រយៈពេល​ 6ខែ​ឆ្នាំនេះ​ ការនាំចេញ​អង្ករ​មានការ​កើនឡើង​ និង​ទីផ្សារ​នាំចេញ​ត្រូវ​បាន​ពង្រីក​

July 17, 2019​ ម៉ោង 8:06 pm

របាយការណ៍​ថ្មី​មួយ​ ពី​ក្រសួង​កសិកម្ម​បង្ហាញថា​ ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី1​ឆ្នាំ2019​ ចំនួន​ 281​, 538តោន​ ពោល​គឺ​កើនឡើង3.7​% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ របាយការណ៍​នេះ​ស្របគ្នា​នឹង​របាយការណ៍​របស់​លេខាធិការ​ដ្ឋាន​ច្រកចេញ​ចូល​តែមួយ​ដែរ​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​ មាន​ក្រុមហ៊ុន​អ្នកនាំ​ចេញ​ក្នុង​ស្រុក​ចំនួន​ 75​ បាន​បញ្ជូន​អង្ករ​ទៅកាន់​ 47ប្រទេស​ ដោយ​ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ធំ​បំផុត​របស់​ស្រូវ​អង្ករ​កម្ពុជា​ ដែល​ស្រូប​យក​បាន​ 118,401តោន​ ឬ 42​% នៃ​ចំនួន​នាំចេញ​សរុប​។ ប្រទេស​បារាំង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ2​ ដោយ​បាន​នាំចូល​ 37,515​តោន​។ បើ​គិត​តាម​តំបន់​សហភាព​អឺរ៉ុប​ គឺជា​អ្នកទិញ​ដ៏​ធំ​បំផុត​ ដែល​បាន​នាំចូល​ចំនួន​ 93,503​ តោន​ ឬស្មើនឹង​ 33.21​ % នៃ​ចំនួន​នាំចេញ​សរុប​។

របាយការណ៍​នេះ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ប្រទេស​ចំនួន5​ ក្នុង​តំបន់​អាស៊ាន​ក៏បាន​នាំចូល​ អង្ករ​កម្ពុជា​ដែរ​ រួមមាន​ប្រទេស​ម៉ាឡេស៊ី​ ប្រ៊ុយណេ​ វៀតណាម​ សិង្ហបុរី​ និង​ថៃ​ ដោយ​ម៉ាឡេស៊ី​ជា​អ្នកទិញ​ចូល​ធំជាង​គេ​ (13,936​ តោន​ ឬ12.78​%នៃ​ចំនួន​នាំចេញ​សរុប​)។ ក្រុមហ៊ុន​អេម​រុ​ រ៉ា​យស៍​ដែល​ជា​អ្នកនាំ​ចេញ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​បាន​លក់​ចេញ​អង្ករ​បាន​ចំនួន​ 23.529តោន​ក្នុង​អំឡុង​ពេល​ 6ខែ​ដើមឆ្នាំ​។

លោក​ សុង​ សា​រ៉ន​ អគ្គនាយក​ក្រុមហ៊ុន​អេម​រុ​ រ៉ា​យស៍​ Amru​ Rice​ បាន​មាន​ប្រសាសន៍​ថា​ការនាំចេញ​អង្ករ​កំពុង​កើន​ឡើង​ ហើយ​ក្រុមហ៊ុន​នានា​ក៏​មានបំណង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​ពួកគេ​ដើម្បី​ទ្រទ្រង់​កំណើន​នេះ​ដែរ​។ បច្ចុប្បន្ន​យើង​កំពុង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ ដោយ​រដ្ឋាភិបាល​ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​ជំរុញ​លើ​ការផលិត​អង្ក​រល្អៗ​ ដើម្បី​ជំរុញ​ការនាំចេញ​។

លោក​បន្ត​ថា​៖“ការនាំចេញ​អង្ករ​នឹង​កើនឡើង​ខ្ពស់​នៅក្នុង​ឆមាស​ទី2​ បើ​បរិមាណ​នៃ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​អាច​សម្រេច​បាន​ទៅតាម​កូតា​ គឺ​ 40​ម៉ឺន​តោន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន​ដូច្នេះ​យើង​ត្រូវ​បង្កើន​ផលិតកម្ម​អង្ករ​ក្រអូប​ព្រោះ​វា​មានគុណ​ភាពល្អ​ ហើយ​តម្រូវការ​វា​នៅ​ប្រទេស​ចិន​ខ្ពស់​។ យើង​មិនសូវ​ផ្តោត​តែ​លើ​បរិមាណ​នៃ​ការនាំចេញ​ច្រើន​ទៀត​ទេ​ តែ​យើង​ផ្តោត​សំខាន់​ទៅលើ​គុណភាព​នៃ​ការនាំចេញ​ ដែល​អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​”។

លោក​ សុង​ សា​រ៉ន​ ឱ្យ​ដឹង​ថា​ ថ្មី​ៗនេះ​Amru​ Rice​ ដែល​ជា​ក្រុមហ៊ុននាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​នៅ​កម្ពុជា​ បាន​ទទួល​ការ​វិនិយោគ​ថ្មី​មួយទៀត​ ពីសា​ជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC​) ដែល​ជាស​មា​-ជិ​ករបស់​ធនាគារពិភពលោក​។ តាមរយៈ​កិច្ច​ព្រមព្រៀង​វិនិយោគ​ដែល​ IFC​ នឹង​បោះទុន​ប្រមាណ​ 10លាន​ដុល្លារ​នេះ​ Amru​ Rice​នឹង​បង្កើន​ការនាំចេញ​ពី​ 1ម៉ឺន​តោន​នា​ពេល​សព្វថ្ងៃ​ ដល់​ 4 ម៉ឺន​តោន​ នៅ​ឆ្នាំ2023​ដែល​ជា​តួលេខ​ប្រហាក់​ប្រហែល​នឹង​ការនាំចេញ​អង្ករ​សរីរាង្គ​ទាំងមូល​របស់​ថៃ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​កា្លយ​ជា​ប្រទេស​នាំមុខ​មួយ​របស់​អាស៊ាន​ក្នុង​ការនាំចេញ​អង្ករ​ទៅកាន់​ពិភពលោក​ដូច្នេះ​ការផលិត​អង្ករ​សរីរាង្គ​របស់​យើង​នឹង​ត្រូវ​បាន​ទទួលស្គាល់​នៅក្នុង​ពិភពលោក​។

លោក​ សុង​ សា​រ៉ន​ បាន​បញ្ជាក់​ថា​៖“មក​ដល់ពេល​នេះ​ អេម​រុ​ រ៉ា​យ៍​ មាន​ផលិតផល​តែ​ប្រមាណ​ 10,000តោន​ទេ​ តែ​នៅពេល​មាន​ជំនួយ​ពី​ IFC​ យើង​អាច​កើន​ពី​ 20,000​តោន​ ដល់​ 40,000តោន​នៅ​ឆ្នាំ2020​-2023​ គឺ​ស្មើនឹង​ការនាំចេញ​ផលិតផល​អង្ករ​របស់​ប្រទេស​ថៃ​នា​ពេល​បច្ចប្បន្ន​”។លោក​បាន​បញ្ជាក់​ថា​៖“ដោយ​សម្លឹង​ឃើញថា​ ទីផ្សារ​មានការ​កើនឡើង​នូវ​តម្រូវការ​អង្ករ​សរីរាង្គ​ ជាពិសេស​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ទីផ្សារ​ប្រទេស​ចិន​ សហ​-រដ្ឋ​អាមេរិក​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ត្រូវការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ យើង​ត្រូវការ​បណ្តុះបណ្តាល​ពលរដ្ឋ​ជា​កសិករ​ឱ្យ​អាច​ផលិត​បាន​តាម​ស្តង់​ដា​សុវត្ថិភាព​ដល់​អ្នក​បរិភោគ​”។

លោក​សុង​ សា​រ៉​នបា​នប​ន្ថែម​ថា​ យើង​មាន​ផែនការ3​ គឺ​៖ ទី1​-កសិករ​ដែល​គាត់​ប្រមូល​ផល​មក​ គាត់​ត្រូវលក់​ យើង​ត្រូវ​ទិញ​ស្រូវ​គាត់​ ព្រោះ​គាត់​អត់មាន​ឃ្លាំង​ស្តុក​។ ទី2​-យើង​នឹង​កសាង​ឃ្លាំង​ស្តុក​បន្ថែម​ ឬពង្រីក​ឃ្លាំង​។ ទី3​-យើង​បង្កើត​ម៉ាស៊ីន​កិនស្រូវ​សេ​រី​រាង្គមួយ​សម្រាប់​ស្តង់​ដា​ សុវត្ថិភាព​ និង​ស្ថិរភាព​ដល់​ការនាំចេញ​កុំ​ ឱ្យ​អាក់ខាន​។ ដោយ​បច្ចុប្បន្ន​យើង​កិន​លាយ​គ្នា​ យើង​ពិបាក​ក្នុង​ការ​សម្អាត​ ដូច្នេះ​យើង​ធ្វើ​ដាច់​តែម្តង​ យើង​អាច​ធានា​បាន​សុវត្ថិភាព​ចំណេញពេលវេលា​ និង​ការ​ដឹកជញ្ជូន​ឱ្យ​កាន់តែ​លឿន​។

ក្រៅពីនោះ​ យើង​ចង់​គាំទ្រ​ដល់​បច្ចេក​ទេស​ខ្លះ​ៗ ដើម្បី​ឱ្យ​គាត់​ធ្វើការ​ក្នុង​ការងារ​ដែល​ហៅថា​កសិករ​វៃឆ្លាត​ (Smart​ Farming​) កសិករ​នៅក្នុង​យុគសម័យ​បច្ចេក​វិទ្យា​អុីន​ធើ​ណិ​ត យើង​នឹង​ព្យាយាម​ភ្ជាប់​កម្មវិធី​អប់រំ​ បណ្តុះបណ្តាល​ និង​កម្មវិធី​ដាំដុះ​ស្រូវ​សរីរាង្គ​ ស្តង់​ដា​សុវត្ថិភាព​ នៅក្នុង​ស្តង់​ដា​កសិករ​ខ្នាត​តូច​របស់​យើង​ឱ្យ​រីកចម្រើន​ និង​លេចធ្លោ​នៅក្នុង​ឆាក​អន្តរ​ជាតិ​។ នេះ​បើ​តាម​លោក​ សុង​ សា​រ៉​នបា​នប​ញ្ជា​ក់​។

ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ថា​ ដើម្បី​ជំរុញ​កំណើន​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ក្រសួង​ពាណិជ្ជកម្ម​ និង​ផ្នែក​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​ដើម្បី​បើក​ទីផ្សារ​ឱ្យ​បាន​កាន់តែ​ច្រើន​ ខណៈ​អាជ្ញាធរ​ក៏បាន​កាត់បន្ថយ​ភាព​ស្មុគស្មាញ​ និង​ជួយ​សម្រួល​ដល់​ការ​ធ្វើបែប​បទ​ជាច្រើន​ផង​ដែរ​។

ឯកឧត្តម​បាន​ថ្លែង​ថា​៖“ទោះ​យ៉ាង​ណា​បរិមាណ​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ2019​ នេះ​អាច​សម្រេច​បាន​កំណើន​ប៉ុន្មាន​នោះ​ អាស្រ័យ​ទៅលើ​កិច្ចចរចា​រវាង​ក្រុមហ៊ុននាំចេញ​ និង​ប្រទេស​បញ្ជាទិញ​ផង​ដែរ​ ចំណែក​ការបង្កើត​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​នា​ពេល​កន្លងមក​ សុទ្ធតែ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ទៅដល់​ការនាំចេញ​អង្ករ​ឱ្យ​បាន​កាន់តែ​ច្រើន​ទាំងអស់​”៕