ជាតិ​ដើម្បី​សម្រេច​កំណើន​សេដ្ឋកិច្ច​ 7% ហើយ​ពេលខ្លះ​ទៀត​ថែមទាំង​មិន​អាច​សម្រេច​បាន​គោលដៅ​នេះ​ផង​។

ក៏ប៉ុន្តែ​ ទោះបីជា​យ៉ាងនេះ​ក្តី​ យើង​នៅ​មិនទាន់​ត្រេកត្រអាល​នឹង​លទ្ធផល​នេះ​ទេ​ ហើយ​យើង​នៅតែ​គិតថា​ យើង​នៅ​មាន​ភាព​ខ្វះខាត​នៅឡើយ​ ទាំង​ជា​យន្តការ​ ស្ថាប័ន​ច្បាប់​ និង​ធនធានមនុស្ស​ព្រោះ​តម្រូវការ​វិនិយោគ​កាន់តែ​ធំ​ទៅៗ​ ហើយ​វិវឌ្ឍ​កាន់តែ​ស្មុគស្មាញ​ថែមទៀត​ ជាពិសេស​គម្រោង​វិនិយោគ​ដែល​មាន​ទឹកប្រាក់​ធំ​។ ដូច្នេះ​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការប្រើ​ប្រាស់​ និង​ការបែងចែក​ធនធាន​ ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​មាន​ចីរភាព​។

ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​គូសបញ្ជាក់​ថា​ ក្នុង​គោលដៅ​ខាងលើ​នេះ​ រាជរដ្ឋាភិបាល​គ្រោង​នឹង​ដាក់ចេញ​នូវ​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​នៅ​ចុងឆ្នាំ2019​ នេះ​ ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ2018​-2025​ ដើម្បី​បំពេញ​ភាព​គ្រប់ជ្រុងជ្រោយ​ និង​ភាព​ពេញលេញ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​មួយ​ ដែល​អាច​គ្រប​ដណ្តប់​ទាំង​ថវិកា​ចរន្ត​ និង​ថវិកា​មូលធន​ទាំង​នៅ​កម្រិត​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ព្រមទាំង​អាច​ឆ្លើយតបទៅនឹង​ការរៀបចំ​ក្របខ័ណ្ឌ​ចំណាយ​រយៈពេល​មធ្យម​ និង​ការ​ពង្រឹង​ថែមទៀត​នូវ​សមាហរណកម្ម​ថវិកា​ពី​គ្រប់​ប្រភព​ ទាំង​មក​ពី​ប្រភព​ថវិកាជាតិ​ ដៃគូ​អភិវឌ្ឍន៍​ និង​តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​ និង​ឯកជន​ផង​ដែរ​៕

Advertisement