ភាព​ប្រឈម​ និង​ការជំរុញ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ស្រប​នឹង​កំណើន​សេដ្ឋកិច្ច​

កម្ពុជា​បាន​ និង​កំពុង​ខិតខំ​បំពេញ​នូវ​តួនាទី​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​ តាមរយៈ​ការ​ដាក់ចេញ​ និង​ការរៀបចំ​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​ ច្បាប់​ បទ​ប្ប​ញ្ញ​ត្តិ​ផ្សេង​ៗ និង​វិធាន​នានា​ ដើម្បី​ឱ្យ​មាន​អនុលោម​ភាព​ និង​សង្គតិភាព​ទាំងស្រុង​ជាមួយ​បទប្បញ្ញត្តិ​អន្តរជាតិ​ ជាពិសេស​ឱ្យ​ស្របតាម​ការសន្យា​របស់​កម្ពុជា​ ក្រោម​ក្របខ័ណ្ឌ​ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ នេះ​បើ​តាម​ការ​ ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​“ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ ឆ្នាំ2019​” នៅ​ឯអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

ក្នុង​សុន្ទរកថា​ ដែល​ផ្សាយបន្តផ្ទាល់​ពីទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ី​ស ក្នុង​កិច្ចប្រជុំ​លើក​ទី7​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូច​ ជឿ​លើ​អត្ថ​ប្រយោជន៍​នៃ​សកល​ភាវូបនីយកម្ម​ និង​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ឈរ​លើ​វិធាន​គតិ​យុត្ត​។ គឺ​ទស្សនវិជ្ជា​នេះ​ហើយដែល​បាន​ជំរុញ​យើង​ឱ្យ​ប្រឹងប្រែង​ធ្វើការ​ ដើម្បី​ក្លាយជា​សមាជិកពេញសិទ្ធិ​របស់​អង្គការ​ពាណិជ្ជកម្ម​ ពិភពលោក​នៅ​ឆ្នាំ2004​ មុនគេ​នៅក្នុងចំណោម​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច​ចំនួន2​”។

ទោះបីជា​កម្ពុជា​កាលពី​ពេលនោះ​ នៅ​មិនទាន់​មានការ​អភិវឌ្ឍ​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​បាន​ រឹងមាំ​ក៏ដោយ​ ក៏ប៉ុន្តែ​លើ​មូលដ្ឋាន​នៃ​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ទីផ្សារ​បើកចំហ​របស់​ខ្លួន​ កម្ពុជា​បាន​សន្យា​ចងពន្ធ​គយ​លើ​គ្រប់មុខ​ទំនិញ​ និង​បើក​ច្រក​ទីផ្សារ​ពាណិជ្ជកម្ម​ផ្នែក​សេវា​ ប្រមាណ​ជាង​ 94​វិស័យ​ និង​អនុ​វិស័យ​នៅក្នុង​ឆ្នាំ2004​ ដែល​ជា​ចំនួន​មួយ​ច្រើនលើស​លប់​ បើ​ធៀប​ទៅ​នឹង​ប្រទេស​មាន​ការអភិវឌ្ឍន៍​ខ្ពស់​ ដែល​ចូល​ជាស​មា​ជិ​ក WTO​ មុន​កម្ពុជា​។

សម្ដេច​បាន​គូសបញ្ជាក់​ថា​ ជាមួយនឹង​ការ​ខិតខំ​បំពេញ​កាតព្វកិច្ច​ជាស​មា​ជិ​ករបស់​អង្គការ​ ពាណិជ្ជកម្ម​ពិភពលោក​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​អនុវត្តយ៉ាង​ខាប់​ខ្លួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​ ខិតខំ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ តាមរយៈ​ការ​ដាក់ចេញ​ និង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ មាន​ជាអាទិ៍​ យុទ្ធសាស្ត្រ​ចតុកោណ​ ដែល​ជា​របៀបវារៈ​គោលនយោបាយ​រួម​សម្រាប់​ការ​អភិវឌ្ឍ​ សង្គម​ សេដ្ឋកិច្ច​ ផែនការ​ យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ និង​យុទ្ធសាស្ត្រ​តាម​វិស័យ​សំ​ខាន់​ៗ ដទៃទៀត​។

ជា​លទ្ធផល​ពី​កិច្ច​ខំប្រឹង​ប្រែង​ខាងលើ​ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​ប្រចាំឆ្នាំ​ក្នុងរង្វង់​ 7.7​% ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​សមធម៌​ ក្នុងរយៈពេល​ 2ទសវត្សរ៍​ចុងក្រោយ​នេះ​។ កម្ពុជា​ថែមទាំង​សម្រេច​បាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ​ គឺ​ការ​ឆ្លង​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប​ ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ជា​ផ្លូវការ​ក្នុង​ឆ្នាំ2015​។

សម្រាប់​ឆ្នាំ2018​ កន្លងទៅ​នេះ​ អត្រាកំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន7.5​% និង​ត្រូវ​បាន​ ព្យាករ​ថា​ នឹងអាច​បន្ត​រក្សា​បាន​ក្នុងរង្វង់7​% ក្នុង​ 1ឆ្នាំ​ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ​។ អត្រា​នៃ​ ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី​ 53.2​% ក្នុង​ឆ្នាំ2004​ មក​នៅ​ក្រោម10​% ក្នុង​ឆ្នាំ2018​។

ជាមួយគ្នា​នេះ​ដែរ​ កម្ពុជា​បាន​ធ្វើ​ពិពិធ​កម្ម​ទាំង​ផលិតផល​ និង​ទីផ្សារ​ ដែល​ក្នុង​នោះ​ ការ​នាំ​ ចេញ​របស់​កម្ពុជា​បាន​កើន​ពី​ 5,7ប៊ី​លាន​ដុល្លារ​ (ស្មើនឹង​40.5​% នៃ​ផសស​) នៅ​ឆ្នាំ2012​ មកដល់​ 13ប៊ី​លាន​ដុល្លារ​(ស្មើនឹង​ 53.2​% នៃ​ផសស​)នៅ​ឆ្នាំ2018​ និង​បាន​ធ្វើ​ពិពិធ​កម្ម​បន្តិច​ម្តង​ៗ ពី​ការ​នាំ​ ចេញ​សម្លៀកបំពាក់​ ទៅកាន់​ផលិតផល​ផ្សេងទៀត​។ ដោយ​គោលដៅ​នាំចេញ​ត្រូវ​បាន​ធ្វើ​ពិពិធ​កម្ម​ ពី​ការ​ផ្តោត​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ទៅ​ផ្តោត​លើ​ទៅ​ផ្សារ​អឺរ៉ុប​ ជប៉ុន​ តំបន់​អាស៊ាន​ និង​ប្រទេស​ ដទៃទៀត​។

ក្រៅពី​នេះ​ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ និង​តំបន់​ កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាងសកម្ម​ក្នុង​ការអនុវត្ត​ កាតព្វកិច្ច​ និង​កិច្ច​ព្រមព្រៀង​នានា​របស់​អាស៊ាន​ ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ2015​ និង​ចក្ខុវិស័យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​ប្រែក្លាយ​អាស៊ាន​ទៅជា​ទីផ្សារ​ និង​មូលដ្ឋាន​ផលិតកម្ម​រួម​។ ជា​តំបន់​ដែល​មានការ​ប្រកួតប្រជែង​ខ្ពស់​ មានការ​អភិវឌ្ឍ​ដោយ​សមធម៌​ ហើយ​ ធ្វើស​មា​ហរ​ណកម្ម​ជាមួយ​សេដ្ឋកិច្ច​ពិភពលោក​។

បច្ចុប្បន្ន​កម្ពុជា​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អាស៊ី​ចំនួន15ទៀត​ ដើម្បី​ចរចា​ បញ្ចប់​ក្នុង​ឆ្នាំ2019​ នេះ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​ ហៅ​កាត់​ថា​ RCEP​ ដែល​មាន​ ផ.ស.ស​ ជាង30​% នៃផ.ស.សពិ​ភព​លោក​ គិតជា​ទឹកប្រាក់​ គឺ​ប្រមាណ​ 85ទ្រី​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ2018​។

សូម​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ (RCEP​) ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​ (Regional​ FTA​) ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការចរចា​ ដែល​មាន​ប្រទេស​ចូលរួម​ចរចា​ចំនួន16​ រួមមាន​៖ ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ទាំង10​ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន6​ រួមមាន​៖ អូស្ត្រាលី​ ចិន​ ឥណ្ឌា​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​ណូវែល​សេ​ឡង់​។

RCEP​ ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន​ ដែល​ផ្អែកលើ​កុងសង់ស៊ីស​សម្រាប់​ការ​ធ្វើ​សេចក្តី​ សម្រេចចិត្ត​ ដែល​បាន​ប្រកាស​ឱ្យ​ចាប់ផ្តើម​ចរចា​ក្នុង​ឆ្នាំ2012​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ RCEP​ មាន​ទំហំGDP​ ជិត30​% នៃ​ GDP​ ពិភពលោក​មាន​ប្រជាជន​ស្ទើរតែ​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ ពិភពលោក​សរុប​ មាន31.6​% នៃ​ផលិតកម្ម​ពិភពលោក​ 28.5​% នៃ​ពាណិជ្ជកម្ម​ពិភពលោក​ និង​មួយ​ ភាគ​ប្រាំ​ (1/5) នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ពិភពលោក​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ក្នុង​បញ្ហា​ពាណិជ្ជកម្ម​ក្រៅប្រទេស​ នៅ​កម្ពុជា​ ភាព​ប្រឈម​ដែល​យើង​មាន​បច្ចុប្បន្ន​ ដូចជា​គ្មានអ្វី​ទេ​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​ គឺ​យើង​ប្រឈម​តែ​រឿង​អង្ករ​តែមួយមុខ​ ដែល​ខាង​EU​ គាត់​យកពន្ធ​ពី​ការនាំចេញ​អង្ករ​របស់​កម្ពុជា​យើង​(ពន្ធ​លើ​ការនាំចេញ​អង្ករ​)”។

លោក​ឧកញ៉ា​ ក៏បាន​បញ្ជាក់​ថា​៖“នៅក្នុង​កិច្ចប្រជុំ​នៅ​អង្គការ​ WTO​ សម្តេច​ហ៊ុន​សែន​ក៏បាន​អំពាវនាវ​ឱ្យ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​យកពន្ធ​ ឬក៏​លុប​ EBA​ នេះ​”។ តែម​កទល់​នឹង​ពេលនេះ​ EBA​ មិន​ទាន់​មាន​បញ្ហា​នៅឡើយ​ ពោល​មិនទាន់​មាន​បញ្ហា​ប្រឈម​អ្វី​នៅឡើយ​ទេ​ គឺ​មានតែ​រឿង​អង្ករ​ទៅ​អឺរ៉ុប​ តែបើ​ទៅ​ប្រទេស​ចិន​ និង​ប្រទេស​ផ្សេងទៀត​មិន​មាន​បញ្ហា​ឡើយ​”។ នេះ​បើ​តាម​លោក​ឧកញ៉ា​លឹម​ ហេង​បាន​បញ្ជាក់​បន្ថែម​។

លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់​បន្ថែម​ទៀត​ដែរ​ថា​៖“សម្រាប់​ខាង​វាយនភណ្ឌ​ ក៏​ឃើញថា​មិន​មាន​អ្វី​ប្រឈម​ដែរ​ គឺ​យើង​ឃើញ​មានការ​ចុះបញ្ជី​បន្ថែម​ចំពោះ​រោងចក្រ​កាបូប​ ស្បែកជើង​។ ប៉ុន្តែ​អ្វី​ដែល​យើង​បារម្ភ​នោះ​ គឺ​ប្រទេស​វៀតណាម​ជា​អ្នក​ជិត​ខាងយើង​ គាត់​ទទួល​បានការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ (Free​ Trade​) ជាមួយ​សហគមន៍​អឺរ៉ុប​ ថ្វី​ដ្បិតតែ​ភាព​ប្រឈម​មិនទាន់​មានតែ​យើង​មានការ​បារម្ភ​”។

ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖“សម្រាប់​កម្ពុជា​យើង​ រាជរដ្ឋាភិបាល​បាន​ត្រៀមខ្លួន​សម្រាប់​ទទួលយក​ភាព​ប្រឈម​រួចហើយ​ ដូចជា​កំណែទម្រង់​សេដ្ឋកិច្ច​ផ្ទៃក្នុង​ ដូចជា​ការ​ដក​កាំកុងត្រូល​ ឱ្យ​មានតែ​ 1ស្ថាប័ន​ ការកាត់បន្ថយ​ថ្លៃ​លើក​ដាក់​កុងតឺន័រ​ ជាដើម​។ ខ្ញុំ​ក៏​ឃើញ​មានច្បាប់​ថ្មី​ ដូចជា​យន្តការ​ដៃគូ​ រវាង​ឯកជន​ និង​រដ្ឋ​ខាង​ផ្នែក​វិនិយោគ​ រួម​ទាំង​ការ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ជា​វិស័យ​មួយ​ជំនួយ​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​ ដែល​ចំណុច​ទាំងនេះ​ ជា​វិធានការ​ល្អ​ សម្រាប់​ការកាត់បន្ថយ​ភាព​ប្រឈម​ចំពោះមុខ​របស់​យើង​”៕

Advertisement