ក្រសួងការងារ​ ​និង​អង្គការ​ ​GIZ​ ​ផ្តើម​អនុវត្ត​កម្មវិធី​ ​«​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ ​និង​កាត់ដេរ​»​

​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​អង្គការGIZ​ ​របស់​អាល្លឺម៉ង់​បាន​ចុះហត្ថលេខា​ ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្ដីពី​ការអនុវត្ត​កម្មវិធី​ ​«​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយន​ ​ភណ្ឌ​ ​និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​»​(​GIZ​,​ ​FABRIC​)​ ​នៅ​កម្ពុជា​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្ដីពី​ការអនុវត្ត​កម្មវិធី​«​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ ​និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​»​ ​(​GIZ​,​ ​FABRIC​)​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​រយៈពេល​ ​ចាប់ពី​ថ្ងៃទី1​ ​ខែមេសា​ ​ឆ្នាំ2019​ ​ដល់​ថ្ងៃទី31​ ​មីនា​ ​ឆ្នាំ2021​ ​ដែល​មាន​ថិ​វកា​ ​គិតជា​ទឹកប្រាក់​សរុប​ចំនួន​ ​6លាន​អឺ​រ៉ូ​ ​សម្រាប់​ប្រទេស​បង់​ក្លា​ដែស​ ​កម្ពុជា​ ​ចិន​ ​មីយ៉ាន់ម៉ា​ ​ប៉ាគីស្ថាន​ ​និង​វៀតណាម​។​

​ឯកឧត្តម​ ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ជា​អធិបតីភាព​ ​ក្នុង​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃទី9​ ​ខែកក្កដា​ ​ឆ្នាំ2019​។​ ​ឯកឧត្តម​ ​បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​ ​GIZ​ ​ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ទាំង​ថវិកា​ ​ក៏ដូចជា​អ្នកជំនាញ​បច្ចេកទេស​ជួយ​ដល់​កម្ពុជា​ ​ជាពិសេស​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ពេល​កន្លងមក​ ​និង​ពេញចិត្ត​ចំពោះ​ការអនុវត្ត​គម្រោង​ ​GIZ​ ​ក៏ដូចជា​ការ​ជួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​មកដល់​កម្ពុជា​ពិសេស​វិស័យ​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​លោក​បណ្ឌិត​ ​Guenter​ ​Riethmacher​ ​នាយក​ ​GIZ​ ​ប្រចាំ​ប្រទេស​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ភាគី​ ​GIZ​ ​ពេញចិត្ត​នឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​នូវ​ការ​ផ្តល់​ជំនួយ​ក្នុង​ការអនុវត្ត​គម្រោង​ឱ្យ​ទទួលជោគជ័យ​បន្ថែម​ទៀត​ ​និង​សន្យា​បន្ត​កិច្ចការ​ងារ​នេះ​បន្ថែម​ទៀត​ ​ទៅលើ​គម្រោង​ ​ដើម្បី​ឈាន​សម្រេច​បាន​ភាព​ជោគជ័យ​ ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ផែនការ​យុទ្ធ​សាស្រ្ត​របស់ក្រ​សួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​គោលបំណង​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ ​រួមមាន​ ​ទី1​-​ ​គាំទ្រ​ដល់​បណ្តា​ស្ថាប័នរដ្ឋ​ ​និង​ឯកជន​ ​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​កិច្ច​សន្ទនា​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ថ្នាក់​តំបន់​ ​ថ្នាក់​ជាតិ​ ​និង​កម្រិត​សហគ្រាស​ ​គ្រឹះស្ថាន​ ​ដើម្បី​ពង្រឹង​អនុលោម​ភាព​តាម​បទដ្ឋាន​សង្គម​ ​និង​ការងារ​ដូច​មាន​ចែង​នៅក្នុង​ច្បាប់​ស្តី​ពី​ ​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​អនុសញ្ញា​អន្តរជាតិ​នានា​ ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមភាព​យេនឌ័រ​នៅកន្លែង​ធ្វើការ​។​
​ទី2​-​ផ្ដល់​ជំនួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​បច្ចេកទេស​ពី​គម្រោង​ ​GIZ​,​ ​FABRIC​ ​ដល់​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ ​តម្លាភាព​ ​ប្រសិទ្ធភាព​ ​និង​ទទួល​បានការ​ជឿជាក់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

​ ​ទី3​-​ ​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​សម្រាប់​អនុវត្ត​សកម្មភាព​ទាំងឡាយ​ ​ដែល​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ ​ក្នុង​វិស័យ​ការងារ​ ​និង​បណ្តុះបណ្តាល​ ​វិជ្ជាជីវៈ​ ​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​ ​និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ដែល​ធ្វើការ​ ​ក្នុង​វិស័យ​វាយនភណ្ឌ​ ​និង​កាត់ដេរ​៕​

Advertisement