ដើម​ឫស្សី​សាង​ម៉ុង​ត្រូវ​បាន​គេ​នាំចូល​មក​ក្នុង​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​

July 16, 2019​ ម៉ោង 9:37 am

និយាយ​ពី​ដំណាំ​ដើម​ឫស្សី​នៅក្នុង​ប្រទេស​កម្ពុជា​ ប្រជាជន​ខ្មែរ​ភាគច្រើន​ដាំ​តែ​ឫស្សីស្រុក​ ឫស្សីព្រៃ​ ឫស្សីពីងពង់​ ឫស្សី​ទំពាំង​ផ្អែម​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយសារតែ​មាន​តម្រូវការ​ផ្នែក​សំណង់​ ក៏ដូចជា​គ្រឿង​សង្ហារិម​ផង​នោះ​ កូនខ្មែរ​ម្នាក់​បាន​នាំ​យក​ដើម​ឫស្សី​សាង​ម៉ុ​នពី​ក្រៅប្រទេស​មក​ចែកចាយ​ដល់​កសិករ​ខ្មែរ​ដាំ​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក​ ឆន​ សុភ​ក្តី​ ម្ចាស់​កសិដ្ឋាន​បណ្តុះ​កូនឈើ​ខេត្តពោធិ៍សាត់​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ឫស្សី​សាង​ម៉ុន​មាន​ដើមកំណើត​នៅ​ប្រទេស​ចិន​ ដែល​ភាពយន្ត​ចិន​ជាច្រើន​តែង​ថត​នៅ​ចំការ​ឫស្សី​នេះ​នៅពេល​សម្តែង​ឈុត​វាយប្រហារ​គ្នា​ ដោយសារ​វា​មាន​ពណ៌​ស្រស់​ស្អាត​ ដើ​មត្រង់ៗ​ទៅលើ​ ខ្ពស់​ៗដូច​ដើមឈើ​ក្នុង​ព្រៃធំ​ ហើយ​វា​មិន​ដុះ​ជា​គុម្ព​ធំៗ​ ដូច​ឫស្សីស្រុក​យើង​ទេ​។

ដោយសារតែ​ដើម​ឫស្សី​ប្រភេទ​នេះ​មានសាច់​ក្រាស់​(កម្រាស់​ប្រហែល​ 2ហ៊ុន​) គេ​អាចយ​កវា​មក​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​ ក៏ដូចជា​ធ្វើ​គ្រឿង​ជា​សង្ហារិម​ពី​ឫស្សី​សាង​ម៉ុ​ននេះ​ជាប់​បាន​ល្អ​ ហើយ​ឫស្សី​ប្រភេទ​នេះ​ត្រូវ​បាន​ប្រជាជន​ថៃ​និយម​ដាំ​កាន់តែ​ច្រើន​ឡើង​ៗនៅក្នុង​ប្រទេស​របស់​គេ​។ ឃើញ​ដូច្នេះ​ លោក​ក៏បាន​សម្រេច​នាំ​ពូជ​ឫស្សី​ប្រភេទ​នេះ​មក​លក់​នៅ​ប្រទេស​កម្ពុជា​ កាលពី​ប្រមាណ​ជា​ 3ឆ្នាំ​មុន​ ហើយ​ចែកចាយ​លក់​បន្ត​ទៅ​ឱ្យ​កសិករ​យើង​ដាំ​បន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដូចជា​នៅ​ខេត្តពោធិ៍សាត់​ បាត់ដំបង​ កំពង់ធំ​ កំពង់ស្ពឺ​ ក្រចេះ​ កំពង់ចាម​ ព្រៃវែង​ ពោល​គឺ​ស្ទើរតែ​គ្រប់​ខេត្ត​តែម្តង​។

លោក​រៀបរាប់​ថា​ ការ​ដាំដុះ​របស់​កសិករ​ជាលើកដំបូង​នេះ​ គឺជា​ការ​ដាំ​សាកល្បង​ប៉ុណ្ណោះ​ ហើយ​ឃើញថា​ វា​ដុះ​លូតលាស់​បាន​ល្អ​ ដោយសារ​វា​ពុំរើស​អាកាសធាតុ​ ពុំរើស​ទីតាំង​ដី​ ហើយ​មិន​ចាំបាច់​ថែទាំ​ ឬស្រោចទឹក​ច្រើន​ដូច​ដំ​ណាំ​ផ្សេង​ៗទៀត​ឡើយ​។ ក្រោយពី​ដាំ​សាកល្បង​ ឫស្សី​នេះ​មានការ​លូតលាស់​ល្អ​ និង​ត្រូវ​បាន​គេ​កាប់​យក​ទៅ​ប្រើប្រាស់​ជា​បណ្តីរៗ​ហើយ​ សម្រាប់​យក​ធ្វើជា​ចន្ទល់​ទល់​ពេល​ចាក់​បេតុង​ផ្ទះ​ ឬសំ​ណង់​ផ្សេង​ៗ និង​យក​មក​ធ្វើជា​គ្រឿង​សង្ហារិម​ពីដើម​ឫស្សី​ ដូចជា​ធ្វើ​តុ​ ទូ​ គ្រែ​ កៅអី​បង្អែក​ កៅអីសាឡុង​ និង​ក្យូស​អង្គុយលេង​នៅ​ខាងមុខ​ផ្ទះ​ មុខ​ដី​ឡូត៍​ តាម​សួន​លម្ហែ​កាយ​ ឬជា​រោង​អង្គុយ​កម្សាន្ត​លេង​ដែល​ជាប់​រឹងមាំ​ល្អ​ និង​ប្រើប្រាស់​បាន​យូរឆ្នាំ​ជាង​ឫស្សីស្រុក​យើង​ទៅទៀត​។

ប្រទេស​កម្ពុជា​ ជា​ប្រទេស​កសិកម្ម​ ផ្ទៃដី​កសិកម្ម​នៅ​តាម​បណ្តា​ខេត្ត​នានា​ត្រូវ​បាន​ទុក​ឱ្យ​ទំនេរ​ចោល​ដោយ​មិនបាន​ច្នៃ​ដាំដំណាំ​សម្រាប់​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​គ្រួសារ​នោះ​ទេ​ ដោយសារ​ដំណាំ​ភាគច្រើន​ត្រូវការ​ដី​ដែល​មាន​ជីវជាតិ​ល្អ​ និង​ត្រូវការ​កម្លាំង​ពលកម្ម​ថែទាំ​ច្រើន​ទើប​វា​លូតលាស់​បាន​ល្អ​ និង​ផ្តល់​ផល​ត្រឡប់មកវិញ​ ប៉ុន្តែ​សម្រាប់​ដើម​ឫស្សី​ប្រភេទ​នេះ​ វា​មិន​ត្រូវការ​ដី​មាន​ជីវជាតិ​ល្អ​ មិន​រើស​អាកាសធាតុ​ និង​មិន​ត្រូវការ​កម្លាំង​ពលកម្ម​ថែទាំ​ច្រើន​នោះ​ទេ​ គ្រាន់តែ​ដាក់ដាំ​ រួច​ធ្វើ​របង​កុំឱ្យ​សត្វ​ពាហនៈ​ចូល​យាយី​តែប៉ុណ្ណោះ​ រួចហើយ​វា​នឹង​ដុះ​លូតលាស់​ឡើង​បាន​ល្អ​ដោយខ្លួន​វា​។

លោក​ សុភ​ក្តី​ បាន​បង្ហើប​ឱ្យ​ដឹងពី​វិធីសាស្ត្រ​ងាយ​ៗក្នុង​ការ​ដាំដុះ​ដើម​ឫស្សី​សាង​ម៉ុ​ននេះ​ថា​ ដំបូង​ឡើយ​គេ​គ្រាន់តែ​កាប់​ខ្នែង​ឫស្សី​ដែល​មាន​ដុះឫស​ល្អ​ យក​មក​ផ្សាំ​រយៈពេល​ប្រមាណ2សប្តាហ៍​ ដោយ​ដាក់​ផ្សាំ​នៅក្នុង​ថង់​ដាក់ជី​ដូច​ផ្សាំ​កូន​ដូង​ក៏បាន​ ឬដាក់​ផ្សាំ​នៅ​លើ​ដី​ផ្ទាល់​តែម្ដង​ក៏បាន​ ដោយ​គ្រាន់តែ​យក​សំរាម​ ឬស្រកីដូង​មក​ដាក់​គ្រប​ពីលើ​ ហើយ​ស្រោចទឹក​ 1ថ្ងៃ​ម្តង​ ឬ 2ដង​ ខ្នែង​ឫស្សី​នឹង​ចាប់ផ្តើម​ចុះ​ពន្លក​ឡើង​ រួច​ដុះ​ជា​កូន​អាចយ​កទៅ​ដាំ​នៅ​ចម្ការ​បានតែ​ម្ដង​។

លោក​ឱ្យ​ដឹង​ថា​ មុននឹង​យកកូន​ឫស្សី​ទៅ​ដាំ​ គេ​ត្រូវ​ភ្ជួរ​ដី​ចោល​ ដើម្បី​សម្លាប់​មេរោគ​ និង​ជួយ​ឱ្យ​ដីធូរ​ និង​សន្សើមចុះ​បាន​ល្អ​ រួចហើយ​ទើប​ជីករណ្តៅ​ជ្រៅ​ល្មម​ ទើប​យកកូន​ឫស្សី​ទៅ​ដាក់ដាំ​កប់​ក្នុង​ដី​ជម្រៅ​ពី​កន្លះ​តឹក​ ទៅ1តឹក​។ ស្រោចទឹក​ម្តងម្កាល​ ឬមិន​បាច់​ស្រោចទឹក​ក៏បាន​ រួចហើយ​ដើម​ឫស្សី​នោះ​នឹង​ដុះ​លូតលាស់​ឡើង​បាន​យ៉ាង​ល្អ​ ដោយសារ​វា​មិន​រើស​ប្រភេទ​ដី​ដូច​ដំណាំ​ផ្សេង​ទេ​ លើកលែងតែ​ដីលិចទឹក​ ប៉ុន្តែ​កសិករ​នៅ​តាម​ដងទន្លេ​ក៏អាច​ដាំ​បាន​ដែរ​ បើសិន​រដូវ​ទឹក​លិច​មាន​រយៈពេល​ខ្លី​ត្រឹមតែ​កន្លះ​ខែ​ ឬជាង​ 1ខែ​នោះ​ ដោយសារ​ដើម​ឫស្សី​ប្រភេទ​នេះ​វា​ធន់​នឹង​ទឹកបាន​នៅពេល​ដែល​វា​លូតលាស់​ធំឡើង​ខ្ពស់​ផុត​ពី​ទឹក​ និង​ទោះជា​មាន​ទឹកឡើង​លិច​ម្តងម្កាល​នៅ​រដូវវស្សា​ក៏ដោយ​។ ការ​ដាំដុះ​ឫស្សី​ប្រភេទ​នេះ​ វា​មិន​ត្រូវការ​ការថែទាំ​ ជម្រះ​ ឬបាញ់ថ្នាំ​សម្លាប់​ស្មៅ​ទេ​ គ្រាន់តែ​ទុក​វា​ចោល​ត្រឹម​រយៈពេល​ 2 ទៅ​ 3ឆ្នាំ​ វា​នឹង​ហុច​ផល​ អាច​កាប់​ទៅ​ប្រើប្រាស់​បាន​តាម​តម្រូវការ​។

ជាមួយនឹង​ភាព​ងាយស្រួល​ដាំដុះ​របស់​វា​ ម្ចាស់​កសិដ្ឋាន​ខាងលើ​បាន​អំពាវនាវ​ទៅដល់​កសិករ​នៅ​តាម​ជនបទ​ ជាពិសេស​អ្នកមាន​ដី​ទំនេរ​នៅសល់​ច្រើន​ ចូរ​កុំ​ទុក​ដី​ចោល​ដោយ​អត់ប្រយោជន៍​ គួរ​លៃលក​ដាំ​ឫស្សី​សាង​ម៉ុ​ននេះ​ ព្រោះ​ភ្លេច​ៗខ្លួន​រយៈពេល2​ ទៅ​ 3ឆ្នាំ​ វា​នឹង​ហុច​ផល​អាច​កាប់​លក់​ រកចំណូល​ចូល​គ្រួសារ​បន្ថែម​លើ​ចំណូល​ប្រចាំថ្ងៃ​របស់​គ្រួសារ​បាន​ហើយ​។ សម្រាប់​កសិករ​ដែល​មានបំណង​ចង់​កុម្ម៉ង់​ឫស្សី​សាង​ម៉ុ​នពូ​ជថ្មី​ ដែល​ទើប​នាំចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ អាច​ទាក់ទង​រក​ទិញ​បាន​នៅ​កសិដ្ឋាន​បណ្តុះ​កូនឈើ​ខេត្តពោធិ៍សាត់​ នឹង​មាន​ដឹកជញ្ជូន​ដល់កន្លែង​ដោយ​មិន​គិត​សោហ៊ុយ​ទៀតផង​៕