អ្នកជំនាញ​ប្រមើល​មើល​ពី​ការ​វិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ​

វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ2019​ នេះ​ បាន​ឈាន​ចូល​ឆមាស​ទី2​ របស់​ខ្លួន​ហើយ​ ដោយ​អ្វី​ៗស្ថិតនៅ​ក្នុង​ភាពល្អ​ប្រសើរ​ ជាមួយនឹង​កំណើន​នៃ​ការ​វិនិយោគ​ ការសាងសង់​ និង​ការទិញ​-លក់​ ដែល​នៅតែ​បន្ត​កើនឡើង​ ប៉ុន្តែ​រយៈពេល​បន្ទាប់​ទៅទៀត​រហូត​ដល់​បញ្ចប់​ឆ្នាំ2019​ នេះ​ វា​នឹង​មាន​សភាពការណ៍​ប្រែប្រួល​យ៉ាងណា​នោះ​ អ្នកជំនាញ​បាន​ប្រមើល​មើល​ និង​ធ្វើការ​សន្និដ្ឋាន​លើ​វិស័យ​នេះ​ដោយ​ទស្សនៈ​ផ្សេង​ៗពីគ្នា​។ ខាងក្រោម​នេះ​ គឺជា​ទស្សនៈ​របស​អ្នក​ដែល​មាន​បទ​ពិសោធ​ និង​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ​ជា​យូរឆ្នាំមកហើយ​…។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយ-តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា CVEA

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជាCVEA​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ សម្ទុះ​នៃ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​នឹង​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ដោយ​កំណើន​ក្នុង​វិស័យ​នេះ​មាន​ភាព​សមាមាត្រ​នឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ ដែល​នេះ​ជាស​ញ្ញាណ​ល្អ​មួយ​សម្រាប់​វិស័យ​នេះ​។

លោក​ប្រធាន​ CVEA​ បាន​បន្ត​ទៀត​ថា​៖“បើ​ធៀប​នឹង​ឆ្នាំ2018​ ស្ថានភាព​ឆ្នាំ2019​ នេះ​អាច​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន​ ប៉ុន្តែ​មិនល្អ​ខ្លាំង​ណាស់ណា​ទេ​ តែ​យើង​រីករាយ​ និង​សាទរ​ចំពោះ​សមិទ្ធផល​របស់​វិស័យ​មួយ​នេះ​ដែល​កំពុងតែ​ចូលរួម​លើកកម្ពស់​មុខមាត់​របស់​ប្រទេស​កម្ពុជា​គួរ​ជា​ទី​មោទ​នៈ​”។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុជា​ គឺ​នៅតែ​មាន​ភាពរឹងមាំ​ខ្លាំងក្លា​ ហើយ​វិស័យ​នេះ​ វា​អាច​ជា​ក្ដី​រំពឹង​សម្រាប់​អ្នក​ដែល​ត្រូវការ​វិនិយោគ​ លើ​វិស័យ​អចលនទ្រព្យ​ផង​ដែរ​។ ដោយហេតុថា​ វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​ នៅ​

តែ​មាន​ភាពរឹងមាំ​ ដោយ​ផ្អែក​ទៅលើ​មូលដ្ឋាន​តម្លៃ​សេដ្ឋកិច្ច​(កំ​ណើ​នរ​ង្វន់7​%) មូលដ្ឋាន​នៃ​ការ​គាំពារ​ពី​រាជរដ្ឋាភិបាល​ (ស្ថិរភាព​នយោបាយ​ល្អ​) និង​មូលដ្ឋាន​តម្លៃ​នៃ​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​ផង​ដែរ​។លោក​ ច្រឹក​ សុ​ខនីម​ បាន​មាន​ប្រសា​សាសន៍​ឱ្យ​ដឹង​ដែរ​ថា​៖“ស្ថានភាព​ទូទៅ​ក្នុង​វិស័យ​នេះ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ហើយ​ផ្នែក​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ​ក្នុង​ឆ្នាំនេះ​ គឺ​ការទិញ​លក់​ដីធ្លី​ និង​លំនៅឋាន​ដែល​នៅតែ​មាន​ភាពល្អ​ប្រសើរ​ និង​មាន​គម្រោង​អភិវឌ្ឍ​ន៍​ធំៗ​ជាច្រើន​បាន​ប្រកាស​សាងសង់​ ទោះ​មាន​ចំនួន​តិច​ជាង​ឆ្នាំមុន​ក៏ដោយ​”។

អគ្គនាយក​ក្រុមហ៊ុន​ Premium​ Group​ លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​មានប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា​ សម្រាប់​ឆ្នាំ2019នេះ​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ហាក់​នៅ​ទ្រឹង​បន្ដិច​ និង​មិន​មាន​អ្វី​ ប្រែប្រួល​ច្រើន​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ2018​ កន្លង​-ទៅ​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ គឺ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ ស្ទើរ​ទប់​លែង​បាន​ តែ​ឆ្នាំនេះ​មិន​ដូចជា​ឆ្នាំមុន​ឡើយ​។

លោក​បាន​បន្ត​ទៀត​ថា​៖ “ពេលនេះ​គម្រោង​មួយចំនួន​ដែល​កំពុង​មាន​សកម្មភាព​សាងសង់​គឺ​សុទ្ធតែ​បន្តម​កពីឆ្នាំ​ចាស់​ទាំងអស់​។ ឆ្នាំ2018​ កន្លង​ទៅ​ វិស័យ​អចលនទ្រព្យ​មាន​ភាព​ ពុះកញ្ជ្រោល​ខ្លាំង​ដោយសារតែ​មាន​អ្នក​វិនិយោគ​ជនជាតិ​ចិន​ប្រជែង​គ្នា​ទិញ​នៅ​លើ​ទីផ្សារ​ជា​រួម​ ប៉ុន្តែ​ឆ្នាំនេះ​មិនសូវ​មាន​ទៀត​ប៉ុន្មាន​ទេ​”។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal (KFA)

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ Khmer​Foundation​ Appraisal​ (KFA​) បាន​មានប្រសាសន៍​ថា​៖“តាម​ទស្សនៈ​របស់ខ្ញុំ​ វិស័យ​អចលនទ្រព្យ​ដូចជា​មិន​មាន​សញ្ញា​ណាមួយ​ ដែល​បង្ហាញ​ពី​ភាព​នៅ​ទ្រឹង​ ឬធ្លាក់ចុះ​នោះ​ទេ​…ចំពោះ​ព្រឹត្តិ​ការណ៍​បាក់​ស្រុត​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​វិញ​ វា​ក៏​មិនមែន​ជា​បញ្ហា​ពាក់ព័ន្ធ​ដល់​វិស័យ​នេះ​ដែរ​ ព្រោះ​នោះ​ជា​បញ្ហា​បច្ចេកទេស​ មិនមែន​ជា​វិបត្តិសេដ្ឋកិច្ច​ ដែល​កើតឡើង​ចំពោះ​ប្រទេស​យើង​ ឬក៏​វិស័យ​អចលនទ្រព្យ​នោះ​ទេ​ វា​មិនមែន​ជា​បាតុភាព​ទូទៅ​ទេ​ តែ​វា​ទាក់ទង​តែ​នឹង​គុណភាព​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ខ្ញុំ​មើលឃើញ​ថា​ ទាក់ទង​វិស័យ​អចលនទ្រព្យ​របស់​យើង​ នៅក្នុង​ចំណោម​វិស័យ​ទាំង4ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​ គឺ​វា​នៅ​តែ​មាន​សម្ទុះ​ ដូច្នេះ​ចំណុច​តូច​មួយ​ដែល​កើតឡើង​ពី​ការ​ខ្វះចន្លោះ​ និង​ការ​ធ្វេសប្រហែស​របស់​បុគ្គល​ ឬក្រុម​មួយ​ វា​មិនមែន​ជា​កញ្ចក់ឆ្លុះ​បញ្ចាំង​ដល់​វិស័យ​ទាំងមូល​ទេ​ ហើយ​វា​ក៏​មិន​បង្ក​ភាព​វឹកវរ​ដល់​ថ្នាក់​គួរ​ឱ្យ​យើង​បារម្ភ​ខ្លាំង​ទេ​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​អះអាង​ថា​៖“ដូច្នេះ​កំណើន​ក្នុង​វិស័យ​នេះ​នៅតែ​មាន​ ចាប់តាំងពី​ដើមឆ្នាំ​ទៅដល់​ចុងឆ្នាំ​ វិស័យ​អចលនទ្រព្យ​នៅតែ​មាន​កំណើន​ មាន​ភាពល្អ​ប្រសើរ​ស្ទើរតែ​គ្រប់​ផ្នែក​ទាំង​អស់​ មិនថា​ចំពោះតែ​ការទិញ​-លក់​ ឬជួល​ នោះ​ទេ​ ព្រោះ​វារី​កចម្រើន​ស្រប​ទៅតាម​គម្រោង​ និង​ការទិញ​ថ្មី​ៗក៏​មាន​។ គម្រោង​របស់​យើង​ គឺ​មាននៅ​ខេត្ត​ព្រះសីហនុ​ បន្ទាយមានជ័យ​ ប៉ោយប៉ែត​ ទាំង​ខេត្ត​នៅ​តាម​បណ្ដោយ​ខ្សែក្រវាត់​ព្រំដែន​ គឺ​នៅ​មាន​សកម្មភាព​ដដែល​។ សម្រាប់​នៅ​ភ្នំពេញ​វិញ​ នៅតែ​មាន​សកម្មភាព​ទិញ​-លក់​ និង​សាងសង់​ដូចធម្មតា​ ជា​ពិ​-សេស​នៅ​តាមផ្លូវ​ក្រវាត់ក្រុង​ទី3​ កំពុងតែ​មាន​សកម្ម​-ភាព​ផុសផុល​ និង​មាន​ចរន្ត​នៃ​ការទិញ​ដូរ​ ហើយ​តម្លៃ​ក៏​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​”។

លោក​ ង៉ែត​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​៖“ខ្ញុំ​បាន​មើលឃើញ​ថា​ទាក់ទង​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​ វា​មាន​ភាព​មិន​ប្រាកដប្រជា​ច្រើន​ប៉ុន្មាន​ទេ​ ដោយសារតែ​ទីផ្សារ​នេះ​បច្ចុប្បន្ន​វា​ហាក់ដូចជា​ឆ្អែត​ តម្រូវការ​នៃ​ការ​ផ្គត់ផ្គង់​ខ្លាំង​ តែ​យើង​ក៏​មាន​ចរន្ត​ដែល​ពិបាក​នឹង​ធ្វើការ​ទស្សន៍ទាយ​ដែរ​ គឺ​ចរន្ត​ទាក់ទង​នឹង​លំហូរ​ចូល​នៃ​ជនជាតិ​ចិន​ដែល​ធ្វើការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា​៖“យើង​ពុំ​មាន​របាយការណ៍​ និង​ព័ត៌មាន​ជាក់លាក់​អំពី​លំហូរ​ចូល​នៃ​ផែនការ​ការ​ធ្វើវិនិយោគ​ ដើម្បី​ឱ្យ​យើង​អាច​ធ្វើការ​ទស្សន៍ទាយ​ប្រមើល​មើល​អំពី​ការ​វិវឌ្ឍ​នៃ​វិស័យ​នេះ​នៅពេល​ខាងមុខ​បានទេ​ តែ​ជា​សូចនាករ​គឺជា​ការ​ចង្អុលបង្ហាញ​ថា​ ដូចជា​បុរី​ពិភព​ថ្មី​ កាលពី​ 5-6ឆ្នាំមុន​ការ​បង់​រំលស់​ផ្ទាល់​ជាមួយ​បុរី​ គឺ​តម្រូវ​ឱ្យ​មាន​ប្រាក់​តម្កល់​ មានការ​កក់​ក្នុង​អត្រា​ខ្ពស់​ គឺ1.5​% ក្នុង1ខែ​។ឥឡូវនេះ​ គឺ​មិន​តម្រូវ​ឱ្យ​មាន​ប្រាក់កក់​ ហើយ​អត្រា​ការប្រាក់​ក៏​ធ្លាក់​មក​នៅ​ត្រឹម​ក្រោម​ 1% ដែរ​ក្នុង​ 1ខែ​។

លោក​ ង៉ែត​ ជូ​ បាន​បញ្ជាក់​ថា​៖“ខ្ញុំ​យល់ថា​ វា​ជា​រឿង​មួយ​ល្អ​ដែល​ស្ថានការណ៍​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មានលទ្ធភាព​ទិញ​ តែ​ក៏​ជាស​ញ្ញាណ​មួយ​ ដែល​យើង​ត្រូវ​ពិចារណា​ពី​ភាពឆ្អែត​នៃ​ទីផ្សារ​ក្នុង​វិស័យ​មួយ​នេះ​ផង​ដែរ​”។ លោក​ បាន​បញ្ជាក់​ថា​៖“សម្រាប់​រយៈពេល​នេះ​រហូត​ទៅដល់​ចុងឆ្នាំ​វិញ​ខ្ញុំ​គិត​ថា​ហាក់ដូចជា​មិន​មាន​បញ្ហា​អ្វី​ទេ​ អ្វី​ដែល​យើង​បារម្ភ​គឺ​សម្រាប់2​-3ឆ្នាំខាងមុខ​ទៀត​ ហើយ​បើ​តាម​ការ​ប្រមើល​មើល​របស់ខ្ញុំ​ យើង​នៅសល់​តែ​ប៉ុន្មាន​ខែ​ទៀត​ទេ​គឺ​ហាក់​ដូចជា​គ្មាន​បញ្ហា​អ្វី​ ឬមានការ​ប្រែប្រួល​អ្វី​ធំដុំ​ឡើយ​”៕

Advertisement