និស្សិត​ 1ក្រុម​ប្រើប្រាស់​បច្ចេកវិទ្យា​ជួយ​កសិករ​ឱ្យ​គ្រប់គ្រង​ចម្ការ​ពី​ចម្ងាយ​បាន​យ៉ាង​ងាយស្រួល​

កម្ពុជា​ ជា​ប្រទេស​ដែល​ផ្តោត​សំខាន់​លើ​ការនាំចេញ​កសិផល​ និង​មាន​ប្រជាជន​ភាគច្រើន​ជា​កសិករ​ តែ​បញ្ហា​ប្រឈម​ដែល​យើង​កំពុង​ជួបប្រទះ​នា​ពេល​បច្ចុប្បន្នេះ​ គឺ​កសិករ​នៅ​តាម​ជនបទ​ ភាគច្រើន​ធ្វើ​កសិកម្ម​តាម​បែប​បុរាណ​នៅឡើយ​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ចំណាយ​ច្រើន​ ហើយ​ទទួល​បាន​ទិន្នផល​តិច​។

ដោយ​មើលឃើញ​ពី​បញ្ហា​បែបនេះ​ មាន​ក្រុម​និស្សិត​ជំនាញ​ 1ក្រុម​បាន​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​កសិដ្ឋាន​ឆ្លាតវៃ​ដែល​មានឈ្មោះ​ថា​ Smart​ Farm​ Assistance​ ដើម្បី​ជួយ​ដល់​កសិករ​ឱ្យ​មានលទ្ធភាព​គ្រប់គ្រង​កសិដ្ឋាន​របស់​ពួកគាត់​តាមរយៈ​បច្ចេកវិទ្យា​ទំនើប​ និង​ងាយស្រួល​នៅ​គ្រប់តំបន់​។

លោក​ ញ៉​ សុភា​ សហ​ស្ថាបនិក​គម្រោង​ Smart​ Farm​ Assistance​ បាន​លើកឡើង​ថា​ គម្រោ​ងបង្កើ​តឧបករណ៍​ជំនួយ​ដល់​ការគ្រប់គ្រង​កសិដ្ឋាន​នេះ​ គឺ​យើង​ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ដល់​កសិករ​ ជាពិសេស​ម្ចាស់​ចម្ការ​ និង​កសិដ្ឋាន​ធំៗ​ដែល​គាត់​ត្រូវ​ចំណាយពេល​វេលា​ ថវិកា​ និង​កម្មករ​ច្រើន​ដើម្បី​មើលថែ​ទាំ​។ ម្យ៉ាងវិញទៀត​ ដោយសារតែ​ពួក​យើង​ធ្លាប់​បាន​សិក្សា​ពី​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ (IOT​-Internet​ Of​ Things​) ដែល​មាន​ក្នុង​មុខជំនាញ​វិស្វករ​អគ្គិសនី​ដែល​យើង​កំពុង​សិក្សា​ ហើយ​យើង​ឃើញថា​ វា​មាន​សារៈសំខាន់​អាចយ​កម​កច្នៃ​ដើម្បី​ជួយ​ដល់​កសិករ​បាន​ ទើប​យើង​សម្រេច​រៀបចំ​ឱ្យ​ក្លាយជា​ប្រព័ន្ធ​មួយ​ដ៏​សាមញ្ញ​ និង​ងាយស្រួល​សម្រាប់​កសិករ​។

លោក​ ញ៉​ សុភា​ បាន​និយាយ​ថា​៖ “ប្រព័ន្ធ​ Smart​ Farm​ Assistance​ នេះ​អាច​មាន​សមត្ថភាព​ជួយ​កសិករ​ឱ្យ​ដឹងពី​សីតុណ្ហភាព​នៅក្នុង​ចម្ការ​ និង​អាច​គ្រប់គ្រង​សំណើម​របស់​ដី​បាន​យ៉ាង​ល្អ​។ វា​ជា​ឧបករណ៍​ដែល​យើង​បាន​ដា​ក់​ស៊ី​ម (Sim​) ដូចគ្នានឹង​ទូរស័ព្ទ​ដែរ​នៅពេល​ដែល​យើង​ចង់​ដឹង​ព័ត៌មាន​ពី​ក្នុង​ដី​ យើង​គ្រាន់​តែ​ផ្ញើ​សារ​ទៅ​សួរ​ នោះ​ឧបករណ៍​នេះ​នឹង​បង្ហាញ​ពី​ស្ថានភាព​ដី​បា​នភ្លាមៗ​តែម្ដង​។ ក្រៅពី​នេះ​ម្ចាស់​ចម្ការ​ក៏អាច​បញ្ជា​ឱ្យ​បើកទឹក​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ដំណាំ​ពី​ចម្ងាយ​បាន​តាមរយៈ​ទូរស័ព្ទ​ផង​ដែរ​”។

និស្សិត​វិស្វករ​ និង​ជា​ស្ថាបនិក​គម្រោង​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ការប្រើ​ប្រាស់​កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​ម្ចាស់​ចម្ការ​ចំណេញពេលវេលា​ ព្រោះ​មិន​ចាំបាច់​ត្រូវ​ទៅ​ចម្ការ​ដោយ​ផ្ទាល់​រៀងរាល់ថ្ងៃ​នោះ​ទេ​ ហើយ​ក៏​ចំណេញ​ថវិកា​ផង​ដែរ​ក្នុង​ការជួល​កម្មករ​ ព្រោះ​គាត់​អាច​គ្រប់គ្រង​ និង​ទទួល​ព័ត៌មាន​បាន​ពី​ចម្ការ​របស់​គាត់​ដោយ​គ្រាន់តែ​ប្រើប្រាស់​ទូរស័ព្ទ​ប៉ុណ្ណោះ​ មិន​ចាំបាច់​ត្រូវ​ប្រើ​មនុស្ស​ច្រើន​ឱ្យទៅ​មើល​ដូច​កាលពីមុន​នោះ​ទេ​។

សហ​ស្ថាបនិក​គម្រោង​ Smart​ Farm​ Assistance​ មួយ​រូប​ទៀត​ គឺ​លោក​ ជួប​ វណ្ណ​ឌី​ បាន​បញ្ជាក់​ថា​ ទោះ​ជា​ឧបករណ៍​នេះ​មើលទៅ​ឆ្លាតវៃ​ និង​ធ្វើ​ឱ្យ​កសិករ​កាន់​តែ​ងាយស្រួល​ក្តី​ តែ​វា​មិន​ងាយ​ពេក​ទេ​សម្រាប់​ពួក​យើង​ក្នុង​ការរៀបចំ​វា​ឡើង​។ ឧបសគ្គ​សំខាន់​ដំបូង​គឺ​ ការ​សរសេរ​កូដ​ ព្រោះ​នេះ​ជា​គម្រោង​ដំបូង​ដែល​យើង​ទើបតែ​សាកល្បង​បាន​ជោគជ័យ​ ហើយ​យើង​មិនសូវ​បាន​ប្រើ​វា​ទេពី​មុន​មក​ ដែល​ហេតុនេះ​ហើយ​ទើប​យើង​ត្រូវ​ចំណាយពេល​ច្រើន​ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​អាច​រលូន​បាន​រហូតមកដល់​ពេលនេះ​។ ក្រៅពី​បញ្ហា​កម្មវិធី​ (Software​)ហើយ​ បញ្ហា​ថាមពល​ក៏​ជា​ក្តី​បារម្ភ​របស់​យើង​ផង​ដែរ​ ព្រោះ​តំបន់​មួយចំនួន​មិនសូវ​មាន​ភ្លើងអគ្គិសនី​ផ្គត់ផ្គង់​ច្រើន​ប៉ុន្មាន​ទេ​ ដែល​យើង​ត្រូវ​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ឬថ្ម​ជំនួយ​ដើម្បី​ឱ្យ​ឧបករណ៍​របស់​យើង​ដំណើរការ​បាន​។

លោក​ ជួប​ វណ្ណ​ឌី​ បាន​និយាយ​ថា​៖ “ពេលខ្លះ​ ដោយ​សារ​តែ​មេឃ​ម្លប់​ ឬដោយសារតែ​បញ្ហា​ការ​ផ្គត់ផ្គង់​អគ្គិសនី​មិន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​ឧបករណ៍​នេះ​មិន​អាច​ផ្តល់​ព័ត៌មាន​មិនសូវ​ថេរ​ តែ​ទោះជា​យ៉ាងនេះ​ក្តី​យើង​គិតថា​ ថ្ងៃ​អនាគត​ការ​ផ្គត់ផ្គង់​អគ្គិសនី​នឹង​ទៅដល់​គ្រប់កន្លែង​ដែល​ធ្វើ​ឱ្យ​យើង​កាន់តែ​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ និង​ពង្រាយ​ប្រព័ន្ធ​ឆ្លាតវៃ​សម្រាប់​ជំនួយ​ដល់​វិស័យ​កសិកម្ម​នេះ​។ ម្យ៉ាងវិញទៀត​ យើង​ក៏​មាន​គម្រោង​អភិវឌ្ឍន៍​ពី​កម្មវិធី​ទទួល​ព័ត៌មាន​ពី​សារ​ក្នុង​ទូរស័ព្ទ​ ទៅជា​កម្មវិធី​ទូរស័ព្ទ​ (App​) តែម្តង​ ដើម្បី​ឱ្យ​ម្ចាស់​ចម្ការ​កាន់តែ​ងាយស្រួល​ដឹងពី​ស្ថានភាព​ និង​អាច​បញ្ជា​ឱ្យ​មានការ​ផ្គត់ផ្គង់​ទឹកបាន​កាន់តែ​ងាយស្រួល​”។

បង្ហាញ​កាន់តែ​លម្អិត​ពី​ដំណើរការ​នៃ​ឧបករណ៍​ឆ្លាតវៃ​នេះ​ សមាជិក​មួយ​រូប​ទៀត​នៃ​គម្រោង​ Smart​ Farm​ Assistance​ លោក​ អ៊ា​វ ដេ​វីដ​ បាន​បញ្ជាក់​ថា​ ក្រោយពេល​សិក្សា​បន្តិច​ម្តង​ៗ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ យើង​អាច​ដាក់​ឱ្យ​ឧបករណ៍​នេះ​ដំណើរការ​បាន​ដោយ​រលូន​។ ការគ្រប់គ្រង​ប្រព័ន្ធ​នេះ​ត្រូវការ​ឧបករណ៍​មេ​មួយ​ដើម្បី​ជា​មជ្ឈមណ្ឌល​កណ្តាល​សម្រាប់​គ្រប់គ្រង​ព័ត៌មាន​ ហើយ​យើង​តភ្ជាប់​វា​ជា​មួយ​នឹង​ Sensor​ ដែល​បាន​រាយ​ខ្សែ​នៅក្នុង​ដី​ដោយ​គណនា​ទៅតាម​ទំហំដី​ក្នុង​ចម្ការ​សម្រាប់​ផ្តល់​ព័ត៌មាន​ពី​សំណើម​ និង​សីតុណ្ហភាព​ទៅតាម​ប្រភេទ​ដំណាំ​ផ្សេង​ៗគ្នា​។ ជាទូទៅ​ ក្នុង​ 1ហិ​កតា​ យើង​ប្រើ​ Sensor​ ចំនួន​ 6គ្រាប់​ ហើយ​ចំពោះ​ការ​ផ្គត់ផ្គង់​ទឹក​វិញ​ គឺំ​មាន​ច្រើន​បែបយ៉ាង​ទៅតាម​ប្រភេទ​ដំណាំ​។ មាន​ដំណាំ​ខ្លះ​ត្រូវការ​ស្រោចទឹក​ច្រើន​ ដំណាំ​ខ្លះ​ត្រូវការ​បន្តក់​ម្តង​បន្តិច​ៗ ហើយ​ដំណាំ​ខ្លះទៀត​ត្រូវ​ទឹក​តិច​ ជាដើម​។ ហើយ​ឧបករណ៍​ផ្គត់ផ្គង់​ទឹក​ទៀតសោត​ ក៏​យើង​ច្នៃ​ទៅតាម​លក្ខខណ្ឌ​ជាក់ស្តែង​របស់​ម្ចាស់​ចម្ការ​ផង​ដែរ​។ ប្រសិនបើ​ម្ចាស់​ចម្ការ​មាន​អាងទឹក​ធំ​ យើង​នឹង​ណែនាំ​ឱ្យ​គាត់​បូមទឹក​ដាក់​ក្នុង​អាង​ ហើយ​ចែកចាយ​ទឹក​នោះ​ទៅកាន់​ដំណាំ​ទៅតាម​តំបន់​នី​មួយ​ៗដែល​យើង​បាន​កំណត់​។ នៅពេល​នោះ​យើង​អាច​បញ្ជា​វ៉ាន​ស្វ័យប្រវត្តិ​តាមរយៈ​ទូរស័ព្ទ​ដើម្បី​បើក​ និង​បិទទឹក​ទាំងអស់​នោះ​បាន​។

លោក​ អ៊ា​វ ដេ​វីដ​ បាន​និយាយ​ថា​៖ “បើ​គិតជា​តម្លៃ​សម្រាប់​ឧបករណ៍​មេ​ គឺ​ត្រូវ​ចំណាយ​ប្រហែលជា​ 200​ដុល្លារ​ ហើយ​ Sensor​ មួយ​តម្លៃ​ប្រហែល​ 10ដុល្លារ​ ហេតុ​នេះ​ក្នុង​ដី​ 1ហិ​កតា​កសិករ​អាច​ចំណាយ​ប្រាក់​ប្រមាណ​ជា​ 260ដុល្លារ​ តែ​សម្រាប់​ម្ចាស់​ចម្ការ​ដែល​មាន​ដី​ធំជាង​នេះ​ គាត់​អាច​ប្រើ​ឧបករណ៍​មេ​តែមួយ​ប៉ុណ្ណោះ​ ដោយ​គាត់​ត្រូវ​ចំណាយ​បន្ថែម​តែ​ Sensor​ ទៅតាម​ទំហំផ្ទៃ​ដី​ ដែល​ធ្វើ​ឱ្យ​គាត់​អាច​សន្សំសំចៃ​បាន​ខ្លះ​បន្ថែម​ទៀត​”។

បង្ហាញ​ពី​ចំណុច​បន្ត​ដែល​ត្រូវ​អភិវឌ្ឍ​ លោក​ ង៉ាន់​ លី​ហេង​ សហ​ស្ថាបនិក​គម្រោង​ Smart​ Farm​ Assistance​ បាន​លើកឡើង​ថា​ នៅ​ថ្ងៃខាងមុខ​ យើង​នឹង​ធ្វើការ​រៀបចំ​បណ្តាញ​តភ្ជាប់​ពី​ឧបករណ៍​មេ​ទៅកាន់​ Sensor​ ដោយ​ប្រើ​ Wireless​។ ការ​ធ្វើបែប​នេះ​នឹងអាច​ធ្វើ​ឱ្យ​យើង​កាត់បន្ថយ​ការប្រើ​ប្រាស់​ខ្សែ​ដែល​ធ្វើ​ឱ្យ​វា​មាន​ភាព​ធន់​មាំ​ជាង​មុន​ ព្រោះ​ប្រព័ន្ធ​ Wireless​ ដែល​យើង​តភ្ជាប់​នេះ​គឺ​យើង​សរសេរ​កូដ​ដោយ​ភ្ជាប់​ត្រង់​ទៅ​កាន់​ឧបករណ៍​មេ​តែមួយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ​វា​អាច​ផ្តល់​ព័ត៌មាន​បាន​កាន់តែ​សុ​ក្រឹត្យ​ និង​ងាយស្រួល​ជាង​មុន​។

លោក​ ង៉ាន់​ លី​ហេង​ បាន​និយាយ​ថា​៖ “ក្រៅពី​នេះ​យើង​ក៏​មាន​គម្រោង​អភិវឌ្ឍន៍​ឱ្យ​មាន​បន្ទប់​គ្រប់គ្រង​កសិដ្ឋាន​ដែល​មាន​ប៊ូតុង​ចុច​ដើម្បី​គ្រប់គ្រង​កសិដ្ឋាន​ធំៗ​នៅពេល​ដែល​ម្ចាស់​ទៅ​មើល​ចម្ការ​។ គាត់​មិន​ចាំ​បាច់​ត្រូវ​ចំណាយពេល​យូរ​ក្នុង​ការ​ដើរមើល​ពី​កន្លែង​ណា​ដែល​ខ្វះ​ទឹក​នោះ​ទេ​ គាត់​គ្រាន់តែ​មើលក្នុង​អេក្រង់​ ហើយ​ចុច​ប៊ូតុង​បញ្ជា​ នោះ​ប្រព័ន្ធ​ទាំងអស់​នឹង​ដំណើរការ​ដោយខ្លួនឯង​”។

លោក​ លី​ហេង​ បាន​បន្ថែម​ផង​ដែរ​ថា​ ការគ្រប់គ្រង​កសិដ្ឋាន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាតវៃ​នេះ​ គឺ​មិន​ត្រឹមតែ​ជួយ​កសិករ​ឱ្យ​ចំណេញ​ធនធាន​ប៉ុណ្ណោះទេ​ តែ​វា​ក៏​ជួយ​ដល់​បរិស្ថាន​ផង​ដែរ​ ព្រោះ​កាលណា​យើង​គ្មាន​ប្រព័ន្ធ​គ្រប់គ្រង​ការ​បូមទឹក​យក​ទៅ​ស្រោចស្រព​ក្នុង​ចម្ការ​ វា​អាច​នឹង​ខ្ជះខ្ជាយ​ដែល​ធ្វើ​ឱ្យ​យើង​ប្រើ​ថាមពល​កាន់តែ​ច្រើន​លើ​ផ្នែក​កសិកម្ម​ តែ​សម្រាប់​ប្រព័ន្ធ​ឆ្លាតវៃ​នេះ​ គឺ​ធ្វើ​ឱ្យ​ម្ចាស់​ចម្ការ​ផ្តល់​ទឹក​ត្រឹម​បរិមាណ​ដែល​ដំណាំ​ត្រូវការ​ប៉ុណ្ណោះ​ ក្រោយពេល​គ្រប់គ្រាន់​ វា​នឹង​បិទ​ទៅវិញ​។

សហ​ស្ថាបនិក​គម្រោង​ Smart​ Farm​ Assistance​ មួយ​រូប​ទៀត​ កញ្ញា​ ម៉េ​ង ស្រី​លីន​ បាន​លើក​ឡើង​ថា​ គម្រោង​របស់​យើង​នេះ​ជា​គម្រោង​មួយ​ដែល​អាច​អនុវត្ត​បាន​ទាំង​សម្រាប់​ចម្ការ​ធំៗ​ និង​អ្នក​ទីក្រុង​ដែល​មាន​ធនធាន​ ហើយ​មាន​ដីចម្ការ​នៅ​ជាយក្រុង​ ឬកសិដ្ឋាន​នៅ​ជិ​តៗ​ផ្ទះ​ ព្រោះ​ពួកគេ​អាច​គ្រប់គ្រង​ដំណាំ​បាន​ដោយ​ប្រើ​ពេល​ខ្លី​បំផុត​ និង​គ្រប់​ទីកន្លែង​តាមរយៈ​ទូរស័ព្ទ​ដៃ​។ វា​ក៏​ជា​គម្រោង​ដែល​ទទួល​បាន​ជយលាភី​លេខ1​ ផង​ដែរ​ពី​កម្មវិធី​ Techno​ Innovation​ Cambodia​ ឆ្នាំ2019​ នេះ​ ដែល​នេះ​ជា​មោទនភាព​មួយ​ តែ​យើង​ក៏​នៅតែ​ត្រូវការ​ជំនួយ​បន្ថែម​ដើម្បី​ឱ្យ​គម្រោង​នេះ​ក្លាយជា​ផ្នែក​មួយ​នៃ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​យើង​ ដែល​អាច​ដោះស្រាយ​បញ្ហា​ដល់​កសិករ​បាន​កាន់តែ​ច្រើន​។

កញ្ញា​ ម៉េ​ង ស្រី​លីន​ បាន​និយាយ​ថា​៖ “ដើម្បី​សម្រេច​គោលដៅ​របស់​យើង​ យើង​ក៏​ស្វាគមន៍​ផង​ដែរ​សម្រាប់​អ្នក​វិនិយោគ​ ឬក្រុម​បន្ថែម​ដើម្បី​ប្រមូល​ធនធាន​ក្នុង​ការបង្កើត​ចង្វាក់​ផលិតកម្ម​ផលិត​ឱ្យ​បាន​ចំនួន​កាន់តែ​ច្រើន​ និង​សម្រួល​កាន់តែ​ល្អ​ប្រសើរ​ដល់​កសិករ​”។

កញ្ញា​ ស្រី​លីន​ បាន​និយាយ​ផង​ដែរ​ថា​ យើង​ចង់​ឱ្យ​កសិករ​នៅក្នុង​ប្រទេស​របស់​យើង​ចាប់ផ្តើម​ងាក​មក​ប្រើប្រាស់​បច្ចេក​វិទ្យា​ក្ន​ងវិស័យ​កសិកម្ម​ ដើម្បី​អភិវឌ្ឍ​កម្រិតជីវភាព​ផង​ និង​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ផង​ឱ្យ​បាន​កាន់តែ​ប្រសើរ​ ព្រោះ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ការ​ធ្វើ​កសិកម្ម​របស់​គាត់​មានប្រសិទ្ធភាព​ និង​កាត់បន្ថយ​ការ​ខូចខាត​បាន​យ៉ាង​ល្អ​៕

Advertisement