កម្ពុជាប្រកាសប្រើប្រាស់ App «Kingdom of wonder» ក្នុងគោលដៅផ្សព្វផ្សាយទេសចរណ៍

កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីជាលើកដំបូងដែលមានឈ្មោះថា «Kingdom of wonder» ដើម្បី​ផ្សព្វ​ផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនតាមរយៈប្រព័ន្ធឌីជីថលទៅកាន់ទីផ្សារទេសចរណ៍​ពិភព​​លោកឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ការប្រកាសដាក់ឱ្យប្រើប្រាស់Appថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី​ការផ្សព្វ​ផ្សាយ​​​គោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើ​ប្រាស់ជាផ្លូវការនូវកម្ម​វិធីលើទូរស័ព្ទ «Kingdom of wonder» កាលពីព្រឹកថ្ងៃទី16 ខែកក្កដា ឆ្នាំ2019 ​នៅសណ្ឋា​គារ​សុខា ខេត្តសៀមរាប ។

ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បី​បង្កើនការយល់ដឹង និងចែករំលែកបទពិសោធដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្តីពីការ​ប្រើ​ប្រាស់ប្រព័ន្ធឌីជីថល ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយសេវាកម្ម​នានា​ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការថ្មី​នៃសកលលោកនាយុគសម័យបដិវត្តន៍ឧស្សាហកម្ម4.0។

ឯកឧត្តមបានបន្តឱ្យដឹងថា ដូច្នេះហើយបានជាក្រសួងទេសចរណ៍កម្ពុជាបានរៀបចំឱ្យមាន កម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» នេះឡើង ដើម្បីដាក់ឱ្យទេសចរជាតិ-អន្តរ​ជាតិទាញយក (Download) ក្នុងប្រព័ន្ធប្រតិបត្តិការ IOS (App Store) និងក្នុងប្រព័ន្ធប្រតិបត្តិការ Android (Play Store) ដោយឥតគិតថ្លៃ។

ដោយហេតុថា និន្នាការនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលទទួលបានការពេញ​និយម​កាន់​តែ​ច្រើនពីសំណាក់ប្រជាជនក៏ដូចជាអ្នកទេសចរជុំវិញពិភពលោក ដោយគិតត្រឹមឆ្នាំ2018 មានអ្នក​ប្រើ​ប្រាស់រហូតដល់ 4.1ពាន់លាននាក់ ក្នុងនោះ Facebook មានអ្នកប្រើប្រាស់ចំនួន 2.32ពាន់​លាន​នាក់ និង YouTube មានអ្នកប្រើប្រាស់ចំនួន 1.8ពាន់លាននាក់។

ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ «King​dom of Wonder» គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមាន គោល​ដៅ​ទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយ​ដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀតដែលផ្តល់​ភាព​ងាយ​ស្រួលក្នុងការស្វែងរកព័ត៌មាន និងគ្រប់ជ្រុងជ្រោយសម្រាប់ភ្ញៀវទេសចរដែលមានបំណង​មកទស្ស​នាប្រទេសកម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តម បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនក្នុងវិស័យទេសចរណ៍ឱ្យចូលរួមផ្សព្វ​ផ្សាយដល់​បណ្តាញ និងអតិថិជនរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ និងត្រៀមខ្លួនចាប់យក​ឱកាស​​ទាញយកប្រយោជន៍ពីប្រព័ន្ធឌីជីថលឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសប្រែ​ក្លាយ​សេវាកម្មក្នុងអាជីវកម្មរបស់ខ្លួនឱ្យស្របតាមនិន្នាការថ្មីនៃសកលលោក។

បើយោងតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនោះថា ក្នុងឆ្នាំ2018 កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ 6.2លាននាក់ ក្នុងកំណើន10.7% និងនៅក្នុង​ត្រី​មាស​ទី1 ដើមឆ្នាំ2019 កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ 1,870,000នាក់ កើនឡើង9.7%។

តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃខាងលើ ក្រសួងទេសចរណ៍សង្ឃឹមថា ភ្ញៀវទេសចរជាតិ-អន្តរ​ជាតិ និងក្រុមហ៊ុនទេសចរណ៍ទាំងអស់នឹងមានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេស​​​ចរណ៍ ដើម្បី​សម្រេចបាននូវកំណើនទេសចរអន្តរជាតិ 6.6លាននាក់ក្នុងឆ្នាំ2019 និងជាង 7លាន​នាក់​នៅឆ្នាំ​2020៕

Advertisement