អ្នក​ចិញ្ចឹម​ជ្រូក​ លក់​ជ្រូក​ក្នុង​តម្លៃថោក​ ខណៈ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ឆ្លង​រាលដាល​ខ្លាំង​

July 17, 2019​ ម៉ោង 8:00 pm

ការ​ផ្ទុះឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ដែល​កំពុង​រាលដាល​កាន់តែ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បង្កក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុកក្នុង​មួយរយៈពេល​ចុងក្រោយ​ ដែល​ធ្វើ​ឱ្យ​កសិករ​ចិញ្ចឹម​ជ្រូក​ និង​ម្ចាស់​កសិដ្ឋាន​ជាច្រើន​បាន​សម្រេចចិត្ត​លក់​ជ្រូក​របស់​ខ្លួន​ក្នុង​តម្លៃថោក​ ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​ជំងឺ​ ដែល​នឹង​ធ្វើ​ឱ្យ​ខាតបង់​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​។

លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​ បាន​អះអាង​ថា​៖ “ឥឡូវនេះ​កសិករ​ និង​កសិ​កដ្ឋាន​ចិញ្ចឹម​ជ្រូក​ខ្លះ​បាន​នាំគ្នា​សម្រុក​លក់​ជ្រូក​ចេញ​ទាំង​តូច​ ទាំង​ធំ​ បើ​ទោះបីជា​ត្រូវ​ខាតបង់​ខ្លះ​ក៏ដោយ​ ដោយសារ​ខ្លាច​ជ្រូក​របស់​ពួកគាត់​ឆ្លង​ជំងឺ​ និង​តម្រូវការ​បរិភោគ​សាច់​ជ្រូក​ក៏​កំពុង​មាន​និន្នាការ​ធ្លាក់ចុះ​ជា​បណ្តើរ​ៗហើយ​ បន្ទាប់ពី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ឡើង​”។

លោក​ប្រធាន​សមាគម​បាន​ថ្លែង​ថា​៖ “តម្លៃ​ជ្រូក​រស់​ដែល​កសិករ​លក់​ចេញ​ពេលនេះ​ គឺ​មានតម្លៃ​ថោក​ ដែល​ក្នុង​ 1គីឡូក្រាម​តម្លៃ​តែ​ពី​ 5,000​ ទៅ​6,000រៀល​ប៉ុណ្ណោះ​ ខណៈ​ដែល​កាលពីមុន​មាន​តម្លៃ​ដល់ទៅ​ជាង​ 8,000​ ទៅ​ 9,000រៀល​ក្នុង​ 1គីឡូក្រាម​។ តែ​យ៉ាងណាក៏ដោយ​ តម្លៃ​ជ្រូក​របស់​កសិដ្ឋាន​ធំៗ​ នៅតែ​មានតម្លៃ​ថ្លៃ​ប្រហែល​ 10,000រៀល​ដដែល​ក្នុង1គីឡូក្រាម​”។

តាម​ការ​ជូនដំណឹង​របស់ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​បន្ត​រាលដាល​ និង​ផ្ទុះឡើង​នៅក្នុង​ខេត្ត​របស់​កម្ពុជា​ 2ទៀតហើយ​ គឺ​ខេត្តស្វាយរៀង​ និង​តាកែវ​។ គិត​មក​ពេលនេះ​ ខេត្ត​របស់​កម្ពុជា​ចំនួន​ 4 ហើយដែល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ដ៏​កាច​សាហាវ​មួយ​នេះ​ គឺ​មាន​ខេត្តរតនគិរី​ ត្បូងឃ្មុំ​ ស្វាយរៀង​ និង​តាកែវ​។ ក្រសួង​ក៏​កំពុង​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ និង​ការ​លូច​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​។

លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​ បានឱ្យ​ដឹង​ថា​ នៅ​ប្រទេស​វៀតណាម​ ក្នុងករណី​សត្វ​ជ្រូក​ណា​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ត្រូវតែ​បំផ្លាញ​ចោល​ អ្នក​ចិញ្ចឹម​នឹង​បាន​ទទូល​សំណង​ប្រហែល​ 10ម៉ឺន​ដុង​ក្នុង​សត្វ​ជ្រូក​ 1ក្បាល​ ឬប្រហែល​ 2000រៀល​ ពី​រដ្ឋាភិបាល​វៀតណាម​។

ចំណែក​នៅ​ប្រទេស​ថៃ​ រដ្ឋាភិបាល​នឹង​ផ្តល់​សំណង​រហូតដល់​ទៅ​ 200​%នៃ​តម្លៃ​ជ្រូក​ ប្រសិនបើ​សង្ស័យ​ថា​ មាន​ផ្ទុក​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ប៉ុន្តែ​ប្រទេស​នេះ​ មិនទាន់​មាន​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​ដ៏​សាហាវ​នេះ​នៅឡើយ​ទេ​។ លោក​បន្ត​ថា​ ការ​ផ្តល់​សំណង​បែបនេះ​ ជា​វិធានការ​ការពារ​ដែល​មានប្រសិទ្ធភាព​មួយ​ ក្នុង​ពេល​សង្ស័យ​ថា​ ជ្រូក​របស់​ពួកគាត់​(កសិករ​)មាន​ផ្ទុក​ជំងឺ​ហើយ​នោះ​ គឺ​ពួកគាត់​នឹង​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ដើម្បី​កម្ទេច​ចោល​ភ្លាម​ៗ ចៀសវាង​ការ​ឆ្លង​រាលដាល​ច្រើន​។ ហើយ​ការ​ធ្វើបែប​នេះ​ គឺ​ដើម្បី​កុំឱ្យ​ពួកគាត់​ខាតបង់​ធ្ងន់ធ្ងរ​ពេក​ ដែល​អាច​នឹង​ឈាន​ទៅ​រក​ការ​ក្ស័យធន​។ ម្យ៉ាងវិញទៀត​ការ​ផ្តល់​សំណង​នេះ​ក៏​ជាផ្នែក​មួយ​នៃ​ការឧបត្ថម្ភ​ធន​ដល់​អ្នក​ចិញ្ចឹម​ ហើយ​ពួកគេ​នឹង​មិន​លប​លួច​យក​ជ្រូក​ដែល​មាន​ជំងឺ​នោះ​ទៅ​លក់​ទេ​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ “បញ្ហា​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​” កាលពី​ថ្ងៃទី11​ ខែកក្កដា​ កន្លងទៅ​ឯកឧត្តម​ តាន់​ ផាន់​ណា​រ៉ា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ បាន​ថ្លែង​ថា​៖“ចាប់តាំងពី​កម្ពុជា​បាន​ផ្ទុះឡើង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​តាំងពី​ខែមេសា​មក​ មាន​សត្វ​ជ្រូក​ចំនួន​798ក្បាល​ហើយដែល​ត្រូវ​បាន​កម្ទេច​ចោល​ ដែល​ក្នុង​ 1ក្បាល​ត្រូវ​ខាតបង់​ថវិកា​ប្រមាណ​ 200ដុល្លារ​ ខណៈ​ដែល​សត្វ​ជ្រូក​រាប់​រយ​ក្បាល​ទៀត​បាន​ងាប់​ដោយសារ​ជំងឺ​នេះ​”។

ឯកឧត្តម​បញ្ជាក់​ថា​៖“ខ្ញុំ​មិនទាន់​អាច​សន្និដ្ឋាន​បានទេ​ថា​ ស្ថានភាព​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ ឬស្រាល​? ប៉ុន្តែ​មិន​ស្រាល​ទេ​ ព្រោះ​ជំងឺ​នេះ​រាតត្បាត​សាហាវ​ណាស់​ហើយ​ជំងឺ​ដែល​ផ្ទុះឡើង​នៅ​ប្រទេស​យើង​ វា​ជា​ប្រភេទ​វីរុស​មាន​លក្ខណៈ​ស្រួចស្រាល់​ ធ្វើ​ឱ្យ​សត្វ​ងាប់​លឿន​មួយ​រយ​ភាគរយ​ ក្រសួង​នឹង​បន្ត​ចាត់វិធានការ​ទប់ស្កាត់​ឱ្យ​កាន់តែ​ម៉ឹង​ម៉ាត់​បន្ថែម​ទៀត​ដើម្បី​ការពារ​កុំឱ្យ​មាន​ការ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​”។ ឯកឧត្តម​ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​មាន​ប្រសាសន៍​ថា​ ច្បាប់​កម្ពុជា​ មិន​មានការ​កំណត់​ពី​ការ​ផ្តល់​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ទេ​ ខណៈ​ដែល​កម្ពុជា​ ជា​ប្រទេស​ដែល​គោរព​ដំណើរការ​ទីផ្សារសេរី​។

ឯកឧត្តម​បញ្ជាក់​ថា​៖“ប៉ុន្តែ​ក៏​មិនមែន​មានន័យ​ថា​ ដាច់​ណាត់​មិន​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​តាម​គោលការណ៍​ច្បាប់​ គឺ​ពុំ​មាន​ទៅ​ជួយ​រំលែក​ក្នុង​ការខូចខាត​នេះ​ទេ​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​សត្វ​ជ្រូក​ត្រូវ​ធ្វើការ​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​កសិកម្ម​ និង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ទៅកាន់​តំបន់​ផ្សេងទៀត​”។

យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ដែល​បាន​បង្ហាញ​ ក្នុង​សន្និសីទ​សារព័ត៌មាន​ បានឱ្យ​ដឹង​ថា​ សត្វ​ជ្រូក​ចំនួន​ 2400ក្បាល​នៅ​ខេត្តរតនគិរី​ត្រូវ​បាន​ងាប់​ និង​សម្លាប់​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិក​។ 43ក្បាល​ងាប់​នៅ​ខេត្ត​ត្បូងឃ្មុំ​ 87ក្បាល​ងាប់​នៅ​ខេត្តស្វាយរៀង​ និង​ 27ក្បាល​ ងាប់​នៅ​ខេត្តតាកែវ​។

ឯកឧត្តម​ តាន់​ ផាន់​ណា​រ៉ា​ ឱ្យ​ដឹង​ដែរ​ថា​ ក្នុងរយៈពេល​ជាង​ 6ខែ​ ឆ្នាំ2019​ នេះ​ ក្រុម​អន្តរាគមន៍​របស់​ក្រសួង​ និង​អាជ្ញាធរ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ បាន​បង្ក្រាប​ករណី​នាំ​សត្វ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​ចំនួន​ 55ករណី​ ដែល​មាន​សត្វ​ជ្រូក​ជិត​ 1500ក្បាល​ ហើយ​ការ​លួច​នាំចូល​ទាំងនោះ​ពុំ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ​ ខណៈ​នៅ​ឆ្នាំ2018​ ការ​បង្ក្រាប​មានតែ​ចំនួន18ករណី​ប៉ុណ្ណោះ​។ ចំណែក​ឯលោក​ ស្រ៊ុ​ន ពៅ​ បាន​អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ឱ្យ​កាន់តែ​ខ្ពស់​ថែម​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ លោក​ក៏បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​ពិចារណា​រៀបចំ​កញ្ចប់​ថវិកា​ ដើម្បី​ផ្តល់​ជា​សំណង​ក្នុង​កម្រិត​ណាមួយ​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​ ក្នុងករណី​យក​ជ្រូក​គាត់​ទៅ​បំផ្លាញ​ចោល​ ពេល​ដែល​រក​ឃើញ​ ឬសង្ស័យ​ថា​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។

ជាមួយគ្នា​នោះ​ដែរ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានសម្រេច​ដក​ប្រធាន​ការិយាល័យ​បសុព្យាបាល​ នៅ​ខេត្ត​ត្បូងឃ្មុំ​ ក្រោយពី​មន្ត្រី​រូប​នេះ​ធ្វេសប្រហែស​ក្នុង​ការ​បំពេញការងារ​បណ្តាល​ឱ្យ​កើតមាន​ការ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ខណៈ​ដែល​ពេល​ថ្មី​ៗនេះ​ ជំងឺ​នេះ​ត្រូវ​បាន​សង្ស័យ​ថា​ មានការ​ផ្ទុះឡើង​នៅ​ខេត្តកណ្តាល​មួយទៀត​ហើយ​។ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​បាន​ផ្ទុះឡើង​នៅ​ខេត្ត​ចំនួន5​ ហើយ​ក្នុង​ប្រទេស​កម្ពុជា​ គិត​ចាប់​តាំងពី​ខែ​ដើមខែ​មេសា​មក​ ក្នុង​នោះ​មាន​ខេត្តរតនគិរី​ ខេត្ត​ត្បូងឃ្មុំ​ ខេត្តស្វាយរៀង​ ខេត្តតាកែវ​ និង​កណ្តាល​៕